អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប៉េកាំង​រំលោភ​ជាញឹកញយ​​ទៅលើ​​ការហាមឃាត់​របស់​ អ.ស.ប.​ ពាក់ព័ន្ធ​នឹង​កូរ៉េ​ខាងជើង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយការណ៍​មួយ​របស់​អង្គការ​សហប្រជាជាតិ​បាន​ចោទ​ប្រទេសចិន​ថា​ ​ បាន​រំលោភ​ជារឿយៗ​ទៅលើ​ការ​ហាមឃាត់​ពុំឲ្យ​នាំ​សព្វាវុធ​និង​គ្រឿង​ប្រណិត​ចូល​ប្រទេស​កូរ៉េ​ខាងជើង។​ នេះ​បើយោង​តាម​សារព័ត៌មាន​ជប៉ុន​ Asahi Shimbun ​ដែលបាន​ចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ​ទី២២​មិថុនានេះ។

រថយន្ត​ដឹកមីស៊ីល​ដែល​អន្តរជាតិ​ចោទ​ថា ចិន​ដែល​ជាអ្នក​លក់​ឲ្យ​កូរ៉េខាងជើង
រថយន្ត​ដឹកមីស៊ីល​ដែល​អន្តរជាតិ​ចោទ​ថា ចិន​ដែល​ជាអ្នក​លក់​ឲ្យ​កូរ៉េខាងជើង ©​ REUTERS
ផ្សាយពាណិជ្ជកម្ម

បើយោងតាម​អ្នកជំនាញការ​របស់​អង្គការ​សហប្រជាជាតិ​ ​ ប្រទេសចិន​បាន​រំលោភ​ដល់ទៅ​២១ដង​ក្នុង​រយៈពេល​ពីរឆ្នាំកន្លះ ទៅលើ​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អ.ស.ប.​ ពាក់ព័ន្ធ​នឹង​កូរ៉េ​ខាងជើង​ ​ ពីចន្លោះឆ្នាំ២០០៦ និង​ឆ្នាំ២០០៩។​ របាយការណ៍​នេះ​នឹង​ត្រូវ​គេ​ផ្សាយ​ឲ្យដឹង​ជា​សាធារណៈ​នៅ​សប្តាហ៍​ក្រោយ។

 
ជារឿយៗ​កំពង់ផែចិន​បានត្រូវ​យកមក​ប្រើ​ធ្វើជា​ទីកន្លែង​សម្រាប់​សំចត​  ដោយ​សហគ្រាស​ចិន​ដែល​ដើរ​តួនាទី​ជាអ្នក​កណ្តាល​ក្នុង​សកម្មភាព​ទាំងនេះ។ ក្នុងចំណោម​ការរំលោភ​២១លើក​របស់​ប្រទេសចិន​ មាន​ពីរលើក​ពាក់ព័ន្ធ​នឹង​ការនាំ​ចេញចូល​នូវ​គ្រឿង​សម្ភារៈ​សម្រាប់​យកទៅប្រើ​នៅក្នុង​ការ​ផលិត​អាវុធ​ប្រល័យលោក ឬ​ កាំជ្រួច​មីស្ស៊ីល​អន្តរទ្វីប។

យោងតាម​សារព័ត៌មាន​ជប៉ុន​អាសាហ៊ី​ស្ហ៊ីងប៊ុង ​ ​ការរំលោភ​របស់​ទីក្រុង​ប៉េកាំង​ ទៅលើ​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អ.ស.ប.​ ពាក់ព័ន្ធ​នឹង​កូរ៉េ​ខាងជើង​ មានដូចជា​ការបញ្ជូន​ដោយ​​ទីក្រុង​ព្យុងយ៉ាង​ទៅ​ប្រទេស​ស៊ីរី​ ​ ដោយ​ឆ្លងកាត់​តាម​កំពង់ផែ​ចិន​ Dalien ​ នូវ​គ្រឿង​ឧបករណ៍​អេឡេត្រូនិក​សម្រាប់​ផលិត​កាំជ្រួច​មីស្ស៊ីល។

គួរកត់​សម្គាល់ថា​ ​ នៅឆ្នាំ២០១០​តៃវ៉ាន់​ធ្លាប់បាន​បញ្ជូន​ទៅ​ប្រទេស​កូរ៉េ​ខាងជើង​ដោយ​ឆ្លងកាត់​តាម​ប្រទេស​ចិន​នូវ​គ្រឿង​ម៉ាស៊ីន​ឧបករណ៍​សម្រាប់​យក​ទៅ​ប្រើ​នៅក្នុង​វិស័យ​យោធា ហើយ​នៅ​មាន​ការរំលោភ​១៣​លើក​ទៀត​របស់​ប្រទេស​ចិន ពាក់ព័ន្ធ​ការនាំ​ផលិតផល​ប្រណិត​ចូល​ប្រទេស​កូរ៉េ​ខាងជើង។

សារព័ត៌មាន​ជប៉ុន​អាសាហ៊ី​ស្ហ៊ីងប៊ុន​ ធ្លាប់បាន​ផ្សាយ​ឲ្យដឹង​ម្តង​រួចទៅហើយ​នៅ​ដើមខែ​មិថុនា​កន្លង​ទៅនេះ​ថា​ ​ ទីក្រុង​ប៉េកាំង​បាន​បញ្ជូន​ទៅ​កូរ៉េ​ខាងជើង​នៅ​ឆ្នាំ២០១១​នូវ​យានយន្ត​សម្រាប់​ប្រើ​បាញ់​កាំជ្រួច​មីស្ស៊ីល​បួន​គ្រឿង​ ធុន​WS-51200 ​ដែល​នាំចេញ​ដោយ​ក្រុមហ៊ុន​សាធារណៈ​ចិន​ឈ្មោះ​ China Aerospace Science and Technology Corp. ។​ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំងនេះ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ​នៃ​អ.ស.ប.​បាន​អនុម័ត​សេចក្តី​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​កូរ៉េ​ខាងជើង​ពីរលើក​ ​ ម្តង​នៅឆ្នាំ២០០៦​ ម្តងទៀត​នៅឆ្នាំ២០០៩​ ​ ពោលគឺ​នៅ​ក្រោយពេល​ដែល​របប​កុម្មុយនិស្ត​នៃ​ទីក្រុង​ព្យុងយ៉ាង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ម្តងៗ។​ សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អ.ស.ប.​ លេខ​១៧១៨​និង​១៨៧៤​ ​ ហាមឃាត់​ពុំឲ្យ​នាំចូល​ប្រទេស​កូរ៉េ​ខាងជើង​នូវ​ សព្វាវុធ​ធុនធ្ងន់​ ហើយនិង​បច្ចេកវិទ្យា​ដែលអាច​នាំឲ្យ​ឈាន​ទៅរក​ការផលិត​អាវុធ​នុយក្លេអ៊ែរ។

ហើយ​ទណ្ឌកម្ម​ទាំងនោះ​បានត្រូវ​គេ​ពង្រីក​ពង្រឹង​បន្ថែម​ទៀត​ ​ ក្រោយពី​ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​ដាក់​ផ្កាយ​រណប​របស់ខ្លួន​បញ្ចូល​ទៅក្នុង​តារាវិថី​នៅ​ថ្ងៃទី​១៣​មេសា​ ​ ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ចាត់ទុកថា​ ​ ជាការ​បាញ់​សាកល្បង​កាំជ្រួច​មីស្ស៊ីល​អន្តរទ្វីប​របស់​ទីក្រុង​ព្យុងយ៉ាង។​ ក៏ប៉ុន្តែ​នៅ​ខែមេសា​នោះ​ ​ ក្រសួង​ការបរទេស​អាមេរិកាំង​បាន​ទទួល​ការ​ធានា​អះអាង​ពី​ទីក្រុង​ប៉េកាំងថា​ ​ ប្រទេសចិន​គោរព​ សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អ.ស.ប​ពាក់ព័ន្ធ​នឹង​ការហាមឃាត់​ពុំឲ្យ​នាំចូល​ប្រទេស​កូរ៉េ​ខាងជើង​នូវ​សព្វាវុធ​ធុនធ្ងន់​ ​ ហើយនិង​បច្ចេកវិទ្យា​ដែលអាច​នាំឲ្យ​ឈាន​ទៅរក​ការផលិត​អាវុធ​នុយក្លេអ៊ែរ។

សំណួរមួយ​បាន​លេចឡើង​ចោទសួរថា​ ​ តើហេតុអ្វី​បានជា​ប្រទេសចិន​រំលោភ​ទៅលើ​​ សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អ.ស.ប.​ ​ ហើយបែរ​ជា​ទៅជួយ​ប្រទេស​កូរ៉េ​ខាងជើង​បែបនេះ?

ចម្លើយ​របស់​អ្នកវិភាគ​ជាច្រើន​យល់​ឃើញថា​ ​ ក្រៅពី​មូលហេតុ​ទីក្រុង​ព្យុងយ៉ាង​ជា​សម្ព័ន្ធមិត្ត​ចាស់​របស់​ខ្លួន​ ​ ទីក្រុង​ប៉េកាំង​ចង់​រក្សា​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ឲ្យនៅ​ដដែល។​ ទាំងនេះ​ក៏​ដោយហេតុថា​ ​ បើស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​នៅ​ដដែល​ ​ នោះ​ប្រទេសចិន​នឹង​អាច​បន្ត​មាន​សកម្មភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន​ដែល​កំពុង​តែ​ស្គាល់​ការ​រីកចម្រើន​ដ៏​ខ្លាំងក្លា​ ​ ជាជាង​ងាក​មក​ខ្វល់ខ្វាយ​ពី​បញ្ហា​ស្ថានភាព​យុទ្ធសាស្ត្រ​ដ៏​វឹកវរ​នៅ​ប៉ែក​ឦសាន​នៃ​ប្រទេស​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ