អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការកំញើញ​របស់​កូរ៉េខាងជើង កាន់តែ​ជំរុញ​​ជប៉ុន ឲ្យ​ចង់​មាន​កងទ័ព​​ជាតិ​​​ទុក​ការពារ​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម្រាប់​កាលៈទេសៈ​បច្ចុប្បន្ន​នេះ ​ ជាមួយ​នឹង​ការ​កំញើញ​ធ្វើ​សង្រ្គាម ​របស់​កូរ៉េ​ខាងជើង ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ជាតិ​និយម​ជប៉ុន ​ ដែល​មាន​លោក​នាយករដ្ឋមន្ត្រី​ស៊ិនហ្សូ អាបេ​តែម្តង ​ជាអ្នក​នាំមុខ​ ខិតខំ​ជំរុញ​ ស្វែង​រក​ការ​គាំទ្រ ​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​ ដែល​មាន​ចំណាស់​៧០​ឆ្នាំ​ ដើម្បី​​អាច​បើក​ផ្លូវ​ឲ្យ​ជប៉ុន​ អាច​មាន​កងទ័ព​ដើម្បី​ការពារ​ខ្លួន។ ថ្ងៃទី៣​ឧសភា ​ម្សិលមិញ ​ ​គឺ​ជា​បុណ្យ​ខួប​គំរប់​៧០​ឆ្នាំ​ នៃ​រដ្ឋធម្មនុញ្ញ​ជប៉ុន ​ដែល​ត្រូវ​បាន​អនុម័ត​នៅឆ្នាំ​១៩៤៧ ​ក្រោយ​ពេល​ដែល​ជប៉ុន ​បាន​ចាញ់​សង្រ្គាម​លោក​លើក​ទៅពីរ។ រដ្ឋធម្មនុញ្ញ​ ដែល​ដាក់​កំហិត​ដោយ​ប្រទេស​ឈ្នះ​សង្រ្គាម ​ គឺ​សហរដ្ឋ​អាមេរិក​នោះ ​គឺ​​ជា​រដ្ឋធម្មនុញ្ញ ​ដែល​មាន​លក្ខណៈ​សន្តិភាព​និយម ​ ពោល​គឺ​ជប៉ុន​ត្រូវ​បង្ខំ​ចិត្ត​ ហាម​ខ្លួន​ឯង ​មិនឲ្យ​មាន​កងទ័ព ​ ហើយ​ក៏​មិន​អាច​ធ្វើ​សង្រ្គាម​បាន​ទាំងអស់។

លោក Shinzo Abe នៅចំពោះមុខ​​សភា​ជាន់​ខ្ពស់​ជប៉ុន
លោក Shinzo Abe នៅចំពោះមុខ​​សភា​ជាន់​ខ្ពស់​ជប៉ុន © Mandatory credit Kyodo/via REUTERS
ផ្សាយពាណិជ្ជកម្ម

រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​ ដែល​ចាប់ចង​ជប៉ុន​ មិនឲ្យ​មាន​កងទ័ព​ និង​ធ្វើ​សង្រ្គាម

រដ្ឋធម្មនុញ្ញ​ជប៉ុន​ ដែល​បាន​ចូល​ជា​ធរមាន ​នៅ​ថ្ងៃ​ទី​​៣ ​ឧសភា ​ឆ្នាំ​១៩៤៧ ​គឺ​ជា​រដ្ឋធម្មនុញ្ញ​ ដែល​មាន​លក្ខណៈ​សន្តិភាព​និយម។ ក្នុង​នាម​ជាប្រទេស ​ដែល​ចាញ់​សង្រ្គាម ​លោក​លើក​ទី២ ​ជប៉ុន​មិន​អាច​មាន​សិទ្ធិ ​មាន​កងទ័ព ​ ហើយ​ក៏​មិន​អាច​ទៅ​ធ្វើ​សង្រ្គាម ​នៅ​ទីណា​បាន​ទាំង​អស់។ នេះ​គឺ​ជា​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​៩ ​នៃ​រដ្ឋធម្មនុញ្ញ​នេះ។

ភាព​ព្រៃផ្សៃ ​អំពើ​សាហាវ​យោងឃ្នង ​ដែល​កងទ័ព​ជប៉ុន​បាន​ប្រព្រឹត្តិ ​នៅ​ក្នុង​ពេល​ឈ្លានពាន​ ប្រទេស​ជិតខាង ​នៅ​មុន​ និង​ក្នុងកំឡុង​ពេល​សង្រ្គាម​ គឺ​ជា​មូលហេតុ ​ ដែល​បាន​ជំរុញ​ឲ្យ​គេ​ហាមឃាត់​ជប៉ុន ​មិន​ឲ្យ​មាន​កងទ័ព ​ ដើម្បី​ទប់​មហិច្ឆិតា​ចក្រព័ទ្ធ​របស់​ជប៉ុន។ សង្រ្គាម​លោក ​ ក៏បាន​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​ខ្លួន ​ឯងបាន​ស្គាល់ ​នូវ​សេចក្តី​ឈឺចាប់ ​និង​សោកនាដកម្ម​ដែរ ​ដោយសារ​តែ​គ្រាប់បែក​បរមាណូ ​ទាំងពីរ​គ្រាប់​របស់​អាមេរិក។ ទោះ​បី​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម ​ឆ្នាំ​១៩៤៧ ​ជា​រដ្ឋធម្មនុញ្ញ​ ដែល​អា​មេរិក​ជា​អ្នក​ដាក់​កំហិត ​ក៏​សម្រាប់​ប្រជាជន​ជប៉ុន​ វា​គឺ​ជា​ជំរើស​ដ៏​ល្អ​បំផុត ​ ដើម្បី​កសាង​អនាគត​ថ្មី ​ក្នុង​ន័យ​សន្តិភាព​ ឈប់​ធ្វើសង្រ្គាម ​ហើយ​កុំឲ្យ​ប្រវត្តិសាស្ត្រ​ដើរជាន់​ដាន​ចាស់ ​ទៅ​ថ្ងៃ​ខាង​មុខ។

ក៏ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​ជាតិ​និយម​ជប៉ុន​ រដ្ឋធម្មនុញ្ញ​ដែល​ចាប់​បង្ខំ​ជប៉ុន​មិន​ឲ្យ​មាន​កងទ័ព ​មិន​ឲ្យ​ធ្វើ​សង្រ្គាម​នេះ ​វា​គឺ​ជា​រឿង​អម៉ាស​បំផុត​សម្រាប់​ជប៉ុន។ ចរន្ត​នយោបាយ​ជាតិ​និយម​នេះ ​មិន​ដែល​រលត់​ឡើយ។ មិន​ត្រឹម​តែ​មិន​រលត់ ​តែ​ចរន្ត​នេះ ​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​ នា​រយៈពេល​ចុង​ក្រោយ ​ ជាមួយ​នឹង​ការ​ដឹកនាំ​របស់​លោក ​ ស៊ិនហ្សូ អាបេ។

ស្ថានការណ៍​ភូមិសាស្ត្រ​នយោបាយ​បាន​ផ្លាស់ប្តូរ
 
លោក​ស៊ិនហ្សូ​ អាបេ​​មក​ពី​គណបក្ស​សេរី ​ប្រជាធិបតេយ្យ។ គណបក្ស​នេះ ​បាន​ឈ្នះឆ្នោត​សឹងតែ​រាល់​អាណត្តិ ​តាំងតែ​ពី​ឆ្នាំ​១៩៥៥។ គឺ​គណបក្ស​នេះ​ហើយ ​ដែល​តែងតែ​ចិញ្ចឹម​ចិត្ត​ ចង់​ធ្វើ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ នៅ​ថ្ងៃ​ណាមួយ។ កាលៈទេសៈ​បច្ចុប្បន្ន​នេះ ​បាន​ផ្តល់​ក្តី​សង្ឃឹម​ឲ្យ​ក្រុម​អ្នក​នយោបាយ​ចរន្ត​ជាតិ​និយម​នេះ ​ច្រើន​លើល​ពេល​ណាៗ ​ទាំងអស់។

ម្ខាង​មាន​ចិន​ ដែល​កាន់តែ​ធំធាត់ ​ បញ្ចេញ​ឥទ្ធិពល​យោធា​ ហើយ​ម្ខាង​មាន​កូរ៉េ​ខាងជើង​ ដែល​កំញើញ​ប្រើ​គ្រាប់​មីស៊ីល ​និង​គ្រាប់​នុយក្លេអ៊ែរ ​ជប៉ុន​ដែល​គ្មាន​អ្វី​សោះ​ ប្រៀប​បាន​មនុស្ស​ពិកា​ទាំងស្រុង ​ កំពុងតែ​រក​វិធី​ការពារ​ខ្លួន។ គឺ​ស្ថាន​ភាព​នេះ​ហើយ ​ដែល​កំពុង​ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ​ ប្រឹងប្រែង​ស្វែងរក​ការ​គាំទ្រ  ក្នុង​ការ​ធ្វើ​កំណែ​ទំរង់​រដ្ឋធម្មនុញ្ញ ​ដើម្បី​អាច​ឲ្យ​ជប៉ុន​អាច​មាន​លទ្ធភាព ​មាន​កងទ័ព​ដើម្បី​ការពារ​ខ្លួន។

ឆ្នាំ២០២០ ជប៉ុន​នឹងមាន​រដ្ឋធម្មនុញ្ញ​ថ្មី?
 
ថ្លែង​ក្នុង​សារ​វីដេអូ ​នៅ​ថ្ងៃ​ខួប​គំរប់​៧០​ឆ្នាំ​នៃ​រដ្ឋធម្មនុញ្ញ ​កាល​ពី​ថ្ងៃ​​ទី​៣ ឧសភា​​នេះ ​ លោក​ស៊ិនហ្សូ ​អាបេ ​បាន​និយាយ​ថា ​ពេល​វេលា​ដែល​ទន្ទឹង​រងចាំ​ជា​យូរ​មក​ហើយ​នោះ ​ បាន​មក​ដល់​ហើយ។ យើង​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ​ នៅ​ក្នុង​ឆ្នាំ​នេះ ​ដើម្បី​ឈាន​ទៅ​សម្រេច​​ឲ្យ​បាន​ នូវ​ការ​ធ្វើ​កំណែ​ទំរង់​រដ្ឋធម្មនុញ្ញ។ លោក ​ស៊ិនហ្សូ អាបេ​ បាន​បន្ត​ថា ​ លោក​សង្ឃឹម​ថា ​រដ្ឋធម្មនុញ្ញ​ថ្មី ​ នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ ឆ្នាំ​២០២០

លោក ​អាបេ ​បាន​សន្យា​ជា​យូរ​មក​ហើយ ​ថា​លោក​ចង់​ធ្វើ​កំណែទំរង់​រដ្ឋធម្មនុញ្ញ ​ដើម្បី​ឲ្យ​វា​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន ​ហើយ​នឹង​ធ្វើ​ឲ្យ​តម្លៃ​មូលដ្ឋាន​នៃ​សង្គម​ជាតិ​ជប៉ុន ​ដែល​ក្រុម​អភិរក្ស​និយម​របស់​លោក​ចង់បាន​នោះ ​ត្រូវ​បាន​ទទួល​ស្គាល់ ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថ្មី។

តាមការ​ស្មាន ​ មាត្រា​៩​នៃ​រដ្ឋធម្មនុញ្ញ ​នឹង​មិន​ត្រូវ​គេ​លប់​ចោល​ទេ។ គេអាច​នឹង​កែ​ប្រែ​ពាក្យពេចន៍​ ឃ្លា​ប្រយោគ​ខ្លះ ​ធ្វើ​យ៉ាងណា ​បើកផ្លូវ​ អាច​​ឲ្យ​ជប៉ុន ​អាច​បង្កើត​កង​ទ័ព​ជាតិ ​ដើម្បី​ការពារ​ខ្លួន។ ក្រៅពី​នេះ​ ​គំរោង​កំណែទម្រង់ ​នឹង​សង្ក​ត់ធ្ងន់​ទៅ​លើ​ចំណុច​ផ្សេងៗ​ទៀត ​ដែល​ទាក់ទិន​ទៅ​នឹង​ការ​ធានា​រក្សា​តំលៃ​មូលដ្ឋាន ​របស់​សង្គម​ជប៉ុន។

ស្ថានការ​ផ្លាស់ប្តូរ ​សមាជិកសភា​គាំទ្រ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ កាន់តែ​ច្រើន

៧០ឆ្នាំ​មក​នេះ ​ ជប៉ុន​មិន​ដែល​បាន​ប៉ះពាល់ ​ពាក្យ​ពេចន៍ ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នេះ​ទេ។ ក៏ប៉ុន្តែ​មាត្រា ​៩ ​ដែល​ជាមាត្រា​ចាប់​ចង​ជប៉ុន ​មិន​ឲ្យ​មាន​កងទ័ព ​និង​មិន​ឲ្យ​ធ្វើ​សង្រ្គាម​នោះ ​ត្រូវ​បាន​យក​មក​បក​ស្រាយ ​ក្នុង​ន័យ​សម្រួល ​ផ្តល់​លទ្ធភាព​ទៅ​ឲ្យ​ជប៉ុន​ អាច​មាន​ផ្លូវដើរ ​ បាន​ខ្លះ ​ក្នុង​វិស័យ​យោធា។ ជាក់ស្តែង ​កាល​ពី​ឆ្នាំ​២០១៥ ​ខែ​កញ្ញា ​រដ្ឋសភា​ជប៉ុន ​ ដោយ​មាន​ការ​ស្នើ​ពី​រដ្ឋាភិបាល ​ បាន​បកស្រាយ​មាត្រា​៩​នេះ ​ដោយ​បាន​បើក​ផ្លូវ​ឲ្យ​ជប៉ុន​អាច​បញ្ជូន​កំលាំង​ពិសេស ​ទៅ​អន្តរាគមន៍​នៅ​ក្រៅ​ប្រទេស ​ដើម្បី​ជួយ​ប្រទេស​ជាមិត្ត​ណាមួយ ​ ដែល​ត្រូវការ​ជំនួយ​នេះ។ តែ​ដំណាក់កាល​នេះ​ អ្វី​ដែល​ក្រុម​អ្នក​ជាតិ​និយម​ជប៉ុន​ចង់បាន ​ ​គឺ​សិទ្ធិ​អាច​មាន​កងទ័ព​ជាតិ ​ ដើម្បី​ការពារ​ខ្លួន។

ជា​ការពិត​ ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន​នេះ ​កំពុង​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​លោក​ស៊ិនហ្សូ អាបេ ​ អាច​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ពី​សំណាក់​សមាជិក​សភា​ទាំង​ពីរ​អង្គ​របស់​ជប៉ុន។ បើ​តាម​ការ​វិភាគ​របស់​លោក​ Kenneth Ruoff ​សាស្ត្រាចារ្យ​ជំនាញ​ប្រវត្តិសាស្ត្រ​ជប៉ុន ​នៅ​សកលវិទ្យាល័យ​  Portland ​បាន​ពន្យល់​ថា​ ក្រុម​សមាជិក​សភា​ទាំង​ជាន់ទាប​ ទាំង​ជាន់​ខ្ពស់ ​មាន​ប្រហែល​ជា​២ភាគ​៣​ហើយ ​ ដែល​គាំទ្រ​គំរោង​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​នេះ។ ដូច្នេះ​ចំនួននេះ​គ្រប់គ្រាន់​ហើយ ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​បោះឆ្នោត​ច្បាប់​អនុញ្ញាឲ្យ​ធ្វើ​វិសោធនកម្ម។

ក៏ប៉ុន្ត​យ៉ាងណា ​ឧបសគ្គ​ចុងក្រោយ​សម្រាប់​លោក​ស៊ិនហ្សូ ​អាបេ ​និង​អ្នក​ជាតិនិយម​ជប៉ុន​នោះ ​ គឺ​ប្រជាជន​ជប៉ុន​ទូទាំង​ប្រទេស​ ព្រោះ​គំរោង​ធ្វើ​វិសោធនកម្ម​នេះ ​នឹង​ត្រូវ​តែ​យក​មក​សួរ​ចិត្ត​ប្រជាពលរដ្ឋ​ តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ។

មតិសាធារណៈ​ជប៉ុន ​បែក​ជា​ពីរ

តើ​ការ​ធ្វើ​វិសោធនកម្ម​នេះ ​ ត្រូវ​បាន​ប្រជាជន​ជប៉ុន​ពេញចិត្ត​កំរិត​ណា? ការ​ប៉ះពាល់​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម ​ ដែល​មាន​វ័យ​៧០​ឆ្នាំ ​ ហើយ​ដែល​អនុញ្ញាតិ​ឲ្យ​ជប៉ុន​ ក្លាយ​ជា​ប្រទេស​គំរូ ​ដែល​ស្រលាញ់​សន្តិភាព​ ដែល​មិន​ទៅ​ធ្វើ​សង្រ្គាម​កាប់​សម្លាប់​អ្នក​ណា​នោះ ​តើ​ប្រជាជន​ជប៉ុន​អាច​នឹង​ទទួលបាន​ដែរ​ឬ​ទេ? គំរោង​វិសោធនកម្ម​នេះ ​ កំពុង​បែងចែក​មតិសាធរណៈ​ជប៉ុន​ជា​ពីរ ​ ម្ខាង​គឺ​មតិ​ជាតិ​និយម ​ ម្ខាង​មតិ​សន្តិភាព​និយម។

យោង​តាម​ការ​ស្ទៀបស្ទង់​មតិ ​ធ្វើ​ឡើង​ដោយ ​ទីភ្នាក់ងារ​ Nikkei/TV Tokyo ​ដែល​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ពុធ​ ទី​៣ឧសភា​ ​បាន​បង្ហាញ​ថា ​ ប្រជាជន​ជប៉ុន​ប្រមាណ​៤៥% ​មាន​យោបល់​មិន​ជំទាល់ ​ទៅ​នឹង​ការ​ធ្វើ​កំណែទំរង់​រដ្ឋធម្មនុញ្ញ​ទេ។ បើ​ប្រៀបធៀប​ទៅ​នឹង​តួលេខ​កាល​ពី​ឆ្នាំ​ទៅ ​ គឺ​ចំនួន​នេះ ​បាន​ថយ​ចុះ​៥ពិន្ទុ។ ​ដោយឡែក ​តួលេខ​ចុងក្រោយ​បង្ហាញ​ថា ​ប្រជាជន​ជប៉ុន​៤៦% ​មិន​ចង់​ឲ្យ​គេ​ប៉ះពាល់ ​រឺ​កែប្រែ​រដ្ឋធម្មនុញ្ញ​ទេ ​ ដែល​ចំនួន​នេះ​បាន​ថយ​ចុះ​ចំនួន​៤ពិទ្ទុ។

ដូច្នេះ​យើង​ឃើញ​ថា ​មតិសាធារណៈ​ជប៉ុន​ នៅ​ប្រទាញ​ប្រទង់​គ្នា ​មិន​មាន​ខាងណា ​លើស​ខាង​ណា​ច្រើនទេ។ តែ​ភាព​ស្ទើស្ទាក់ ​ប្រហាក់ប្រហែល​គ្នា​នេះ ​ អាច​នឹង​ហុច​កំលាំង​ទៅ​ខាង​សម្លេង​ដែល​គាំទ្រ ​បើ​ក្នុង​ករណី ​ជប៉ុន​ក្លាយ​ជា​ជន​រងគ្រោះ​ ដោយសារ​គ្រាប់​មីស៊ីល​កូរ៉េ​ខាងជើង។ មតិសារធារៈ​ជប៉ុន​បច្ចុប្បន្ន​នេះ ​ មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត​ ទៅ​នឹង​មីស៊ីល​បាលីស្ទីក ​ដែល​កូរ៉េ​ខាងជើង ​បាន​គំរាម​បាញ់​មក​លើ​ជប៉ុន។ បើក្នុង​ករណី ​មីស៊ីល​កូរ៉េ​ខាងជើង​ ធ្លាក់​មក​លើ​ជប៉ុន​​មែននោះ​​ នោះ​ប្រហែល​ជា​ប្រជាជន​ជប៉ុន​ មួយភាគ​ធំ ​លែង​ស្ទាក់ស្ទើរ ​ទៀត​ហើយ​  ហើយ​នឹង​ចេញ​មក​គាំទ្រ​ឲ្យ​ប្រទេស​ខ្លួន ​ មាន​កងទ័ព​ជាតិ​ ទុក​ការពារ​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ