អានតួអត្ថបទ
ចិន

ខេត្ត​ស៊ីងជំាង​ស្ថិត​ក្រោម​ការ​ឃ្លំា​មើល​ពី​កម្លំាង​រដ្ឋាភិបាល​ចិន

៥ កក្កដា ២០០៩-៥ កក្កដា ២០១០ ថ្ងៃ​ចន្ទ​នេះ ជា​ខួប​គម្រប់​មួយ​ឆ្នំា​គត់​នៃ​អំពើ​ហិង្សា​យ៉ាង​បង្ហូរ​ឈាម​រវាង​សហគមន៍​ជនជាតិ​ចិន​អ៊ុយហ្គួរ និងជនជាតិចិនហាន​នៅ​ ក្នុង​ទីក្រុង Urumqi ខេត្ត​ស៊ីងជំាង ប្រទេស​ចិន។ ព្រឹត្តការណ៍​បះបោរ​ដែល​កាល​ណោះ បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជិត ២០០នាក់ និង​របួស ១៧០០​នាក់​ផ្សេង​ទៀត។

ខេត្ត​ស៊ីងជំាង​ស្ថិត​ក្រោម​ការ​ឃ្លំា​មើល​ពី​កម្លំាង​រដ្ឋាភិបាល​ចិន
ខេត្ត​ស៊ីងជំាង​ស្ថិត​ក្រោម​ការ​ឃ្លំា​មើល​ពី​កម្លំាង​រដ្ឋាភិបាល​ចិន ©Reuters
ផ្សាយពាណិជ្ជកម្ម

07:34

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

ថ្ងៃ​នេះ និង​ខុស​ពី​ទម្លាប់​សព្វ​មួយ​ដង ដែល​តែង​មាន​មនុស្ស​ធ្វើ​ដំណើរ​ទៅ មក​យ៉ាង​ច្រើន នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង Urumqi ស្ថិត​ក្នុង​ខេត្ត​ស៊ីងជំាង​មាន​សភាព​ស្ងាត់​ជ្រងំ​ទៅ​វិញ។ ហាង​លក់​ទំនិញ​ជា​ច្រើន​នៅ​តាម​ដង​ផ្លូវ​បាន​បិទទ្វារ។ ភ្ញៀវ​ទេសចរណ៍ និង​អ្នក​ដំណើរ​ដែល​ចេញ ចូល​ក្នុង​សណ្ឋាគារ និង​ផ្សារ​នានា ត្រូវ​បាន​កម្លំាង​សន្តិសុខ​​ធ្វើ​ការ​ឆែកឆេរ​យ៉ាង​ម៉ត់ចត់ ពិសេស​នៅ​ទីក្រុង Urumqi។ ទីក្រុង Urumqi  ដែល​កាល​ពី​មួយ​ឆ្នំា​មុន ពោល​គឺ​នៅ​ថ្ងៃ​ទី ៥ កក្កដា ឆ្នំា ២០០៩ មាន​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​យ៉ាង​បង្ហូរ​ឈាម​រវាង​ក្រុម​ជនជាតិ​ចិន​អ៊ុយហ្គួរ និងជនជាតិចិនហាន។

 
តំាង​តែ​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ចិន​បាន​ផ្តើម​ពង្រឹង​សន្តិសុខ​ទ្វេ​ដង​នៅ​ក្នុង​ខេត្ត​ស៊ីងជំាង​ទំាង​មូល។ មាន​កម្លំាង​នគរបាល​រាប់​ពាន់​នាក់​បំពាក់​ដោយ​អាវុធ​គ្រប់​ដៃ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ដង​ផ្លូវ​នានា គ្រប់​ច្រកល្ហក ពិសេស នៅ​ក្នុង​សង្កាត់​ដែល​សម្បូរ​​ដោយ​ជនជាតិ​ចិន​អ៊ុយហ្គួររស់នៅ។ ទីលាន ដែល​ជា​កន្លែង​ផ្ទុះ​អំពើហិង្សា​ត្រូវ​បាន​បិទ​ខ្ទប់​ទំាង​ស្រុង។ មាន​កាមេរ៉ា​ចំនួន ៤​ម៉ឺន​គ្រឿង​ត្រូវ​បាន​រដ្ឋអំណាច​ដាក់​ចំា​ថត​នៅ​តាម​ដង​ផ្លូវ​​នានា នៅ​ក្នុង​រថយន្ត​ក្រុង នៅ​តាម​ស្ថានីយ៍​រថភ្លើង​លើ​ដី ក្រោម​ដី និង​នៅ​តាម​ទីធ្លា​សាធារណៈ​​មួយ​ចំនួន។ ឡាន​ទាហាន​ជា​ច្រើន​គ្រឿង​បាន​បើក​ក្រឡឹង​ជុំ​វិញ​ជា​អចិន្រ្តៃយ៍។ នគរបាល​បាន​អំពាវនាវ​ដល់​ក្រុម​ជនជាតិ​អ៊ុយហ្គួរ​កុំ​ឲ្យ​ចេញ​ពី​ផ្ទះ។ ទំាង​នេះ​ សុទ្ធសឹង​ជាវិធានការ​បង្ការ​ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ព្រឹត្តិការណ៍​បែប​នេះ​កើត​​មាន​ជាថ្មី​ដូច​កាល​ពី​មួយ​ឆ្នំា​មុន។

ជា​រួម​ទៅ គេ​មិន​ឃើញ​មាន​ព្រឹត្តិការណ៍​បះបោរ​ដូច​កាល​ពី​មួយ​ឆ្នំា​មុន​នោះ​ទេ តែ​ស្ថានការណ៍​ហាក់​ដូច​ជា​នៅ​តែ​តានតឹង​រវាង​សហគមន៍​ជនជាតិចិន​ទំាង​ពីរ ពិសេស ចំ​ថ្ងៃ​ខួប​កំណើត​នេះ​តែ​ម្តង។ ទំាង​ពួក​អ៊ុយហ្គួរ និង​ពួក​ហាន​សុទ្ធ​តែ​មាន​ការ​ភ័យ​ខ្លាច​ដូច​គ្នា។

ខេត្ត​ស៊ីងជំាង​ស្ថិត​ក្រោម​ការ​ឃ្លំា​មើល​ពី​កម្លំាង​រដ្ឋាភិបាល​ចិន
ខេត្ត​ស៊ីងជំាង​ស្ថិត​ក្រោម​ការ​ឃ្លំា​មើល​ពី​កម្លំាង​រដ្ឋាភិបាល​ចិន ©Reuters

តើ​ជម្លោះ​រវាង​ពួក​អ៊ុយហ្គួរ និង​ហាន​បាន​ផ្ទុះ​ឡើង​យ៉ាង​ដូចម្តេច ?

នៅ​មុន​ព្រឹត្តិការណ៍​វាយប្រហារ​គ្នា​រវាង​ពួក​អ៊ុយហ្គួរ និង​ហាន ក្នុង​ថ្ងៃ​ទី ៥ កក្កដា ឆ្នំា ២០០៩។ មាន​ជន​មួយ​ក្រុម​បានយក​Seringue ចាក់​ថ្នាំ ដើរ​ចាក់​គេ​ឯងនៅ​ទីក្រុងUrumqi ក្នុង​ខេត្ត​ស៊ីងជំាង។ អ្វី​ដែល​ចម្លែក​កាលណោះជន​រងគ្រោះ​ពី​ការ​វាយ​ប្រហារ​ដោយ​Seringue​ ចាក់​ថ្នាំ​នោះ មាន​ទំាង​ជនជាតិ​ហាន ជនជាតិ​អ៊ុយហ្គួរ និង​ជនជាតិ​​ភាគ​តិច​​ដទៃ​ផ្សេងទៀត។ តែ​យ៉ាង​ណា​ក៏​ដោយ ការ​វាយប្រហារ​​ដោយ​ប្រើ​Seringue​ពេល​នោះ បាន​បំផុស​ឲ្យ​មាន​ភាព​មន្ទិល​សង្ស័យ និង​ការ​មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មករវាង​ជាតិពិន្ធុ​មួយ​និង​ជាតិ​ពិន្ធុ​មួយ​ទៀត។ ជាពិសេស ជនជាតិ​ហានបានផ្តើមសង្ស័យនិង​ផ្តើម​ចោទ​ប្រកាន់​ពួក​ជនជាតិ​អ៊ុយហ្គួរថាជា​អ្នក​នៅពី​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ប្រើ​Seringue​ចាក់​ថ្នាំ​កាល​ណោះ។បន្តិច​ម្តងៗ ភាព​រំជើបរំជួល​ក៏​ចាប់​ផ្តើម​មាន​រវាង​ជនជាតិ​ទំាង​ពីរ ហាន និង​អ៊ុយហ្គួរ។ នៅ​ថ្ងៃទី៥កក្កដាឆ្នំា២០០៩ជនជាតិ​អ៊ុយហ្គួរ​ក៏​បាន​ផ្តើម​វាយ​ប្រហារ​​ទៅ​លើ​ជនជាតិ​ហានមុនគេ។ នៅ​ថ្ងៃ​បន្ទាប់​មក ជនជាតិ​ហាន​ក៏​បាន​សង​សឹក​វិញ ដោយ​ប្រើ​ដំបង កាំបិត ខ្វែវ និង​ពូថៅដេញ​តាម​សម្លាប់​ពួក​អ៊ុយហ្គួរ។ ព្រឹត្តិការណ៍​ពុះ​កញ្ជ្រោល​ជាង​មួយ​សប្តាហ៍​កាល​ណោះ បាន​បណ្តាល​ឲ្យ​មានអ្នក​ស្លាប់ជិត​២០០​នាក់ និង​អ្នក​របួស​ប្រមាណ​១៧០០​នាក់​ផ្សេង​ទៀត។

ក្នុង​ខណៈ​នោះ អាជ្ញាធរ​ចិន​ចោទ​ប្រកាន់​លើ​ក្រុម​អ្នក​ទាមទារ​ផ្តាច់​ទឹកដី​ស៊ីងជាំង​ថា ជា​អ្នក​បង្ក​រឿង។ មាន​មនុស្ស​ប្រមាណ ២០០ នាក់​ត្រូវ​បាន​តុលាការ​ចិន​កាត់​ទោស ដែល​ភាគ​ច្រើន ជា​ជនជាតិ​ចិន​អ៊ុយហ្គួរ ក្នុង​នោះ មាន​យ៉ាង​តិច ២៦​នាក់​បាន​ទទួល​ទោស​ប្រហារ​ជីវិត រួច​ក្នុង​ចំណោម​អ្នក​ទំាង​២៦នាក់​ហ្នឹង មាន​ ៩​នាក់​ត្រូវ​បាន​អាជ្ញាធរ​ប្រហារ​ជីវិត​រួច​ទៅហើយ។

លោក Wu Heping អ្នក​នំា​ពាក្យ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន
លោក Wu Heping អ្នក​នំា​ពាក្យ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ©Reuters

ហេតុ​អ្វី​បាន​ជា​ពួក​អ៊ុយហ្គួរ​ងើប​បះបោរ ?

គេ​គួរ​តែ​ក្រឡេក​មើល​ទៅ​ក្រោយ​បន្តិច អំពី​ប្រវត្តិ​នៃ​ពួក​អ៊ុយហ្គួរ ពួក​ហាន និង​ប្រវត្តិ​នៃ​ទឹក​ដី​ស៊ីជំាង ដែល​មាន​ចំងាយ​ពី​ទីក្រុង​ប៉េកំាង​ដល់​ទៅ ៣០០០ គីឡូម៉ែត្រ។

ការ​ពិត​ ដែនដី​ស៊ីងជំាងជា​អតីតរដ្ឋ​ឯករាជ្យ​មួយ​មាន​ឈ្មោះ​ថា​ ទួរកេស្តង់​ខាងកើត​(Turkestan oriental) និង​ដែល​ត្រូវ​បាន​ចិន​លេប​យក​កាល​ពី​ឆ្នំា​១៨៨៤។ បន្តិច​ម្តងៗ រហូត​ដល់​ឆ្នាំ​១៩៥៥របបកុម្មុយនិស្តចិន​បានសម្រេច​ប្រែ​ក្លាយ​តំបន់ស៊ីងជំាង​ឲ្យ​ទៅ​ជា «តំបន់​ស្វយ័ត​អ៊ុយហ្គួរស៊ីងជាំង​»។ អ៊ុយហ្គួរ​ស៊ីងជាំង ពីព្រោះ​ប្រជាជន​ភាគ​ច្រើន​នៅ​ទីនោះ ជា​ជនជាតិ​អ៊ុយហ្គួរ​កាន់​សាសនា​​អ៊ីស្លាម និង​និយាយ​ភាសា​ទួរគី។

ប៉ុន្តែលក្ខណៈ​វប្បធម៌​ និង​ប្រវត្តិសាស្រ្តនៃ​តំបន់​មួយនេះបាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ រវាង​ពួក​អ៊ុយហ្គួរដែល​ជា​ម្ចាស់​ស្រុក​និងពួក​ជនជាតិចិនហានដែល​ជា​និមិត្តរូប​នៃ​អំណាច​របស់​របបកុម្មុយនិស្តចិន។ អ្វី​ដែល​ជា​ក្តី​បារម្ភ​របស់​រដ្ឋអំណាច​ចិន គឺ​ការ​ទាមទារ​ឯករាជ្យ​ពី​សំណាក់​ពួក​អ៊ុយហ្គួរ។ ក្រោម​ភ្នែក ច្រមុះ​របស់​ក្រុង​ប៉េកំាង ខេត្ត​ស៊ីងជាំងគឺជាដែនដី​ដ៏រសើប​ជាង​គេ​បង្អស់​មួយ​ដូច​ដែនដីទីបេ​និង​កោះតៃវ៉ាន់​ដែរ។

អ៊ីចឹង​ហើយ​បាន​ថ្នាក់​ដឹកនាំ​ចិន​បាននិង​កំពុង​បន្ត​ប្រើ​យុទ្ធសាស្រ្ត​ច្រើន​យ៉ាង​ដើម្បី​ទប់​ស្កាត់ ទីមួយ៖ បន្ត​បញ្ជូន​ជនជាតិចិន​ហានច្រើន​ឡើងៗ​ ទៅ​រស់​នៅ​ស៊ីងជាំង។ចំនួន​ពួក​ហានដែលសព្វថ្ងៃមាន​ចំនួន​ស្ទើរតែ​ប្រហាក់​ប្រហែល​នឹង​​ជនជាតិ​អ៊ុយហ្គួរ​ទៅ​ហើយ។យុទ្ធសាស្រ្ត​ទីពីររបស់​អាជ្ញាធរ​ចិន៖ គឺ​តាម​កំចាត់​ពួក​ជាតិនិយម​អ៊ុយហ្គួរដែល​ត្រូវ​បានទុក​ថា​ជា​ភេរវជន​មាន​ទំនាក់ទំនង​ជាមួយ​បណ្តាញ​ភេរវនិយមអាល់កៃដា។

តែ​បើ​គេ​ក្រឡេក​មើល​ពី​ដើម​ហេតុ​ពិត​នៃ​ជម្លោះ​រវាង​ពួក​អ៊ុយហ្គួរ និង​ពួក​ហាន​សព្វ​ថ្ងៃ​នៅ​ស៊ីងជំាង ហាក់​ដូច​ជា​គ្មាន​លក្ខណៈ​នយោបាយឬ​ផ្តាច់ទឹកដី​និយម​អ្វី​សោះ។តែ​វា​ជា​ហិង្សា​មួយ​ដែល​មាន​មូលហេតុ​សង្គមនិង​សេដ្ឋកិច្ច​ទៅ​វិញ​ទេ​ព្រោះ​សូម​ជម្រាប​ជូន​ថា​ ពួក​អ៊ុយហ្គួរដែល​ជា​ម្ចាស់​ស្រុក​មាន​ជីវភាព​ក្រីក្រខ្លាំង​ និងមាន​ចំណេះ​ដឹងទាប។ ចំណែក​ឯ​ពួក​ហាន​វិញ បាន​នឹង​កំពុង​បន្ត​ក្តោប​ក្តាប់​សឹង​ទាំងអស់​សេដ្ឋកិច្ច​នៃ​តំបន់​ស្វយ័ត​ស៊ីងជំាង។ ជា​មួយ​នឹង​ការ​ហូរ​ចូល​របស់​ពួក​ហាន​កាន់​តែ​ច្រើន​ឡើងៗ ពួក​អ៊ុយហ្គួរ​ដែល​ពី​ដើម​ជា​ម្ចាស់​ស្រុក បាន​និង​កំពុង​ក្លាយ​ជា​ជនជាតិ​ភាគ​តិច និង​មាន​អារម្មណ៍​ថា ខ្លួន​ត្រូវ​បាន​គេ​ទាត់​ចេញ​ពី​សង្គម​ទៀត​ផង។

ដើម្បី​ទប់​កុំ​ឲ្យ​ស៊ីងជំាង​ទទួល​រង​នូវ​ព្រឹត្តិការណ៍​ដូច​កាល​ពី​មួយ​ឆ្នំា​មុន​ទៀត រដ្ឋអំណាច​ចិន​ត្រូវ​តែ​ពិនិត្យ​មើល​ឡើង​វិញ​អំពី​នយោបាយ​របស់​ខ្លួន​ដោយ​ធ្វើ​យ៉ាង​ណា ឲ្យ​សហគមន៍​ទំាង​ពីរ អ៊ុយហ្គួរ និង​ហាន ទទួល​បាន​ផលប្រយាជន៍​ស្មើ​គ្នា​ពី​នយោបាយ​ចិន​តែ​មួយ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ