វិបត្តិកូរ៉េខាងជើង៖ ផ្លូវដើរណាខ្លះ ដែលផ្តល់ប្រយោជន៍ដល់ភាគីនីមួយៗ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២២
វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង កំពុងធ្វើឲ្យប្រទេសមហាអំណាចទាំងអស់ ឈឺក្បាលវិលមុខ និយាយមិនត្រូវគ្នា។ ខណៈដែលសហរដ្ឋអាមេរិក បារាំង អង់គ្លេស និងជប៉ុន ទាមទារឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឲ្យធ្ងន់ ទៅលើកូរ៉េខាងជើង ចិន និងរុស្ស៊ីឯណោះ បានបដិសេធចោល ព្រោះថាវាគ្មានប្រយោជន៍ គ្មានប្រសិទ្ធិភាព។ ប្រទេសទាំងពីរនេះ ចង់ឲ្យអាមេរិក និងកូរ៉េខាងត្បូង ងាកមកធ្វើសប្បទាន ហើយឈប់គំរាមកូរ៉េខាងជើងតទៅទៀត ធ្វើដូច្នេះ គឺដើម្បីអូសកូរ៉េខាងជើង ឲ្យចូលតុចរចា។ តើមានហេតុផលអ្វីខ្លះ ដែលនៅពីក្រោយការទាមទារចង់បាន របស់ភាគីនីមួយៗ ក្នុងសំណុំរឿងនេះ?
ធ្វើសមយុទ្ធយោធា ដាក់ពង្រាយអាវុធ ដើម្បីទប់ទល់ជាមួយកូរ៉េខាងជើង ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីខ្ទប់ដង្ហើមកូរ៉េខាងជើង ឬមួយក៏បោះបង់ចោលទាំងអស់ ហើយងាកមករៀបចំការចរចា ជាមួយកូរ៉េខាងជើង? តើជំរើសមួយណា ដែលល្អ? ហើយវាល្អសម្រាប់អ្នកណាខ្លះ?
ដាក់បន្ថែមទណ្ឌកម្មសេដ្ឋកិច្ចឲ្យធ្ងន់?
នៅក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃចន្ទ ទី៤កញ្ញា សហរដ្ឋអាមេរិក បានលើកសំណើរ ជាមួយនឹងបញ្ជីទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនចំណុច ដើម្បីដាក់គំនៀប សង្កត់កូរ៉េខាងជើង ឲ្យថប់ដង្ហើម។ បារាំង អង់គ្លេស អាល្លឺម៉ង់ និងជប៉ុន សុទ្ធតែបានគាំទ្រ ថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច គឺជាវិធីសាស្ត្រមួយ ក្នុងចំណោមវិធីសាស្ត្រជាច្រើន ដើម្បីអូសកូរ៉េខាងជើងឲ្យស្គាល់ហេតុស្គាល់ផល។
តែបញ្ហាចោទគឺថា ទណ្ឌកម្មទាំងនោះ បានវាយចំចំណុចដែរឬទេ? តើទណ្ឌកម្មទាំងនោះ បានហុចផលអ្វីខ្លះហើយ? បើរាប់ទាំងលើកនេះ វាគឺជាលើកទី៨ហើយ ដែលក្រុមប្រឹក្សាសន្តិសុខ បានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើកូរ៉េខាងជើង ហើយមួយលើកៗ គឺគេសុទ្ធតែអះអាងថា កាន់តែធ្ងន់ ជាងមុន។ ធ្ងន់យ៉ាងណាក៏ដោយ តែកូរ៉េខាងជើង នៅតែបន្ត បាញ់សាកកាំជ្រួចមីស៊ីល ហើយចុងក្រោយនេះ គឺសាកគ្រាប់បរមាណូ ប្រភេទអ៊ីដ្រូសែន ទំងន់៥០គីឡូតោនឯណោះ។ ចង់មិនចង់ គឺមានន័យថា ទណ្ឌកម្មសេដ្ឋកិច្ច កាលពីលើកមុនៗ ពុំបានធ្វើឲ្យកូរ៉េខាងជើងស្ញើបនោះទេ។
ទណ្ឌកម្មសេដ្ឋកិច្ច គ្មានប្រសិទ្ធិភាពដោយសារអ្វី?
អ្នកវិភាគជាច្រើនលើកឡើងថា ទណ្ឌកម្មសេដ្ឋកិច្ចមិនមានប្រសិទ្ធិភាព ក៏ដោយសារតែគេមិនបានអនុវត្តវា ឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។ បើគេពិនិត្យ ឲ្យបានសព្វគ្រប់ ប្រព័ន្ធចាក់ស្រែសនៃសេដ្ឋកិច្ចកូរ៉េខាងជើង គឺមួយភាគធំ ស្ថិតក្នុងបណ្តាញផ្លូវងងិត ឬបណ្តាញខុសច្បាប់ ដែលឃុបឃិតគ្នារកស៊ី ក្រៅសំណាញ់ច្បាប់។ តួយ៉ាងដូចជាការដឹកជញ្ជូនអាវុធ យកទៅលក់ នៅតាមប្រទេសតំបន់អាហ្វ្រិកជាដើម។ ក្នុងចំណោមក្រុមហ៊ុន ឬក៏អ្នកជំនួញ ដែលជាប់ឈ្មោះក្នុងទណ្ឌកម្ម គឺភាគច្រើនមានប្រភពនៅចិន និងរុស្ស៊ី។
ដើម្បីកុំឲ្យគេចោទ ថាកាន់ជើងកូរ៉េខាងជើង ចិនគ្មានជំរើសអ្វី ក្រៅតែពីទទួលយល់ព្រម នូវការដាក់វិធានការទណ្ឌកម្មទេ ទាំងដែល ធាតុពិត ចិនគ្មានអ្វីត្រូវចំណេញសោះ។ ក្រុមហ៊ុនចិន ដែលរកស៊ីជាមួយកូរ៉េខាងជើង ត្រូវខាតបង់ទាំងស្រុង។ កុំភ្លេចថា ៩០% នៃការនាំចេញរបស់កូរ៉េខាងជើង គឺចិនជាអ្នកទទួលទិញទាំងអស់។ ទំនិញទាំងនោះ ភាគច្រើនគឺសុទ្ធសឹងតែជាវត្ថុធាតុដើម លោហៈធាតុសំខាន់ៗ ដែលចិនត្រូវការ សម្រាប់ឧស្សហកម្មខ្លួន។ ជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ច ជំនួញជួញដូរស្របច្បាប់ បានរងផលប៉ះពាល់មែនហើយ ប៉ុន្តែ ជំនួញផ្លូវកាត់ រវាងចិន និងកូរ៉េខាងជើង នៅតែមានយ៉ាងសកម្មដដែល។ នេះហើយដែលជាហេតុផល ធ្វើឲ្យទណ្ឌកម្មសេដ្ឋកិច្ច មិនបានហុចផលវិជ្ជមាន។
សម្រាប់រុស្ស៊ី ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង ក៏មិនបានហុចផលល្អ ដល់ខ្លួនដែរ ជាពិសេសជាមួយនឹងវិធានការថ្មី ដែលសហរដ្ឋអាមេរិក បានលើកឡើងនាពេលនេះ ទាក់ទិននឹង វិស័យប្រេង និងវិស័យទេសចរណ៍។ កូរ៉េខាងជើង គឺជាម៉ូយប្រេងឥទ្ធនៈ នាំចូលពីរុស្ស៊ី។ ចំណែកវិស័យទេចរណ៍វិញ កូរ៉េខាងជើង ទើបតែបានបើកសម្ភោធ ភ្នាក់ងារទេសចរណ៍មួយរបស់ខ្លួននៅក្រុងម៉ូស្គូ។
ចិន និងរុស្ស៊ី មិនចង់ឃើញរបបផ្តាច់ការកុម្មនីស្ត ត្រកូលគីម រលំទេ
វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដែលកូរ៉េខាងជើង មានចំណងស្អិតរមួត ជាមួយចិន និងរុស្ស៊ី ព្រោះថាទីមួយ ដោយសារតែកត្តាភូមិសាស្ត្រជាប់ព្រំដែនគ្នា ហើយទីពីរ គឺដោយសារតែពួកគេទាំង៣ គឺជាអតីតមិត្តរួមអាវុធ នៃបដិវត្តន៍លទ្ធិកុម្មុយនីស្តិ ក្នុងសម័យសង្រ្គាមត្រជាក់។ បើគ្មានចិន និងរុស្ស៊ី កូរ៉េខាងជើង ក៏គ្មានកំលាំងឯណា ទៅវាយប្រយុទ្ធ ជាមួយអាមេរិក ក្នុងជំនាន់សង្រ្គាមកូរ៉េដែរ។
កត្តាភូមិសាស្ត្រទៀតសោត ដែលញ៉ាំងឲ្យចិន និងរុស្ស៊ី ព្យាយាមការពាររបបកុម្មុនីស្តិកូរ៉េខាងជើង។ រហូតមកទល់ពេលនេះ ថ្វីបើ លោកពូទីន ប្រធានាធិបតីរុស្ស៊ីបានថ្កោលទោស គីម ជុងអ៊ុន ថាបានធ្វើសកម្មភាពបង្កបញ្ហា តែទន្ទឹមគ្នានេះ លោកពូទីន បានអះអាងថា មហិច្ឆិតានុយក្លេអ៊ែរកូរ៉េខាងជើងនេះ មិនមានអ្វីគួរឲ្យបារម្ភ រហូតដល់ទៅយកអាវុធ មកដាក់តាំង នៅកូរ៉េខាងត្បូងដែរ។ ទាំងចិន ទាំងរុស្ស៊ី សុទ្ធតែមិនចង់ឲ្យអាមេរិក មកធ្វើអន្តរាគមន៍ ផ្តួលរំលំរបបផ្តាច់ការត្រកូលគីមទេ។
ប្រើអាវុធទំនើប គំរាមតបទៅកូរ៉េខាងជើងវិញ?
ក្រៅពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច រដ្ឋាភិបាលលោកត្រាំ មានវិធីសាស្ត្រមួយទៀត គឺយុទ្ធសាស្ត្រកំញើញតបវិញ។ លោកដូណាល់ ត្រាំ បានប្រកាសថា នឹងបញ្ចេញអាវុធទំនើបៗរបស់អាមេរិក ទៅប្រើដើម្បីកំទេចកូរ៉េខាងជើង។ អាមេរិក បានដាក់តាំងប្រព័ន្ធខែលមីស៊ីល (THAAD) ចំនួន២គ្រឿងរួចមកហើយ នៅលើដីកូរ៉េខាងត្បូង។ ហើយប្រទេសទាំងពីរ បានត្រូវរូវគ្នា ថានឹងដាក់បញ្ឈរប្រព័ន្ធមីស៊ីលនេះ ចំនួន៤គ្រឿងបន្ថែមទៀត ក្នុងពេលដ៏ឆាប់ខាងមុខ។ បន្ថែមពីនេះ នៅថ្ងៃអង្គារទី ៥ កញ្ញា លោកប្រធានាធិបតីអាមេរិក បានបញ្ជាក់ឲ្យដឹងថា លោកបានយល់ព្រម បើកភ្លើងខៀវ ឲ្យអាមេរិក លក់អាវុធទំនើបបំផុតរបស់ខ្លួន ទៅឲ្យកូរ៉េខាងត្បូង និងជប៉ុន។
តើដោយសារហេតុផលនេះមែនទេ ដែលអាមេរិក នៅតែរឹង ចង់កំញើញប្រើកំលាំង ព្រោះថាជាឱកាសបានលក់អាវុធ? លក់ឬមិនលក់ នៅក្នុងក្រសែរភ្នែក ចិន និងរុស្ស៊ី ការដែលអាមេរិក ទាមទារដាក់តាំងប្រព័ន្ធខែលមីស៊ីល និងប្រព័ន្ធបាញ់មីស៊ីល នៅលើដីកូរ៉េខាងត្បូង គឺជាការគំរាមមួយ ទៅដល់សន្តិសុខពួកគេដែរ។ ហេតុផលនេះហើយ ដែលរុស្ស៊ី និងចិន បានប្រឆាំងដាច់អហង្ការ ចំពោះវិធីវាយបកវិញ ដោយការកំញើញប្រើអាវុធ។ វិធីសាស្ត្រដោយការគំរាមប្រើកំលាំងនេះ និងបើកដៃឲ្យអាមេរិក ដាក់តាំងប្រព័ន្ធមីស៊ីល ព្រមទាំងចល័តទ័ពស្អេកស្កះ មកក្នុងតំបន់នេះ។ សម្រាប់ចិន និងរុស្ស៊ី វាមិនមែនជារឿងល្អឡើយ។
ធ្វើសម្បទានទាំងសងខាង ដើម្បីឈានទៅបើកការចរចា?
ក្នុងពេលប្រជុំក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃចន្ទទី៤កញ្ញា ចិន និង រុស្ស៊ី បានលើកឡើងនូវសំណើររបស់ខ្លួន ដែលជារួម គឺសំណើរធ្វើសម្បទាន ផ្អាកទាំងសងខាង។ ខាងកូរ៉េខាងជើង នឹងផ្អាកការសាកល្បងអាវុធមីស៊ីល ក៏ដូចជានុយក្លេអ៊ែរ ចំណែកខាងអាមេរិក និងកូរ៉េខាងត្បូង ត្រូវផ្អាក ឈប់ធ្វើសមយុទ្ធយោធា និងការចល័តសព្វាវុធផ្សេងៗ។ សំណើរនេះ ត្រូវបានលោកស្រីអគ្គរដ្ឋទូតអាមេរិក ចាត់ទុកថាជាការមើលងាយ។
សម្រាប់អាមេរិក និងកូរ៉េខាងត្បូង គេមិនអាចទុកចិត្ត ចរិកកំរោលចូលរបស់គីម ជុងអ៊ុនបានទេ។ ដូច្នេះ គេត្រូវតែត្រៀមលក្ខណៈ។ តែសម្រាប់ចិន និងរុស្ស៊ី ជំរើសនេះ អាចអូសកូរ៉េខាងជើងឲ្យព្រមចរចា ព្រោះកូរ៉េខាងជើង ចង់ឲ្យអាមេរិក និងកូរ៉េខាងត្បូងឈប់ធ្វើសមយុទ្ធយោធារួមគ្នាតទៅទៀត ហើយក៏ជាជំរើស ដែលចិននិងរុស្ស៊ី យល់ថាល្អសម្រាប់ខ្លួនដែរ។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី ៥កញ្ញាម្សិលមិញ លោកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ នៅក្រុងហ្សឺណែវ បានថ្លែងថា កូរ៉េខាងជើង មិនចុះញ៉ម នឹងការគំរាម រឺទណ្ឌកម្មរបស់អាមេរិកទេ។ កូរ៉េខាងជើង បានត្រៀមបាញ់បង្ហោះរង្វាន់អនុស្សាវរីយ៍មួយទៀត ជូនអាមេរិក ក្នុងពេលដ៏ឆាប់ខាងមុខនេះ បើសិនជាអាមេរិក នៅតែមិនបញ្ឈប់សកម្មភាពគំរាម មកលើកូរ៉េខាងជើងទេនោះ។ លោកពូទីន ក៏បាននិយាយដែរថា កូរ៉េខាងជើង សុខចិត្តអត់បាយ បរិភោគស្មៅ ឲ្យតែរក្សាការពាររបបដឹកនាំគេកុំឲ្យរលំ។ ដូច្នេះបើអាមេរិក នៅតែគំរាម ប្រើកំលាំង នោះ គីម ជុងអ៊ុន នឹងមិនឈប់ជាដាច់ខាត។
លោកពូទីន កំពុងព្យាយាមពន្យល់កូរ៉េខាងត្បូង និងជប៉ុន
ប្រធានាធិបតីរុស្ស៊ី ដែលកាន់តែភ័យខ្លាចសង្រ្គាមកើតឡើង នៅក្បែរមាត់ទ្វារខ្លួននោះ បានរៀបចំកិច្ចប្រជុំមួយ យ៉ាងតក់ក្រហល់ ជាមួយនឹងលោកមូន ជាអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន នៅឯក្រុង Vladivostok នៅថ្ងៃពុធទី៦កញ្ញានេះ។ ទីក្រុងនេះ ស្ថិតនៅចំងាយតែ៣០០គីឡូម៉ែត្រ ប៉ុណ្ណោះ ពីកន្លែងដែលកូរ៉េខាងជើងបាញ់សាកល្បងនុយក្លេអ៊ែរ។ គេមិនទាន់ដឹងថា លោកពូទីនមានបំណង ស្នើអ្វីខ្លះទៅកូរ៉េខាងត្បូង និងជប៉ុនទេ។ តែយ៉ាងណា យើងអាចស្មានដឹងថាលោកពូទីន ចង់អូសទាញជប៉ុន និងកូរ៉េខាងត្បូង កុំឲ្យស្តាប់តាមការចាក់របស់អាមេរិក។
សរុបមក តើគួរដោះស្រាយវិបត្តិនេះ តាមវិធីណា បើផលប្រយោជន៍សួនតួ របស់ភាគីនីមួយៗ ធំម្លឹងៗ? គ្មានសន្តិភាពណាមួយ អាចកើតមានឡើងដោយឯកឯង ដោយគ្មានការធ្វើសម្បទាន យល់យោគគ្នាទៅវិញទៅមកទេ។ ចិន ថាត្រូវធ្វើអញ្ចេះ រុស្ស៊ី ថាត្រូវធ្វើអញ្ចោះ អាមេរិកថាទេ ត្រូវធ្វើបែបនេះវិញ។ ចុះកូរ៉េខាងជើង ចង់ធ្វើយ៉ាងណា ? មានអ្នកណា សួរចិត្តកូរ៉េខាងជើង ហើយឬនៅ? បើនៅទេ នោះមានន័យថា គឺដល់ពេលហើយ ដែលត្រូវតែភាគីទាំងអស់ បន្ទន់ឥរិយាបទ រំងាប់កំហឹង ហើយមកអង្គុយនិយាយ ជាមួយកូរ៉េខាងជើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ