អានតួអត្ថបទ
ប៉ាគីស្តង់

ក្រុម​តាលីបង់​រំលឹក​រដ្ឋាភិបាល​មិន​ឲ្យ​ទទួល​ជំនួយ​អន្តរជាតិ

ក្រុមតាលីបង់​ក្នុង​ប្រទេស​ប៉ាគីស្តង់​ខំប្រឹង​និយាយ​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ដើម្បី​កុំ​ឲ្យ​ទទួល​យក​ជំនួយ​ពី​ក្រុម​បស្ចិម​ប្រទេស ដែល​សំដៅ​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​បច្ចុប្បន្ន​នេះ។ ក្រុមតាលីបង់​ចោទ​ថា ដោយសារ​អំពើ​ពុករលួយ​របស់​មន្រ្តី​ថ្នាក់​មូលដ្ឋាន ជំនួយ​នឹង​មិន​អាច​បាន​ទៅ​ដល់​ដៃ​របស់​ប្រជាជន​ប៉ាគីស្តង់​ជាង​១៣​លាន​នាក់​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​បច្ចុប្បន្ន​នេះ។ ការវាយប្រហារ​របស់​ក្រុមតាលីបង់​ទៅ​លើ​អង្គកាមនុស្សធម៌​ក៏​ចោទ​ជា​ឧបសគ្គ​មួយ​រារាំង​សកម្មភាព​ផ្តល់​ជំនួយ​ដល់​ជនរងគ្រោះ។

ប្រជាជន​ប៉ាគីស្តង់​ជិត​៧ លាន​ត្រូវការ​ជំនួយ​ជា​បន្ទាន់
ប្រជាជន​ប៉ាគីស្តង់​ជិត​៧ លាន​ត្រូវការ​ជំនួយ​ជា​បន្ទាន់ ©Reuters
ផ្សាយពាណិជ្ជកម្ម

01:49

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ក្រុមតាលីបង់​បាន​វាយប្រហារ​ទៅ​លើ​ក្រុមអង្គការ​មនុស្សធម៌​បរទេស​ដែល​កំពុង​ចុះជួយ​ដល់​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់ និង​បាន​បញ្ជា​ឲ្យ​ពួកគេ​​ចាកចេញ​ពី​ប៉ាគីស្តង់​ជា​បន្ទាន់។ ពួកតាលីបង់​ចោទ​ថា អង្គការទាំងនោះ​​កំពុង​ព្យាយាម​ផ្សព្វផ្សាយ​ឥទ្ធិពល​របស់​លោក​ខាងលិច នៅ​ប៉ាគីស្តង់។

 
ក្រុមតាលីបង់​ដដែល​នេះ​បាន​ខំប្រឹង​និយាយ​បញ្ចុះ​បញ្ចូល កាល​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​ត្រូវ​បែរ​ខ្នង មិន​ទទួល​ជំនួយ​ដើម្បី​ហេតុផល​អធិបតេយ្យ និង​ឯករាជ្យ​របស់​ប្រទេស។ ក្រុមតាលីបង់​ទាមទារ​យ៉ាង​ដូច្នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ប៉ាគីស្តង់​បាន​បន្ត​ស្រែកអំពាវនាវ​ស្វែងរក​ជំនួយ​សម្រាប់​ជនរងគ្រោះ​ដោយ​ទឹក​ជំនន់។

ចាប់តាំង​ពី​ទឹកភ្លៀង​មូសុង​ដែល​បង្ក​ជា​ទឹកជំនន់​មក ស្ថានភាព​អាក្រក់​ខាងផ្នែក​សុខភាព គ្រោះទុរភិក្ស​មាន​សភាព​ធ្ងន់ធ្ងរ​ហួស​ពី​សមត្ថភាព​របស់​រដ្ឋាភិបាល។ ក្នុង​ជំនួយ​សម្រាប់​ប្រជាជន​ប៉ាគីស្តង់ អង់គ្លេស​បាន​ប្រកាស​ផ្តល់​ជំនួយ ១២​លាន​ផោន ចំណែក​អាមេរិក​សម្រេច​ផ្តល់​២០​លាន​ដុល្លារ។

រហូត​មក​ដល់​ថ្ងៃ​នេះ គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​របស់​រដ្ឋាភិបាល​ប៉ាគីស្តង់​ទៅ​នឹង​ការអំពាវនាវ​របស់​ក្រុម​តាលីបង់​នៅ​ឡើយ​ទេ។ ប្រធានាធិបតី​ប៉ាគីស្តង់​ខ្លួន​ឯង​កំពុង​រងការរិះគន់​ខ្លាំង ដោយសារ​តែ​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ទស្សនកិច្ច​ក្រៅ​ប្រទេស ជាជាង​ស្ថិតនៅ​​ក្នុង​ប្រទេស និង​ជួយ​ប្រជាជន​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​ដ៏​អាក្រក់​មិន​ធា្លប់​មាន​ក្នុង​រយៈពេល​៨០​ឆ្នាំ​ចុងក្រោយ​នេះ។

ជាមួយ​នឹង​ការលើកទឹកចិត្ត​រដ្ឋាភិបាល​មិន​ឲ្យ​ទទួល​ជំនួយ​បរទេស សកម្មជន​របស់​ក្រុម​អ៊ីស្លាម​និយម​ជ្រុល​ដែល​មាន​ជាប់​ទាក់ទង​នឹង​ចលនា​របស់​តាលីបង់ និង​អាល់កៃដា កំពុង​មាន​សកម្មភាព​យ៉ាងផុសផុល នៅ​តាម​ខេត្ត​ដែល​រងគ្រោះ​ខ្លាំង​ដោយ​ទឹកជំនន់។ សកម្មជន​របស់​អង្គការ​ទាំងនេះ​ត្រូវ​ពង្រាយ​នៅ​ស្ទើរ​គ្រប់ខេត្ត ជា​ពិសេស​ខេត្ត​ដែល​នៅ​ជាប់​ព្រំប្រទល់​ជាមួយ​អាហ្វហ្កានិស្តង់។

អង្គការ​អ៊ីស្លាម​ធំៗ​បី​ ​កំពុង​ស្វែងរកប្រជាប្រិយភាព​របស់​ខ្លួន​ដោយ​ផ្តល់​ជំនួយ​ជា​អាហារ ទឹក ការសាងសង់​ស្ពាន​ដើម្បី​សង្រ្គោះ​ប្រជាជន។ អង្គការ​ស្តាំ​និយម​ទាំងនោះ គឺ Jamaat-e-Islami Jamaat-ud-Dawa Sipah-e-Sahaba ជា​អង្គការ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន និង គាំទ្រ​ចង់​ឲ្យ​មាន​ការផ្សះផ្សា​ជាមួយក្រុមតាលីបង់។

ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា រាល់​ពេល​ដែល​ប្រទេស​កំពុង​ជួប​គ្រោះ​ទុរភិក្ស និង​ពេល​ដែល​ដ្ឋាភិបាល​ខ្ជីខ្ជា​មិន​ផ្តល់​ជំនួយ​ដល់​ប្រជាជន​រងគ្រោះ ក្រុម​អ៊ីស្លាម​និយម​តែងតែ​ឆ្លៀត​កេងចំណេញ​ពេល​អត្តខាត់​នេះ​ដើម្បី​អូសទាញ​ទឹកចិត្ត​ប្រជាជន តាមរយៈ​ការផ្តល់ជំនួយ​ចាំបាច់​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ