អតីតឧទ្ទាមម៉ៅនិយមឡើងអង្គុយកៅអីនាយករដ្ឋមន្រ្តី
នៅថ្ងៃអាទិត្យ ទី២៨ សីហាម្សិលមិញ ប្រទេសនេប៉ាល់ទើបបានរកឃើញនាយករដ្ឋមន្រ្តីថ្មីម្នាក់ទៀត គឺលោក បាប៊ូរ៉ាម បាតតារ៉ៃ ( Baburam Bhattarai ) ជាអនុប្រធានគណបក្សម៉ៅនិយម។ ជម្រើសយកឥស្សរជនម៉ៅនិយមនៅពេលនេះបានធ្វើឡើង បន្ទាប់ពីការលាឈប់ពីមុខតំណែងរបស់លោក ហ្សាឡាណាត ខាណាល់ (Jhalanath Khanal) កាលពីពាក់កណ្តាលខែសីហាកន្លងទៅ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៦:២២
នៅទីបំផុត លោក បាប៊ូរ៉ាម បាតតារ៉ៃ ( Baburam Bhattarai ) ត្រូវបានតំណាងរាស្រ្តបោះឆ្នោតឲ្យធ្វើជានាយករដ្ឋមន្រ្តីថ្មី ដោយមានសំឡេងគំាទ្រ ៣៤០ នៅក្នុងចំណោមសំឡេងទំាង ៥៧៤ នៅក្នុងរដ្ឋសភា។ លោក បាប៊ូរ៉ាម បាតតារ៉ៃ ( Baburam Bhattarai ) ត្រូវចូលជំនួសកន្លែងលោក Jhalanath Khanal មកពីគណបក្សម៉ាក្ស-ឡេលីននិយមរួបរួមដែលបានលាឈប់ពីមុខតំណែងកាលពីពាក់កណ្តាលខែសីហា ឆ្នំា ២០១១ បន្ទាប់ពីបានកាន់តំណែងនេះនៅក្នុងខែកុម្ភៈ ឆ្នំា ២០១១។ អ្វីជាការកត់សម្គាល់ ការឡើងកាន់តំណែងរបស់លោក បាប៊ូរ៉ាម បាតតារ៉ៃ ( Baburam Bhattarai ) ពេលនេះបានធ្វើឡើង ចំពេលដែលនេប៉ាល់កំពុងឆ្លងកាត់នូវវិបត្តិនយោបាយមួយដ៏ធ្ងន់ធ្ងរ និងអូសបន្លាយ។ លោក បាប៊ូរ៉ាម បាតតារ៉ៃ ( Baburam Bhattarai ) ត្រូវបានគេស្គាល់ថា ជាឥស្សរជនម៉ៅនិយមម្នាក់ដែលធ្លាប់បានធ្វើសង្រ្គាមប្រឆំាងរដ្ឋាភិបាលកាតម៉ានឌូពីឆ្នំា ១៩៩៦ ដល់ឆ្នំា ២០០៦។ សង្រ្គាមស៊ីវិលរយៈពេល ១០ឆ្នំាដែលបានបណ្តាលឲ្យមានអ្នកស្លាប់១៦ ០០០នាក់។
គេត្រូវរង់ចំារហូតដល់ខែវិច្ឆិកា ឆ្នំា ២០០៦ ទើបក្រុមឧទ្ទាមម៉ៅនិយម និងរដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ តំាងពីពេលនោះមក ក្រុមអតីតឧទ្ទាមម៉ៅនិយមក៏បានក្លាយជាកម្លំាងនយោបាយស្របច្បាប់មួយនៅក្នុងឆាកនយោបាយនេប៉ាល់។ បន្ទាប់មក នៅថ្ងៃទី ១០ មេសា ឆ្នំា ២០០៨ នេប៉ាល់បានរៀបចំការបោះឆ្នោតសភាដែលគណបក្សម៉ៅនិយមបានទទួលសំឡេងភាគច្រើននៅក្នុងរដ្ឋសភាថ្មី តែជាសំឡេងមិនគ្រប់គ្រាន់ដើម្បីអាចឲ្យក្រុមគេបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន។
វិបត្តិដណ្តើមតំណែងនាយករដ្ឋមន្រ្តី
វិបត្តិដណ្តើមកៅអីនាយករដ្ឋមន្រ្តីរវាងគណបក្សម៉ៅនិយម និងគណបក្សតូចៗ ពិសេស គណបក្សម៉ាក្ស-ឡេលីននិយមរួបរួមបានធ្វើឲ្យនេប៉ាល់ធ្លាក់ក្នុងអស្ថិរភាពនយោបាយមួយដ៏ធ្ងន់ធ្ងរ និងអូសបន្លាយ។ គ្រាន់តែក្នុងរយៈពេលជិត ៤ឆ្នំាចុងក្រោយនេះ នេប៉ាល់បានស្គាល់នាយករដ្ឋមន្រ្តីដល់ទៅ ៤រូប ទី១៖ គឺមេចលនាម៉ៅនិយម លោក Pushpa Kamal Dahal ទី២៖ គឺលោក Madhav Kumar Népal មកពី គណបក្សម៉ាក្ស-ឡេលីននិយមរួបរួម ទី៣៖ គឺលោក Jhalanath Khanal មកពីគណបក្សម៉ាក្ស-ឡេលីននិយមរួបរួម និងទី៤ចុងក្រោយដែលទើបតែងតំាងនាថ្ងៃអាទិត្យ ទី២៨ សីហាម្សិលមិញ គឺលោក បាប៊ូរ៉ាម បាតតារ៉ៃ ( Baburam Bhattarai ) ជាអនុប្រធានគណបក្សម៉ៅនិយម។
គិតតំាងពីទំព័រសង្រ្គាមស៊ីវិលបានបិទបញ្ចប់ជាស្ថាពរក្នុងឆ្នំា ២០០៦ មក មានបញ្ហាជាច្រើនដែលរដ្ឋាភិបាលថ្មីត្រូវដោះស្រាយ។ ក្រោយពីការបោះឆ្នោតសភាក្នុងថ្ងៃទី ១០ មេសា ឆ្នំា ២០០៨ រដ្ឋសភាថ្មីក៏បានបោះឆ្នោតបង្កើតសាធារណរដ្ឋសហព័ន្ធនេប៉ាល់ ដោយបានប្រកាសកប់ចោលទំាងស្រុងនូវរបបរាជានិយមដែលមានអាយុកាល ២៤០ឆ្នំានៅនេប៉ាល់។ ក្រោយមកទៀត និងអ្វីដែលបន្ទាន់បំផុត គឺការរៀបចំតាក់តែងច្បាប់រដ្ឋធម្មនុញ្ញថ្មី និងដំណើរការបង្រួបបង្រួមជាតិ។ ការលាឈប់ពីមុខតំណែងនាយករដ្ឋមន្រ្តីរបស់លោក ហ្សាឡាណាត ខាណាល់ (Jhalanath Khanal) កាលពីពាក់កណ្តាលខែសីហាកន្លងទៅថ្មីៗ គឺជាសក្ខីកម្មមួយមិនអាចប្រកែកបាន។ លោក ខាណាល់បានបញ្ជាក់យ៉ាងច្បាស់ថា ការលាឈប់របស់លោក គឺមកពីលោកនឿយហត់ អស់លទ្ធផលនិយាយបញ្ចុះបញ្ចូលគណបក្សក្នុងរដ្ឋាភិបាលឲ្យទទួលយកនូវកិច្ចព្រមព្រៀងសន្តិភាពណាមួយ ពិសេស ទាក់ទងនឹងការបញ្ចូលពួកអតីតឧទ្ទាមម៉ៅនិយមទំាង ១៩ ០០០នាក់ ទៅក្នុងជួរកងទ័ពនេប៉ាល់បច្ចុប្បន្ន។
ដល់វេនពួកម៉ៅនិយមឡើងកាន់តំណែងនាយករដ្ឋមន្រ្តីម្តង
ឥឡូវនេះ នាយករដ្ឋមន្រ្តីថ្មីដែលសភាទើបបោះឆ្នោតតែងតំាងនៅថ្ងៃអាទិត្យ ទី២៨ សីហាម្សិលមិញ គឺជាឥស្សរជនដែលចេញមកពីគណបក្សម៉ៅនិយម។ តែគេនៅមិនទាន់ហ៊ាននិយាយថា លោក បាប៊ូរ៉ាម បាតតារ៉ៃ ( Baburam Bhattarai ) អាចនឹងបំពេញការងារគ្រាន់បើជាងលោក ហ្សាឡាណាត ខាណាល់ (Jhalanath Khanal) ទេ។ ទោះបីជានៅក្នុងករណីណាក៏ដោយ ក៏គណបក្សម៉ៅនិយមត្រូវការសំឡេងគំាទ្រពីគណបក្សតូចៗដោយចៀសមិនរួច។ ដូចករណីការជ្រើសរើសយកលោក បាប៊ូរ៉ាម បាតតារ៉ៃ ឲ្យធ្វើជានាយករដ្ឋមន្រ្តី បើកុំតែមានការគំាទ្រពីគណបក្សតូចៗ ម្ល៉េះបេក្ខជនម៉ៅនិយមរូបនេះក៏គ្មានភ័ព្វសំណាងនឹងឡើងមកអង្គុយកៅអីនាយករដ្ឋមន្រ្តីដែរ។
អ្វីដែលសំខាន់ គឺមិនមែនរូបនាយករដ្ឋមន្រ្តីចេញមកពីគណបក្សមួយនេះ ឬគណបក្សមួយនោះទេ តែគឺឆន្ទៈនយោបាយក្នុងការគិតផលប្រយោជន៍ជាតិ ជាធំ ពិសេស គឺការហ៊ានទទួលស្គាល់ការពិតជាក់ស្តែង។ ផ្ទុយទៅវិញ ប្រសិនបើគ្រប់គណបក្សនៅតែបន្តប្រជែងគ្នាខាងនយោបាយទៀត នោះអស្ថិរភាពនយោបាយនៅតែបន្តអូសបន្លាយ។ ចំណែកនាយករដ្ឋមន្រ្តីចៀសមិនរួចពីការលាឈប់ពីតំណែង ទោះបីជារូបនាយករដ្ឋមន្រ្តីនោះមកពីបក្សណាក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ