អានតួអត្ថបទ
កូរ៉េខាងជើង-នុយក្លេអ៊ែរ

រូបភាព​ផ្កាយរណប​បង្ហាញ​ថា​កូរ៉េខាងជើង​អាច​កំពុងតែ​ត្រៀម​​បាញ់​កាំជ្រួច​បាលីស្ទីក

យោង​តាម​ការ​ផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​របស់​ជប៉ុន ​គឺ​កូរ៉េ​ខាង​ជើង​ អាច​នឹង​កំពុងតែ​រៀបចំ​ធ្វើការ​បាញ់​សាកល្បង​កាំជ្រួច​បាលីស្ទីក ​ថ្មី​មួយ​ទៀត ​ដោយ​ឆ្លង​កាត់​ការ​សន្និដ្ឋាន​ទៅ​លើ​រូបភាព ​ដែល​ផ្តល់​ឲ្យ​ដោយ​ផ្កាយរណប។ បើ​ជា​ការ​ពិតមែន​ មាន​ន័យ​ថា ​កូរ៉េ​ខាង​ជើង​កំពុងតែ​ផ្គើន​សហគមន៍​អន្តរជាតិ​កាន់​តែ​ខ្លាំង​ បន្ទាប់​ពី​របប​ផ្តាច់ការ​នេះ ​ បាន​បាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​ប្រភេទ​អ៊ីដ្រូហ្សែន ​កាល​ពី​ថ្ងៃ​ទី​៦ ​មករា​កន្លង​ទៅ​ថ្មីៗ​នេះ។

Kim Jong-Un សើចគ្រហាញ មុនពេល​បាញ់​សាកល្បង​គ្រាប់មីស៊ីលបាលីស្ទីក ចេញ​ពីនាវាមុជទឹក​បាត​សមុទ្រ ឆ្នាំ២០១២
Kim Jong-Un សើចគ្រហាញ មុនពេល​បាញ់​សាកល្បង​គ្រាប់មីស៊ីលបាលីស្ទីក ចេញ​ពីនាវាមុជទឹក​បាត​សមុទ្រ ឆ្នាំ២០១២ Reuters
ផ្សាយពាណិជ្ជកម្ម

ទី​ភ្នាក់ងារ​ព័ត៌មាន​ Kyodo របស់​ជប៉ុន​បាន​ផ្សព្វផ្សាយ​ថា ​ដោយ​យោង​ទៅ​លើ​ការ​វិភាគ​រូបភាព ​បាន​មក​ពី​ផ្កាយរណប ​គឺ​បង្ហាញ​ថា ​កូរ៉េ​ខាងជើង​កំពុងតែ​ត្រៀមរៀប​ចំ​បាញ់​សាកល្បង ​អាវុធ​ថ្មី​មួយ​ទៀត​ គឺ​កាំ​ជ្រួច​មីស៊ីល​បាលីស្ទីក​ចំងាយ​ឆ្ងាយ។ ចំណែក​ទូរទស្សន៍ ​NHK របស់​ជប៉ុន ​ក៏​បាន​ផ្សាយ​ផងដែរ​ថា ​យោង​តាម​រូបភាព​ផ្កាយ​រណប​គឺ​ គេ​សង្កេត​ឃើញ​មាន​សកម្មភាព​រៀបចំ​ សម្ភារៈ​ និង​ចលនា​មនុស្ស​ទៅមក​ ប្លែក​ខុស​ធម្មតា ​នៅ​តំបន់​ Dongchang-ri ភាគ​ខាង​លិច​កូរ៉េ​ខាង​ជើង។ ការ​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល ​បាលីស្ទីក ​អាច​នឹង​ប្រព្រឹត្តិទៅ ​ក្នុង​កំឡុង​ពេល​មួយ​សប្តាហ៍​ទៀត។

 
គួរ​រំលឹក​ថា ​កាល​ពី​ ​ថ្ងៃ​ទី​ ៦​មករា ​ កូរ៉េ​ខាងជើង ​ បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល ​ ដោយ​បាន​បាញ់​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​មួយ​គ្រាប់ ​ដែល​របប​នេះ​អះអាង​ថា ​ជា​គ្រាប់​នុយក្លេអ៊ែរ​ប្រភេទ​អ៊ីដ្រូហ្សែន។ តែ​ទោះ​ជា​យ៉ាងណា ​អ្នក​ជំនាញ​បរទេស​ជា​ច្រើន​នាក់ ​បាន​សន្និដ្ឋាន​ថា​គ្រាប់​នុយក្លេអ៊ែរ​នោះ ​មិនមែន​ជា​គ្រាប់​ប្រភេទ​អ៊ីដ្រូហ្សែន​នោះទេ​។ យ៉ាងណា​ក៏ដោយ ​ការ​បាញ់​គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ កាល​ពី​ថ្ងៃ​ទី​ ៦​មករា​ បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ ជា​ពិសេស​ប្រទេស​ជិត​ខាង ​ មាន​កូរ៉េ​ខាង​ត្បូង ​ជប៉ុន​ និង​ចិន​ ខឹង​មួរម៉ៅ​ជាខ្លាំង។ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​បាន​សម្រេច​ជា​ឯកច្ឆ័ន ​ថា​នឹង​ដាក់​ទណ្ឌកម្ម​ឲ្យ​ធ្ងន់​ទៅ​លើ​របប​ផ្តាច់ការ​ព្យុងយ៉ាង។

មិន​ដល់​មួយ​ខែ​ក្រោយ​មក​ផង ​ ពេល​នេះ​គេ​កំពុង​សង្ស័យ​ថា ​កូរ៉េ​ខាងជើង​កំពុង​ត្រៀម​បាញ់​កាំជ្រួច​បាលីស្ទីក​ ថ្មីមួយ​ទៀត។ បើការ​សន្និដ្ឋាន​ទៅ​លើ​រូបភាព​ផ្កាយ​រណប​នេះ ​ ជា​ការ​ពិត​ ​នេះ​ស​បង្ហាញ​ថា ​របប​កុម្មុយនីស្ត​កូរ៉េ​ខាង​ជើង ​ពិត​ជា​មិន​ខ្លាច​អង្គការ​សហ​ប្រជាជាតិ​ រឺមួយ​ទណ្ឌកម្ម​អ្វី​ទាំង​អស់។

សម្រាប់​ពេល​នេះ ​ គេ​ឃើញ​តែ​ប្រព័ន្ធ​ព័ត៌មាន​ជប៉ុន​តែ​ប៉ុណ្ណោះ ​ដែល​ផុះផុល​ផ្សព្វផ្សាយ​ពី​រូបភាព​ផ្កាយរណប។ ចំណែក​កូរ៉េ​ខាងត្បូង ​បាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ​ដោយ​លើក​ហេតុផល​ថា ​គេ​មិន​ធ្វើ​ការ​វិភាគ​ទៅលើ​ទិន្នន័យ​នៃ​ការ​ស៊ើបការណ៍​របស់​បរទេស​ទេ។ សូម​បញ្ជាក់​ថា ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ​ ជប៉ុន​បាន​បើក​ប្រតិបត្តិ​ការ​ស៊ើប​អង្កេត​ជា​ប្រចាំ​ ទៅលើ​កូរ៉េ​ខាង​ជើង ​តាម​រយៈ​រូបភាព​ផ្កាយ​រណប ​នៅ​ឆ្នាំ​២០០៣។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ