អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​ធ្វើ​វីដេអូ​គម្រាម​បាញ់​គ្រាប់​នុយក្លេអ៊ែរ​កម្ទេច​អាមេរិក

បន្ទាប់​ពី​បាន​គម្រាម​ធ្វើការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល ​ព្រមទាំង​បាន​អួត​សំញ៉ែង​អំពី​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន ​នៅ​ថ្ងៃ​សៅរ៍​ទី​ ២៦​ មីនា​ របប​ផ្តាច់ការ​កូរ៉េ​ខាង​ជើង ​បាន​ធ្វើការ​ផ្សព្វផ្សាយ​រូបភាព​វីដេអូ​ថ្មី​មួយ​ទៀត ​ ដែល​ជា​ការ​ប្រឌិត​បង្ហាញ​អំពី​ការ​បាញ់គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ​ទៅ​កំទិច​សហរដ្ឋ​អាមេរិក។ ទោះ​បី​ជា​គេ​ជឿ ​រឺ​មិន​ជឿ ​ថា​កូរ៉េ​ខាងជើង​ពិត​ជា​អាច​ធ្វើ​រឿង​នេះ​មែន​រឺ​ក៏​អត់​ ក៏​មក​ដល់​ដំណាក់​កាល​នេះ ​គេ​មិន​អាច​ធ្វេស​ប្រហែស ​និង​ភាព​កម្រោល​ចូល​របស់​របប​ផ្តាច់ការ​គីម ជុងអ៊ុន​បាន​ទេ។

រូបភាព​ផ្តល់​ឲ្យដោយ​​ភ្នាក់ងារ​ព័ត៌មាន​​ផ្លុវការ​​​កូរ៉េ​ខាងជើង ​បង្ហាញ​​ពី​កាំភ្លើង​ធំ​រាប់​រយ​​គ្រឿង​កំពុង​​បាញ់​គ្រាប់​
រូបភាព​ផ្តល់​ឲ្យដោយ​​ភ្នាក់ងារ​ព័ត៌មាន​​ផ្លុវការ​​​កូរ៉េ​ខាងជើង ​បង្ហាញ​​ពី​កាំភ្លើង​ធំ​រាប់​រយ​​គ្រឿង​កំពុង​​បាញ់​គ្រាប់​ REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​សៅរ៍​ទី​២៦​មីនា ​របប​កុម្មុនិស្តិ​កូរ៉េ​ខាងជើង ​ បាន​ធ្វើការ​ផ្សព្វផ្សាយ​រូបភាព​វីដេអូ​ឃោសនា​មួយ​ទូទាំង​ប្រទេស។ ខ្សែ​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា ​“វាសនា​ចុងក្រោយ” ​គឺ​មាន​រូបភាព​បង្ហាញ​ពី​គ្រាប់​មីស៊ីល​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ បាញ់​ចេញ​ពី​នាវា​មុជទឹក​បាត​សមុទ្រ។ បន្ទាប់​មក​ទៀត​គេ​ឃើញ​គ្រាប់​មីស៊ីល​នេះ ​ផុសចេញ​ពី​ពពក​ធ្លាក់​មក​កម្ទេច​វិមាន​កាពីតូល ​ដែល​ជា​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ នៅ​រដ្ឋធានី​វ៉ាស៊ីងតោន។ បន្តិច​ក្រោយ​មក​ មាន​គ្រាប់​មីស៊ីល​មួយ​ទៀត ​បាន​ហោះ​ទៅ​កំទេច​រូប​សំណាក​ប្រធានាធិបតី​លីនខុន ​ មុន​នឹង​បង្ហាញ​រូប​ទង់ជាតិ​សហរដ្ឋ​អាមេរិក​ ឆេះ​ដោយ​ភ្លើង​សន្ធោសន្ធៅ។

 
នេះ​គឺ​ជា​វីដេអូ​ប្រឌិត​ឡើង ​ ដែល​របប​ផ្តាច់​ការ​ព្យុងយ៉ាង ​បាន​ធ្វើ​ដើម្បី​ជា​ការ​គម្រាម​ដល់​សហរដ្ឋ​អាមេរិក។ ស្រប​ពេល​ដែល​វិមាន​កាពីតូល​កំពុងតែ​ផ្ទុះ​ឆេះ ​មាន​អក្សរ​ជា​ភាសា​កូរ៉េ​បាន​ផុស​ឡើង ​ សរសេ​មាន​ន័យ​ថា ​“បើ​សិន​ជា​ពួក​ចក្រព័ទ្ធ​អាមេរិក​ ហានតែ​កំរើក​សូម្បី​តែ​បន្តិច ​ យើង​នឹង​ធ្វើការ​បាញ់​កម្ទេច​ដោយ​ប្រើ​កម្លាំង​នុយក្លេអ៊ែរ​របស់​យើង”

បន្ថែម​ពី​នេះ ​នៅ​ថ្ងៃ​សៅរ៍​ដដែល ​កងទ័ព​ប្រជាមាណិត​កូរ៉េ​ខាង​ជើង​ បាន​ដាក់​ឱសានុវាទ​ និង​គំរាម​ធ្វើការ​វាយ​ប្រហារ​យោធា​ដោយ​ឥត​ញញើត​ ទៅ​លើ​កូរ៉េ​ខាង​ត្បូង ​បើសិន​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​មិន​ព្រម​ចេញ​មក​សុំទោស​គីម ជុងអ៊ុន​ជា​សាធារណៈ​ទេ។ កំហឹង​នេះ​ក៍​ដោយសារ​ថ្មីៗ​នេះ ​ លោកស្រី​ប៉ាក់ គិនហ៊ឺ​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​ថ្លែង​ថា ​ល្មម​ដល់​ពេល​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង​ត្រូវ​ដួល​រលំ​ហើយ ​ ព្រោះ​ទង្វើ​របស់​គីម ជុងអ៊ុន ​កំពុងតែ​នាំ​ប្រជាជាតិ​កូរ៉េ​ខាង​ជើង​ឲ្យ​វិនាស។ របប​ព្យុងយ៉ាង ​បាន​ថ្លែងការ​ជេរ​ប្រមាថ ​ទៅ​លើ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​ដោយ​ពាក្យ​អសុរស​ជាទី​បំផុត​ ហើយ​បាន​គំរាម​វាយ​កម្ទេច​កូរ៉េ​ខាងត្បូង​ឲ្យ​ឆេះ​ខ្ទេច​ សល់តែ​ផេះ​ទៀត​ផង។

យ៉ាង​ណាក៏​ដោយ​ នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ​ដែល​របប​ព្យុងយ៉ាង​ បាន​ធ្វើ​ខ្សែវីដេអូ​ឃោសនា​បង្ហាញ​ពី​រូបភាព​បាញ់​គ្រាប់​មីស៊ីល​កម្ទេច​សហរដ្ឋ​អាមេរិក។ កាល​ពី​ឆ្នាំ​២០១៣​ មាន​វីដេអូ​ស្រដៀង​គ្នា​នេះ​មួយ​ដែរ ​ ដែល​បង្ហាញ​ពី​រូប​សេតវិមាន​ប្រធានាធិបតី​អាមេរិក​ ស្ថិត​នៅ​ក្នុង​រ៉ាដា​ស៊ីប ​នៃ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង ​ ព្រម​ទាំង​មាន​រូប​វិមាន​កាពីតូល​ឆេះ​ខ្ទេច​ផងដែរ។ ប៉ុន្តែ​ជាមួយ​នឹង​សកម្មភាព​កំរោល​ចូល​ នាពេល​ចុងក្រោយ ​អម​ដោយ​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ធំៗ​ ជាច្រើន​លើក ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​ គេ​មិន​អាច​មើល​ស្រាល​មេដឹកនាំ​ផ្តាច់​ការ​គីម ជុងអ៊ុន​បានទេ។

ដោយឡែក​នៅ​ឯ​ព្រំដែន​រវាង​កូរ៉េ​ទាំង​ពីរ​ឯណោះ ​មាន​សកម្មជន​ជាច្រើន​នាក់ ​បាន​យក​ខិតបណ្ឌ​ប្រមាណជា​៥សែន​សន្លឹក​ទៅ​ចង​នឹង​ប៉េតប៉ោង ​ ដើម្បី​បង្ហោះ​ទៅ​ខាង​កូរ៉េ​ខាងជើង។ លោក ​ប៉ាក់ សាងហាក់ ​ដែល​រត់​គេច​ខ្លួន​ពី​កូរ៉េ​ខាងជើង ​បាន​ធ្វើ​សកម្មភាព​នេះ ​បាន​សន្យា​ថា​ក្រុម​លោក ​និង​ធ្វើការ​បង្ហោះ​ខិតបណ្ណ​ប្រាប់​ទៅ​ប្រជាជន​កូរ៉េ​ខាង​ជើង ​ឲ្យ​បាន​១០​លាន​ច្បាប់​ ក្នុង​រយៈពេល​៣ខែ​ខាងមុខ​នេះ ​ ដើម្បី​បរិហា​អំពី​អំពើ​ព្រៃផ្សៃ​ផ្តាច់ការ ​របស់​របប​គ្រប់គ្រង​កុម្មុនីស្ត​ត្រកូល​គីម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ