អានតួអត្ថបទ
ឥណ្ឌា

លោកអូបាម៉ា​គាំទ្រ​ឥណ្ឌា​ក្នុងការ​ទាមទារ​អាសនៈ​​សមាជិក​អចិន្ត្រៃយ៍​នៃ អ.ស.ប​

លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ដែល​បាន​ធ្វើការ​គាំទ្រ​នៅ​ ថ្ងៃច័ន្ទ​ទី៨​វិច្ឆិកា​ឆ្នាំ២០១០​​ ​ ការ​ទាមទារ​កៅអី​សមាជិក​អចិន្ត្រៃយ៍​នៃ​អង្គការ​សហប្រជាជាតិ​ដោយ​ប្រទេស​ ឥណ្ឌា​​ បាន​ថ្លែង​បញ្ជាក់​ថា​ ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំជាងគេ​ក្នុងលោក​ត្រូវតែ​មាន​តួនាទី​ ”​ស្របច្បាប់​”​របស់​ខ្លួន​នៅ​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​ពិភពលោក។ 

លោក​នាយក​​រដ្ឋមន្ត្រី​​ឥណ្ឌា ​​Manmohan Singh ​​និង​​ លោកប្រធានាធិបតី​​​អាមេរិក​​​​អូបាម៉ា​​​នៅថ្ងៃទី​៨វិច្ឆិកា​​ឆ្នាំ២០១០​
លោក​នាយក​​រដ្ឋមន្ត្រី​​ឥណ្ឌា ​​Manmohan Singh ​​និង​​ លោកប្រធានាធិបតី​​​អាមេរិក​​​​អូបាម៉ា​​​នៅថ្ងៃទី​៨វិច្ឆិកា​​ឆ្នាំ២០១០​ © REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

04:52

បទវិភាគរបស់​ សៀក សារិន

ក្រុម​ប្រឹក្សា​សន្តិសុខ​គឺជា​ស្ថាប័ន​មួយ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ។​ រាល់​សេចក្តី​សម្រេច​ចិត្ត​សំខាន់ៗ​នៃ​អ ស ប ​ដែល​សម្រេច​បាន​គឺ​ចេញពី​ស្ថាប័ន​មួយនេះ។​ ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ ស ប ​មាន​សមាជិក​អចិន្ត្រៃយ៍​ទាំងអស់​ប្រាំ​ប្រទេស​ដែល​មាន​សិទ្ធិ​veto ​ ​ បាន​សេចក្តីថា​ ​ បើ​ប្រសិនជា​មាន​ការ​ប្រឆាំង​ជំទាស់​ពី​សំណាក់​ប្រទេស​ណាមួយ​ក្នុង​ចំណោម​ប្រទេស​ទាំងប្រាំ​ដែលជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ ​ នោះ​សេចក្តី​សម្រេច​ចិត្ត​របស់​អ ស ប ​ពុំ​អាច​ចេញ​រួច​ឡើយ។​ ប្រទេស​ទាំងប្រាំ​ដែលជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​មាន៖​ សហរដ្ឋ​អាមេរិក​ ប្រទេសចិន​ ប្រទេស​បារាំង​ ប្រទេស​រុស្ស៊ី​ និង​ប្រទេស​អង់គ្លេស។​ ហើយ​នៅ​មាន​សមាជិក​១០ប្រទេស​ទៀត​ជា​សមាជិក​”​មិន​អចិន្ត្រៃយ៍​”​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​ដែល​បាន​ត្រូវ​គេ​ជ្រើសតាំង​ឡើង​ក្រោយ​ពី​មាន​ការបោះឆ្នោត។

 
ដោយ​យល់ពី​សារៈសំខាន់​នៃ​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​ជា​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ដែល​បាន​គាំទ្រ​ការ​ទាមទារ​កៅអី​សមាជិក​អចិន្ត្រៃយ៍​នៃ​អង្គការ​សហប្រជាជាតិ​ដោយ​ប្រទេស​ឥណ្ឌា​​ បាន​ថ្លែង​បញ្ជាក់​ថា​ ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំជាងគេ​ក្នុងលោក​ត្រូវតែ​មាន​តួនាទី​”​ស្របច្បាប់​”​របស់​ខ្លួន​នៅ​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​ពិភពលោក។

គួរកត់​សម្គាល់ថា​ ​ ការធ្វើ​កំណែ​ទម្រង់​ទៅលើ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ ស ប ត្រូវ​ការ​ពេល​វេលា​ដល់ទៅ​រាប់ឆ្នាំ។​ ប្រទេស​ឥណ្ឌា​ដែល​ទើបនឹង​ទទួល​បាន​នូវ​អាសនៈ​ជា​សមាជិក​”​មិន​អចិន្ត្រៃយ៍​”​នៃ​ ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ ស ប​កាលពី​ខែតុលា​កន្លងទៅ​ ​ នៅរង់ចាំ​ការទទួល​ស្គាល់​ធំធេង​ជាងនេះ​ទៀត​ពី​សំណាក់​សហគមន៍​អន្តរជាតិ។

ក្រៅពីនេះ​ លោក​អូបាម៉ា​បាន​បន្ទោស​ប្រទេស​ឥណ្ឌា​ថា​ ​ ទីក្រុង​ញីវដែលី​នៅ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ​ ពុំចេញ​ស្តី​អ្វី​ទាំងអស់​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ភូមា។​ សម្រាប់​លោកប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​៖​”​បញ្ចេញ​សំឡេង​និយាយ​ជំនួស​អ្នក​ដែល​គ្មាន​លទ្ធភាព​និយាយ​ចេញ​ស្ដី​ ​ ពុំមែន​ជា​ការ​ជ្រៀត​ជ្រែក​ចូល​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ជិត​ខាង​​ឡើយ​ ​ ហើយ​វា​ក៏​ពុំ​មែន​ផងដែរ​ជា​ការ​រំលោភ​លើ​សិទ្ធិ​នៃ​ប្រទេស​អធិបតេយ្យ​”​។

លោក​អូបាម៉ា​បន្ត​ថ្លែង​បញ្ជាក់ថា​ ​ “​នៅខណៈ​ដែល​ចលនា​ប្រជាធិបតេយ្យ​សន្តិភាព​បាន​ត្រូវ​គេ​ជាន់ឈ្លី​លុប​ចោល​ដូច​នៅ​ប្រទេស​ភូមា​ ​ អ្នក​ដែល​ស្រឡាញ់​និង​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុងលោក​ ពុំ​ត្រូវ​នៅ​ស្ងៀម​ស្ងាត់​ឈរ​ឱបដៃ​នៅ​ព្រងើយ​កន្តើយ​បាន​ឡើយ​”។

ទីក្រុង​វ៉ាស៊ីនតោន​ដែល​ធ្វើការ​គាំទ្រ​ឥណ្ឌា​បែបនេះ​ ​ ពិតជា​មាន​បំណង​ចង់យក​ទម្ងន់​សេដ្ឋកិច្ច​និង​ទម្ងន់​ក្នុង​វិស័យ​ការទូត​ឥណ្ឌា​មក​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេសចិន​ដែល​មាន​កាន់តែ​ខ្លាំងឡើងៗ។

ការថ្លែង​សរសើរ​ប្រទេស​ឥណ្ឌា​ដោយ​សហរដ្ឋ​អាមេរិក​នៅពេល​នេះ​ ​ ធ្លាក់​ចំពេល​ដែល​កំណើន​សេដ្ឋកិច្ច​ឥណ្ឌា​មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា​ ក្នុង​ខណៈដែល​ប្រទេស​លោក​ខាងលិច​និង​ពិភពលោក​ទាំងមូល​កំពុង​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ។

គួរកត់​សម្គាល់ថា​ ​ នាឱកាស​ទស្សនកិច្ច​របស់​លោក​អូបាម៉ា​នៅ​ប្រទេស​ឥណ្ឌានេះ​ ​ សហរដ្ឋ​អាមេរិក​សម្រេច​បាន​ជាមួយ​ឥណ្ឌា​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​​១០ពាន់លាន​ដុល្លារ​ដែល​អាច​ជួយ​ឲ្យ​អាមេរិក​បង្កើត​បាន​ការងារ​ប្រមាណ​៥០ ០០០​កន្លែង​ឲ្យ​ប្រជាជន​របស់​ខ្លួន។

លោក​អូបាម៉ា​ពុំ​ភ្លេច​គូស​បញ្ជាក់​ឡើយថា​ ​ “​ដៃគូ​ពាណិជ្ជកម្ម​និង​ដៃគូ​យុទ្ធសាស្ត្រ​អាមេរិក-ឥណ្ឌា​គឺ​ជា​ដៃគូ​ដ៏សែន​សំខាន់​មួយ​នៅ​សតវត្សរ៍​ទី២១នេះ។​ ហើយ​ប្រទេស​ទាំងពីរ​ដែល​ជា​មហា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ធំជាង​គេ​ក្នុង​លោក​ត្រូវតែ​ជួយ​ជំរុញ​និង​រក្សា​ឲ្យ​មាន​នៅ​លើ​ពិភពលោក​ទាំងមូល​នូវ​ ​ សុខ​សន្តិភាព​ ​ស្ថិរភាព​ ​ និង​វឌ្ឍនភាព៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ