អានតួអត្ថបទ
សមុទ្រចិនខាងត្បូង

ចិន និងរុស្ស៊ី ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ​ក្នុង​សមុទ្រ​ចិន​​ខាង​ត្បូង

២សប្តាហ៍​បន្ទាប់​ពី​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ ​សម្រេច​សេចក្តី​ថា​ចិន ​ គ្មាន​សិទ្ធិ​ណាមួយ​មក​ត្រួត​ត្រា​ផ្ទៃសមុទ្រ​ចិន​ខាង​ត្បូង​សឹងតែ​ទាំង​អស់​នោះ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​២៨ ​កក្កដា ​ម្សិលមិញ ​ក្រសួង​ការពារ​ជាតិ​ចិន​ បាន​ប្រកាស​ថា ​ចិន​និង​រុស្ស៊ី ​បាន​ព្រម​ព្រាង​គ្នា ​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​មួយ​ដ៏ធំ ​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។ មានការ​ព្រួយ​បារម្ភថា ​សមយុទ្ធ​យោធា​ដែល​គេ​មាន​គម្រោង​ធ្វើនេះ​ នឹង​ពិត​ជា​​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​វិកវរ​ ដោយសារ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នេះ​​ មាន​នាវា​ចម្បាំង​របស់​អាមេរិក​យាម​ការពារ​ជាច្រើន​គ្រឿង។

នាវាចម្បាំងចិន ក្នុង​សមុទ្រចិនខាងត្បូង (រូបភាពឯកសារ)
នាវាចម្បាំងចិន ក្នុង​សមុទ្រចិនខាងត្បូង (រូបភាពឯកសារ)
ផ្សាយពាណិជ្ជកម្ម

លោក​ យ៉ាង យូជុន ​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន ​ បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ខែ​របស់​ខ្លួន​ថា ​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​ កងទ័ព​ចិន​ និង​រុស្ស៊ី ​នឹង​រួមគ្នា​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​មួយ ​ នៅក្នុង​ផ្ទៃ​សមុទ្រ​ចិន​ខាង​ត្បូង ​ ទាំង​ក្នុង​ទឹក ​ទាំង​ពី​លើ​អាកាស។ លោក​បន្ថែម​ថា ​ នេះ​​គឺ​ជា​សមយុទ្ធ​យោធា ​ បែប​សាមញ្ញ ​ដើម្បី​ជា​ការ​ហ្វឹកហាត់ ​ ដោយ​ពុំមាន​សំដៅ ​ទៅ​គម្រាម​កំហែង​អ្នក​ណា​ទេ។

ទោះ​បី​ជា​យ៉ាងណា​ ការ​ប្រកាសធ្វើ​សមយុទ្ធ​យោធា​របស់​ចិន ​និង​រុស្ស៊ី ​នៅ​ពេល​នេះ​ គឺ​មិន​អាច​ ​មិន​ធ្វើ​​ឲ្យ​គេ​នឹង​គិត​ទៅដល់​បញ្ហា​ជម្លោះ​ដែនទឹក​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បានទេ។​ កាល​ពី​ថ្ងៃទី​១២ ​កក្កដា​ ប្រមាណ​ជាង​២​សប្តាហ៍​មុន​នេះ​ ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ក្រុង​ឡាអេ ​បាន​សម្រេច​សេចក្តី​ ទៅតាម​ការ​ស្នើសុំ​របស់​ហ្វីលីពីន ​ដោយ​បាន​អះអាង​ថា ​ចិន​ពុំមាន​អំណះអំណាង​ផ្លូវច្បាប់​ណា ​មក​វាទ​ទី​គ្រប់គ្រង​ដែន​សមុទ្រ​ចិន​ខាងត្បូង​តែម្នាក់​ឯង​នោះ​ទេ។ សូម​បញ្ជាក់​ថា ​ក្នុង​ចំណោម​ផ្ទៃក្រឡា ​ទាំង​៣លាន​គីឡូមែត្រ​ក្រឡា ​របស់​សមុទ្រ​ចិន​ខាងត្បូង ​ ត្រូវបាន​ចិន​ចាត់​ទុក​ថា​ជា​របស់​ខ្លួន​អស់​២លាន​៦សែន​ គីឡូមែត្រ​ក្រឡា​ទៅហើយ។

ជាងនេះ​ទៅទៀត ​ បច្ចុប្បន្ន​នេះ​ មាន​នាវា​ចម្បាំង​អាមេរិក​ ជា​ច្រើនគ្រឿង​ដែល​កំពុង​បំពេញ​បេសកកម្ម​ការពារ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ ហេតុផល​នៃ​វត្តមាន​របស់​នាវា​ចម្បាំង​អាមេរិក ​គឺ​តែ​មួយ​គត់​ គឺ​ការពារ​ស្ថិរភាព​ និងសន្តិសុខ​ចរាចរណ៍​នាវា​ពាណិជ្ជកម្ម​នានា ​នៅក្នុង​តំបន់ ​ដោយ​យោង​ទៅ​តាម​គោលការ​គ្រិះ ​ នៃ​សេរីភាព​ ក្នុង​ការ​ធ្វើ​ចរាចរណ៍ ​តាម​ដែន​សមុទ្រ​អន្តរជាតិ។

ការព្រួយបារម្ភ​ ក្រោយ​ការ​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​នេះ​ ​គឺ​មាន​ន័យ​ថា ​ ​នៅ​ខែ​កញ្ញា​ខាងមុខ​នេះ ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង ​នឹង​មាន​វត្តមាន​កងទ័ព​ចិន​ផង​ រុស្ស៊ីផង​ ​និង​អាមេរិក​ផង ​ ពោល​គឺ​សុទ្ធសឹង​តែ​ជា​មហា​យក្ស​សព្វាវុធ ​និង​យោធា ​ដ៏ធំ​ទាំងបី​របស់​ពិភពលោក។ ការ​ប៉ះទង្គិច​ណាមួយ ​ ប្រាកដ​ជា​អាច​បង្កជា​ជម្លោះ​ការទូត។

គួរកត់​សម្គាល់​ផងដែរ​ថា ​ មួយ​រយៈពេល​ចុង​ក្រោយ​នេះ ​ ចិន ​នឹង​រុស្ស៊ី ​បាន​ខិតទៅ​ជិត​គ្នា​កាន់តែ​ខ្លាំង​ ដោយ​ហាក់​ដូច​ជា​បាន​ចាប់ដៃ​គ្នា ​ ដើម្បី​មាន​បំណង​ផ្តួល​សហរដ្ឋ​អាមេរិក​ នៅ​លើ​សៃវៀន​អន្តរជាតិ។ លោក ​ពូទីន ​និង​លោក​ស៊ី ជីនពីង ​តែងតែ​ជួបគ្នា​ជា​រឿយៗ ​ហើយ​ក្នុង​នាម​ប្រទេស​សមាជិក​នៃ​ក្រុមប្រឹក្សា​អចន្ត្រៃយ៍ ​ដូចគ្នា ​ មេដឹកនាំ​ប្រទេស​ទាំងពីរ​នេះ ​ មាន​ទំនោរ​ស្របគ្នា​ទាំង​ស្រុង ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​នៅ​ក្នុង​ពិភពលោក ​ ជាក់ស្តែង​ដូចជា​ជម្លោះ​នៅ​ស៊ីរី​ជាដើម។ មួយ​វិញ​ទៀត ​ វា​មិន​មែន​ជា​លើក​ទីមួយ​ទេ ​ដែល​រុស្ស៊ី​ និង​ចិន​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា។ កាល​ពី​ខែ​សីហា​ ​ឆ្នាំ​២០១៥​ កងទ័ព​មហាយក្ស​ទាំងពីរ​ រួម​មាន​នាវា​ចម្បាំង​២២គ្រឿង​ និង​យន្តហោះ​ចម្បាំង​២០គ្រឿង​ បាន​ធ្វើ​សមយុទ្ធ​សម្ញែង​សាច់ដុំ​នៅ​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក ​ក្បែរ​ក្រុង Vladivostok ​ភាគ​ខាង​កើត​បង្អស់​របស់​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ