អានតួអត្ថបទ
FMI

វិបត្តិ​សេដ្ឋកិច្ច​សកល​ពង្រឹង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​កញ្ញា​ម្សិលមិញ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ថាFMI ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​Washington សហរដ្ឋអាមេរិក បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តី​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ពិភពលោក។ របាយការណ៍​នោះ​បាន​គូស​បញ្ជាក់​ជា​អាទិ៍​ថា ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​បាន​ក្រឡាប់​ចាក់​ខ្លាំង ពីរ​ឆ្នាំ​ក្រោយ​ការ​ផ្តើម​ឡើង​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល ពីព្រោះ​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ​ជា​អ្នក​ឈ្នះ រីឯ​សេដ្ឋកិច្ច​លូតលាស់​ជា​អ្នក​ចាញ់។

Dominique Strausse-Kahn អគ្គនាយក​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិហៅ​កាត់ថា FMI
Dominique Strausse-Kahn អគ្គនាយក​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិហៅ​កាត់ថា FMI ©Reuters
ផ្សាយពាណិជ្ជកម្ម

05:39

បទ​វិភាគ​របស់​ហ្សង់ ហ្រ្វង់ស័រ តាន់

សម្រាប់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI វិបត្តិ​សេដ្ឋកិច្ច​សកល នា​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ផ្លាស់ប្តូរ​មុខមាត់​សេដ្ឋកិច្ច​របស់​ពិភពលោក។ ពីព្រោះ​វា​បាន និង​កំពុង​បន្ត​ពន្លឿន​ការ​លេច​ត្រដែត​ឡើង​នៃ​បណ្តា​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ ក្នុង​នោះ​មាន​ជាអាទិ៍ ក្រុម​បណ្តា​ប្រទេស​ដែល​គេ​ប្រសិទ្ធនាម​ឲ្យ​ថា Bric គឺ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និង​ចិន និង​ពីព្រោះ​វា​បាន និង​កំពុង​បន្ត​ធ្វើ​ឲ្យ​បណ្តា​សេដ្ឋកិច្ច​លូតលាស់ ជាពិសេស​សេដ្ឋកិច្ច​នៅ​បស្ចិម​លោក បាក់​កម្លាំង​ខ្លាំង។ ជាក់ស្តែង បើ​យោង​ទៅ​តាម​FMI កាល​ពី​ឆ្នាំ​ទៅ​មិញ​២០០៩ បណ្តា​ប្រទេស​ជឿនលឿន​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន គឺ​៣,២​ភាគ​រយ​ក្រោម​សូន្យ នៅ​ពេល​ដែល​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ កើន​បាន​២,៥​ភាគរយ។ រីឯ​នៅ​ឆ្នាំ​២០១០​នេះ​វិញ កំណើន​សេដ្ឋកិច្ច​នឹង​នៅ​តែ​ខុស​គ្នា​ខ្លាំង​ត​ទៅ​ទៀត រវាង​ពិភព​ទាំង​ពីរ គឺ​ប្រមាណ​តែ​២,៦​ភាគ​រយ​ប៉ុណ្ណោះ សម្រាប់​បណ្តា​ប្រទេស​ជឿនលឿន និង​រហូត​ដល់​ទៅ​៦,៨​ភាគ​រយ សម្រាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ។



FMI ក៏​បាន​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ដែរ នូវ​ចំណុច​ខ្សោយ​មួយ​ចំនួន​របស់​បណ្តា​សេដ្ឋកិច្ច​ជឿនលឿន ចំណុច​ខ្សោយ​ដែល​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ទាំង​អស់​នោះ លង់​ខ្លួន​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​សកល និង​នៅ​តែ​ចេញ​មិន​ទាន់​រួច​ពី​វិបត្តិ​ទៀត នៅ​ពេល​នេះ។ សម្រាប់​FMI សេដ្ឋកិច្ច​របស់​ប្រទេស​អឺរ៉ុប​ខ្លះ ពឹងពាក់​ខ្លាំង​ពេក​ទៅ​លើ​វិស័យ​តែ​មួយ ឬ​ពីរ​និង​ខ្វះ​ការប្រកួត​ប្រជែង។ ឧទាហរណ៍ សេដ្ឋកិច្ច​អេស្ប៉ាញ​អាស្រ័យ ជាពិសេស នឹង​វិស័យ​អចលនទ្រព្យ រីឯ​សេដ្ឋកិច្ច​ក្រិក(Grèce)វិញ ខ្វះការ​ប្រកួត​ប្រជែង ជាហេតុ​ធ្វើ​ឲ្យ​ប្រទេស​នេះ​នាំ​ទំនិញ​ទៅ​ក្រៅ​មិន​កើត។

ចំណុច​ខ្សោយ​មួយ​ទៀត​របស់​បណ្តា​សេដ្ឋកិច្ច​ជឿនលឿន គឺ​ទំហំ​ធំ​ជ្រុល​នៃ​ប្រាក់​បំណុល​សាធារណៈ។ បំណុល​របស់​បណ្តា​ប្រទេស​អឺរ៉ុប ក៏​ដូច​បំណុល​របស់​សហរដ្ឋអាមេរិក​ដែរ មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម តាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល ពីព្រោះ​ពួក​ប្រទេស​ទាំង​នេះ បាន​ខ្ចី​លុយ​រាប់​ពាន់​លាន​ដុល្លារ​ជា​បន្ថែម ពី​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​ដើម្បី​យក​មក​តុបតែង​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច។

ម៉្លោះ​ហើយ​បាន​ជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI អំពាវនាវ​ឲ្យ​បណ្តា​សេដ្ឋកិច្ច​លូតលាស់ ប្រញាប់​ធ្វើ​ឲ្យ​មាន​តុល្យភាព​ល្អ​ឡើង​វិញ រវាង​ប្រាក់​ចំណូល និង​ប្រាក់​ចំណាយ​របស់​រដ្ឋ តាមរយៈ​កំណែ​ទម្រង់​ប្រព័ន្ធ​ចូល​និវត្តន៍ កំណែ​ទម្រង់​ទីផ្សារ​ការងារ ។ល។និង។ល។

ចំពោះ​ករណី​សេដ្ឋកិច្ច​អាមេរិក​វិញ FMI កត់​សម្គាល់​ឃើញ​ថា វា​នៅ​តែ​ពិបាក​ងើប​ក្បាល​ចេញ​ឲ្យ​ផុត ពី​វិបត្តិ​សេដ្ឋកិច្ច​សកល។ មូលហេតុ​ធំ គឺ​មក​អំពី​ការ​ទិញ​ដូរ​គ្រឿង​ឧបភោគ​បរិភោគ នៅ​លើ​ទីផ្សារ​ផ្ទៃ​ក្នុង​អាមេរិក ស្ទុះ​មិន​រួច​ទាល់​តែ​សោះ ពីព្រោះ​ជា​ទូទៅ ក្រុមគ្រួសារ​អាមេរិក​ដែល​ជំពាក់​លុយ​ធនាគារ​ច្រើន​ពេក មិន​ហ៊ាន​ចាយវាយ។

 

 

សម្រាប់​FMI សេដ្ឋកិច្ច​ចិន​ចេញ​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ហើយ 
សម្រាប់​FMI ចំហាយ​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល​ទៅ​លើ​ប្រទេស​ចិន គឺ​ដូច​ចាក​ទឹក​ទៅ​លើ​ក្បាល​ទា​អ៊ីចឹង បាន​ន័យ​ថា ចិន​ហាក់បី​ដូច​ជា​គ្មាន​ទទួល​រង​ផល​ប៉ះពាល់​អ្វី​ទាំង​អស់។ គួរ​និយាយ​ថា ចិន​បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​ពីរ ក្រោយ​ពី​បាន​វ៉ា​ឈ្នះ​ជប៉ុន កន្លង​ទៅ​ថ្មីៗ​នេះ។ ជា​ការពិត​ណាស់​ដែល​ថា វិបត្តិ​សេដ្ឋកិច្ច​សកល បាន​ធ្វើឲ្យ​ការនាំ​ទំនិញ​ចិន​ទៅ​ក្រៅ​ធ្លាក់​ចុះ​ខ្លាំង ប៉ុន្តែ​ថ្នាក់​ដឹកនាំ​ចិន​បាន​រហ័ស​រហួន​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ជាអាទិ៍ តាមរយៈ​ការជម្រុញ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ទិញ​ដូរ​គ្រឿង​ឧបភោគ​បរិភោគ នៅ​លើ​ទី​ផ្សារ​ផ្ទៃ​ក្នុង។

មិន​តែ​ប៉ុណ្ណោះ ថ្នាក់​ដឹក​នាំ​ចិន ក៏​បាន​ឆ្លៀត​ធ្វើ​វិនិយោគ​សាធារណៈ តាមរយៈ​ការសាង​សង់​ផ្លូវ និង​ស្ពាន ព្រម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ក្នុង​គោលដៅ​តភ្ជាប់​តំបន់​ដាច់​ស្រយ៉ាល​ទៅ​ទី​ជនបទ និង​ធ្វើ​ឲ្យ​មាន​តុល្យភាព​សេដ្ឋកិច្ច​ល្អ​ជាង​មុន រវាង​តំបន់​ក្រីក្រ​នៅ​ខាង​ក្នុង​ឯណោះ និង​តំបន់​ជាប់​សមុទ្រ​នៅ​ខាង​ក្រៅ​ឯ​ណោះ។

ករណី​ប្រទេស​ប្រេស៊ីល​ក៏​ស្រដៀង​គ្នា​នឹង​ករណី​ប្រទេស​ចិន​ដែរ។ ប្រធានាធិបតី​លុយឡា(Lula) បាន​ឆ្លៀត​ទាក់ទាញ​មូលធន​បរទេស យក​មក​ធ្វើ​វិនិយោគ​នៅ​លើ​វិស័យ​សង្គម ក្នុង​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ក្នុង​គោលដៅ​បង្កើត​ការងារ។ នៅ​ឆ្នាំ​២០១០​នេះ ប្រេស៊ីល​របស់​លុយឡា​បង្កើត​បាន​ការងារ​ចំនួន​២​លាន​កន្លែង។

យ៉ាងណា​មិញ ភាព​ក្រឡាប់​ចាក់​មួយ​ទៀត​ដែល​ជា​ផលវិបាក​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល គឺ​ពី​អំណើះ​ត​ទៅ​ក្រុម​បណ្តា​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ ជា​អ្នកអូសទាញ​សេដ្ឋកិច្ច​ពិភពលោក វិញ​ម្តង។ សម្រាប់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ធំៗ កំពុង​ក្លាយ​ជា​ក្បាល​រទេះភ្លើង​សេដ្ឋកិច្ច​របស់​ពិភពលោក។ ហេតុអ្វី?

មូលហេតុ​ទី​មួយ គឺ​មក​អំពី​អំណាច​ទិញ​របស់​ប្រជាជន​ចិន​ឬ របស់​ប្រជាជន​ប្រេស៊ីល​កើន​ឡើង​ជា​លំដាប់។ ប្រការ​នេះ អនុញ្ញាត​ឲ្យ​ពួក​គេ​ទិញ​ផលិតផល​របស់​អឺរ៉ុប​និង​របស់​អាមេរិក​មក​ប្រើ​ប្រាស់។ និយាយ​បែប​ផ្សេង ទីផ្សារ​ផ្ទៃ​ក្នុង​ដ៏​ធំ​របស់​ចិន​ឬ​របស់​ប្រេស៊ីល កំពុង​ក្លាយ​បណ្តើរៗ​ទៅ​ជា​ទីផ្សារ​សម្រាប់​ផលិតផល​របស់​បណ្តា​សេដ្ឋកិច្ច​លូតលាស់​បស្ចិមលោក។

រីឯ​មូលហេតុ​ទី​ពីរ គឺ​ចិន ប្រេស៊ីល ឬឥណ្ឌា ដែល​ត្រូវការ​ថាមពល​ច្រើន​ឡើងៗ ដើម្បី​យក​មក​បំប៉ន​ការ​ស្រេកឃ្លាន​នៃ​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ពួក​គេ ក៏​បាន និង​កំពុង​បង្កើន​ការដោះដូរ​ជា​មួយ​បណ្តា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​តិចតួច​ដែរ។ ជាក់ស្តែង ការ​ដែល​ចិន​ទិញ​ប្រេងកាត ពី​ភូមិភាគ​ដើមបូព៌ា ពី​អាមេរិក​ខាងត្បូង ពី​អាស៊ី​កណ្តាល គឺ​ជា​ទង្វើ​ដែល​អនុញ្ញាត​ឲ្យ​បណ្តា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិច​តួច​នៅ​ឡើយ ស្រូប​យក​បាន​ប្រាក់​ចំណូល​មិន​តិច​ទេ ជា​ពិសេស នៅ​ក្នុង​ពេល​មួយ​ដែល​តម្លៃ​វត្ថុធាត​ដើម​កំពុង​កើន​ឡើង​ខ្ពស់​នៅ​លើ​ទីផ្សារ​អន្តរជាតិ៕    

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ