អានតួអត្ថបទ
ជប៉ុន

លោកនាយករដ្ឋមន្ត្រី​ជប៉ុន​ ណាអូតូ កាន ​បានប្រកាស​លាឈប់​ពីមុខ​តំណែង​

លោកនាយករដ្ឋមន្ត្រី​ជប៉ុន​ ណាអូតូ​ កាន​ បាន​ប្រកាស​លាឈប់ពី​មុខតំណែង​ជា​ប្រធាន​នៃ​បក្ស​ប្រជាធិបតេយ្យ​ជប៉ុន​ PDJ ​នៅ​ថ្ងៃសុក្រ​ទី២៦​សីហា​ឆ្នាំ២០១១នេះ​ ​ ហើយ​លោក​នឹង​ចាកចេញ​ពី​រដ្ឋាភិបាល​ជប៉ុន​នៅ​សប្តាហ៍​ក្រោយ។

លោកនាយករដ្ឋមន្ត្រី​​ជប៉ុន​​ ណាអូតូ​​ កាន​​ បាន​ប្រកាស​​លាឈប់​ពី​មុខ​តំណែង​នៅ​ថ្ងៃសុក្រ​​ទី២៦​​សីហា​​ឆ្នាំ២០១១​​
លោកនាយករដ្ឋមន្ត្រី​​ជប៉ុន​​ ណាអូតូ​​ កាន​​ បាន​ប្រកាស​​លាឈប់​ពី​មុខ​តំណែង​នៅ​ថ្ងៃសុក្រ​​ទី២៦​​សីហា​​ឆ្នាំ២០១១​​ © Reuters/Toru Hanai
ផ្សាយពាណិជ្ជកម្ម

នៅមុខ​សមាជិក​សភា​នៃ​បក្ស​ប្រជាធិបតេយ្យ​ជប៉ុន​ PDJ ​នៅ​ថ្ងៃសុក្រ​ទី២៦​សីហា​ឆ្នាំ២០១១នេះ​ ​ លោកនាយករដ្ឋមន្ត្រី​ជប៉ុន​ ណាអូតូ​ កាន​ បាន​ប្រកាស​ថា​ ​ “​ថ្ងៃនេះ​ខ្ញុំ​លាឈប់ពី​មុខតំណែង​ជា​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​ជប៉ុន​ ​ ហើយក្រោយពី​ប្រធាន​បក្ស​បាន​ត្រូវគេ​បោះឆ្នោត​ជ្រើសតាំង​រួចមក​ ​ ខ្ញុំនឹង​លា​ចាកចេញ​ពី​មុខ​តំណែង​ជា​នាយករដ្ឋមន្ត្រី​។​ សមាជិក​រដ្ឋាភិបាល​ទាំងអស់​ក៏នឹង​លាឈប់​ទាំងអស់គ្នា​តែម្តង។”

 
ចំណែកឯ​លោក​ Katsuya Okada ​អគ្គលេខាធិការ​នៃ​បក្ស​ប្រជាធិបតេយ្យ​ជប៉ុន​ក៏បាន​ថ្លែង​ប្រាប់ថា​ ​ អ្នកដែល​ត្រូវ​ឡើង​មក​ទទួល​តំណែង​ជា​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​ជប៉ុន​ជំនួស​លោក​ ណាអូតូ​ កាន​ នឹង​ត្រូវ​គេ​បោះឆ្នោត​ជ្រើសតាំង​នៅ​ព្រឹក​ថ្ងៃចន្ទ​ខាងមុខ​នេះ។​ ហើយ​បន្ទាប់មក​ប្រធាន​បក្ស​ដែល​មាន​សមាជិក​សភា​ច្រើន​ជាងគេ​នឹង​ត្រូវ​គេ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន។

គួរបញ្ជាក់ថា​ ​ លោក​ ណាអូតូ​ កាន​ មាន​អាយុ​៦៤ឆ្នាំ​ ​ ជានាយករដ្ឋមន្ត្រី​ជប៉ុន​ទីប្រាំ​ក្នុង​រយៈកាល​៥ឆ្នាំ​ចុងក្រោយនេះ។​ លោក​បាន​ត្រូវគេ​តែងតាំង​ជានាយករដ្ឋមន្ត្រី​នៅ​ខែមិថុនា​ឆ្នាំ២០១០​កន្លងទៅ​។ ​ ក៏​ប៉ុន្តែ​ នៅទី​បំផុត​ ​ លោក​ ណាអូតូ​ កាន​ត្រូវ​លាឈប់​ពីមុខ​តំណែង​ ​ ដោយហេតុតែ​មាន​ការវាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​បក្ស​អភិរក្សនិយម​ដែលជា​បក្សប្រឆាំង​ ​ ហើយនិង​ពី​សំណាក់​បក្ស​ប្រជាធិបតេយ្យ​ជប៉ុន​ខ្លួនឯង​ផងទៀត​ ​ ពីព្រោះ​គេយល់ថា​ ​ លោក​ ណាអូតូ​ កាន ​គ្មាន​អភិបាលកិច្ច​គ្រប់គ្រាន់​និង​ពុំបាន​រិះរក​ដំណោះស្រាយ​ឲ្យបាន​ល្អត្រឹមត្រូវ​ក្នុង​វិបត្តិ​គ្រោះ​មហន្តរាយ​ស៊ូណាមី​និង​រញ្ជួយដី​ហើយនិង​គ្រោះថ្នាក់​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា​កាលពី​ខែមីនា​កន្លងទៅ។

ក្នុងចំណោម​បេក្ខជន​ដែល​អាច​មាន​ភ័ព្វ​វាសនា​នឹង​ឡើងមក​តស្នង​តំណែង​ពី​លោក​ ណាអូតូ​ កាន​ ​ គេកត់​សម្គាល់​ឃើញ​មាន​លោក​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ Seiji Maehara អាយុ​៤៩ឆ្នាំ​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ។​ នេះ​បើយោងតាម​ការស្ទាបស្ទង់​មតិ​នៅពេលថ្មីៗនេះ។​ បន្ទាប់មក​គឺលោក​ Yoshihiko Noda ​បច្ចុប្បន្ន​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ