អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​បាញ់​មួយ​គ្រាប់​ទៀត ផ្គើន​ជំនួបកំពូល​ស្តីពី​នុយក្លេអ៊ែរ​នៅ​សហរដ្ឋ​អាមេរិក

នៅថ្ងៃ​សុក្រ ​ទី១​ មករា​នេះ ​ស្របពេល​ដែល​​ ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ ​កំពុងតែ​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន ​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង ​បាន​ធ្វើការ​បាញ់​គ្រាប់​មីស៊ីល​មួយ​ទៀត​ ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ ដែល​នេះ​គឺ​​ជា​សកម្មភាព​ផ្គើន​ដោយ​ចំហរ​ ទៅ​ដល់​សហគមន៍​អន្តរជាតិ។ ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ កំពុងតែ​រុញ​ច្រាន​តំបន់​ប៉ាស៊ីហ្វិក​ទាំងមូល ​ ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ ព្រោះ​គេ​មិន​អាច​ស្មាន ​ដឹង​ចិត្ត​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​នោះ​ទេ។

គ្រាប់មីស៊ីល របស់កូរ៉េខាងជើង​
គ្រាប់មីស៊ីល របស់កូរ៉េខាងជើង​ REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សេចក្តី​រាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា ​កូរ៉េ​ខាង​ជើង​បាន​ធ្វើការ​បាញ់​គ្រាប់​មីស៊ីល​ចំងាយខ្លី​មួយ​គ្រាប់​ទៀត ​នៅ​ថ្ងៃ​សុក្រ ​ទី​១ ​មេសា​នៅ​វេលា​ម៉ោង​ប្រហែល​ជា​១២ ​និង​៤៥​នាទី។ ការ​បាញ់​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្រុង​សុនឌុក ​ ភាគ​ខាងកើត​កូរ៉េ​ខាងត្បូង។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​យុនហាប់​របស់​កូរ៉េ​ខាងត្បូង ​ បាន​ផ្សាយ​ផង​ដែរ​ថា ​គ្រាប់​មីស៊ីល​បាន​រត់​បាន​ចំងាយ​ប្រមាណ​ជា​១០០​គីឡូម៉ែត្រ ​មុន​នឹង​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ជប៉ុន ​ ប៉ុន្តែ​គេ​មិនអាច​ដឹង​ពី​គំនូស​ទិសដៅ​របស់​គ្រាប់​មីស៊ីល​នេះ​ទេ។

 
បន្ថែម​ពីនេះ ​ អាជ្ញាធរ​កូរ៉េ​ខាងត្បូង​បាន​ចោទ​ប្រកាន់​កូរ៉េ​ខាងជើង​ ថា​បាន​បំផ្លាញ​ប្រព័ន្ធ​រ៉ាដា ​GPS ​របស់​កូរ៉េ​ខាងត្បូង​ដោយ​ចេតនា ​តាម​រយៈ​ការ​ដាក់​តាំង​ម៉ាស៊ីន​បញ្ជូន​រលក​សញ្ញា​ជាច្រើន​ចំណុច​ នៅ​ក្បែរ​ព្រំដែន​កូរ៉េ​ខាងត្បូង។ ការ​បំផ្លាញ​ប្រព័ន្ធ​ GPS ​នេះ​បាន​ធ្វើ​ឲ្យ​រំខាន​ដល់​ចរាចរណ៍​នាវា ​រថយន្ត​ និង​យន្តហោះ​ជា​ច្រើន​គ្រឿង ​ដែល​ត្រូវការ​ប្រព័ន្ធ​នេះ ​ដើម្បី​បង្ហាញ​ផ្លូវ​ធ្វើ​ដំណើរ។

សូម​បញ្ជាក់​ថា ​ការ​បាញ់​គ្រាប់​មីស៊ីល​ចំងាយ​ជិត​ មួយ​គ្រាប់​ថ្មី​នេះ ​ គឺ​បង្ហាញ​អំពី​អាកប្បកិរិយា​ព្រហើន​ ក្អេងក្អាង ​កាន់តែ​ខ្លាំង​ឡើង ​ក្នុង​ខណៈ​ដែល​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ ​កំពុង​តែ​ជួប​ប្រជុំគ្នា​នៅ​សហរដ្ឋ​អាមេរិក ​ដើម្បី​រកវិធី​គ្រប់គ្រង​ការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​ ឲ្យបាន​ត្រឹមត្រូវ​ និង​មាន​សុវត្ថិភាព។ សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ​ក៏​ជា​ចំណុច​សំខាន់​នៃ​ការប្រជុំ​នេះ​ដែរ។

កាលពី​ដើមឆ្នាំ​នេះ ​ កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ ​ប្រភេទ​អ៊ីដ្រូហ្សែន ​ដ៏ធំ​មួយ ​ដែល​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​និង​ ព្រួយ​បារម្ភ​ជា​ខ្លាំង។ ក្រោយ​មក​បន្តិច​ កាល​ពី​ខែ​កុម្ភះ ​ កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​បាលីស្ទីក ​ ចំងាយ​មធ្យម ​និង​ចំងាយ​ឆ្ងាយ ​ពី​គ្រាប់​ផ្ទួនៗ​គ្នា។ ហើយ​ចុងក្រោយ​នេះ ​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង​ បាន​ទាំង​ធ្វើ​ខ្សែ​វីដេអូ​ឃោសនា ​បង្ហាញ​ពី​រូបភាព​វាយ​ប្រហារ​កំទេច​សហរដ្ឋ​អាមេរិក​ ដោយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ទៀត​ផង។

ក្នុង​ឱកាស​ជំនួបកំពូល​ស្តីពី​នុយក្លេអ៊ែរ ​ លោក​អូបាម៉ា ​ត្រូវ​ជួប​ប្រជុំ​ជាមួយ​លោក​ស៊ិនហ្សូអាបេ ​និង​លោកស្រី​ប៉ាក់ គិនហ៊ឺ​ ដើម្បី​និយាយ​ពី​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង ​ព្រមទាំង​គម្រោង​ការ​ដាក់​តាំង​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល​នៅ​កូរ៉េ​ខាងត្បូង។ ការ​បាញ់​បន្ថែម​គ្រាប់​មីស៊ីល​នាពេល​នេះ ​គឺ​រឹតតែ​ពន្លឿន​គម្រោង​ការ​ដាក់​តាំង​ប្រព័ន្ធ​រ៉ាដា​កម្ទេច​គ្រាប់​មីស៊ីល ​ឲ្យកាន់​តែ​ឆាប់​សម្រេច​បាន​ជា​ស្ថាពរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ