អានតួអត្ថបទ
ភូមា-នយោបាយ

អ្នក​បើកឡាន​និង​ជា​មនុស្ស​ជំនិត​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ឈរ​ឈ្មោះ​ជា​ប្រធាធិបតី

អស់រយៈ​ពេល​៤ខែ ​ដែល​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​សភា​ភូមា ​នៅ​ថ្ងៃ​នេះ ​លោកស្រី​អ៊ុងសាន ស៊ូជី​ក៏​ដូច​ជា​គណបក្ស​លោកស្រី ​បាន​ប្រកាស​ឈ្មោះ​បេក្ខភាព ​ដែល​នឹង​ឈរ​ឈ្មោះ​ជា ​ប្រធានាធិបតី។ បេក្ខជន​នោះ​គឺ​លោក​ ទីន ឆវ​ មនុស្ស​ដ៏​ស្និតស្នាល ​និង​ជា​អ្នក​បើកឡាន​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​ផ្ទាល់​តែម្តង។ សូម​ជំរាប​ថា​ លោកស្រី​អ៊ុងសាន ស៊ូជី ​មិន​អាច​ក្លាយ​ជា​ប្រធានាធិបតី​បាន​ទេ ​ ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​បាន​ហាមឃាត់​មិន​ឲ្យ​អ្នក​ដែល​មាន​កូន​ដែល​មាន​សញ្ជាតិ​បរទេស ​អាច​កាន់​មុខ​តំណែង​នេះ​បា​ន។ យ៉ាង​ណាក៏​ដោយ ​ លោកស្រី​អ៊ុងសាន ស៊ូជី ​បាន​សន្យា​ថា​លោកស្រី​ នឹង​នៅ​ពី​ក្រោយ​ខ្នង​ប្រធានាធិបតី​ថ្មី​ដើម្បី​ដឹកនាំ​ភូមា។

លោក ទីន ឆវ បេក្ខភាព​​ប្រធានាធិបតី ​​របស់​គណបក្ស​​លោកស្រី​​អ៊ុង​សាន ​ស៊ូជី
លោក ទីន ឆវ បេក្ខភាព​​ប្រធានាធិបតី ​​របស់​គណបក្ស​​លោកស្រី​​អ៊ុង​សាន ​ស៊ូជី REUTERS/Soe Zeya Tun/Files
ផ្សាយពាណិជ្ជកម្ម

ទីបំផុត​ទៅ​នៅ​ថ្ងៃ​ ​ទី១០​ មីនា​​ លោកស្រី​អ៊ុងសាន ស៊ូជី ​បាន​សម្រេច​ស្នើ​លោក​ ទីន ឆវ​ ឲ្យ​ឈរឈ្មោះ​ជា​ប្រធានាធិបតី។ ក្នុង​អំឡុង​ពេល​៤ខែ​មក​នេះ ​ខ្លួន​លោកស្រី​ផ្ទាល់ ​ក៏​ដូច​ជា​សមាជិក​ធំៗ​នៅ​ក្នុង​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ភូមា ​បាន​ខិតខំ​ព្យាយាម​ចរចា​ ជាមួយ​ក្រុម​យោធា​ដែរ ​ ដើម្បី​ធ្វើ​យ៉ាង​ណា​កែប្រែ​រដ្ឋធម្មនុញ្ញ ​ហើយ​អនុញ្ញាត​ឲ្យ​លោកស្រី​អ៊ុងសាន​ ស៊ូជី ​អាច​កាន់​តំណែង​នេះ​បាន។ ក៏​ប៉ុន្តែ​តាម​ការ​ស្មាន​ក្រុម​យោធា​បាន​រឹង​ទទឹង​ មិន​ព្រម​ទេ ​បើទោះ​បី​ជា​មាន​ការ​ធ្វើ​ញត្តិ​ទាមទារ​រហូត​ដល់​ទៅ​៥លាន​នាក់​ក៏ដោយ។

 
នៅ​ថ្ងៃ​នេះ ​នៅ​ចំពោះមុខ​សភា​ជាន់​ទាប​ភូមា ​ លោកស្រី ​ឃិន សានលាំង ​សមាជិក​សភា​មក​ពី​គណបក្ស​លោកស្រី​អ៊ុងសាន ស៊ូជី ​បាន​ប្រកាស​ថា ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ​សូម​ស្នើ​ឈ្នោះ​លោក​  ទីន ឆវ​ ឲ្យ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី។

តើ​លោក ទីន ឆវ(HTIN KYAW) ​ជា​អ្នកណា? ​តាមពិត​ គាត់​មិនមែន​មាន​មុខនាទី​ជា​អ្នក​បើកឡាន​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី ​នោះទេ​ គឺ​គ្រាន់តែ​គាត់​ជា​មនុស្ស​ស្និតស្នាល​ខ្លាំង​ ជាមួយ​លោកស្រី​អ៊ុងសាន ស៊ូជី​ ហើយ​លោក​តែងតែ​ទៅ​ណា​មក​ជាមួយ​លោកស្រី ​ដោយ​លោក​ជា​អ្នក​បើកឡាន​ជូន​គាត់។ អញ្ចឹង​ហើយ​ បាន​ជា​គ្រប់គ្នា​ថា​គាត់​ជា​អ្នក​បើកឡាន​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី។ តាម​ពិត​ លោក​ទីន ឆវ​ គឺ​ជាមិត្តភ័ក្ត​តាំង​ពី​កុមារ​​របស់​លោក​ស្រី​អ៊ុងសាន ស៊ូជី។

លោក ទីន ឆវ​ ឆ្នាំ​នេះ​គាត់​មាន​អាយុ​៦៩ឆ្នាំ ​គាត់​មាន​ឪពុក​ជា​អតីត​អ្នក​កវី​និពន្ធ​ភូមា​ដ៏​ល្បី​ម្នាក់។ គាត់​មាន​សញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​មក​ពី​សកល​វិទ្យាល័យ Oxford​ ហើយ​លោក​ធ្លាប់​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ ​ព្រម​ទាំង​ធ្លាប់​ធ្វើ​ការ​ក្នុង​ក្រសួង​ការបរទេស​ភូមា ​ កាលពី​ជំនាន់​ឆ្នាំ​១៩៧០។ ថ្វីបើ​ស្និតស្នាល ​នៅ​អែប​ជាប់​នឹង​លោកស្រី​អ៊ុងសាន ស៊ូជី​មក​រហូត​ ក្នុង​អំឡុង​ពេល​ដែល​លោកស្រី​ជាប់​ឃុំ ​ ក៏​ប៉ុន្តែ​លោក​ទីន​ ឆវ​ មិន​ដែល​បាន​ជាប់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ណាមួយ​ទេ។​ តែ​ភរិយា​គាត់​ ជា​តំណាងរាស្ត្រ​ម្នាក់​ជាប់​ឆ្នោត​ក្នុង​ឆ្នាំ​២០១២។

មុន​នឹង​មាន​ការ​សម្រេច​ស្នើ​ឈ្មោះ​គាត់​នេះ ​ មាន​ពាក្យ​ចចាមអារ៉ាម​ច្រើន​ណាស់ ​ ដែល​គេ​នាំគ្នា​ចោទ​សួរថា ​លោកស្រី​អ៊ុងសាន ស៊ូជី ​នឹង​បញ្ជូន​អ្នកណា​ឲ្យ​ទៅ​ធ្វើ​ប្រធានាធិបតី​ជំនួស​គាត់។ មាន​អ្នកខ្លះ​ថា ​អាច​ជា​គ្រូពេទ្យ​ផ្ទាល់​របស់​លោកស្រី ​ មាន​អ្នក​ខ្លះ​ថា​អាច​ជា​ជំនួយការ​ផ្ទាល់​របស់​លោកស្រី។ តែ​ទី​បំផុត​ទៅ​គឺ​លោក​ ទីន ឆ    រ​ដែល​កន្លង​មក​មិន​សូវ​ជា​ចេញ​មុខ​ច្រើន​ទេ។ គេគ្រាន់តែ​ឃើញ​គាត់​នៅ​ក្បែរ​លោកស្រី​អ៊ុងសាន ស៊ូជី​ជានិច្ច។
 

លោក ទីន ឆរ(ខាងស្តាំ) តែងតែ​នៅក្បែរ​លោក​ស្រី​​អ៊ុងសាន ​ស៊ូជី​​ជាប់​​ជានិច្ច
លោក ទីន ឆរ(ខាងស្តាំ) តែងតែ​នៅក្បែរ​លោក​ស្រី​​អ៊ុងសាន ​ស៊ូជី​​ជាប់​​ជានិច្ច REUTERS/Soe Zeya Tun/Files

សភា​ភូមា​​ទាំង​ពីរ​នឹង​បោះឆ្នោត​សម្រេច​នៅ​សប្តាហ៍​ក្រោយ៖
តាម​ច្បាប់​កំណត់ ​ គណបក្ស​ដែល​មាន​សម្លេង​ភាគច្រើន ​ត្រូវ​ស្នើ​សុំ​បេក្ខភាព​ប្រធានាធិបតី​មួយ​រូប​ ឯចំណែក​ក្រុម​យោធា​និង​ត្រូវ​ស្នើ​បេក្ខភាព​ពីរ​រូប​ផ្សេង​ទៀត។ បន្ទាប់​មក​ សមាជិក​សភា​ជាន់​ទាប​ ​និង​សមា​ជិក​សភា​ជាន់​ខ្ពស់​ រឺ​យើង​ហៅ​ថា​ព្រឹទ្ធសភា ​នឹង​ត្រូវ​ជួប​ប្រជុំ​គ្នា​ទាំងអស់​ដើម្បី​សម្រេច​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ម្នាក់ ​ឲ្យក្លាយ​ជា​ប្រធានាធិបតី ​ ហើយ​ពីរ​នាក់​ទៀត ​នឹង​ក្លាយ​ជា​អនុប្រធានធិបតី​ ដោយ​ស្វ័យប្រវត្តិ។

បើ​យើង​សម្លឹង​ទៅ​មើល​ចំនួន​កៅអី​របស់​គណបក្ស​លោកស្រី​អ៊ុងសាន ស៊ូជី ​ ទាំង​ក្នុង​សភា​ជាន់​ទាប​និង​សភា​ជាន់​ខ្ពស់ ​គឺ​គេ​សង្ឃឹម​សឹងតែ​១០០%​ទៅ​ហើយ ​ ថា​លោក​​ ទីន ឆ រ​ នឹង​ជាប់​ជា​ប្រធានាធិបតី​ភូមា។ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ​មាន​សមាជិក​ទាំងអស់​ជិត​៨០% ​នៅក្នុង​សភា​ទាំងពីរ​ ដូច្នេះ​សម្លេងឆ្នោត​គាំ​ទ្រ​លោក​​ ទីន ឆ        រ​គឺមិន​ពិបាក​រក​ទេ ​ លើកលែង​តែ​សមាជិក​សភា​មក​ពី​គណបក្ស​លោកស្រី​អ៊ុងសាន ស៊ូជី ​គេ​មិន​ពេញចិត្ត​រូប​លោក​​ ទីន ឆ         រ​ ហើយ​នាំគ្នា​ទៅ​បោះ​ឲ្យ​ក្រុម​យោធា​វិញ ​ នោះ​ទើប​ជា​រឿង​ចម្លែក។

បើ​តាម​ការ​គ្រោងទុក​ ​សភា​ទាំងពីរ​នឹង​ប្រជុំ​គ្នា​បោះឆ្នោត ​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ​ហើយ​ ហើយ​បន្ទាប់​ពី​នេះ​ទៅ ​ រដ្ឋាភិបាល​ថ្មី​របស់​ភូមា ​នឹង​ចូល​កាន់​មុខ​តំណែង​ការងារ​ នៅ​ដើម​ខែ​មេសា​នេះ​ហើយ។ ព្រឹត្តិការណ៍​នេះ ​ នឹង​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​សម្រាប់​ភូមា ​ ព្រោះ​ជិត​៥០​ឆ្នាំ​ហើយ​ ដែល​ភូមា​ស្ថិត​ក្នុង​ក្រញ៉ាំ​ផ្តាច់ការ​របស់​ពួក​យោធា។

ការ​លំបាក​របស់​រដ្ឋាភិបាល​ភូមា​ថ្មី៖

លោ មីន អ៊ុងឡាំង អគ្គបញ្ជាការកងទ័ព​ភូមា​ ចាប់​ដៃ​ជា​និមិ្មតរូប​ជាមួយ​លោកស្រី​ អ៊ុងសាន​ ស៊ូជី
លោ មីន អ៊ុងឡាំង អគ្គបញ្ជាការកងទ័ព​ភូមា​ ចាប់​ដៃ​ជា​និមិ្មតរូប​ជាមួយ​លោកស្រី​ អ៊ុងសាន​ ស៊ូជី REUTERS/Soe Zeya Tun/Files

ជា​ការពិត ​ក្រុម​យោធា​នៅ​មិនទាន់​អស់​ឥទ្ធិពល​ទាំង​ស្រុង​ទេ ​ ហើយ​ពួក​នេះ​បាន​រៀប​ជើងព្រួល​ជា​ស្រេច ​ដើម្បី ​អាច​បក​មក​យក​អំណាច​វិញ​បាន​គ្រាប់​ពេល។ តែយ៉ាង​ណាក៏​ដោយ ​ ជោគជ័យ​របស់​គណបក្ស​លោកស្រី​អ៊ុងសាន ស៊ូជី​នា​ពេល​នេះ ​គឺ​ជា​និម្មិតរូប​នៃ​កម្លាំង​ប្រជាធិបតេយ្យ ​កម្លាំង​សាមគ្គី​របស់​ប្រជាជន​ភូមា ​ដែល​ក្លាហាន ​ហ៊ាន​បោះឆ្នោត​ដើម្បី​ការ​ផ្លាស់ប្តូរ​នយោបាយ។

សម្រាប់​រដ្ឋាភិបាល​ថ្មី​ភូមា​នេះ ​ ក្រុម​យោធា​មាន​អំណាច​តែងតាំង​រដ្ឋមន្ត្រី​បីរូប ​គឺ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ ក្រសួង​មហាផ្ទៃ ​ និង​ក្រសួង​គ្រប់គ្រង​កិច្ចការ​ព្រំដែន។ ក្រសួង​ទាំង​បី​នេះ​សំខាន់​ណាស់​ ហើយ​ការ​ដែល​ក្រុម​យោធា​កាន់កាប់​ក្រសួង​ទាំងនេះ ​ វា​នឹង​បង្ករ​ការ​លំបាក​ដល់​រដ្ឋាភិបាល​ថ្មី​ របស់​គណបក្ស​លោកស្រី​អ៊ុងសាន ស៊ូជី ​ជា​ពិសេស​ក្នុង​ការងារ​ដោះស្រាយ​វិបត្តិ​ជម្លោះ​ជាមួយ​ជនជាតិ​ភាគ​តិច​តំបន់​ភ្នំ។

សន្តិភាព​ទូទាំង​ប្រទេស ​គឺ​ជា​អាទិភាព​ដើម្បី​កសាង​និង​អភិវឌ្ឍន៍​ភូមា។ នេះ​គឺ​ជា​ការ​សន្យា​របស់​លោកស្រី​អ៊ុងសាន ស៊ូជី។ លោកស្រី​បាន​សន្យា​ទៀត​ថា ​រដ្ឋាភិបាល​ថ្មី​របស់​ភូមា ​នឹង​ជា​រដ្ឋាភិបាល​ដែល​ផ្តល់​អាទិភាព​ខ្ពស់​ លើ​វិស័យ​អប់រំ ​និង​វិស័យ​សុខាភិបាល ​សម្រាប់​ប្រជាជន​ភូមា​ទាំង​៥១​លាន​នាក់។ ប៉ុន្តែ​យើង​សួរថា ​តើ​រដ្ឋាភិបាល​ថ្មី​នឹង​ធ្វើ​បាន​សម្រេច​កម្រិត​ណា ​ត្រង់នេះ​ហើយ​ដែល​ចោទ​ជា​បញ្ហា។ ក្នុង​អាណត្តិ​៥​ឆ្នាំទៅ​មុខ​នេះ​ គេ​យល់​ថា​ គណបក្ស​លោកស្រី​អ៊ុងសាន ស៊ូជី ​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​លំបាក​ខ្លាំង​ណាស់ ​ សម្រាប់​ការងារ​ស្តារ​ភូមា​ឡើងវិញ​ផង ​ និង​ធ្វើយ៉ាង​ណា​កុំ​ឲ្យ​ក្រុម​យោធា​ក្តៅ​ក្រហាយ​ផង។

លោកស្រី​អ៊ុងសាន ស៊ូជី នឹង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ រឺ​រដ្ឋមន្ត្រី​ការបរទេស ​រឺ​គ្មាន​តំណែង​សោះ?៖
យើង​ងៀកទៅ​សួរ​ថា ​លោកស្រី​អ៊ុងសាន ស៊ូជី​ នឹង​ដឹកនាំ​ភូមា​ដោយ​របៀប​ណា ​បើ​គាត់​គ្មាន​តំណែង​ជា​ប្រធានធិបតី​ផង​នោះ? លោកស្រី​បាន​សន្យា​ថា ​ថ្វី​បើ​ខ្លួន​លោកស្រី​មិនមែន​ជា​ប្រធានាធិបតី​ តែ​លោកស្រី​នឹង​នៅ​ពី​ក្រោយ​ប្រធានាធិបតី​ថ្មី​ដើម្បី​ដឹកនាំ​ភូមា។ អញ្ចឹង​ហើយ​បាន​ពេល​នេះ ​លោកស្រី​អ៊ុងសាន ស៊ូជី ​បាន​ជ្រើសរើស​លោក​ ​ ទីន ឆ        រ​ព្រោះ​គាត់​ជា​មនុស្ស​ស្និតស្នាល​បំផុត ​និង​ជា​អ្នក​ដែល​លោកស្រី​ទុកចិត្ត​ អាច​និយាយ​ជាមួយ​បាន។

មាន​អ្នក​វិភាគ​នយោបាយ​ភូមា​មួយ​ចំនួន ​កំពុងតែ​សង្ស័យ​ថា ​លោកស្រី​អាច​នឹង​មាន​ចិត្ត​ច្រណែន ​នៅ​ពេល​ឃើញ​អ្នក​ផ្សេង​អង្គុយ​កៅអី​ប្រធានាធិបតី។ ខ្លួន​លោកស្រីខំ​តស៊ូ​រាប់សិប​ឆ្នាំ ​ត្រូវ​គេ​ចាប់​ដាក់​ឃុំ​ទៀត ​តែទី​បំផុត​បានតែ​នៅ​ពី​ក្រោយ​វាំង​នន​ទៅវិញ។

ការ​វិភាគ​ទាំងអស់​នេះ ​ វា​អាច​ត្រូវ​ តែ​យើង​កុំភ្លេច​ថា​លោកស្រី​ខ្លួនគាត់​ ជា​អ្នក​ស្នើ​ឈ្មោះ​លោក​ ​ ទីន ឆរ ​ព្រោះ​លោកស្រី​ទុកចិត្ត​គាត់។ ហើយ​មួយវិញ​ទៀត ​ការ​តស៊ូ​របស់​លោកស្រី​រាប់​សិប​ឆ្នាំ​មក​នេះ ​មិនមែន​ដើម្បី​បាន​តំណែង​ប្រធានាធិបតី​ទេ​ ​តែ​ដើម្បី​នំា​លទ្ធិ​ប្រធាធិបតេយ្យ​ជូន​ប្រជាជន​ភូមា។ ដូច្នេះ​ទោះ​លោក​ស្រី​នៅ​ខាង​មុខ​ ​រឺ​នៅ​ក្រោយ​វាំងនន​ ​វា​មិន​សំខាន់​ទេ។ យ៉ាងណាមិញ ​បើ​តាម​ការ​សង្ស័យ​ទៀត​ លោកស្រី​អាច​នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី រឺ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ភូមា ​តែ​អ្នក​ខ្លះ​សង្ស័យ​ថា ​គាត់​ប្រហែល​ជា​មិន​កាន់​តំណែង​អ្វី​ទាំងអស់​ គឺ​គាត់​រងចាំ​តែ​នៅ​ពីក្រោយ ​ប្រធានាធិបតី​ថ្មី​ ដូច​លោក​ស្រី​សូនីញ៉ា ហ្គាន់ធី ​នៅ​ឥណ្ឌា​អញ្ចឹង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ