អានតួអត្ថបទ
យេមែន

មហាបាតុកម្ម​ទាមទារ​ឲ្យប្តូររប​ប​គ្រប់គ្រង​នៅប្រទេស​យេមែន​

បាតុករ​យេមែន​រាប់ម៉ឺននាក់​ដែល​ជាអ្នក​គាំទ្រ​បក្ស​ប្រឆាំង​បាន​នាំគ្នា​ចុះថ្នល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៣កុម្ភៈឆ្នាំ២០១១​នៅ​ទីក្រុង​Sanaa ដើម្បី​សម្តែង​ការ​ប្រឆាំង​ទាមទារ​ឲ្យ​ប្តូរ​របបគ្រប់គ្រង​នៅ​ប្រទេស​យេមែន​ ​ ទោះបីជា​ប្រធានាធិបតី​យេមែន​Ali Abdallah Saleh ដែល​បាន​កាន់កាប់​អំណាច​អស់​រយៈពេល​៣២ឆ្នាំ​ហើយ​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ សំខាន់​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ អាល់កៃដា​បាន​ប្រកាស​ទទួល​យល់ព្រម​ធ្វើ​សម្បទាន​ក្រោម​សម្ពាធ​របស់​បាតុករ​រួចហើយក្តី។ 

បាតុករ​យេមែន​​រាប់ម៉ឺននាក់​​ដែល​ជាអ្នក​គាំទ្រ​​បក្ស​ប្រឆាំង​​បាន​នាំគ្នា​​ចុះថ្នល់​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ទី៣កុម្ភៈ​ឆ្នាំ២០១១​​នៅ​ទីក្រុង​​Sanaa
បាតុករ​យេមែន​​រាប់ម៉ឺននាក់​​ដែល​ជាអ្នក​គាំទ្រ​​បក្ស​ប្រឆាំង​​បាន​នាំគ្នា​​ចុះថ្នល់​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ទី៣កុម្ភៈ​ឆ្នាំ២០១១​​នៅ​ទីក្រុង​​Sanaa © Reuters/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

02:13

សេចក្តីរាយការណ៍របស់​ សៀក សារិន

លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​គាំទ្រ​កំណែ​ទម្រង់​ដែល​បាន​ធ្វើ​នៅ​ប្រទេស​យេមែន។​ ក៏​ប៉ុន្តែ​អ្នកដឹកនាំ​អាមេរិក​ក៏​បាន​ផងដែរ​អំពាវនាវ​កុំឲ្យ​អាជ្ញាធរ​​យេមែន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ក្រុមបាតុករ​ដែល​ទាមទារ​ឲ្យ​ប្តូរ​របប​គ្រប់គ្រង​ដោយ​សន្តិវិធី។

 
ចំណែកឯ​វាគ្មិន​នៃ​សម្ព័ន្ធ​រួបរួម​បក្ស​ប្រឆាំង​យេមែន​បាន​ប្រកាស​ក្តែងៗ​នៅ​ចំពោះមុខ​បាតុករ​ប្រមាណ​១០០ ០០០នាក់​ថា​ “​ ពួកយើង​នឹង​បន្ត​ធ្វើការ​ប្រយុទ្ធ​តស៊ូ​ដោយ​សន្តិវិធី​លុះត្រា​តែ​របប​គ្រប់គ្រង​ដ៏​ពុករលួយ​នេះ​ធ្លាក់​ដួលរលំ”​ ។

គួរកត់​សម្គាល់ថា​ ​ នេះ​ជាលើក​ទីមួយ​ហើយ​ដែល​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី​យេមែន​Ali Abdallah Saleh ដែល​បាន​កាន់កាប់​អំណាច​អស់​រយៈពេល​៣២ឆ្នាំ​បាន​ពើបជួប​នឹង​មហា​បាតុកម្ម​ដ៏​សែន​ធំធេង​បែបនេះ។

រីឯ​គណបក្ស​កាន់អំណាច​យេមែន​បច្ចុប្បន្ន​ពោលគឺ​បក្ស​សមាជ​ប្រជាជន​ទូទៅ(Congrès populaire général)​ក៏​បាន​រៀបចំ​ធ្វើ​បាតុកម្ម​គាំទ្រ​ប្រធានាធិបតី​ Ali Abdallah Saleh ​ក្រោយពី​Ali Abdallah Saleh​បាន​ប្រកាស​សម្រេច​ចិត្ត​នៅ​ថ្ងៃពុធ​ទី២​កុម្ភៈ​ថា​ នឹង​ពុំ​បន្ត​អាណត្តិ​ប្រធានា​ធិបតី​ថ្មី​ទៀតឡើយ​ ​ អាណត្តិ​ប្រធានាធិបតី​បច្ចុប្បន្ន​របស់​ Ali Abdallah Saleh​ដែល​នឹង​ត្រូវ​បញ្ចប់​​នៅ​ឆ្នាំ២០១៣។​ ហើយ​បន្ថែម​ពីលើនេះ​ Ali Abdallah Saleh​ក៏​បាន​ថ្លែង​បញ្ជាក់​ផង​ដែរ​ថា​ ខ្លួន​ពុំ​សាង​ផ្ទេរ​អំណាច​ឲ្យ​កូនប្រុស​ឈ្មោះ​Ahmed ឡើយ។

ប្រធានាធិបតី​ Ali Abdallah Saleh​បាន​អំពាវនាវ​ឲ្យ​បក្ស​ប្រឆាំង​យេមែន​ឈប់​ធ្វើ​បាតុកម្ម​ហើយ​ងាក​មករក​តុចរចា​វិញ។​ ក៏​ប៉ុន្តែ​បក្ស​ប្រឆាំង​យេមែន​ដែល​បាន​ឃើញ​ចលនា​តស៊ូ​ប្រយុទ្ធ​ដោយ​សន្តិវិធី​របស់​ប្រជាជន​ទុយនីស៊ី​និង​អេហ្ស៊ីព្ទ​ទទួល​បាន​ជោគជ័យ​ ពូកគេ​បាន​សម្រេច​បន្ត​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ដោយ​សន្តិវិធី​លុះត្រាតែ​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី​យេមែន​ Ali Abdallah Saleh ដួល​រលំ។

សូមរំលឹកថា​ ​ ចលនា​បះបោរ​ប្រយុទ្ធ​តស៊ូ​ទាមទារ​រក​យុត្តិធម៌​បាន​ចាប់​ផ្តើម​កើតមាន​នៅ​ប្រទេស​ទុយនីស៊ី​ ​ ​បន្ត​កើតមាន​បច្ចុប្បន្ន​នេះ​នៅ​ប្រទេស​អេហ្ស៊ីព្ទ​ ​ បាន​រាលដាល​ដល់​ប្រទេស​យេមែន​ ​ ហើយ​នឹង​អាច​ឆ្លង​រីក​រាលដាល​ដល់​ប្រទេស​ហ្សកដានី​ ប្រទេស​ស៊ីរី​ ​ប្រទេសស៊ូដង់​ ប្រទេស​អាល់ហ្សេរី​ ឬ​រីករាលដាល​ដល់​ប្រទេស​នៃ​ពិភពអារ៉ាប់​ទាំងមូល៕

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ