ទណ្ឌកម្មមិនបានផល ដោយសារកូរ៉េខាងជើងរកស៊ីជាប្រព័ន្ធ ជាមួយមនុស្សនឹងក្រុមហ៊ុនទុច្ចរិត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៦
អង្គការក្រុមអ្នកពិចារណាឯករាជ្យមួយឈ្មោះថា C4ADS ទើបបានចេញរបាយការណ៍ស្រាវជ្រាវមួយ ស្តីអំពីប្រសិទ្ធិភាពសឹងតែគ្មានសោះ នៃទណ្ឌកម្មសេដ្ឋកិច្ច ដែលសហគមអន្តរជាតិ បានដាក់ទៅលើកូរ៉េខាងជើង ដើម្បីឲ្យប្រទេសនេះ បោះបង់ចោលកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ។ យោងតាមរបាយការណ៍នេះ កូរ៉េខាងជើងបានប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដ៏សែនស្មុគស្មាញចាក់ស្រែស ដើម្បីបង្កើតជាបណ្តាញ និងបង្កើតក្រុមហ៊ុនខ្មោច ជាច្រើន។ អ្នករកស៊ី និងក្រុមហ៊ុនខ្មោចទាំងនោះ បានចូលរួមលាងលុយក្រខ្វក់ និងដោះដូរទំនិញជាមួយកូរ៉េខាងជើង ទាំងដែលគ្មាននរណា ដឹងដានអ្វីទាំងអស់។
របបផ្តាច់ការកូរ៉េខាងជើង បានធ្វើឲ្យគ្រប់គ្នាឈឺក្បាល ដោយសារតែមហិច្ឆិតានុយក្លេអ៊ែរ ដ៏គ្រោះថ្នាក់របស់ខ្លួន។ ជាង១០ឆ្នាំមកហើយ ដែលសហគមអន្តរជាតិ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើកូរ៉េខាងជើង។ តែបើក្រឡេកមកមើល គ្រាន់តែឆ្នាំ២០១៦កន្លងទៅនេះ កូរ៉េខាងជើង បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ដល់ទៅ២លើក និងបានសាកល្បងកាំជ្រួចប្រើប្រាស់ប្រព័ន្ធបាលីស្ទីក រហូតដល់ទៅ២៦លើក។ ដូច្នេះ មិនបាច់និយាយទេ ថា ទណ្ឌកម្មដែលសហគមអន្តរជាតិ បានដាក់លើកូរ៉េខាងជើង នាពេលកន្លងមកនោះ វាបានធ្វើឲ្យរបបផ្តាច់ការនេះ ខ្លាចញញើតកំរិតណា!
កូរ៉េខាងជើង មិនត្រឹមតែមិនព្រឺរោម នឹងទណ្ឌកម្មសេដ្ឋកិច្ចទេ តែថែមទាំងបានពន្លឿនល្បឿនអភិវឌ្ឍន៍កម្មវិធីផលិតអាវុធនុយក្លេអ៊ែរ ឲ្យកាន់តែប្រសើរ។ បើតាមការប៉ាន់ស្មានរបស់អ្នកវិភាគជាច្រើន ក្នុងពេលដ៏ឆាប់ខាងមុខនេះ កូរ៉េខាងជើង នឹងមានកាំច្រួចអន្តរទ្វីប បំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ដ៏គ្រោះថ្នាក់បំផុត។
អង្គការក្រុមអ្នកពិចារណាឯករាជ្យ (Think Tank) មួយ ឈ្មោះថា C4ADS ទើបបានចេញរបាយការណ៍ថ្មីរបស់ខ្លួន ឆ្លងកាត់ការស្រាវជ្រាវ វិភាគដ៏ស្មុគស្មាញ ស្តីអំពីប្រភពហិរញ្ញវត្ថុរបស់កូរ៉េខាងជើង។ យោងតាមការវិភាគរបស់របាយការណ៍នេះ ទណ្ឌកម្មសេដ្ឋកិច្ចដែលមាន នៅពេលកន្លងមក វាមិនគ្រប់គ្រាន់ទាល់តែសោះ ក្នុងការដាក់គំនៀបផ្នែកហិរញ្ញវត្ថុ ធ្វើឲ្យកូរ៉េខាងជើងទ័លច្រក ហើយបោះបង់ចោលការផលិតអាវុធនុយក្លេអ៊ែរ។ វាមិនខុសពីទាហានម្នាក់ ដែលព្យាយាមបាញ់សំដៅសត្រូវ តែមិនចំគោលដៅ ដោយសារតែមើលមិនឃើញ ថាសត្រូវនៅទីណាផង។
ជាការពិត របបផ្តាច់ការគីម ជុនអ៊ុន មិនអាចមានលទ្ធភាព ទាំងសម្ភារៈ ទាំងថវិកា ចំណាយ ក្នុងការផលិតអាវុធនុយក្លេអ៊ែរទេ បើសិនជាគ្មានលំហូរទឹកប្រាក់ ទៅពីខាងក្រៅ។ គឺប្រភពហិរញ្ញវត្ថុនេះហើយ ដែលជាបញ្ហាចោទ ព្រោះមកត្រឹមពេលនេះ គេមិនអាចដឹងថា វាមានប្រភពពីណាខ្លះទេ។ គេគ្រាន់តែដឹងថា ក្រុមហ៊ុនចិនមួយចំនួន បានឃុបឃិតរកស៊ី នាំចូលសម្ភារៈទៅលក់ឲ្យកូរ៉េខាងជើង។
ប៉ុន្តែរបាយការណ៍របស់ C4ADS បានបង្ហាញឲ្យឃើញថា ប្រភពហិរញ្ញវត្ថុ ឬប្រាក់ចំណូលរបស់កូរ៉េខាងជើង មិនមែនមានប្រភពតែមួយទេ តែជាប្រព័ន្ធចាក់ស្រែស នៅក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ។ ក្រុមហ៊ុនមួយចំនួនធំ ដែលមានប្រភពនៅចិន មានទាំងក្រុមហ៊ុនស្របច្បាប់ និងក្រុមហ៊ុនដែលរកស៊ីខុសច្បាប់ រត់ពន្ធគ្រឿងញៀន ភ្លុកដំរី ភ្លុករមាសដើម ។ល។ យ៉ាងហោចណាស់ មានក្រុមហ៊ុនចិន សរុបប្រមាណជា ៥២៣៣ ក្រុមហ៊ុន ដែលរកស៊ីដោយផ្ទាល់ជាមួយកូរ៉េខាងជើង។ ក្រៅពីនេះ ក្រុមហ៊ុនកូរ៉េខាងជើង បានបង្កើតក្រុមហ៊ុនខ្មោច រឺក្រុមហ៊ុនកញ្ចក់ នៅក្រៅប្រទេស ជាច្រើន ដើម្បីធ្វើការលាក់បាំង បន្លំសកម្មភាពរកស៊ីពិតប្រាកដរបស់ពួកគេ។
ក្រុមហ៊ុនចិនដ៏ធំមួយត្រូវបានគេចាប់អារម្មណ៍ខ្លាំងជាងគេ គឺក្រុមហ៊ុន Dandong Hongsiang Industrial Development ដែលមានសាខាជាច្រើន។ ជាផ្លូវការក្រុមហ៊ុននេះ បាននាំចូលទំនិញជាច្រើនមុខទៅកាន់កូរ៉េខាងជើង រាប់ទាំងសម្ភារៈប្រើប្រាស់ និងបរិក្ខា ក៏ដូចជាវត្ថុធាតុដើមឧស្សាហកម្មធនធ្ងន់។ យោងតាមប្រភពដែលC4ADS ទទួលបាន ក្រុមហ៊ុននេះបាននាំចូលទំនិញទៅកូរ៉េខាងជើង រវាងឆ្នាំ២០១១ ដល់ ២០១៥ គិតជាទឹកប្រាក់ប្រមាណ១៧១លានដុល្លារ ហើយនាំទំនិញកូរ៉េខាងជើង ចេញមកវិញ ក្នុងទឹកប្រាក់ប្រមាណ៣៦០លានដុល្លារ។ បច្ចុប្បន្នក្រុមហ៊ុននេះ ត្រូវបានរដ្ឋាភិបាលអាមេរិក និងកូរ៉េខាងត្បូង ចាត់បញ្ចូលក្នុងបញ្ជីរខ្មៅ។
បណ្តាញក្រុមទុច្ចរិត ជួញដូរអាវុធ របស់កូរ៉េខាងជើង មានសឹងតែពាសពេញអាស៊ីអាគ្នេយ៍។ ម៉ាឡេស៊ី មានបណ្តាញចារកិច្ចសម្ងាត់របស់កូរ៉េខាងជើង ដែលលួចរកស៊ីជាមួយក្រុមហ៊ុនទុច្ចរិតជាច្រើន នាំអាវុធទៅលក់។ មនុស្សម្នាក់ឈ្មោះ គីម ស៊ុងអ៊ីល ជាអ្នកជំនួញ មានរបបរកស៊ីនៅហុងកុង នៅចិន និងរុស្ស៊ី ត្រូវបានគេស្គាល់ថា ជាមេក្លោងដឹកជញ្ជូនអាវុធ ពីកូរ៉េខាងជើង ឆ្លងកាត់តាមចិន និងអាស៊ីអាគ្នេយ៍ យកទៅលក់នៅទ្វីបអាហ្វ្រិក។ ជននេះ មានកាន់លិខិតឆ្លងដែនកម្ពុជា យ៉ាងហោចណាស់២ច្បាប់ផ្សេងគ្នា។
ការនាំចេញអាវុធ គឺជាប្រភពថវិកាចំបងរបស់កូរ៉េខាងជើង។ ក្រុមហ៊ុនចិនមួយទៀត ឈ្មោះ Jie Shun គឺជាក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រ ក៏មានជាប់ពាក់ព័ន្ធយ៉ាងស្អិត ជាមួយនឹងរបបព្យុងយ៉ាង។ នាវារបស់ក្រុមហ៊ុន Jie Shun ត្រូវបានគេចាប់បានកាលពីខែសីហា ឆ្នាំ២០១៦ នៅអេហ្ស៊ីប។ នាវានោះមានផ្ទុកគ្រាប់រ៉ូកែត ប្រភេទ PG-7 ចំនួន៣ម៉ឺន គ្រាប់ ទំងន់សរុប១៣២តោន ហើយ ផលិតនៅកូរ៉េខាងជើងទាំងអស់។ ចំណែកនាវាដែលគេប្រើប្រាស់ដឹកអាវុធនោះ គឺមានចុះបញ្ជីរពាក់ទង់ជាតិប្រទេសកម្ពុជា។
នេះជាផ្នែកមួយ បង្ហាញឲ្យឃើញពីភាពចាក់ស្រែស នៃបណ្តាញទុច្ចរិតរបស់កូរ៉េខាងជើង ដែលឆ្លងកាត់ប្រទេសនានាក្នុងតំបន់អាស៊ី។ ថ្វីបើគេមិនអាចដឹងថា គ្រាប់បែក និងគ្រាប់រ៉ូកែត ទាំងនោះ ដឹកយកទៅលក់ឲ្យអ្នកណា ក៏ប៉ុន្តែអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា គ្រាប់រ៉ូកែត ផលិតនៅកូរ៉េខាងជើង ត្រូវបានគេរកឃើញមាននៅប្រើប្រាស់ នៅស៊ីរី និងនៅលីបង់។
ក្រុមហ៊ុន Jie Shun នេះ មានម្ចាស់ឈ្មោះ Fan Mintian ។ ជននេះជាអតីតទាហានជនជាតិកូរ៉េខាងជើង តែមានសញ្ជាតិចិន ហើយត្រូវបានគេស្គាល់ថា បានដើរតួយ៉ាងសំខាន់ ក្នុងការសម្រុះសម្រួលរៀបចំ បង្កើតបណ្តាញខុសច្បាប់ទាំងអស់នេះ។ ជនឈ្មោះ Fan Mintian នេះក៏ត្រូវបានគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនមួយទៀតឈ្មោះ Dalian Sea Glory Shipping ដែលនាវាក្រុមហ៊ុននេះហើយ ដែលត្រូវបានកងទ័ពជើងទឹកអាមេរិក តាមដានដឹង ថាបានដឹកបញ្ជូនគ្រាប់មីស៊ីល ទៅលក់ឲ្យភូមា។
ក្រៅពីការដឹកជញ្ជូនអាវុធទៅលក់ កូរ៉េខាងជើងក៏បានប្រើប្រាស់ ប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីលាងលុយក្រខ្វក់ តាមរយៈការបោះទុនវិនិយោគផ្សេងៗ នៅក្រៅប្រទេស។ ភោជនីយដ្ឋាន ឬក្រុមហ៊ុនសេវ៉ាកម្មនានា ត្រូវបានគេបង្កើត ដើម្បីចាក់លុយបញ្ចូលក្រខ្វក់ ហើយកើបយកទៅវិញនូវប្រាក់ចំណេញ។ ជាក់ស្តែង ការបោះទុនវិនិយោគ របស់កូរ៉េខាងជើង ដើម្បីកសាងសារៈមន្ទីរមួយនៅទីក្រុងសៀមរាប ប្រទេសកម្ពុជាយើង ត្រូវបានគេសង្ស័យថា គឺជាយុទ្ធសាស្ត្រមួយដើម្បីលាងលុយកខ្វក់ និងកើបយកប្រាក់ចំណូលទៅព្យុងយ៉ាង។
របាយការណ៍របស់ C4ADS បានសន្និដ្ឋានថា ទណ្ឌកម្មអន្តរជាតិ ដើម្បីបំបិទច្រកហិរញ្ញវត្ថុរបស់កូរ៉េខាងជើង ត្រូវតែវាយឲ្យចំគោលដៅ ទៅលើបណ្តាញខ្សែរយៈទុច្ចរិតទាំងអស់នេះ។ ការងារនេះ នឹងមិនអាចសម្រេចបានទេ បើសិនជាគ្មានការសហការពីប្រទេសនានា។ បើទោះបីបណ្តាញទុច្ចរិតរបស់កូរ៉េខាងជើង មានភាពស្មុគស្មាញ តែវាបានបង្ហាញ នូវចំណុចខ្សោយមួយត្រង់ថា កូរ៉េខាងជើងរកស៊ីជាមួយក្រុមហ៊ុន និងមនុស្សដដែលៗ។ ក្រុមហ៊ុនដែលរកស៊ីដោយផ្ទាល់ជាមួយកូរ៉េខាងជើង មានប្រមាណតែជាង៥ពាន់ក្រុមហ៊ុនប៉ុណ្ណោះ។ ដូច្នេះគ្មានរឿងអ្វីដែលថា សហគមន៍អន្តរជាតិ មិនអាចចាត់ចែង ជីករំលើងឬសគល់បានទេ បើសិនជាយើងមានចេតនាពិតប្រាកដនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ