អានតួអត្ថបទ
កូរ៉េខាងត្បូង

លោកស្រីប៉ាក់ គិនហឺ ​សុខចិត្ត​បាត់បង់​អំណាច​ខ្លះ​ក្នុង​រដ្ឋាភិបាល ដើម្បី​បញ្ចប់​វិបត្តិ

លោកស្រី​ប៉ាក់ គិនហឺ​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​ បាន​បញ្ជាក់​ប្រាប់​ប្រធាន​សភា​ថា ​លោកស្រី​សុខចិត្ត​យល់ព្រម​ប្រគល់​អំណាច​ខ្លះ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋាភិបាល ​ទៅដល់​នាយករដ្ឋមន្ត្រី​ថ្មី ​ ដែល​សភា​ជា​អ្នក​ជ្រើសរើស។ ការ​ធ្វើ​សម្បទាន​នយោបាយ ​របស់​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​នា​ពេល​នេះ ​ គឺ​លោកស្រី​មាន​ចេតនា​លួងចិត្ត​ គណបក្ស​ប្រឆាំង ​ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​វិបត្តិ​នយោបាយ ​និង​ការ​រិះគន់​លើ​លោកស្រី ​ទាក់ទិន​នឹង​រឿង​អាស្រូវ​ដែល​ថា ​លោកស្រី​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​មនុស្ស​ស្រី​ម្នាក់​ឈ្មោះ ​ឆយ ស៊ុនស៊ីល។

លោកស្រី​Park Geun-hye ក្នុងពេលថ្ងែង​សុំទោស​ជាសាធារណៈ តាមកញ្ចក់​ទូរទស្សន៍ ​ថ្ងៃទី​៦ វិច្ឆិកា ២០១៦
លោកស្រី​Park Geun-hye ក្នុងពេលថ្ងែង​សុំទោស​ជាសាធារណៈ តាមកញ្ចក់​ទូរទស្សន៍ ​ថ្ងៃទី​៦ វិច្ឆិកា ២០១៦ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពីបាន​រុះរើ​គណរដ្ឋមន្ត្រី​ជា​ច្រើន​លើក ​ កាល​ពី​សប្តាហ៍​មុន ​លោកស្រី​ប៉ាក់ គិនហឺ ​បាន​ប្រកាស​ថា​លោកស្រី​ នឹង​តែងតាំង​លោក​ គីម ព្យុងជុន ​ឲ្យ​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី។ លោក ​គីម ព្យុងជុន ​គឺ​ជា​មនុស្ស​មក​ពី​គណបក្ស​ប្រឆាំង ​តែ​មិន​សូវ​មាន​និន្នាកា​តឹងតែង​ប្រឆាំង ​នឹង​គណបក្ស​អភិរក្ស​និយម​របស់​លោកស្រី​ប៉ាក់ គិនហឺ​ទេ។ គម្រោង​តែង​តាំង​នេះ ​មិន​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ទទួល​យល់​ព្រម​ទេ។

 
ស្រាប់តែ​នៅ​ថ្ងៃ​អង្គារ​ទី​ ៨​ វិច្ឆិកា​នេះ ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រធាន​រដ្ឋសភា​កូរ៉េ​ខាងត្បូង ​ លោកស្រី ​ប៉ាក់ គិនហឺ ​បាន​បញ្ជាក់​ប្រាប់​ថា​ លោកស្រី​សុខចិត្ត​ប្រគល់​តួនាទី​ឲ្យ​រដ្ឋ​សភា ជា​អ្នក​តែងតាំង​មនុស្ស​ម្នាក់​ថ្មី ​ មក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ ហើយ​បន្ថែម​ពី​នេះ​ទៀត ​លោកស្រី​សុខចិត្ត​ធ្វើការ​បែងចែក​អំណាច ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋាភិបាល ​ទៅ​ឲ្យ​នាយករដ្ឋមន្ត្រី​ថ្មី​នោះ។

សូម​បញ្ជាក់​ថា ​ជា​ទំលាប់​នៃ​ការ​អនុវត្ត​អំណាច​ប្រតិបត្តិ​នៅ​កូរ៉េ​ខាងត្បូង​ មុខ​ដំណែង​នាយករដ្ឋមន្ត្រី​គ្រាន់តែ​ជា​តំណែង​និម្មិត​រូប​តែ​ប៉ុណ្ណោះ ​ឯការ​ដឹក​នាំ​រដ្ឋាភិបាល​ស្ទើរតែ​ទាំងស្រុង ​ គឺ​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​ប្រធានាធិបតី។ ថ្វីបើ​មាន​ការ​ប្រកាស​របស់​លោកស្រី​ប៉ាក់ ​គិនហឺ​នា​ពេល​នេះ ​តែ​គេ​មិន​ទាន់​ដឹង​ថា​លោកស្រី​នឹង​សុខចិត្ត​បែងចែក​អំណាច​អ្វី​ខ្លះ​ទៅ​ឲ្យ​នាយករដ្ឋមន្ត្រី​ទេ ​ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា ​នឹង​ប្រព្រឹត្តិធ្វើ​ទៅ​ដោយ​របៀបណា​ដែរ។

សូម​រំលឹក​ថា ​លោកស្រី​ប៉ាក់ គិនហឺ​ ត្រូវ​បាន​មតិ​សាធារណៈ​និង​គណបក្ស​ប្រឆាំង​ធ្វើការ​ទាមទារ​ឲ្យ​ចុះចេញ​ពី​តំណែង ​បន្ទាប់​ពី​បាន​បែក​ធ្លាយ​រឿង​អាស្រូវ​ ​ ដែល​គេ​ចោទ​ថា​លោកស្រី​ស្ថិត​ក្រោម​ឥទ្ធិពល​ទាំងស្រុង ​នៃ​មនុស្ស​ស្រី​ម្នាក់​ ឈ្មោះ ​ឆយ ស៊ុនស៊ីល។ មនុស្សស្រី​ឈ្មោះ​ឆយ ស៊ុនស៊ីល​នេះ ​ ត្រូវ​ពាក្យ​ចចាម​អារ៉ាម​ចោទ​ថា​ ​ជាមនុស្ស​ចេះ​អំពើ​មន្ត​អាគម ​ ហើយ​បាន​ប្រើ​ឈ្មោះ​លោកស្រី​ប៉ាក់ គិនហឺ ​ទៅ​ដើរ​បោកប្រាស់ ​និង​ប្រមូល​ប្រាក់ ​ពី​ក្រុមហ៊ុន​ឯកជន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ យ៉ាង​ណា​មិញ ​សមត្ថកិច្ច​កូរ៉េ​ខាង​ត្បូង​ ទើបតែ​បាន​ចុះ​ទៅ​ឆែកឆេរ ​និង​រឹប​អូស​ភស្តុតាង ​នៅ​ក្រុមហ៊ុន​Samsung ​បន្ទាប់​ពី​មាន​ការ​សង្ស័យ​ថា​ ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ធំ​នេះ ​ បាន​ផ្តល់​ប្រាក់​ដោយ​លួច​លាក់ ​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​បង្កើត​ឡើង​ដោយ​លោកស្រី ឆយ ស៊ុនស៊ីល ​និង​កូនស្រី​របស់​គាត់។

ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ ​គេ​កាន់​តែ​ឃើញ​ច្បាស់​ អំពី​ភាព​ទ័លច្រក​របស់​លោកស្រី​ប៉ាក់ គិនហឺ​ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​​នយោបាយ ​ដែល​ខ្លួន​លោកស្រី​ផ្ទាល់​ គឺ​ជា​ចំណុច​ស្នូល​នៃ​រឿង​អាស្រូវ។ លោកស្រី​បាន​រិះរក​គ្រប់​មធ្យោបាយ ​ ដើម្បី​យកចិត្ត​គណបក្ស​ប្រឆាំង ​ដែល​កំពុង​តែ​ដឹកនាំ​ចលនា​រិះគន់​ប្រឆាំង​លោកស្រី​យ៉ាង​ពេញ​ទំហឹង។ យ៉ាងណា​ក៏ដោយ ​បើ​ទោះបី​ជា​ប្រឹង​យក​ចិត្ត​គណបក្ស​ប្រឆាំង ​តាម​រយៈ​ការ​បែងចែក​អំណាច ​និង​ធ្វើការ​សុំទោស​ជា​សាធារណៈ ​ដល់​ទៅ​២​លើក ​ តែ​គេ​​មិន​សង្ឃឹម​ថា​ វា​នឹង​អាច​ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េ​ខាងត្បូង​ ​ស្ងប់ចិត្ត​បំភ្លេច​រឿង​អសោចិ៍​នេះទេ។ យោង​តាម​ការ​ស្ទាបស្ទង់​មតិ ​ លោកស្រី​ប៉ាក់ គិនហឺ​ មាន​អ្នក​ស្រលាញ់​គាំទ្រ​តែ​៥% ​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ