អានតួអត្ថបទ
ចិន

ខួប​១​ឆ្នាំ​នៃ​អំពើ​ហិង្សា​នៅ​ស៊ីងជាំង​ក្រោម​ការ​ទាមទារ​ធ្វើ​អង្កេត​ឯករាជ្យ និង​តម្លាភាព​សិទ្ធិមនុស្ស

មួយ​ឆ្នាំ​ក្រោយ​អំពើ​ហិង្សា​បង្ហូរ​ឈាមរវាង​ជាតិសាសន៍​ហាន និងអ៊ុយហ្គួរ (Ouïghours)នៅ​ប្រទេស​ចិនមក នៅ​ថ្ងៃ​ម្សិលមិញ សហរដ្ឋ​អាមេរិក បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចិន បង្ហាញ​ពី​តម្លាភាព និង​ការ​គោរព​សិទ្ធិ​មនុស្ស។ ឯចំណែក​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ អង្កេត​ឯករាជ្យ​មួយ​ ពី​ព្រោះ​របាយ​ការណ៍​របស់​រដ្ឋាភិបាល​ចិន​ស្តី​ពី​អំពើ​ហិង្សា​ពូជ​សាសន៍​ ថ្ងៃ​ទី ៥​ កក្កដា ២០០៩ មានសល់​ចន្លោះ​ចំណុច​មិន​ច្បាស់​លាស់​ច្រើនពេក។

ទាហាន​ចិន​កំពុង​ដើរ​ល្បាត​នៅ​តាម​ផ្លូវ​ក្រុង​ Urumqi ក្នុង​ខេត្ត​ស៊ីងជាំង ថ្ងៃ​ទី ៦ កក្កដា ២០០៩
ទាហាន​ចិន​កំពុង​ដើរ​ល្បាត​នៅ​តាម​ផ្លូវ​ក្រុង​ Urumqi ក្នុង​ខេត្ត​ស៊ីងជាំង ថ្ងៃ​ទី ៦ កក្កដា ២០០៩ Peter Parks/AFP
ផ្សាយពាណិជ្ជកម្ម

01:55

សេចក្តីរាយការណ៍​របស់ អៀង សុខម៉ិញ

អៀង សុខម៉ិញ

តាម​រយៈ​របាយការណ៍​ផ្លូវការ​របស់​អាជ្ញាធរចិន គេ​នៅ​តែ​ពុំ​អាច​ដឹង​បាន​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាន​ស្លាប់​ឲ្យ​ពិត​ប្រាកដ ក្នុង​ពេល​​បះបោរ​​? អ្នក​ណា​សម្លាប់​អ្នកណា និង​ហេតុដូច​ម្តេច​បាន​ជា​មា​ន​ផ្ទុះ​អំពើ​​ហិង្សា​ពូជ​សាសន៍ នៅ​ថ្ងៃ​ទី ៥​កក្កដា ២០០៩នោះ? ហេតុ​ដូច្នេះ ចិន​ត្រូវ​តែ​បើក​ធ្វើ​អង្កេត​ឯករាជ្យ​មួយ​ ដើម្បី​វែក​រកមុខ​អ្នក​ដែល​បាន​ប្រព្រឹត្ត​​ការ​រំលោភ​សិទ្ធិមនុស្ស​​​​ទាំង​ឡាយ​ និង​ដើម្បី​ធានាបាន​​​តម្លាភាព​ក្នុង​ការ​រក​យុត្តិធម៌​ជូន​បណ្តា​ជន​ទូទៅ នៅ​ក្រុង​ Urumqi ។ នេះ​ជា​ការ​កត់​សម្គាល់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​​អន្តរជាតិ Amnesty International។

 
ទោះ​បី​ជា នា​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ប៉េកាំង​បាន​យល់​ព្រម​បង្កើត​ឲ្យ​មាន​គម្រោង​អភិវឌ្ឍន៍​ ដើម្បី​ស្ថិរភាព​នៅ​ស៊ីងជាំង​ក៏​ដោយ ក៏​សហរដ្ឋ​អាមេរិក នៅ​តែ​ទទូច​ទាមទារ​ឲ្យ​ចិន​ធានា និង​បង្ហាញ​ពី​តម្លាភាព​ក្នុង​ការ​គោរព​សិទ្ធិ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​ស៊ីងជាំង ឲ្យ​ស្រប​តាម​ច្បាប់​អន្តរជាតិ។ ព្រោះ​ជនជាតិ​ភាគ​តិច​ចិន​​Ouïghours ដែល​កាន់​សាសនា​អ៊ីស្លាម តែ​ង​ទទួល​រង​នូវការ​រើស​អើង ទាំង​ផ្នែក​វប្បធម៌ ​សាសនា ពី​សំណាក់​ប្រជាជន​ចិន​ភាគ​ច្រើន​ ដែល​មាន​ដើម​កំណើត​ហាន និង​មិន​បាន​ទទួល​ភាគ​ផល​សេដ្ឋកិច្ច​ ដូច​បណ្តា​ជន​ចិនទូទៅ​​ទេ។

សូម​រំលឹក​ថា អំពើ​ហិង្សា នៅ​ Urumqi ទីរួម​ខេត្ត ស៊ីងជាំង រវាង​បណ្តាជន​ចិន ដើម​កំណើត​Ouïghours កាន់​សាសនា​អ៊ីស្លាម និង​ជនជាតិ​ចិន ហាន នៅ​ថ្ងៃ​ទី ៥ កក្កដា ឆ្នាំ​២០០៩ បាន​សម្លាប់​ជីវិត​មនុស្ស​ជា​ផ្លូវការ​​ជិត ២០០​នាក់ និង​របួស ជាង​១៦០០​នាក់។ ប៉ុន្តែ​បើ​យោង​តាម​ក្រុម​Ouïghours​ប្រឆាំង​នឹង​រដ្ឋាភិបាល​​នៅកំពុង​និរទេស​ខ្លួន​នៅ​​បរទេស​ តុល្យការ​នៃ​មនុស្ស​ស្លាប់​​និង​របួស​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ជាង​ការ​ប្រកាស​ផ្លូវការ​ឆ្ងាយ​ណាស់។

ក្នុង​ពេល​ដែល​ខួប​មួយ​ឆ្នាំ​នៃ​អំពើ​ហិង្សា​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ អាជ្ញាធរ​ចិន បាន​ចាត់​វិធានការ​ការពារ​យ៉ាង​តឹង​តែង​បំផុត។ គេ​សង្កេត​ឃើញ​មាន​ការដាក់​ម៉ាស៊ីន​វីដេអូ ថត ស្ទើរ​គ្រប់​ទី​កន្លែង​ទាំង​អស់ (ក្នុង​រថយន្ត​ក្រុង រទេះ​ភ្លើង​ សាលា​រៀន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ) ប្រមាណ​ជាង​ ៤​ម៉ឺន​កន្លែង នៅ​ក្នុង​Urumqi ដើម្បី​បញ្ចៀស​រាល់​អំពើ​ហិង្សា​ជា​យថាហេតុ​ណាមួយ​ដូច​ឆ្នាំ​កន្លង​ទៅ​ទៀត៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ