អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​រាជបុត្រ​ស្នងរាជអារ៉ាប៊ីសាអូឌីត បំពេញទស្សនកិច្ច​លើកទី​១នៅបរទេស ដើម្បី​ស្តារមុខមាត់​ប្រទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រះអង្គម្ចាស់​ Mohammed ben Salmane ​រាជ្ជទាយាទ​របស់​អារ៉ាប៊ីសាអូឌីត កំពុង​បំពេញ​ព្រះរាជទស្សនកិច្ច​ ចំនួន​ពីរ​ថ្ងៃ​ដើម​សប្តាហ៍​នេះ​ នៅ​ប្រទេស​អេហ្ស៊ីប។ ជា​ទស្សនកិច្ច​ ផ្លូវការ​លើកទី១ បន្ទាប់ពី​ត្រូវ​តែងតាំង​ជាព្រះ​រាជបុត្រ​ស្នងរាជរបស់​ប្រទេស​កំពូល​មហាសេដ្ឋីប្រេង​។ ព្រះ​អង្គម្ចាស់ កំពុង​តែចង់​ដើរតួ​បង្ហាញ​រូបភាព​ល្អ​ នៃ​​ប្រទេសអភិរក្សនិយម​របស់​ព្រះអង្គ បន្ទាប់ពីបាន​បាក់​មុខជាប់​ផុត​ក្នុង​សង្គ្រាម​នៅ​យេម៉ែន និងក្រោយ​ពី​​​ការ​​ចាប់ខ្លួន​​ថ្នាក់​ដឹកនាំ​យោធានិង​ខ្សែរាជវង្ស​មួយ​ចំនួន​​ដាក់ឃុំ​។

ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi (ឆ្វេង) និងព្រះរាជបុត្រស្នងរាជ Mohammed ben Salmane (ស្តាំ)
ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi (ឆ្វេង) និងព្រះរាជបុត្រស្នងរាជ Mohammed ben Salmane (ស្តាំ) REUTERS
ផ្សាយពាណិជ្ជកម្ម

ព្រះ​រាជ​ទស្សនកិច្ច​របស់ព្រះ​រាជបុត្រ​ស្នងរាជ Mohammed ben Salmane ​នៅ​អេហ្ស៊ីប និង​ទៅប្រទេស​ដទៃ​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ គឺត្រូវ​គេ​វិភាគ​ឃើញថា​​ដើម្បី​ស្តារ​មុខ​មាត់​ប្រទេស​ឡើងវិញ។ ចំពោះ​ទស្សនកិច្ច​នៅ​អេហ្ស៊ីប​ គឺមាន​គោល​បំណង​បី​យ៉ាង​តិច។ ទី​១ ទស្សនកិច្ច​នៅ​អេហ្ស៊ីប គឺធ្វើ​ឡើង​តែ​ប៉ុន្មាន​បីសប្តាហ៍​ប៉ុណ្ណោះ មុន​ការ​បោះឆ្នោត​ប្រធានាធិបតីអេហ្ស៊ីប។ អារ៉ាប៊ីសាអូឌីត ចង់​បង្ហាញ​ពីការ​គាំទ្រ​របស់ខ្លួន​ ចំពោះ​ប្រធានាធិបតី Abdel Fattah el-Sisi ឲ្យ​ជាប់​ឆ្នោត​ជា​លើកទី២ ព្រោះថា​អេហ្ស៊ីប​ត្រូវ​បោះឆ្នោត​នៅ​ចុង​ខែ​មីនា​នេះ​។

គោល​បំណង​ទី២ គឺដើម្បី​​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ ទៅលើផ្នែ​ក​​ពាណិជ្ជកម្ម​និងវិនិយោគទុន​​នៅអេហ្ស៊ីប។ អេហ្ស៊ីប ជា​ប្រទេស​ដែល​ពលរដ្ឋ​កាន់​សាសាន​អ៊ីស្លាម​ច្រើន​ជាងគេ​នៅ​ក្នុង​តំបន់ដើម​បូព៌ា​ ហើយ​អារ៉ាប៊ីសាអូឌីត ជា​ប្រទេសអ្នក​​មាន​ជាង​គេ​ខាងនាំ​ចេញ​​ប្រេងលើពិភពលោក​។ ​អារ៉ាប៊ីសាអូឌីត កាន់​សាសនា​អ៊ីស្លាម​អភិរក្ស​និយម​តឹងតែងបំផុត​ ហើយ​ក៏ជា​​ដៃគូ​វិនិយោគ​លំដាប់​ទី១ របស់​​អេហ្ស៊ីបដែរ​។ ពីថ្ងៃ​ចន្ទ​ម្សិលមិញនេះ ព្រះរាជបុត្រ ben Salmane បាន​ចុះហត្ថលេខា បង្កើត​មូលនិធិវិនិយោគ​បន្ថែមទៀត ចំនួនប្រមាណ​ជាង​ ១០ពាន់​លានដុល្លារ​ ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ទន្លេ​ក្រហម និង​ព្រែក​ជីក​ Suez ។ ទឹកប្រាក់​ដ៏​សន្ទឹកសន្ទាប់​នេះ គឺ​បន្ថែម​ពី​លើគម្រោង​វិនិយោគ ៥០០ពាន់​លានដុល្លារ​ ដែល​ទ្រង់​ចុះ​ហត្ថលេខា​កាលពីឆ្នាំ​២០១៧ ដើម្បី​​​អភិវឌ្ឍ​ទីក្រុង ក្នុង​តំបន់​ជាប់​ព្រំប្រទល់​អេហ្ស៊ីប និង​ហ្ស័កដានី​​។​

ក្រៅពី​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម នៅ​លើផ្នែក​យុទ្ធសាស្ត្រការទូត​និង​យោធា​, អារ៉ាប៊ីសាអូឌីត និង​អេហ្ស៊ីប គឺជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ ដែល​រួម​គ្នា​ប្រឆាំង​នឹងប្រទេស​ការតា។ ហើយ​សម្ព័ន្ធទាំង​ពីរ ក៏​ជាគូ​ប្រកៀក​ស្នាគ្នាផ្នែក​យោធា​ តស៊ូ​ប្រយុទ្ធ​នៅក្នុង​សង្គ្រាម​យេម៉ែន ​ប្រឆាំងនឹងក្រុម​ឧទ្ទាម​ហ៊ួតទី ដែល​ស្និទ​ទៅ​នឹង​​​អ៊ីរ៉ង់ ជា​គូស​ត្រូវស៊ី​សាច់​ហុត​ឈាម​គ្នា​​​របស់​អារ៉ាប៊ីសាអូឌីត។

ស្តារ​កិត្តិយសមុខមាត់ប្រទេស

គោល​បំណង​ទី៣​របស់​ទស្សនកិច្ច​នៃព្រះរាជបុត្រ ben Salmane គឺ​ចង់​កែលម្អ​រូប​ភាព​និង​មុខ​មាត់​ប្រទេស​​ឲ្យ​ល្អ​ឡើងវិញ បន្ទាប់ពី​បាន​ជាប់​ផុង​ខ្លួន​ក្នុង​សង្គ្រាម​នៅ​យ៉េម៉ែន ដែល​អារ៉ាប៊ីសាអូឌីត ជា​ខ្លោង​ដឹកនាំ​កង​ទ័ព​សម្ព័ន្ធ​មិត្ត​អារ៉ាប ទៅ​វាយ​ប្រយុទ្ធនិង​ទម្លាក់​គ្រាប់បែក​​នៅទីនោះ។ អង្គការ​សហប្រជាជាតិ ធ្លាប់​បាន​បន្ទោស​​អារ៉ាប៊ីសាអូឌីត​ពី​សង្គ្រាម​​​នៅ​យ៉េម៉ែនរួច​មកហើយ ថាសង្គ្រាម​នេះ​ជា​វិបត្តិមនុស្សធម៌​ដ៏​អាក្រក់​បំផុតរបស់​ពិភព​លោក​។ ព្រោះតែ​​សង្គ្រាម​នៅ​យ៉េម៉ែន គឺ​បាន​ធ្វើ​ឲ្យកិត្តិយស​​អារ៉ាប៊ីសាអូឌីត ប្រឡាក់​ប្រឡូក​​មិន​តិច​​ទេ​។

ក្នុង​បំណង​ស្តារ​រូប​ភាពមុខមាត់​​ប្រទេស​ឡើងវិញនេះហើយ ទើប​ព្រះ​អង្គម្ចាស់ ben Salmane នឹង​យាង​ទៅ​ប្រទេស​ធំៗនៅ​ទ្វីបអឺរ៉ុប​និង​អាមេរិកបន្ត​ទៀត​។ នៅ​​ថ្ងៃ​ពុធ​ទី​៧មីនានេះ​ ព្រះ​រាជបុត្រ​ នឹង​យាង​ទៅ​ទីក្រុង​​ឡុងដ្រ៍ ប្រទេស​អង់គ្លេស ចំនួន​២ថ្ងៃ ដើម្បី​ជួប​ពិភាក្សា​​ជាមួយ​លោកស្រី​នាយករដ្ឋមន្ត្រី​ Theresa May។ ហើយ​នៅ​សប្តាហ៍​ក្រោយ​ គឺ​ពីថ្ងៃទី​១៩ដល់​២២មីនា រាជបុត្រ​អង្គនេះ នឹង​យាងទៅ​អាមេរិក​ ជួប​ជាមួយ​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ។ ទ្រង់ ក៏​គ្រោង​នឹង​យាង​ទៅ​ប្រទេសបារាំង​ នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុន​នេះ ផង​​ដែរ​។

ចំពោះ​​ដំណើរ​ទស្សនកិច្ច​របស់ព្រះអង្គ​ ben Salmane នៅអង់គ្លេស​ ត្រូវ​អ្នក​ជំនាញ​មើល​ឃើញថា អាច​នឹង​មាន​បាតុកម្ម​រៀបចំ​ដើម្បី​ប្រឆាំងព្រះរាជវត្តមាន​របស់ទ្រង់​ ដ្បិត​ថា ​អារ៉ាប៊ីសាអូឌីត បា​នទិញ​អាវុធច្រើន​សម្បើម​​ពី​ប្រទេសនៅ​​អឺរ៉ុប យក​ទៅ​ធ្វើ​សង្គ្រាម​យ៉ាង​អមនុស្ស​ធម៌​នៅ​យ៉េម៉ែន។​

ចំណែកទស្សនកិច្ច​ក្នុងសប្តាហ៍​ក្រោយ​ ​នៅ​អាមេរិក គឺ​ជាការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ចំពោះ​កិច្ច​ព្រម​ព្រៀង​ថាមពល​នុយ​ក្លែអ៊ែរ។ សូម​បញ្ជាក់ថា អាមេរិកនិង​អារ៉ាប៊ីសាអូឌីត គឺ​សម្ព័ន្ធមិត្ត​ចាក់​ទឹកមិន​លេច នៅតំបន់​ដើមបូព៌ា។ លោក ដូណាល់ ត្រាំ ក្រោយ​ពី​ជាប់​ឆ្នោត​ជា​ប្រធានាធិបតីអាមេរិក​ បាន​សម្រេច​ជ្រើស​រើស​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកទី១ នៅ​​អារ៉ាប៊ីសាអូឌីតតែម្តង។ អាមេរិកនិង​​អារ៉ាប៊ីសាអូឌីត ក៏​បាន​ចុះ​កិច្ចសន្យា​សាង​សង់ Réactor ចំនួន​១៦ ដើរដោយ​​​ថាមពល​នុយ​ក្លែអ៊ែរ។ ​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៨នេះ អារ៉ាប៊ីសាអូឌីត រំពឹង​ថា អាច​នឹង​ប្រកាស​ដំណើរ​ការ​សាង​សង់​ ​ Réactor ចំនួន​២ ជា​មុន​សិន​។ ទស្សនកិច្ចរបស់ព្រះ​រាជបុត្រ​ ​ ben Salmane ទៅ​អាមេរិក​សប្តាហ៍​ក្រោយនេះ​ គឺ​នឹង​ជជែក​គ្នា​លម្អិត​ពី​ការ​ផ្ទេរ​សម្ភារៈបរិក្ខារ និង​អ្នក​ជំនាញ​បច្ចេកទេស ដើម្បី​សាង​សង់។

តែយ៉ាងណាក៏ដោយ បើទោះបី​ជា​មុខ​មាត់​​អារ៉ាប៊ីសាអូឌីត មិន​សូវ​ជា​ល្អ​ដោយសារតែ​វិបត្តិ​សង្គ្រាម​អមនុស្សធម៌​នៅ​យ៉េម៉ែន​ក៏​ពិត​មែន ប៉ុន្តែ​​សម្រាប់​គម្រោង​សាងសង់​ Réactor របស់​ប្រទេស​មហាសេដ្ឋីប្រេង​នេះ​​​ គឺ​មាន​ក្រុម​ហ៊ុន​ចិន រុស្ស៊ី បារាំង និង​កូរ៉េខាង​ត្បួងផង សុទ្ធតែ​កំពុង​ចាប់​អារម្មណ៍​សម្លឹងមើល ហើយ​កំពុង​​ចង់នាំគ្នា​ឈរ​​តម្រង់ជួរ​ ចាំចុះ​កុងត្រា​ជាមួយ​អារ៉ាប៊ីសាអូឌីតរួច​ស្រេចទៅហើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ