អានតួអត្ថបទ
ចិន-បរិស្ថាន

ចិន៖ សិស្ស​សាលា​រាប់រយ​នាក់ មា​ន​ជំងឺ​ចម្លែក បណ្តាល​មក​ពី​ជាតិ​ពុល​រោងចក្រ

អាណាព្យាបាល​​សិស្ស​សាលា​រៀន​មួយ ​នៅ​ក្រុង​ឆាងចូវ​ ក្បែរ​ក្រុង​សៀងហៃ​ ភាគ​ខាង​កើត​ប្រទេស​ចិន ​បាន​អំពាវនាវ​​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល ​បន្ទាប់​ពី​មាន​សិស្ស​សាលា​ជិត​៥រយ​នាក់ ​មាន​អការៈ​ជំងឺ​ចម្លែក​ព្រមៗ​គ្នា។ តាម​ការ​ប៉ាន់​ស្មាន​របស់​អាណាព្យាបាល​សិស្ស ​ជំងឺ​នេះ ​អាច​បណ្តាល​មក​ពី​ជាតិពុល ​ដែល​បន្សល់​ទុក​នៅ​លើ​ទីតាំង​របស់​រោងចក្រ​ជាច្រើន​កន្លែង​ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំង​សាលា​រៀន។

ទីលានសាលាអន្តរជាតិ Trina International school of Changzhou
ទីលានសាលាអន្តរជាតិ Trina International school of Changzhou Trina International School
ផ្សាយពាណិជ្ជកម្ម

សាលារៀន​អន្តរជាតិ​ដ៏​ល្បីមួយ​នៅ​ក្រុង​ឆាងចូវ  ​ដែល​មាន​ឈ្មោះ​ថា​ Trina International school of Changzhou​ កំពុង​រង​ការ​គៀប​សង្កត់ ​ជុំវិញ​បញ្ហា​សុខភាព​របស់​សិស្ស​សាលា។ យោង​តាម​ការរាយការណ៍​របស់​ទូរទស្សន៍​CCTV ​បាន​ឲ្យដឹង​ថា​ យ៉ាង​ហោច​ណាស់​មាន​សិស្ស​សាលា​ចំនួន​៤៩៣​នាក់ ​ដែល​កំពុង​តែ​មាន​អការៈ​ជំងឺ​ខុស​ធម្មតា ​ព្រមៗ​គ្នា។ មួយ​ចំនួន​ធំ ​មាន​កើត​ចេញ​ជា​កន្ទួល​រមាស់ ​នៅ​លើ​ស្បែក​ អ្នក​ខ្លះ​ចេញ​ជា​កូន​កណ្តុរ ​ហើយ​អ្នក​ខ្លះ​គឺ​ស្ថិត​ក្នុង​ករណី​ធ្ងន់ធ្ងរ​ ដូច​ជា​ជំងឺ​មហារីក​គ្រាប់​ឈាម ​និង​មហារីក​ប្រព័ន្ធ​ផលិត​កោសិកា​ឈាម​ស​ជាដើម។ សិស្ស​សាលា​ជាច្រើន​នាក់ ​បាន​បញ្ជាក់​ថា​នៅ​ក្នុង​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​ក្នុង​សាលា​ គឺ​ខ្យល់​ដក​ដង្ហើម​មាន​ក្លិន​ចម្លែក ​ខុស​ពី​ធម្មតា។

 
អាណាព្យាបាល​សិស្ស ​បាន​ធ្វើការ​សង្ស័យ​ទៅ​លើ​ទីតាំង​អតីត​រោងចក្រ​ផលិត​ជាតិ​គីមី ​ចំនួន​៣​កន្លែង​ដែល​ស្ថិត​នៅ​ក្បែរ​ទីតាំង​សាលារៀន។ ថ្វីត្បិត​តែ​រោងចក្រ​ត្រូវ​បាន​រុះរើ​ចោល ​ជាច្រើន​ឆ្នាំ​មក​ហើយ ​ ក៏ប៉ុន្តែ​ជាតិពុល​អាច​មាន​នៅ​សេសសល់​ដដែរ។ យ៉ាងណា​មិញ ​ ទូរទស្សន៍​ចិន​ដដែល ​បាន​ផ្សាយ​ថា ​ឆ្លង​តាម​ការ​វិភាគ​ទៅ​ក្នុង​ស្រទាប់ដី ​និង​ដង្ហើម​ទឹក​ដែល​នៅ​ខាង​ក្រោម​ទីតាំង​រោងចក្រ​ទាំង​នោះ ​បាន​បង្ហាញ​ពី​កម្រិត​ជាតិពុល​ ដែល​មាន​កំរិត​ខ្ពស់​ខ្លាំង​បំផុត ​លើស​ពី​អ្វី​ដែល​ច្បាប់​អនុញ្ញាតិ។

សូម​បញ្ជាក់​ថា ​សាលា​អន្តរជាតិ​នេះ ​បាន​មក​តាំងទី​នៅ​ទីតាំង​បច្ចុប្បន្ន​នេះ​នៅ​ឆ្នាំ​២០១៤ ​ហើយ​សម្រាប់​បវេសនកាល​ថ្មី​នេះ ​សាលា​មាន​សិស្ស​សរុប​ចំនួន​ ២៤៥១​នាក់។ ប្រឈមមុខ​នឹង​បញ្ហា​នេះ ​ ថ្នាក់​ដឹកនាំ​សាលា​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់។ ចំណែក​សាលាក្រុង​ឆាងចូវ ​បាន​ធ្វើការ​ផ្សាយ​សេចក្តី​ប្រកាស​មួយ​យ៉ាង​វែង​អន្លាយ​ថា ​ ​ទីតាំង​សាលា​នេះ ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​សាងសង់ ​បន្ទាប់​ពី​បាន​ធ្វើការ​វិភាគ​ស្រាវជ្រាវ​យ៉ាង​ម៉ដ្ឋចត់ ​ដោយ​គោរព​ទៅ​តាម​ក្រិត្យក្រម​បរិស្ថាន។ ដោយឡែក​ក្រសួង​បរិស្ថាន ​និង​ក្រសួង​អប់រំ​ចិន ​បាន​ចេញ​សេចក្តី​ប្រកាស​ផងដែរ ​​ថា​គេ​នឹង​ចាប់ផ្តើម​ធ្វើ​និតិវិធី ​ដើម្បី​ស្វែងយល់​ពី​បញ្ហា​នេះ។

គួររំលឹក​ផងដែរ ​ ករណី​សារធាតុ​ពុល​ដែល​បន្សល់​ទុក​ រឺ​បញ្ចេញចោល​ដោយ​រោងចក្រ​នានា​នៅ​ប្រទេស​ចិន ​តែងតែ​ត្រូវ​បាន​គេ​ដឹងឮ​ជា​ញឹកញាប់។ ទឹក​ទន្លេ​ ​ ស្ទឹង ​បឹង ​ ព្រមទាំង​ប្រព័ន្ធ​ដង្ហើម​ទឹក​ស្អាត​ក្រោមដី​ ត្រូវបាន​បំពុល​ ដោយ​ការ​ហូរ​ច្រោះ​ចូល​ជ្រាប​ នៃ​សារធាតុ​ពុល ​ដែល​គេ​ប្រើប្រាស់​ក្នុង​រោងចក្រ ​តែ​មិន​ត្រូវ​បាន​យក​ទៅ​ចម្រាញ់​ចោល ​ទៅតាម​ក្រិត្យ​ក្រម​ច្បាប់ទេ។ លើស​ពី​នេះ​ទៀត​ អាជ្ញាធរ​ចិន​ ដែល​ផ្តល់​អាទិភាព​ តែ​ទៅ​លើ​កត្តា​ពង្រីក​សកម្មភាព​សេដ្ឋកិច្ច ​ក្នុង​មូលដ្ឋាន​ខ្លួន​ មិនដែល​យក​ចិត្ត​ទុកដាក់​ត្រួត​ពិនិត្យ ​ជុំវិញ​ការ​គោរព​លក្ខខណ្ឌ​បរិស្ថាន ​របស់​រោងចក្រ​ទាំង​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ