អានតួអត្ថបទ
ជប៉ុន

ជប៉ុន​បិទ​រោងចក្រ​នុយក្លេអ៊ែរ​នៅ​តំបន់​ដែល​អាច​រង​ការ​រញ្ជួយដី​ខ្លាំង

រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​មួយ​កន្លែង​នៅ​ជប៉ុន​ត្រូវ​បាន​បិទ​​ឈប់​ឲ្យ​ដំណើរ​ការ​ហើយ នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោយ​ពី​មាន​​បទបញ្ជា​ពី​នាយករដ្ឋមន្រ្តី​ជប៉ុន កាល​ពី​សប្តាហ៍មុន។ រដ្ឋាភិបាល​ជប៉ុន​ឲ្យ​បិទ​រោងចក្រ​នុយក្លេអ៊ែរ​នេះ​ ពីព្រោះ​វា​ស្ថិត​ក្នុង​តំបន់ ដែល​អាច​នឹង​ទទួល​រង​ការ​រញ្ជួយដី​ធ្ងន់ធ្ងរ។

La central nuclear de  Hamaoka fue cerrada este sábado.
La central nuclear de Hamaoka fue cerrada este sábado. ©AFP
ផ្សាយពាណិជ្ជកម្ម

 

រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​ហាម៉ាអូកា (Hamaoka) បាន​បញ្ឈប់​ដំណើរការ​ទាំងស្រុង នៅ​រសៀល​ថ្ងៃ​សៅរ៍នេះ ទៅតាម​បទបញ្ជា​​របស់​លោក​ណាអូតូ​កាន់ នាយករដ្ឋមន្រ្តី​ជប៉ុន។ លោក​ណាអូតូ​កាន់​បាន​ទទូច​ថា រោងចក្រ​នុយក្លេអ៊ែរ​ហាម៉ាអូកា​​ត្រូវ​តែ​បិទ​ទ្វារ រហូតទាល់តែ​​គេ​បញ្ចប់​ការ​សាងសង់​​​ជញ្ជាំង​បេតុង​ការពារ​រលក​សមុទ្រ​យក្ស​ និង​ចាត់វិធានការ​មួយចំនួន​ទៀត ដើម្បី​ការពារ​គ្រោះធម្មជាតិ។

គួរ​បញ្ជាក់ថា រោងចក្រ​នុយក្លេអ៊ែរ​ហាម៉ាអូកា មាន​រ៉េអាក់ទ័រ​ទាំងអស់​ចំនួន ៥ មាន​កម្លាំង​សរុប​រហូតដល់​ទៅ​ជិត ៥ពាន់​ម៉េហ្កាវ៉ាត់ ក្នុង​នោះ​រ៉េអាក់ទ័រ​ទី៥ កម្លាំង​ ១៣៨០​ម៉េហ្កាវ៉ាត់ ទើប​នឹង​ត្រូវ​សាងសង់​ចប់សព្វគ្រប់ និង​ដាក់​ឲ្យ​ដំណើរការ​ កាល​ពី​ឆ្នាំ​២០០៥​ថ្មីៗ​នេះ​ប៉ុណ្ណោះ។

រោងចក្រ​នុយក្លេអ៊ែរ​ហាម៉ាអូកា​នេះ ស្ថិត​នៅ​​​ជាប់​នឹង​ឆ្នេរ​សមុទ្រ ចម្ងាយ​ប្រមាណ​១៩០​គីឡូម៉ែត្រ​​ពី​ទីក្រុង​តូក្យ ពោល​​គឺ​ ស្ថិត​ក្នុង​​​តំបន់​ដែល​ក្រុមអ្នកជំនាញ​​បាន​ព្យាករ​ថា​អាច​នឹង​មាន​គ្រោះរញ្ជួយដី​​កម្រិត ៨​ រ៉ិចទ័រ​ ក្នុង​ចន្លោះ​ពីពេលនេះ ទៅ​៣០​ឆ្នាំ​ខាងមុខ។

រដ្ឋាភិបាល​ជប៉ុន​បាន​ទទូច​ឲ្យ​​បិទ​រោងចក្រ​នុយក្លេអ៊ែរ​ហាម៉ាអូកា បន្ទាប់ពី​ទទួល​បាន​មេរៀន​យ៉ាងជូរចត់​ពី​គ្រោះថ្នាក់​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ដែល​គេ​មើលឃើញ​ថា បើទោះជា​​អគារ​រោងចក្រ​​​ត្រូវ​បាន​សាងសង់​តាម​ស្តង់​ដារ ដែល​អាច​ទប់ទល់​នឹង​កម្លាំង​រញ្ជួយដី​ ក៏ប៉ុន្តែ នៅតែ​មិនអាច​ទប់ទល់​នឹង​កម្លាំង​រលកយក្ស​បាន។

ជប៉ុន​​មាន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​សរុប​​​ទូទាំងប្រទេស​ ចំនួន ៥៤ គឺ​ជា​ប្រទេសដែល​ផលិត​អគ្គិសនី​នុយក្លេអ៊ែរ​ច្រើន​ជាងគេ​​លំដាប់​ទីបី បន្ទាប់​ពី​អាមេរិក​ និង​បារាំង។ ជប៉ុន​ក៏​ជា​ប្រទេស​ដែល​ទទួលរង​គ្រោះរញ្ជួយដី​ច្រើន​ជាងគេ​បំផុត​ដែរ នៅលើ​ពិភពលោក។ រដ្ឋាភិបាល​ជប៉ុន​បាន​ដាក់​គម្រោង​សាងសង់​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​​ជាង​១០​បន្ថែម​ទៀត នៅ​ក្នុង​រយៈពេល ២០​ឆ្នាំ​ខាងមុខ។ ក៏ប៉ុន្តែ ក្រោយ​ពី​មាន​គ្រោះថ្នាក់​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា លោក​ណាអូតូកាន់ នាយករដ្ឋមន្រ្តី​ជប៉ុន​ ចង់​ឲ្យ​មាន​ការ​សើរើ​មើល​ឡើងវិញ​ទាំងស្រុង​ អំពី​នយោបាយ​ថាមពល​របស់​​រដ្ឋាភិបាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ