អានតួអត្ថបទ
ថៃ

ឈប់សម្រាក​ប្រាំថ្ងៃ​នៅប្រទេសថៃ​ដោយហេតុតែគ្រោះមហន្តរាយ​​ទឹកជំនន់​​

អាជ្ញាធរថៃ​បាន​ប្រកាស​នៅថ្ងៃអង្គារ​ម្សិលមិញ​ឲ្យ​ឈប់​សម្រាក​ប្រាំថ្ងៃ​ ​ ដើម្បី​ទុកពេល​ឲ្យ​ប្រជាជន​នៅទីក្រុង​បាងកក​និង​នៅ​ម្ភៃប្លាយ​ខេត្ត​រៀបចំ​ធ្វើការ​ទប់ទល់នឹង​គ្រោះទឹកជំនន់​ដ៏សែន​ធ្ងន់ធ្ងរ​ពុំដែល​កើតមាន​នារយៈ​កន្លះ​សតវត្សរ៍​ចុងក្រោយនេះ។

គ្រោះមហន្តរាយ​​​ទឹកជំនន់​​​នៅទីក្រុង​បាងកក​នៅថ្ងៃទី២៥​តុលា​ឆ្នាំ២០១១
គ្រោះមហន្តរាយ​​​ទឹកជំនន់​​​នៅទីក្រុង​បាងកក​នៅថ្ងៃទី២៥​តុលា​ឆ្នាំ២០១១ © REUTERS/Bazuki Muhammad
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​ស៊ីណាវ៉ាត្រា​ដែល​កំពុង​ប្រឈមមុខ​ប្រយុទ្ធ​ទល់នឹង​គ្រោះ​ទឹកជំនន់​ដ៏​សែន​ធ្ងន់ធ្ងរ​ពុំដែល​កើតមាន​ចាប់តាំង​ពី​លោកស្រី​បាន​ឡើង​មក​កាន់កាប់​អំណាច​កាលពី​២ខែមុន​ ​ បាន​ប្រកាស​ឲ្យ​មាន​ការ​ឈប់​សម្រាក​ចំនួន​ប្រាំថ្ងៃ​ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៧​ដល់ថ្ងៃចន្ទ​​ទី៣១​តុលា​ឆ្នាំ២០១១​ ​ ដើម្បី​ទុកពេល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ប្រយុទ្ធ​ទប់​ទល់​នឹង​គ្រោះទឹកជំនន់។

 
គេបាន​ប្រមាណថា​ ​ នឹង​មាន​ទឹកជោរជន់​ខ្លាំង​នៅ​ចុង​សប្តាហ៍នេះ​ ​ អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ការ​បង្វែរ​បង្ហូរ​ទឹក​ឲ្យ​ធ្លាក់​ទៅក្នុង​ឈូងសមុទ្រថៃ​ ​ ហើយ​អាច​ធ្វើឲ្យ​រមណីយដ្ឋាន​មួយចំនួន​នៅ​ទីក្រុង​បាងកក​ស្គាល់ការ​លិចលង់ផង។

គួរកត់​សម្គាល់ថា​ ​ យ៉ាងតិច​មានទឹក​ប្រមាណ​៨លាន​ម៉ែត្រគុប​បាន​ត្រូវ​គេ​បង្វៀង​បង្ហូរចេញ​។​ ក៏​ប៉ុន្តែ​ ​ បេះដូង​នៃ​ទីក្រុង​បាងកក​ដែលជា​ដង្ហើម​នៃ​សេដ្ឋកិច្ច​ថៃ​ ​ នៅតែ​ឋិត​នៅក្រោម​ការ​គំរាម​នៃ​គ្រោះ​ទឹកជំនន់​ ​ ដោយហេតុតែ​កម្ពស់​នៃ​ទឹក​ទន្លេ​ Chao Phraya ​បាន​កើនឡើង​ដល់​កម្រិត​កំពូល​ ​ ហើយនិង​មាន​ទឹកភ្លៀង​អាច​ធ្លាក់​យ៉ាងខ្លាំង​បន្ថែមទៀត​ ​ ដែលជា​មូលហេតុ​ធ្វើឲ្យ​គ្រោះ​ទឹកជំនន់​រីក​រាលដាល​កាន់តែ​ខ្លាំងឡើងៗ។

អាជ្ញាធរថៃ​បាន​ជម្លៀស​ប្រជាជន​នៃ​ទីក្រុង​បាងកក​មួយ​ចំនួន​ដែល​បាន​រត់​ទៅ​រក​ជម្រក​នៅ​ព្រលាន​យន្តហោះ​ដែលឋិត​នៅ​ប៉ែកខាង​ជើង​នៃ​រាជធានី​ ​ យក​ទៅដាក់​នៅ​ខេត្ត​ Chon Buri ​។

នៅលើ​វិស័យ​ដឹកជញ្ជូនវិញ​ ​ ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ Nok Air ​បាន​ប្រកាស​ផ្អាក​ការ​ហោះហើរ​ចេញពី​អាកាសយានដ្ឋាន​ Don Muang ​រហូត​ដល់​ថ្ងៃទី១​វិច្ឆិកា​ឆ្នាំ២០១១​ខាងមុខ។

សូមបញ្ជាក់ថា​ ​ គ្រោះមហន្តរាយ​ទឹកជំនន់​លើកនេះ​បាន​បណ្តាល​ឲ្យ​រោងចក្រថៃ​ជាច្រើន​បិទទ្វារ​ជាបណ្តោះ​អាសន្ន​ ​ ហើយបាន​ធ្វើឲ្យ​ខូចខាត​អស់ប្រមាណ​៣,២ពាន់លាន​ដុល្លារ​អាមេរិក។​ ហេតុដូច្នេះហើយ​បានជា​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញថា​ ​ នឹងមាន​ “ផែនការ​ជំនួយ​សាងសង់​ស្ថាបនា​ឡើងវិញ”​ ដែលមាន​ចំនួន​ទឹកប្រាក់​១០,៦ពាន់លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​សហគ្រាស​ថៃ​ខ្នាតតូច​និង​មធ្យម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ