អានតួអត្ថបទ
ថៃ

អង្គការICG៖ ការរឹត​បន្តឹង​ជ្រុល​ផ្នែក​សន្តិសុខ​នៅ​ថៃ​នឹង​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​ជា​ថ្មី

អង្គការ​អន្តរជាតិ​ដើម្បី​បង្ការ​ជម្លោះ​ដែល​មាន​ឈ្មោះ​ថា International Crisis Group​បាន​ចេញ​របាយការណ៍ នៅ​ថ្ងៃ​ចន្ទ​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល​ថៃ​ឲ្យ​ដក​កាប្រកាស​ភាពអាសន្ន​ ជា​បន្ទាន់​ពី​ក្នុង​ខេត្ត និង​ក្រុង​បាងកក។ អង្គការ​អន្តរជាតិ​មួយ​នេះ​ដែល​មាន​មូលដ្ឋាន នៅ​ទីក្រុង​Bruxelles ក្នុង​ប្រទេស​ប៊ែលហ្សិក បាន​ក្រើន​រំលឹក​ថា ការដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​ក្រុមអាវក្រហម​នឹង​ធ្វើ​ឲ្យ​កើត​មាន​ ចលនា​លួចលាក់ និង​សកម្មភាព​ប្រឆាំង​ក្រៅច្បាប់​កាន់​តែ​ច្រើន​ក្នុង​ស្រទាប់​ប្រជាជន​ថៃ។

ស្ត្រី​ក្រុម​អាវក្រហម​ប្រឆាំង​រារាំង​មិន​ឲ្យ​ប៉ូលិស​យកថ្នាក់ដឹកនាំ​ក្រហម​ដែល​ត្រូវ​ចាប់ខ្លួន ទៅ​តុលាការ
ស្ត្រី​ក្រុម​អាវក្រហម​ប្រឆាំង​រារាំង​មិន​ឲ្យ​ប៉ូលិស​យកថ្នាក់ដឹកនាំ​ក្រហម​ដែល​ត្រូវ​ចាប់ខ្លួន ទៅ​តុលាការ ©reuters
ផ្សាយពាណិជ្ជកម្ម

 

01:55

សេក្តីរាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

អង្គការ​អន្តរជាតិ​ដើម្បី​បង្ការ​ជម្លោះ​ហៅ​កាត់​ថា ICG មើល​ឃើញ​ថា វិធានការ​ពង្រឹង​សន្តិសុខ​ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​ថៃ កំពុង​ដាក់​គំនាប​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ក្រុម​អាវក្រហម។ ក្រុម​អាវក្រហម​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​អាភីស៊ីត បច្ចុប្បន្ន​នេះ មិនមាន​ឱកាស និង​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ដូចមុន។ យោងតាម​អង្គការ​បង្ការ​ជម្លោះ ICG ច្បាប់​ដ៏​តឹងរ៉ឹង​នេះ​កំពុង​ធ្វើ​ឲ្យ​ក្រុមអាវក្រហម​កើត​ក្តី​ទោមនស្ស និង​ជម្រុញ​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព លួចលាក់​ប្រឆាំង​នឹង​អាជ្ញាធរ​ថៃ។

របាយការណ៍​របស់​ ICG​រំលឹក​ផង​ដែរ​ដល់​រដ្ឋាភិបាល​របស់​លោក​អាភីស៊ីត ឲ្យ​ធ្វើការ​កាត់​បន្ថយ​វិធានការ​ទាំងឡាយ​ណា​ដែល​ជម្រុញ​មាន​ការបែកបាក់​កាន់​តែ​ខ្លាំង​ក្នុង​សង្គម​ថៃ។ អង្គការ​ ICG បាន​បង្ហាញ​នូវ​សេណារេយ៉ូ ដែល​ថា រដ្ឋាភិបាល​ថៃ​គួរ​ដក​ការប្រកាស​ភាពអាសន្ន ពី​ខេត្ត​ក្រុង ឬ​សុខចិត្ត​បន្ត​បំផ្លាញ​លក្ខណៈ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស។ អង្គការ​ ICG ​បញ្ជាក់​ថា ការខឹង​គុំគួន​ទាំងឡាយ​របស់​ប្រជាជន​នឹង​បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា ថ្មី នៅ​ពេល​អនាគត​ខាង​មុខ។

រដ្ឋាភិបាល​ទីក្រុង​បាងកក ត្រូវ​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ​អំពី​ជំហរ​របស់​ខ្លួន​ក្នុង​រឿង​ដាក់​ខេត្ត​ក្រុង​ក្នុង​ភាពអាសន្ន។ លោក​អាភីស៊ីត​ធ្លាប់​ប្រកាស​ថា គេ​នឹង​អាច​ដក​ការប្រកាស​ភាពអាសន្ន​ពី​ខេត្ត​ទាំងឡាយ​ដើម្បី​ត្រៀម​ការបោះឆ្នោត​តំបន់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥​កក្កដា​ខាងមុខ។ អាជ្ញាធរ​ជាតិ​បញ្ជាក់​ថា ទោះ​យ៉ាងណា ក្រុង​បាងកក​នៅ​តែ​ត្រូវ​ស្ថិតនៅ​ក្នុង​កម្រិត​ភាពអាសន្ន​ដដែល។

ជាមួយ គ្នា​នេះ ដើម្បី​ជៀសវាង​វិបត្តិ​នយោបាយ​ជា​ថ្មី អង្គការ​បង្ការ​ជម្លោះ​ស្នើ​សុំ​ផង​ដែរ​ដល់​រដ្ឋាភិបាល​ថៃ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់​បំផុត។ នោះ​គឺ​ព្រោះថា មាន​តែ​រដ្ឋាភិបាល​ថ្មី​ដែល​ចេញ​ពី​ការបោះឆ្នោត​ដោយ​សកល​ទេ​ដែល​អាច​ធ្វើ​ប្រទេស​ថៃ​ដក​ខ្លួន​រួច​ពី​វិបត្តិ​បច្ចុប្បន្ន។

គួរំលឹក​ថា ប្រជាជន​ក្រុម​អាវក្រហម​ដែល​គាំទ្រ​លោក​ថាក់ស៊ីន នៅ​តែ​ចោទ​រដ្ឋាភិបាល​របស់​អាភីស៊ីត​ថា ជា​រដ្ឋាភិបាល​ដែល​មិន​បាន​ចេញ​មក​ពី​ការបោះឆ្នោត​គាំទ្រ​ដោយ​ប្រជាជន។ បាតុកម្ម​ដ៏​ហិង្សា កាល​ពី​ខែ​មេសា និង​ឧសភា​មុន​នេះ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត​មួយរយ​នាក់ ធ្វើឡើង ក៏​ដើម្បី​ទាមទារ​លោក​អាភីស៊ីត​ចុះចេញ​ពី​តំណែង និង​រៀបចំ​បោះឆ្នោត​ជា​ថ្មី​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ