អានតួអត្ថបទ
កូរ៉េខាងជើង-នុយក្លេអ៊ែរ

កូរ៉េខាងជើង ​នឹង​ស្គាល់​ថ្នាំ​ខ្លាំង​ ក្រោយ​ការ​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូហ្សែន

ការ​បាញ់​សាកល្បង​គ្រាប់​បែក​នុយក្លែអ៊ែរ​ លើក​ទី​៤​របស់​កូរ៉េ​ខាង​ជើង​នេះ ​ ទំនង​អាច​នឹង​ធ្វើ​ឲ្យ​សហគមន​អន្តរជាតិ​ អត់ទ្រាំ​លែង​បាន ​នឹង​ចរិក​គម្រាម​កំហែង​ របស់​មេដឹកនាំ​កូរ៉េ​ខាងជើង។ សហរដ្ឋ​អាមេរិក ​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ បាន​សន្យា​ដោយ​ការ​ប្តេជ្ញាចិត្ត​ថា​ នឹង​ដាក់​ទណ្ឌកម្ម​ឲ្យ​ធ្ងន់​ ឲ្យ​សម​ទៅ​នឹង​ទង្វើ​ព្រហើន​របស់​កូរ៉េ​ខាង​ជើង ​ដែល​បានធ្វើការ​សាកល្បង​អាវុធ​ប្រល័យលោក​ ដ៏​គ្រោះថ្នាក់​នេះ។

បាតុករនៅ​ក្រុង​សេអ៊ូល​​នាំគ្នា​ដុតរូប ​មេដឹកនាំ​កូរ៉េ​ខាងជើង​ គីម​ ជុងអ៊ុន
បាតុករនៅ​ក្រុង​សេអ៊ូល​​នាំគ្នា​ដុតរូប ​មេដឹកនាំ​កូរ៉េ​ខាងជើង​ គីម​ ជុងអ៊ុន REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

កូរ៉េ​ខាងត្បូង​ ប្រទេស​បងប្អូន​បង្កើត​របស់​កូរ៉េ​ខាងជើង ​ បាន​សម្តែង​ការ​ខឹង​សម្បារ​ខ្លាំង​ជាង​គេ ​ ទៅ​នឹង​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ​ដែល​របប​ព្យុងយ៉ាង​ខ្លួន​ឯង​ អះអាង​ថា​ ជា​គ្រាប់​បែក​​ប្រភេទ​អ៊ីដ្រូហ្សែន។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ប្រជាជន​ជាច្រើន​រយ​នាក់​​  នៅ​ក្រុង​សេអ៊ូល​ បាន​ធ្វើ​បាតុកម្ម​ ដុត​រូប​ថត​មេដឹកនាំ​វ័យ​ក្មេង ​ចិត្ត​សឿង​របស់​កូរ៉េ​ខាងជើង។

 
កូរ៉េ​ខាងត្បូង​បាន​សម្រេច​នៅ​​ថ្ងៃ​ព្រហស្បតិ៍​ដែរ​ថា ​ គេ​នឹង​ចាប់​ផ្តើម​ធ្វើការ​ឃោសនា​តាម​ឧបករណ៍​ផ្សាយ​សម្លេង​នៅតាម​ព្រំដែន​ឡើងវិញ​ ចាប់​ពី​ថ្ងៃ​សុក្រ ​ទី​៨​មករា​នេះ​ទៅ។ ការផ្សាយ​ ដែល​ត្រូវ​បាន​បញ្ឈប់ ​បន្ទាប់​ពី​កូរ៉េ​ទាំង​ពីរ​បាន​ចរចា​គ្នា​ កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ។ កិច្ច​ព្រមព្រាង​នោះ ​ បាន​ចែង​ដោយ​គ្រាន់​តែ​តម្រូវ​ឲ្យ​កូរ៉េ​ខាង​ត្បូង​ បញ្ឈប់​ការផ្សាយ ​តែ​មិនមែន​ដក​ឧបករណ៍​ផ្សាយ​សម្លេង​ ចេញ​ទាំង​ស្រុង​ទេ។ កូរ៉េ​ខាង​ត្បូង​អាច​ចាប់​ផ្តើម​ផ្សាយឡើង​វិញ​ ល្គិក​ណា​មាន​ករណី​រឺ​ស្ថានការណ៍​ប្រួលប្រែ។ យ៉ាងណាមិញ ​ការ​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​នា​ពេល​នេះ ​ គឺ​ជា​ស្ថានការណ៍​ពិសេស ​ដែល​កូរ៉េ​ខាង​ត្បូង​ អាច​ចាត់​ទុក​ថា​វា​ជា​ការ​ប្រែប្រួល​ស្ថានការណ៍។
 
ដោយឡែក​រដ្ឋាភិបាល​អង់គ្លេស ​បាន​កោះហៅ​អគ្គរដ្ឋទូត​កូរ៉េ​ខាង​ជើង ​ប្រចាំ​ទីក្រុង​ឡុងដ៍ ​ដើម្បី​ធ្វើការ​សាកសួរ​ និង​ថ្លែង​ប្រាប់​ពី​ការ​ព្រួយ​បារម្ភ​ របស់​អង់គ្លេស ​ជុំវិញ​សកម្មភាព​កម្រោល​របស់​កូរ៉េ​ខាង​ជើង។ លោក​អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​របស់​អង់គ្លេស ​បាន​បញ្ជាក់​ថា ​លោក​បាន​និយាយ​ទៅ​កាន់​អគ្គរដ្ឋទូត​កូរ៉េ​ខាង​ជើង ​ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ ​ក្នុង​ន័យ​ថ្កោលទោស​កូរ៉េ​ខាងជើង។
លោក​បារ៉ាក់​អូបាម៉ា ​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ស្រី ​ប៉ាក់ គិនហឺ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​និង​លោក​ស៊ិនហ្សូ អាបេ ​នាយករដ្ឋមន្ត្រី​ជប៉ុន។ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ បាន​ទាមទារ​ឲ្យ​ខាងតែ​បាន ​ឲ្យ​សហគម​អន្តរជាតិ​ ដាក់​ទណ្ឌកម្ម​ឲ្យ​ធ្ងន់​ និង​មាន​ប្រសិទ្ធិភាព​ ទៅ​លើ​របប​ផ្តាច់ការ​ព្យុងយ៉ាង ​ដែល​ម្តង​ហើយ​ម្តង​ទៀត ​ តែងតែ​រំលោភ​លើ​សេចក្តី​សម្រេចចិត្ត​ របស់​អង្គការ​សហប្រជាជាតិ។
 

អ្នកជំនាញ​កូរ៉េខាង​ត្បូូង​ កំពុង​ចង្អុល​បង្ហាញ​ចំណុច​រញ្ជួយដី ដែលបណ្តាយ​មក​ពី​ការសាលគ្រាប់​នុយក្លេអ៊ែរ​ នៅកូរ៉េខាងេះជើង​
អ្នកជំនាញ​កូរ៉េខាង​ត្បូូង​ កំពុង​ចង្អុល​បង្ហាញ​ចំណុច​រញ្ជួយដី ដែលបណ្តាយ​មក​ពី​ការសាលគ្រាប់​នុយក្លេអ៊ែរ​ នៅកូរ៉េខាងេះជើង​ REUTERS/Kim Hong-Ji

សូមបញ្ជាក់​ថា ​នេះ​ជា​លើក​ទី៤​ហើយ ​ដែល​កូរ៉េ​ខាងជើង​ បាន​ធ្វើការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ។ មាន​ចំណុច​ពីរ​ ដែល​ការ​បាញ់​សាកល្បង​លើក​នេះ​ បង្ក​ឲ្យ​មាន​ការ​ថ្កោលទោស​ យ៉ាង​គគ្រឹក​គគ្រេង​ពី​សំណាក់​ប្រទេស​មហា​អំណាច ​គឺ​ទីមួយ​គ្រាប់​បែក​ដែល​កូរ៉េ​ខាង​ជើង​បាន​សាកល្បង ​គឺ​ត្រូវ​បាន​រដ្ឋាភិបាល​កុម្មុយនីស្តិ​នេះ ​ប្រកាស​ថា​ជា​គ្រាប់​បែក​ប្រភេទ​អ៊ីដ្រូហ្សែន ​ដែល​មាន​កម្លាំង​លើល​គ្រាប់បែក​បរមាណូ​ធម្មតា​រាប់រយ​ដង។ ចំណុច​ទីពីរ ​ គឺ​ការ​បាញ់​សាកល្បង​លើក​នេះ​ កូរ៉េ​ខាង​ជើង​ពុំមាន​ប្រកាស​ឲ្យ​ដឹង​មុន​ទាល់​តែ​សោះ។ ពោល​គឺ​សហគមន៍​អន្តរជាតិ​ មាន​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង។ នេះ​សបញ្ជាក់​ថា​ សកម្មភាព​ផលិត​គ្រាប់​នុយក្លេអ៊ែរ​ របស់​កូរ៉េ​ខាងជើង​កាន់តែ​បោះ​ជំហាន​ទៅមុខ​កាន់​តែ​ខ្លាំង ​ ហើយ​វា​កំពុង​តែ​គម្រាម​កំហែង​ដល់​សន្តិសុខ​របស់​ពិភពលោក​ទាំងមូល។ ទន្ទឹម​គ្នា​នេះ ​ ប្រជាជន​កូរ៉េ​ខាង​ជើង​ជាង​២០​លាន​នាក់​ កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ ​លំបាក​វេទនា​ជា​ទី​បំផុត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ