អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទំនប់វារី​អគ្គិសនី​សាយ៉ាបូរី​ ៖​ ជម្រើស​រវាង​សេដ្ឋកិច្ច​ និង​បរិស្ថាន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​​ជំនួប​​កាលពី​​ថ្ងៃអង្គារ​ទី១៩​មេសា​នៅទីក្រុង​វៀងច័ន្ទ​ប្រទេសឡាវ​ ​សមាជិក​​គណៈកម្មការ​​ទន្លេ​មេគង្គ​ ​(MRC)​ ​ទាំង៤​​ប្រទេស​គឺ​ ឡាវ​ ថៃ​ កម្ពុជា និងវៀតណាម​ បាន​​ខ្វែង​គំនិត​​គ្នា​​អំពី​​គំរោង​​សាងសង់​វារីអគ្គិសនី​ដ៏ធំសម្បើម​នៅសាយ៉ាបូរី​ប្រទេសឡាវ។​​ គណៈកម្មការ​​នេះ​​បាន​​សម្រេច​​បញ្ជូន​​សំណុំ​​រឿង​​នេះ​​ទៅ​ថ្នាក់​​រដ្ឋមន្ត្រី​​ បរិស្ថាន​​ និង​​ធនធាន​ទឹក​​របស់​​ប្រទេស​​នីមួយៗ​​ដើម្បី​​សម្រេច​វិញ​។ ​យ៉ាងណា​​ក៏ដោយ​​ប្រទេស​ឡាវ​​បាន​​បង្ហាញ​​មហិច្ឆតា​​ដ៏​ធំធេង​​ផ្នែក​​សេដ្ឋកិច្ច​​ ដោយ​ចាប់​ផ្តើម​​ដំណើរ​ការ​បណ្តើរៗ​​ទៅ​ហើយ​​ក្នុង​ការ​​សាងសង់​​វារីអគ្គិសនី​​នេះ​​ ខណៈ​ដែល​​ក្រុម​​អ្នកការពារ​​បរិស្ថាន​​បាន​ធ្វើ​សកម្មភាព​​ប្រឆាំង​​យ៉ាង​ខ្លាំងក្លា។​ ​តើ​វាសនា​​របស់​​ទំបន់​​វារីអគ្គិសនី​សាយ៉ាប៊ូរី​​នឹងទៅជា​យ៉ាងណា?​

អ្នកនេសាទខ្មែរ​រស់នៅ​តាម​ដងទន្លេ​មេគង្គថ្ងៃទី១៩មេសា​ឆ្នាំ២០១១
អ្នកនេសាទខ្មែរ​រស់នៅ​តាម​ដងទន្លេ​មេគង្គថ្ងៃទី១៩មេសា​ឆ្នាំ២០១១ © REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

បញ្ហា​ដ៏​ចម្រូង​ចម្រាស​ជុំវិញ​គំរោង​សាងសង់​ទំបន់​វារីអគ្គិសនី​សាយ៉ាបូរី​របស់​ឡាវ​បាន​ដើរ​ហួស​ពី​សមត្ថកិច្ច​របស់​គណៈកម្មការ​ទន្លេមេគង្គ​ទៅ​ហើយ​នៅ​ពេល​នេះ។ អំណឹះ​តទៅ ​គេរង់ចាំ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ ឡាវ ​កម្ពុជា ​ថៃ ​និង​វៀតណាម ​ចំពោះ​បញ្ហា​ដ៏​សំខាន់​នេះ។

ជាបឋម​ គេ​គួរ​ដឹង​ថា​ គណៈកម្មការ​ទន្លេមេគង្គ​ (MRC)​ ជា​យន្តការ​ថ្នាក់​តំបន់​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៥​ដោយ​ប្រទេស​៤​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ក្រោម​នៃ​ទន្លេមេគង្គ​គឺ​ឡាវ​ ថៃ​ កម្ពុជា ​និង​វៀតណា​ក្នុង​គោល​ដៅ​ប្រើប្រាស់​ទន្លេ​មេគង្គ​ឱ្យ​មាន​ប្រសិទ្ធភាព​និង​និរន្តរភាព។ ​ក្នុង​ន័យ​នេះ ​សមាជិក​គណៈកម្មការ​ MRC ​នឹង​ត្រូវ​ស្វែង​រក​កិច្ច​ព្រមព្រៀង​គ្នា​ចំពោះ​រាល់​គំរោង​នានា​ដែល​ទាក់ទង​នឹង​ចរន្ត​ទឹក​នៃ​ទន្លេមេគង្គ។

ប្រទេស​ឡាវ​បាន​បង្ហាញ​ជា​ឧឡារឹក​នូវ​មហិច្ឆតា​របស់​ខ្លួន​ដែល​ចង់​ក្លាយ​ជា​ធុងអាគុយ​នៅ​ភូមិភាគ​អាស៊ី​ប៉ែក​អាគ្នេយ៍​តាម​រយៈ​សក្តានុពល​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេមេគង្គ។ ​សក្តានុពល​នេះ​អាច​អនុញ្ញាត​ឱ្យ​ឡាវ​ផលិត​ថាមពល​អគ្គិសនី​សម្រាប់​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ចំនួន​២៨ ០០០ ​ជីហ្គាវ៉ាត់​ក្នុង​មួយ​ឆ្នាំ​ នៅ​ឆ្នាំ​២០៣០​។ ​៩០​ភាគរយ​នៃ​ថាមពល​នេះ​នឹង​លក់​ទៅ​ឱ្យ​ប្រទេស​ថៃ​និង​វៀតណាម​ដោយ​នាំ​មក​នូវ​ចំណូល​ថវិកា​ជាតិ​ចំនួន​ ២៦០០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។ ​ជា​ចំណូល​ដ៏​សម្បើម​សម្រាប់​ប្រទេស​មួយ​ដែល​៧០​ភាគរយ​នៃ​ប្រជាជន​រស់​ជាមួយ​នឹង​ប្រាក់​ចំណូល​២​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ​នេះជា​ហេតុផល​ដែល​ឡាវ​រៀប​គំរោង​សាង​សង់​វារីអគ្គិសនី​ដល់​ទៅ​១០​នៅ​តាម​ដង​ទន្លេ​មេគង្គ​ចាប់​ពី​ផាក់បេង​រហូត​ដល់​ល្បាក់​ខោន​ក្បែរ​ព្រំប្រទល់​ជាមួយ​កម្ពុជា។

ទំបន់​វារីអគ្គិសនី​សាយ៉ាបូរី​ជា​គំរោង​ដ៏​ធំមួយ​ក្នុង​ចំណោម​គំរោង​សំខាន់ៗ​៤​នៅ​ចន្លោះ​ហ្លួង​ប្រាបាង​និង​ទីក្រុង​វៀងចន្ទ័។​ វារីអគ្គិសនី​សាយ៉ាបូរី​ត្រូវ​គេ​គ្រោង​ចំណាយ ​​៣៥០០​ លាន​ដុល្លារ និង​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ ១ ២៦០ ​មេហ្កា​វ៉ាត់ ​ក្នុង​នោះ​ថៃ​នឹង​ទទួល​បាន​ប្រយោជន៍​សំខាន់​ជាង​គេ។

កម្ពុជា​ក៏​មាន​គំរោង​សាងសង់​វារី​អគ្គិសនី​២​កន្លែង​ដែរ​គឺ​គំរោង​ទី១​ស្ថិត​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ និង​មួយ​ទៀត​នៅ​ស្រុក​សំបូរ​ក្នុង​ខេត្ត​ក្រចេះ។ ​គំរោង​សាង​សង់​វារីអគ្គិសនី​ទាំង​១២​កន្លែង​នៅ​តាម​ដង​ទន្លេមេគង្គ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ការពារ​បរិស្ថាន​ខ្វល់​ខ្វាយ​និង​ជំទាស់​យ៉ាង​ខ្លាំង​ ព្រោះ ហេតុ​ថា​ទន្លេមេគង្គ​ជា​ជង្រុក​ត្រី​ទឹកសាប​ដ៏​ធំ​ជាង​គេ ​និង​ជា​ទន្លេ​ជាប់​ចំណាត់​ថ្នាក់​ទី២​ក្នុង​ពិភព លោក​ខាង​ជីវៈ​ចម្រុះ។ ​ការ​សាងសង់​ទំបន់​វារីអគ្គិសនី​នៅ​លើ​ដង​ទន្លេ​ដ៏​មហិមា​នេះ​នឹង​ធ្វើ​ ឱ្យ ទន្លេ​មេគង្គ​ស្គាល់​ការ​ប្រែប្រួល​មួយ​ដែល​ប្រកប​ដោយ​មហន្តរាយ​ចំពោះ​បរិស្ថាន​របស់​វា។​ ពូជ​ត្រី​សំខាន់ៗ​ជាង​៤០​ប្រភេទ​នឹង​ត្រូវ​បាត់បង់។​ ក្រៅ​ពី​នោះ​ជាង​៧០​ភាគរយ​នៃ​ប្រជាជន​ក្នុង​តំបន់​ទន្លេ​មេគង្គ​ក្រោម​ដែល​រស់​អាស្រ័យ​លើ​ធនធាន​ធម្មជាតិ​នៃ​ទន្លេ​នេះ​នឹង​ទទួល​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​របស់​ពួកគេ។

ប៉ុន្តែ ​ប្រសិន​បើ​គំរោង​សាងសង់​ទំបន់​វារីអគ្គិសនី​ទាំង​១២​នេះ​បាន​សម្រេច​មែន ​ទឹក​ប្រាក់​វិនិយោគ​បរទេស​ចំនួន​២៥​ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​គេ​បោះ​ទុន។ ​ការវិនិយោគ​ដ៏​ធំសម្បើម​នេះ​ត្រូវ​បាន​អ្នក​ខ្លះ​ចាត់​ទុក​ថា​ជា​កម្លាំង​ចលករ​ធ្វើ​ឱ្យ​មាន​សន្ទុះ​សេដ្ឋកិច្ច​ដ៏​សម្បើម​មួយ​សម្រាប់​ប្រទេស​ក្រីក្រ​ដូចជា​ឡាវ​ និង​កម្ពុជា​នេះ។ ​តែ​គំរោង​នេះ​បាន​ក្លាយជា​ការ​វិនិយោគ​ដ៏​បំផ្លិច​បំផ្លាញ​មួយ​សម្រាប់​បរិស្ថាន។ ​អាជ្ញាធរ​វៀតណាម​ដែល​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ធំ​ទី២​លើ​លោក​បន្ទាប់​ពី​ថៃ​ក៏​បាន​ប្រឆាំង​នឹង​គំរោងការ​នេះ​ដែរ​ ខណៈ​ដែល​កម្ពុជា​ស្នើ​ឱ្យ​មាន​ការ​សិក្សា​ល្អិតល្អន់​សិន​មុន​នឹង​សម្រេច​ចិត្ត។ ​ចំណែក​ឯ​ថៃ​វិញ​ក៏បាន​ស្នើ​ឱ្យ​មាន​ការ​សិក្សា​ច្បាស់​លាស់​ដែរ​ ប៉ុន្តែ​ថៃ​មិន​បាន​បង្ហាញ​ជំហរ​ជំទាស់​ច្បាស់​លាស់​ទេ​ពីព្រោះ​តែ​ថៃ​ជា​អ្នក​ទទួល​ប្រយោជន៍​សំខាន់​ពី​វារីអគ្គិសនី​សាយ៉ាបូរី។

នៅ​ពេល​នេះ ​ឡាវ​ហាក់​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ធ្វើ​ឱ្យ​គំរោង​សាយ៉ាបូរី​លេច​ចេញ​ជា​រូបរាង។​ ការដ្ឋាន​សាងសង់​បាន​ចាប់ផ្តើម​បណ្តើរៗ​រួច​ទៅ​ហើយ​ទោះ​បើ​ជា​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ក្នុង​រឿង​នេះ​ក្តី។ ​យ៉ាងណា​ក៏ដោយ​ ការ​ខកខាន​មិន​បាន​សម្រេច​ចិត្ត​គាំទ្រ​គំរោង​សាយ៉ាបូរី​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ទន្លេ​មេគង្គ​កាលពី​ថ្ងៃ​ម្សិលមិញ​ជា​សញ្ញា​បញ្ជាក់​ប្រាប់​ថា ​គំរោង​នេះ​កំពុង​ស្ថិត​ក្នុង​គំនាប​យ៉ាង​ខ្លាំងក្លា​នៃ​បញ្ហា​បរិស្ថាន៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ