អានតួអត្ថបទ
វៀតណាម

ការបញ្ចុះថ្លៃ​ប្រាក់ដុង​វៀតណាម​ជាលើកទី៤​ក្នុងរយៈពេល​១៥ខែ​

ធនាគារ​កណ្តាល​វៀតណាម​បាន​ធ្វើ​ការ​បញ្ចុះ​ថ្លៃ​ប្រាក់​ដុង​ជាង៩%​នៅ​ថ្ងៃសុក្រ​ទី១១​កុម្ភៈ​ឆ្នាំ២០១១​នេះ។​ ការ​បញ្ចុះ​ថ្លៃ​ប្រាក់​ដុង​វៀតណាម​នេះ​ជា​ការ​បញ្ចុះថ្លៃ​លើកទី៤​ហើយ​ក្នុង​រយៈពេល​តែ​១៥ខែ​ប៉ុណ្ណោះ​ ​ នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​រូបិយវត្ថុ​ឋិត​នៅ​ក្រោម​សម្ពាធ​អតិផរណា​និង​ក្រោម​សម្ពាធ​ឧនភាព​ពាណិជ្ជកម្ម។

ប្រាក់​ដុង​​វៀតណាម​​ចុះថ្លៃ​​​ជាង៩%​​នៅ​ថ្ងៃសុក្រ​​ទី១១ ​​កុម្ភៈ ​​ឆ្នាំ២០១១​​
ប្រាក់​ដុង​​វៀតណាម​​ចុះថ្លៃ​​​ជាង៩%​​នៅ​ថ្ងៃសុក្រ​​ទី១១ ​​កុម្ភៈ ​​ឆ្នាំ២០១១​​ © Reuters
ផ្សាយពាណិជ្ជកម្ម

02:25

សេចក្តីរាយការណ៍របស់​ សៀក សារិន

អត្រា​អន្តរធនាគារ​រវាង​ប្រាក់ដុង​វៀតណាម​និង​ប្រាក់ដុល្លារ​អាមេរិក​បាន​ត្រូវ​កែ​ប្រែ​ឲ្យ​ចុះថ្លៃ​អស់​​៩,៣%​នៅ​ថ្ងៃសុក្រ​ទី១១​កុម្ភ៖​នេះ​​ ​ ពោលគឺ​ក្នុង​១ដុល្លារ​អាមេរិក​អាចដូរបាន​២០ ៦៩៣ដុង​ទល់នឹង​១៨ ៩៣២ដុង​នៅពេលមុន។

 
ក្នុង​ខណៈដែល​រូបិយវត្ថុ​នៃ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​បាន​ស្គាល់​ការ​ឡើង​ថ្លៃ​នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០១០​ ដោយ​ហេតុ​តែ​មាន​ការ​ហូរ​ចូល​យ៉ាង​ច្រើន​មហិមា​នៃ​ប្រាក់​មូលធន​បរទេស។​ ប្រាក់​ដុង​វៀតណាម​ឯណេះវិញ​ បែរ​ជា​ស្គាល់​ការ​ធ្លាក់​ស្រុត​ចុះ​ថ្លៃ​ពុំ​ឈប់​ឈរ។​ មុន​ថ្ងៃសុក្រ​ទី១១​កុម្ភៈ​នេះ​ ធនាគារ​កណ្តាល​វៀតណាម​ធ្លាប់បាន​បញ្ចុះ​ថ្លៃ​ប្រាក់ដុង​៣លើក​រួច​ទៅហើយ៖
-លើកទី១​នៅ​ខែវិច្ឆិកា​ឆ្នាំ២០០៩។
-លើកទី២​នៅខែកុម្ភៈ​ឆ្នាំ២០១០។
-និងលើកទី៣​នៅខែ​សីហា​ឆ្នាំ២០១០។

គោល​បំណង​នៃ​ការ​បញ្ចុះ​ថ្លៃ​ប្រាក់ដុង​ដោយ​ធនាគារ​កណ្តាល​វៀតណាម​នេះ​គឺ​ធ្វើឡើង​ដើម្បី​ជួយ​កាត់​បន្ថយ​ឧនភាព​ជញ្ជីង​ពាណិជ្ជកម្ម​ ហើយនិង​ដើម្បី​គាំទ្រ​នយោបាយ​រូបិយវត្ថុ​វៀត​ណាម​​ឲ្យ​មាន​ភាព​សកម្ម​និង​មាន​ភាព​ទន់ភ្លន់​ជាងមុន។​ នេះ​បើយោងតាម​សេចក្តី​ប្រកាស​របស់​ធនាគារ​កណ្តាល​វៀតណាម។

គួរកត់​សម្គាល់ថា​ ​ អត្រា​អតិផរណា​នៃ​ប្រទេស​វៀតណាម​នៅ​ខែមករា​កន្លងទៅនេះ​កើន​ឡើង​១២,៧%​ក្នុង១ឆ្នាំ។​ ចំណែកឯ​ឧនភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​វិញ​​មាន​ដល់ទៅ​មួយពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ខែមករា​ឆ្នាំ២០១១។

ទោះបីជា​សេដ្ឋកិច្ច​វៀតណាម​មាន​កំណើន​ខ្លាំងក្លា​ជាច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ​ ​ ហើយ​នៅ​ឆ្នាំ២០១០​កន្លងទៅ​ប្រទេស​វៀតណាម​មាន​កំណើន​សេដ្ឋកិច្ច​៦,៨%​ ​ ក៏​ប៉ុន្តែ​អ្នក​ជំនាញការ​អន្តរជាតិ​បាន​ព្រមាន​ថា​ ​ កំណើន​សេដ្ឋកិច្ច​វៀតណាម​អាច​ជួប​នឹង​ឧបសគ្គ​បើ​ប្រសិន​ជា​អ្នកដឹកនាំ​វៀតណាម​ពុំ​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ​ហើយនិង​បញ្ហា​ភាព​ទន់​ខ្សោយ​នៃ​រូបិយវត្ថុ​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ។

សូម​បញ្ជាក់ថា​ ​ ទីភ្នាក់ងារ​វិភាគ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈ្មោះ​Moody’s និង​Standard&Poor’s​បាន​នាំគ្នា​ធ្វើការ​បញ្ចុះ​កំណត់​ពិន្ទុ​ទៅលើ​ប្រទេស​វៀតណាម​កាលពី​ចុងឆ្នាំ​កន្លងទៅ។​ ពួក​អ្នកវិភាគ​ខ្លាច​ក្រែង​មាន​ការ​ដួលរលំ​នៃ​ប្រព័ន្ធ​ធនាគារ​វៀតណាម​ហើយនិង​បារម្ភ​ពី​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​ដែល​កើតមាន​ពី​ការ​ក្ស័យធន​នៃ​ក្រុមហ៊ុន​រដ្ឋ​ស្ថាបនា​នាវា​Vinashin ដែល​បាន​ខាងបង់​អស់​ប្រាក់​៤ ៤០០លាន​ដុល្លារ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ