រុស្ស៊ីឈ្នះអាមេរិកខាងភូមិសាស្ត្រនយោបាយក្នុងប្រទេសមួយនៅអាស៊ីកណ្តាល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៤
ឥទ្ធិពលរុស្ស៊ីលើរដ្ឋឯករាជ្យកៀហ្ស៊ីស៊ីស្ថានត្រូវសន្មតថា ឈ្នះឥទ្ធិពលអាមេរិក ក្រោយពីក្នុងខែកក្កដាកន្លងទៅ រដ្ឋាភិបាលប្រទេសនេះនៅតំបន់អាស៊ីកណ្តាលបានហែកចោលជាឯកតោភាគី កិច្ចព្រមព្រៀងស្តីអំពីសហប្រតិបត្តិការមួយអាមេរិក ចុះតាំងពីឆ្នាំ ១៩៩៣ម៉្លេះ ហែកចោលនេះ ជាប្រតិកម្មទល់នឹងក្រុងវ៉ាស៊ីនតោន ដែលបានប្រគល់រង្វាន់ជា អ្នកការពារ សិទ្ធិមនុស្ស ឆ្នាំ២០១៥ ទៅមេប្រឆាំងម្នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារ នៅ កៀហ្ស៊ីស៊ីស្ថាន។
ជ័យលាភីរង្វាន់អាមេរិកជា “ អ្នកការពារសិទ្ធិមនុស្ស ឆ្នាំ២០១៥ “ គឺលោក Azimjan Askarov មានដើមកំណើត ជាជាតិ អ៊ូសបេក ត្រូវបានតុលាការកំពូលកៀហ្ស៊ីស កាត់ទោស ឲ្យ ជាប់គុកមួយជីវិត តាមបទចោទប្រកាន់ថា បានផ្លុំបញ្ឆេះឲ្យមានការប៉ះទង្គិចគ្នារវាងជនជាតិ នៅតំបន់ខាងត្បូងប្រទេស កាលពីឆ្នាំ ២០១០ និងបានប្រព្រឹត្តឃាតកម្ម សម្លាប់នគរបាលម្នាក់ ហើយបច្ចុប្បន្ន កំពុងជាប់ ក្នុងពន្ធនាគារនៅកៀហ្ស៊ីស៊ីស្ថាន។ អង្គការ Amnesty International ចាត់ទុក ទណ្ឌិតនេះ ដែលជា អ្នកការពារសិទ្ធិមនុស្ស ថាជា អ្នកទោសនយោបាយ។
ដោយហេតុថាសាមីជននេះ មិនអាចទៅស.រ.អា. ដើម្បីទទួលរង្វាន់នោះ បានជាថ្ងៃទី ២០កក្កដា កន្លងទៅ ក្រសួងការបរទេសអាមេរិក បានប្រគល់សញ្ញាប័ត្រស្តីអំពីរង្វាន់នេះ នៅឯក្រុង វ៉ាស៊ីនតោន ទៅក្នុងដៃកូនប្រុសគាត់ ដែលបានទៅកាន់ទីនោះ ជំនួសមុខឲ្យឱពុកខ្លួន។ នៅថ្ងៃបន្ទាប់មក ថ្ងៃទី២១កក្កដា លោកនាយករដ្ឋមន្ត្រីកៀហ្ស៊ីស Temir Sariev បានចុះហត្ថលេខា លើអនុក្រិត្យ រំលាយចោលកិច្ចព្រមព្រៀងស្តីអំពីសហប្រតិបត្តិការជាមួយស.រ.អា.។
ជាការរំលឹក កិច្ចព្រមព្រៀងនេះ ចុះឆ្នាំ១៩៩៣ តាំងគោលដៅ ផ្តល់ជំនួយមនុស្សធម៌ សេដ្ឋកិច្ច និង បច្ចេកទេស ដល់ប្រជាជនកៀហ្ស៊ីស៊ីស្ថាន ពីខាង ស.រ.អា.។ ឯកសារនេះ បើកផ្លូវឲ្យ ទំនិញ របស់កៀហ្ស៊ីស៊ីស្ថាននាំចូលអាមេរិក ដោយឥតហូតពន្ធគយ ឬ ពន្ធណាផ្សេង។ ព្រមជាមួយ នេះ បុគ្គលិកស៊ីវិល និង យោធា របស់រដ្ឋាភិបាលអាមេរិកដែលស្ថិតនៅកៀហ្ស៊ីស៊ីស្ថាន ក្នុងក្របខ័ណ្ឌនៃការជួយជ្រោមជ្រែងដល់ប្រទេសតំបន់អាស៊ីកណ្តាលនេះ ទទួលលក្ខន្តិកស្មើនឹង អ្នកការទូត។
ក្រសួងការបរទេសអាមេរិក បានសំដែងនូវការខកចិត្ត ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល កៀហ្ស៊ីស៊ីស្ថាន រំលាយចោលកិច្ចព្រមព្រៀងទ្វេភាគីចុះឆ្នាំ១៩៩៣នោះ ដែលចែង អំពីកម្មវិធី ផ្តល់ដល់ប្រទេសនេះនៅតំបន់អាស៊ីកណ្តាល គឺជំនួយ ខាងប្រយុទ្ធទល់នឹងពួកជ្រុលនិយម ខាងលើក កំណើនសេដ្ឋកិច្ចកៀហ្ស៊ីស ខាងបង្កើតកន្លែងធ្វើការថ្មីៗ ខាងកែឲ្យប្រសើរឡើង ប្រព័ន្ធសិក្សាធិការ និង ខាងអភិវឌ្ឍន៍ប្រជាធិបតេយ្យនៅ កៀហ្ស៊ីស៊ីស្ថាន។
ទោះយ៉ាងណាក្តី ក៏ក្រសួងការបរទេសកៀហ្ស៊ីស៊ីស្ថាន ចោទស.រ.អា. ថាចេះតែប៉ុនប៉ងធ្វើឲ្យ រង្គោះរង្គើ ដល់ការស្រុះស្រួលរវាងជនជាតិក្នុងប្រទេសនេះ។ ប៉ុន្តែអ្នកជំនាញជាច្រើន យល់ថា ក្រុង Bichkek គ្រាន់តែចង់បង្ហាញថា កៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាដើរតាមផ្លូវ ធ្វើសហប្រតិបត្តិការ ជាមួយប្រទេសរុស្ស៊ី ហើយការលុបចោល កិច្ចព្រមព្រៀង ជាមួយអាមេរិក ប្រហែលជាត្រូវបាន ក្រុង Bichkek អនុម័តដោយមានការសម្របយោបល់ជាមួយក្រុងម៉ូស្គូទៅផង។
បើអ៊ីចឹងមែន នោះជំហាននេះ របស់ក្រុង Bichkek អាចត្រូវចាត់ទុកជាជ័យជំនះរបស់រុស្ស៊ី ក្នុង ការប្រជែងគ្នាយូរមកហើយ ជាមួយអាមេរិកដើម្បីដណ្តើមយក ឥទ្ធិពលលើកៀហ្ស៊ីស៊ីស្ថាន។ ពិតជាដើម្បីសម្រេចគោលដៅនេះ ដែលម៉ូស្គូ ក្នុងឆ្នាំ២០១២ ថែមទាំងបានលុបចោលអស់រលីង បំណុលជាច្រើនរយលានដុល្លារ ដែល កៀហ្ស៊ីស៊ីស្ថានជំពាក់រុស្ស៊ី។ ក្រោយពីបានប្រកាសឯករាជ្យក្នុងឆ្នាំ១៩៩១ កៀហ្ស៊ីស៊ីស្ថាន អស់ពេលយ៉ាងយូរ បានប្រកាន់ ឥរិយាបទអព្យាក្រឹត នៅចន្លោះ រវាងរុស្ស៊ីនិងអាមេរិក។ កៀហ្ស៊ីស៊ីស្ថានថែមទាំងបានក្លាយជា ប្រទេសតែមួយគត់នៅក្នុងលោក ដែលបានអនុញ្ញាត ឲ្យមាននៅលើដែនដីខ្លួន គឺមូលដ្ឋាន យោធាអាមេរិកផង មូលដ្ឋានយោធារុស្ស៊ីផង។
ប៉ុន្តែ មូលដ្ឋានអាមេរិក ឈ្មោះ Manas ក្រោយពី បានចាប់ដំណើរការក្នុងឆ្នាំ២០០១ កន្លងផុត១៣ឆ្នាំមក ក៏ត្រូវបានបិទទៅវិញ ក្នុងឆ្នាំ២០១៤។ ឥឡូវ នៅសល់ គឺតែ មូលដ្ឋានយោធារុស្ស៊ីឈ្មោះ Kant នៅចម្ងាយ២០គ.ម. ខាងកើតពី រដ្ឋធានី Bichkek។ ចង្អុលឲ្យឃើញពីរបត់ ក្នុងនយោបាយក្រៅប្រទេស កៀហ្ស៊ីស៊ីស្ថាន ក៏ទាំងសញ្ញាខ្លះទៀត បែបយ៉ាង រលកឃោសនាប្រឆាំងអាមេរិក នៅតាមប្រព័ន្ធផ្សព្វផ្សាយកៀហ្ស៊ីស។ ក្រោយពីឮ ដំណឹងស្តីអំពី ការប្រគល់រង្វាន់អាមេរិកដល់លោក Askarov នោះ ទូរទស្សន៍ ទីភ្នាក់ងារពត៌មាន កាសែត ដែលអែបទៅខាងរដ្ឋាភិបាល បាននាំគ្នាបរិហារ ជំហានអមិត្តរបស់ស.រ.អា. ហើយ ស្ងើចសរសើរចម្លើយបកវិញ ពីខាងអាជ្ញាធរកៀហ្ស៊ីស។
កាណាល់ទូរទស្សន៍កៀហ្ស៊ីស ប៉ុស្តលេខ១ បានផ្សាយជាប់រដឹកសម្ភាសន៍ប្លែកៗ ដែល គាំទ្រការសម្រេចចិត្តហែកចោលកិច្ចព្រមព្រៀងជាមួយអាមេរិក។ សម្ភាសន៍មួយបែបនេះ ថែមទាំងចោទស.រ.អា.ថាតែងបានប្រើមូលដ្ឋាន Manas មិនគ្រាន់តែជាឈ្នាន់សម្រាប់ដឹក ស្បៀងយោធា ទៅផ្គត់ផ្គង់ដល់កងកម្លាំងអន្តរជាតិនៅអាហ្វហ្កានីស្ថានប៉ុណ្ណោះទេ តែជាពិសេស គឺ ដើម្បី ឈ្លប យកការណ៍ ពីប្រទេសទាំង៥ នៅតំបន់អាស៊ីកណ្តាល។ សញ្ញាមួយទៀត នៃការស្រុតចុះអាក្រក់ទំនាក់ទំនង អាមេរិក-កៀហ្ស៊ីស៊ីស្ថាន គឺការសម្រេចរបស់ក្រុង Bichkek ភ្ជាប់ខ្លួនទៅនឹងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីដែលនាំមុខ ដោយរុស្ស៊ី។ គឺចាប់ពីថ្ងៃទី១កក្កដាឆ្នាំនេះមក ដែលកៀហ្ស៊ីស៊ីស្ថាន ក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការនេះ ដែលឥឡូវរួមក្តោប៥ប្រទេស គឺ រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន អារមេនី និង កៀហ្ស៊ីស៊ីស្ថាន ហើយដែលតាំងពីដើមឆ្នាំនេះមក មានវៀតណាម បានភ្ជាប់ខ្លួន មកនឹងលំហពាណិជ្ជកម្មសេរីរបស់សហភាពនេះ។
តាមសម្តីនាយករដ្ឋមន្ត្រីរុស្ស៊ី ពីក្នុងចំណោម ៤០ប្រទេសដែលបានសំដែង នូវបំណងភ្ជាប់ខ្លួនមកនឹងលំហនេះដែរ ក៏មានទាំង ថៃ និង កម្ពុជា ដែលបានចាប់ផ្តើម ធ្វើ កិច្ចចរចា ជាបណ្តើរៗទៅហើយ។ មិនតែប៉ុណ្ណោះ ដោយមានរុស្ស៊ីជាឧទាហរណ៍ រដ្ឋសភាកៀហ្ស៊ីស៊ីស្ថាន ត្រៀមអនុម័តច្បាប់ ដែលតម្រូវឲ្យ NGO ណាដែលទទួលលុយពីក្រៅ ចុះឈ្មោះក្នុងបញ្ជីក្រសួងយុត្តិធម៌ ក្នុងឋានៈ ជាភ្នាក់ងារបរទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ