អានតួអត្ថបទ
កម្ពុជា-អាស៊ាន

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ឯកភាព​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​

ទី​បំផុត​​ទៅ​រដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន​ទាំង​ ១០​ប្រទេស​ បាន​​សម្រេច​​រួម​​គ្នា​ចេញ​​សេចក្តី​​ថ្លែង​ការណ៍​​​មួយ​សម្រាប់​​ជា​​មូលដ្ឋាន​ដោះស្រាយ​​ជម្លោះ​​សមុទ្រ​​ចិន​​ខាង​ត្បូង​។​ នោះ​​គឺ​​គោល​ការណ៍ ​៦ ​ចំណុច​របស់​អាស៊ាន ​សម្រាប់​​ដោះស្រាយ​​ដោយ​​សន្តិវិធី​ ក្នុង​​ជម្លោះ​​ដែន​សមុទ្រ​ រវាង​​ប្រទេស​​ចិន​និង​​បណ្តា​​ប្រទេស​​សមាជិក​​អាស៊ាន​​មួយ​ចំនួន​រួម​មាន​ ​៖ហ្វីលីពីន​ វៀតណាម​ ម៉ាឡេស៊ី​និង​​ប្រ៊ុយណេ​។​ មុន​​​នឹង​​ចេញ​​សេចក្តី​សម្រេច​​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ នៅ​ព្រឹក​ថ្ងៃ​​សុក្រ​​នេះ​ លោក​នាយក​​រដ្ឋមន្ត្រី ​ហ៊ុន​សែន ​បាន​ប្រកាស​​សាទរ​និង​​ចាត់​ទុក​ជា​​ជោគជ័យ​​ថ្មី​​មួយ​ទៀត​​របស់​​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​​អាស៊ាន​។​​

រដ្ឋមន្ត្រីការបរទេសកម្ពុជា ហោ ណាំហុង
រដ្ឋមន្ត្រីការបរទេសកម្ពុជា ហោ ណាំហុង RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

​បន្ទាប់​ពី​មិន​មាន​ចេញ​សេចក្តីថ្លែងការណ៍​រួម របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កាលពី​សប្តាហ៍​មុនក្នុង​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋ​មន្ត្រីការបរទេស​កម្ពុជា បាន​ប្រកាស​ពី​ការឯកភាព​គ្នា​របស់​រដ្ឋមន្ត្រីការបរទេ​ស​អាស៊ានលើ​សេចក្តី​ថ្លែងការណ៍​រួមចំនួន ៦​ចំណុចដែល​ជា​គោលការណ៍​របស់​អាស៊ាន លើ​បញ្ហា​សមុទ្រ​ចិន​​ខាងត្បូង។

​នោះ​គឺ​ទី​១-​ការអនុវត្ត​ទាំងស្រុង​នូវ​សេចក្ដីប្រកាស​ពាក់ព័ន្ធ និង​ការប្រតិបត្តិ នៃ​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង ឆ្នាំ​២០០២​។
​ទី​២-​គោលការណ៍​ណែនាំ​សម្រាប់​ការអនុវត្ត​សេចក្ដីប្រកាស​ព័ត៌មាន និង​ការប្រតិបត្តិ នៃ​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង ឆ្នាំ​២០១១​។
​ទី​៣-​សម្រេច​ឲ្យបាន​ឆាប់​នូវ​ក្រមប្រតិបត្តិ​តំបន់​នៅ​សមុទ្រ​ចិន​ខាងត្បូង​។
​ទី​៤-​គោរព​ទាំងស្រុង​គោលការណ៍នៃ​ច្បាប់​អន្តរជាតិ រួមទាំង អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដីពី ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS) ដែល​មាន​ការទទួលស្គាល់​ជា​សកល​។
​ទី​៥-​បន្ត​រក្សា​ភាព​អត់ធ្មត់ និង​ការមិន​ប្រើ​កម្លាំង នៃ​គ្រប់​ភាគី​ទាំងអស់​។
​ទី​៦-​ការដោះស្រាយ​វិវាទ នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​សន្តិវិធី ស្រប​ទៅតាម​គោលការណ៍ នៃ​ច្បាប់​អន្តរជាតិ រួម​ទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS) ដែល​មាន​ការទទួលស្គាល់​ជាក​សល​។​

​លោក ហោ ណាំហុង បាន​លើកឡើង​ថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន ប្ដេជ្ញា​បង្កើន​ការពិគ្រោះ​យោបល់​របស់​អាស៊ានដើម្បី​ជំរុញ​នូវ​គោលការណ៍​ខាងលើនេះស្រប​ទៅតាម​សន្ធិសញ្ញា​មិត្ត​ភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ ឆ្នាំ​១៩៧៦និង​ធម្មនុញ្ញ​អាស៊ាន ឆ្នាំ​២០០៨​។

​សេចក្តីថ្លែងការណ៍​ដូច្នេះ ត្រូវបាន​លោក ហោ ណាំហុង លើកឡើងថា ត្រូវ​គ្នា​នឹង​ជំហរ​របស់​កម្ពុជា កន្លងមក ដែល​មិន​ចង់​អោយ​ដាក់បញ្ចូល​កោះ ស្កា​បូរ៉ាហ្វ ស្ហូល ( Scabouragh shoa ) ដែល​ស្នើ​ដោយ​ប្រទេស​ហ្វីលីពីន និង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែល​ស្នើ​ដោយ​វៀតណាម ចូល​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​អាស៊ាន​ឡើយ​។

​លោក​ប្រមុខ​ការទូត ក៏​បាន​គូសបញ្ជាក់ថា កម្ពុជា​ជំទាស់​ដូច្នេះ ក៏​ព្រោះតែ​កម្ពុជា មិន​ចង់ ចាក់​សាំង​ទៅលើ​ភ្លើង ដែល​កំពុង​ឆេះ​។ កម្ពុជា​ចង់ទុក​ឱកាស សម្រាប់​ការចរចា​រវាង​ភាគី​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ចិន លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

ដោយឡែក ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែកក្កដា ឆ្នាំ​២០១២​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​សាទ​រលើ​សេចក្តីថ្លែងការណ៍ អំពី​គោលការណ៍ ៦ ចំណុច របស់​អាស៊ាន លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដោយ​លោកនាយក​រដ្ឋមន្ត្រី ចាត់​ទុក​ថា​គឺជា​ជោគជ័យ​ដ៏​ធំធេង​របស់​កម្ពុជា ក្នុង​នាម​ប្រធាន​អាស៊ាន ជាពិសេស​បញ្ជាក់ថា កម្ពុជា​បាន​ថែរក្សា​គោលការណ៍ នៃ​ការដឹកនាំ​កិច្ចប្រជុំ​អាស៊ាន និង​ការទទួលខុសត្រូវ ក្នុងនាម​ជា​ប្រធាន​អាស៊ាននៅ​ឆ្នាំ​២០១២​នេះ​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​គូសបញ្ជាក់ថា ជំហរ​របស់​កម្ពុជា បាន​ធ្វើឲ្យ​មាន​របត់​នយោបាយ​របស់​អាស៊ានពី​ការខ្វែងគំនិត​ក្នុង​ការដោះស្រាយ​លើ​បញ្ហា​វិបត្តិ​នៅ​សមុទ្រ​ខាង​ត្បូង​មកកាន់​ការឯកភាព​គ្នា​លើ​គោលការណ៍​នៃ​ការដោះស្រាយ​វិបត្តិ​ជាមួយ​ប្រទេស​ចិន ដោយ​ឈរ​នៅ​លើ​នយោបាយ​អាស៊ាន​-​ចិន ដែល​មាន​តម្លៃ​ជាង​សេចក្តីប្រកាស​រួម​។ ជំហ​របស់​កម្ពុជា​នៅក្នុង​ការប្រជុំ​អាស៊ាន​នេះ ក៏​បង្ហាញ​អន្តរជាតិ​ផង​ដែរ នូវ​ភាព​ឯករាជ្យ និង​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការថែរក្សា​ផលប្រយោជន៍​អាស៊ាន​ទាំងមូល៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ