អានតួអត្ថបទ
សមុទ្រចិនខាងត្បូង

អតីតប្រធានាធិបតី​ហ្វីលីពីន ទៅជួប​មន្ត្រី​ចិន​នៅ​ហុងកុង ដើម្បី​រកច្រក​ចេញ​ដោះស្រាយ​ជម្លោះ

លោក ​ហ្វីឌែល រ៉ាម៉ូស ​អតីត​ប្រធានាធិបតី​ហ្វីលីពីន​ចន្លោះ​ពី​ ឆ្នាំ​១៩៩២ ​ដល់​ ១៩៩៨ ​បាន​អញ្ជើញ​ទៅ​ក្រុង​ហុងកុង ​នៅថ្ងៃ​សៅរ៍ ​ទី​ ១៣​សីហា ​ដើម្បី​ព្យាយាម​ជួប​ជាមួយ​មន្ត្រី​ចិន​មួយ​ចំនួន។ ការ​ជួប​ប្រជុំ​ដែល​មាន​លក្ខណៈ​មិន​ផ្លូវការ​នេះ ​ ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​សំណូមពរ​ពី​លោក​ប្រធានាធិបតី​ហ្វីលីពីន ​ រ៉ូឌ្រេហ្គោ ឌុយទែតឺ ​ដើម្បី​ព្យាយាម​រក​ផ្លូវ​ចរចា​ជាមួយ​ចិន​ និង​ស្តារ​ទំនាក់ទំនង​ពាណិជ្ជកម្ម ​រវាង​ចិន ​និង​ហ្វីលីពីន ​ ឲ្យបាន​ល្អ​ប្រសើរ​ឡើងវិញ។

លោក Fidel Ramos អតីតប្រធានាធិបតីហ្វីលីពីន វ័យ៨៨ឆ្នាំ ដែលធ្វើដំណើរទៅ​ហុងកុង ដើម្បីរក​ច្រក​ចរចា​ជា​មួយចិន
លោក Fidel Ramos អតីតប្រធានាធិបតីហ្វីលីពីន វ័យ៨៨ឆ្នាំ ដែលធ្វើដំណើរទៅ​ហុងកុង ដើម្បីរក​ច្រក​ចរចា​ជា​មួយចិន REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

 
រដ្ឋាភិបាល​ហ្វីលីពីន  ​ហាក់​កំពុង​បញ្ចេញ​ពី​ឆន្ទៈ​ជានា​គ្នា ​ជាមួយ​ចិន​ឡើងវិញ​ កាន់​តែ​ច្បាស់​ នា​ពេលនេះ។ ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង ​រវាង​ហ្វីលីពីន ​និង​ចិន ​ ហើយ​ដែល​បាន​ឈាន​ទៅ​ដល់​ការ​សម្រេច​សេចក្តី​ដោយ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​នោះ  ​បាន​បំពុល​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ  ​ជាច្រើន​ឆ្នាំ​មក​ហើយ។ ជម្លោះ​ការទូត ​ តែ​វា​បាន​ជះ​ឥទ្ធិពល​ពេញ​ទំហឹង​ ​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច ​ការ​ដោះដូរ​ពាណិជកម្ម ​ និង​ការ​ដាក់ទុន​វិនិយោគ ​រវាង​ហ្វីលីពីន ​ និង​ចិន។ ចិន  ​ដែល​ជា​មហាយក្ស​សេដ្ឋកិច្ច ​ខាតមិន​ច្រើន​ដូច​ហ្វីលីពីន ​ទេ​ ដែល​គ្រាន់​តែ​ជា​កូន​ក្រក​មួយ​តូច​​ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​តែ​ប៉ុណ្ណោះ។

លោក​ រ៉ូឌ្រេហ្គោ  ​ឌុយទែតឺ ​ បាន​បញ្ជាក់​ម្តងហើយ​ម្តងទៀត ​អំពី​ឆន្ទៈ​ដោះស្រាយ​ជម្លោះ  ​ដោយ​ការ​ចរចា​ជាមួយ​ចិន។ លោក​ថែមទាំង​ធ្លាប់​បាន​ប្រកាស​ថា​ ហ្វីលីពីន ​សុខចិត្ត​បែងចែក​ភោគផល​ ក្នុង​សមុទ្រ​នៅ​តំបន់​មាន​ជម្លោះ​ ជាមួយ​នឹង​ចិន​ទៀត​ផង។ គោល​ជំហរ​នេះ ​ អាច​ត្រូវ​បាន​អ្នក​ខ្លះ​ចាត់ទុក​ថា​ជា​ការ​ចុះញ៉ម​  ចាញ់​ប្រៀប​ចិន ​ តែ​យ៉ាងណា ​កាលៈទេសៈ​ជាក់​ស្តែង ​ យើង​សួរ​ថា​តើ​ហ្វីលីពីន ​ដែល​ជា​ពងមាន់​ អាច​ហ៊ាន​ទៅ​ជល់​នឹង​ផ្ទាំងថ្ម​នៃ​មហា​កំផែង​ ​របស់​ចិន​ដែរ​រឺទេ?

ជា​ជំហាន​ដំបូង  ​លោក​ប្រធានាធិបតី​ហ្វីលីពីន​  បាន​ទៅរក​ជំនួយ​ពី​លោក ​ ហ្វីឌែល រ៉ាម៉ូស ​Fedel Ramos អតីត​ប្រធានាធិបតី​ហ្វីលីពីន។ ក្នុង​អាណត្តិ​របស់​លោក​ រ៉ាម៉ូស ​ពី​ឆ្នាំ​១៩៩២ ​ដល់​ឆ្នាំ​១៩៩៨  ​ហ្វីលីពីន  ​បាន​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​ចិន ​ យ៉ាង​ស្អិត​រមួត។ នៅ​ទីក្រុង​ហុងកុង​ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍​ទី​ ១៣​ សីហា ​ លោក​ហ្វីឌែល រ៉ាម៉ូស ​ដែល​មាន​វ័យ​៨៨​ឆ្នាំទៅ​ហើយ ​បាន​ប្រកាស​ប្រាប់​អ្នក​កាសែត​ថា ​លោក​មក​នេះ​ ​គឺ​ដើម្បី​ជួមបមន្ត្រីចិន ​ដែលជា​មិត្ត ​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា ​ ដើម្បី​បើកផ្លូវ​ស្តារ​ទំនាក់ទំនង​រវាង​ចិន ​និង​ហ្វីលីពីន​ឡើង​វិញ។ មិត្តភ័ក្ត​ទាំងនោះ ​ អាច​នឹង​នាំ​សារ​នេះ​ ទៅកាន់​មន្ត្រី​ធំៗ​ផ្សេង​ទៀត ​ នៅ​ប៉េកាំង។ តែ​យ៉ាងណាក៏​ដោយ ​ លោក​រ៉ាម៉ូស  ​មិនបាន​បញ្ជាក់​លម្អិត​ថា ​គេ​បាន​ប្រជុំ​ជា​មួយ​អ្នកណា​ខ្លះ ​ និង​និយាយ​ពី​អ្វីខ្លះ​ទេ។ ហើយ​លោក​ក៏​មិន​បាន​បញ្ជាក់​ថា ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ចិន​ដីគោក​ដែរ។

យ៉ាងណាមិញ ​ លោក​ Rafael Aluna ​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ហ្វីលីពីន ​ ដែល​មាន​វត្តមាន​នៅ​ទី​នោះ​ដែរ ​ បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​ ជំនួប​មិន​ផ្លូវការ​ជាមួយ​មន្ត្រី​ចិន  ​គឺ​បាន​ទទួល​លទ្ធផល​ល្អ ​ ហើយ​វា​នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចរចា ​ ផ្លូវការ​ទៅ​លើ​វិស័យ​ផ្សេងទៀត ​ ដោយ​មិន​ឲ្យ​ជម្លោះ​ក្នុង​ដែន​សមុទ្រ  ​មក​រារាំង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ទេ។ ដូចគ្នា​ដែរ​ លោក ​Ernie Abella​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ហ្វីលីពីន​  បាន​សម្តែង​សុទិដ្ឋិនិយម​ ដែល​ថា​ជំនួប​មិន​ផ្លូវការ​នេះ  ​នឹង​នាំទៅ​ដល់​ការ​ចរចា​ការទូត​រវាង​ប្រទេស​ទាំងពីរ ​ជា​ផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ