អានតួអត្ថបទ
ចិន

អតីត​នាយក​រដ្ឋមន្ត្រី​ចិន បដិសេធ មិន​បាន​ជួយ​គ្រួសារ​ឱ្យ​ឡើង​មាន​ក្នុង​ពេល​កាន់​អំណាច

លោក វេន ជាប៉ាវ អតីត​នាយក​រដ្ឋមន្ត្រី​ចិន បាន​ធ្វើ​សេចក្តី​បដិសេធ ជា​លាយ​លក្ខណ៍​អក្សរ ​នៅក្នុង​សារព័ត៌មាន​ហុង​កុង ថា​ភាព​មាន​បាន កើន​ប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ ​របស់​ក្រុម​គ្រួសារ​ មិន​មែន​បានមក​ពី​ការ​ប្រើ​អំណាច ក្នុង​អំឡុង​​មួយ​ទសវត្ស​លោក​ជា​នាយក​រដ្ឋមន្ត្រី​ចិន ដូច​ដែល​កាសែត​អាមេរិក ធ្លាប់​អះអាង​កាលពី​ឆ្នាំ​២០១២​នោះ​ឡើយ។

លោក​ Wen Jiabao អតីត​នាយក​រដ្ឋមន្ត្រី​ចិន។ រូបថត​ថ្ងៃ​ទី ២៩​កញ្ញា ២០១២
លោក​ Wen Jiabao អតីត​នាយក​រដ្ឋមន្ត្រី​ចិន។ រូបថត​ថ្ងៃ​ទី ២៩​កញ្ញា ២០១២ AFP
ផ្សាយពាណិជ្ជកម្ម

“ខ្ញុំ​មិន​ដែល​ប្រើ​អំណាច ហើយ​ក៏​នឹង​មិន​ប្រើ​អំណាច​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ ! ខ្ញុំ​ចង់​រស់​ដោយ​មោទនៈ ព្រោះ​ខ្ញុំ​ជឿ​ស៊ប់​ថា កើត​មក​ខ្លួន​​​ទទេ និង​ស្លាប់​ទៅ​ក៏​ទទេ តែ​ជាមួយ​នឹងភាព​ស្អាត​ស្អំ"​ នេះ​ជា​សម្រង់ខ្លឹម​សារ​នៃ​លិខិត​របស់​លោក​វេន ជាប៉ាវ ទៅ​កាន់​អ្នក​និពន្ធ​វិចារណកថា​កាសែត​ហុងកុង Ming Pao ជា​ភាសាចិន។  

 
លិខិត​​ចុះ​ថ្ងៃ​ទី ២៧ ធ្នូ តែ​ទើប​ត្រូវ​បាន​​​កាសែត​ហុង​កុង -​ល្បី​ខាង​ស្និទ្ធ​នឹង​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ ​យក​មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ទី ១៨​មករា​ម្សិលមិញ ក្នុង​ខណៈ​ដែល​រដ្ឋាភិបាល​ថ្មី​ ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ថ្មី ស៊ី ជិនពីង កំពុង​​ធ្វើ​យុទ្ធនាការ​បំបាត់​អំពើ​ពុក​រលួយ​ ក្នុង​ជួរ​បក្ស​ រាប់​ទាំង​ថ្នាក់​ដឹកនាំ​កំពូលៗផង។

បើ​តាម​អ្នក​វិភាគ លោក វេន ជាប៉ាវ នាយក​រដ្ឋមន្ត្រីចិន ពី​ឆ្នាំ​២០០៣ -២០១៣ ទំនង​ជា​គ្មាន​គ្រោះ​​ឡើង​តុលាការ​ក្នុង​សំណុំ​រឿង​ពុក​រលួយ​ទេ ប៉ុន្តែ​ដោយ​ហេតុ​មាន​គំនាបខ្លាំង លោកត្រូវ​បង្ខំ​ចិត្ត​លុប​លាង​ឈ្មោះ​ឱ្យ​បាន​ជ្រះ​ស្រឡះ​ ពី​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ។

សូម​អាន ៖ រឿង​អាស្រូវ​ញាំញី​បក្ស​កុម្មុយនិស្ត​ចិន

កាលពី​ខែ​តុលា​ឆ្នាំ​២០១២ កាសែតNYT បាន​ចុះ​ផ្សាយ​បទ​អង្កេត​មួយ ប៉ាន់​ប្រមាណ​ទ្រព្យ​ធន​​របស់​គ្រួសារ​លោក​វេនជាវប៉ាវ ថា​មាន​ប្រមាណ​ជា ២,២​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០០៧។ គ្រួសារ​លោក វេន មាន​រកស៊ី​ក្នុង​ធនាគារ គ្រឿង​អលង្ការ ស្ថានីយ៍​ទេសចរណ៍​ ក្រុមហ៊ុន​ទូរគមនាគមន៍​ និង​គម្រោង​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ ដោយ​ពេល​ខ្លះ​ប្រើ​អត្តសញ្ញាណ​ offshore ផង។ កាសែត​អាមេរិក​មិន​បាន​រក​ឃើញ​ការ​បង្វិល​លុយកាក់​អ្វី​​ទាក់ទង​នឹង​រូប​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ទេ​ ប៉ុន្តែ​ទោះ​បី​មាន​ការ​បដិសេធ​យ៉ាង​ណាក៏​ដោយ​​ ក៏​កាសែត​នៅ​តែ​រក្សា​តម្លៃ​ព័ត៌មាន​របស់​ខ្លួន។ វិបសៃត៍អ៊ីនធឺណែត​របស់​កាសែត New York Time ​នៅចិន ត្រូវ​បិទ​ខ្ទប់​ ក្រោយ​ពី​ការ​ផ្សព្វផ្សាយ​ដំណឹង​នោះ​​ភ្លាម។

ពេលនេះ​ជា​មន្ត្រី​ចូល​និវត្តន៍ លោកវេន ជាប៉ាវ នាយករដ្ឋមន្ត្រី​ចិន​រយៈពេល​១០​ឆ្នាំ ទើប​ត្រូវ​បន្ត​តំណែង​ដោយ​លោក លី​ ខឺឈាំង កាលពី​ខែ​មីនា ២០១៣។ ចិន​ប្តូរ​មេដឹកនាំ​ជា​រៀង​រាល់​១០​ឆ្នាំ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ