អានតួអត្ថបទ
អ.ស.ប

អ.ស.ប​៖ការប្រើប្រាស់​ថ្នាំញៀន​មេតំហ្វេតាមីន​ផ្ទុះឡើង​ខ្លាំង នៅ​អាស៊ី

អង្គការ​សហប្រជាជាតិ​បាន​ទាញ​សញ្ញា​ប្រកាស​អាសន្ន​ស្តីពី​ការកើនឡើង​នៃ​ការប្រើប្រាស់​ថ្នាំញៀន ប្រភេទ​មេតំហ្វេតាមីន នៅ​អាស៊ី។ តាម​របាយការណ៍​ប្រចាំឆ្នាំ ដែល​ត្រូវ​គេ​បង្ហាញ​ឲ្យ​ដឹង នៅថ្ងៃ​សុក្រនេះ នៅក្នុង​ទីក្រុង​បាងកក ថ្នាំញៀន​សំយោគ ភាគច្រើន​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ភូមា។

ថ្នាំញៀន​សំយោគ​មេតំហ្វេតាមីន​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់បាន និង​បំផ្លាញ​ចោលនៅ​ឆ្នាំ ២០១២
ថ្នាំញៀន​សំយោគ​មេតំហ្វេតាមីន​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់បាន និង​បំផ្លាញ​ចោលនៅ​ឆ្នាំ ២០១២ AFP / Nicolas ASFOURI
ផ្សាយពាណិជ្ជកម្ម

 

ការិយាល័យ​ប្រយុទ្ធប្រឆាំង​នឹង​ថ្នាំញៀន​របស់​​អង្គការ​សហប្រជាជាតិ​ទាញ​សញ្ញា​ប្រកាស​អាសន្ន បន្ទាប់ពី​ចំនួន​ថ្នាំញៀន​មេតំហ្វេតាមីន​ដែល​គេ​ចាប់បាន នៅក្នុង​ឆ្នាំ ២០១២​កន្លងទៅ​មាន​ប្រមាណ ២២៧​លានគ្រាប់ គឺ​កើនឡើង ដល់​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ថ្នាំញៀន​ដែល​គេ​ឃាត់ ចាប់បាន កាលពី​ឆ្នាំ២០១១។ តាមរបាយការណ៍ ចំនួន​ថ្នាំញៀន​សំយោគ​នឹង​នៅ​បន្ត​កើន​ឡើង នៅ​ឆ្នាំ ២០១៣នេះ។

លោក​Shawn Kelly អ្នកវិភាគ​របស់​អង្គការ​សហប្រជាជាតិ បាន​ពន្យល់ថា ចំនួន​ថ្នាំញៀន​សំយោគ ដែល​គេ​ចាប់បាន មានការកើនឡើង អាស្រ័យ​ដោយ​មូលហេតុ​មួយ​ចំនួន ដូចជា ការកើនឡើង​នៃ​ប្រតិបត្តិការ​របស់​អាជ្ញាធរ​ដើម្បី​ចុះចាប់​ថ្នាំញៀន ការហូរចូល​នៃ​ថ្នាំ​ញៀន​មក​ពី​តំបន់​ដទៃ ចូល​មក​អាស៊ី និង​ការកើនឡើង​យ៉ាងខ្លាំង​នៃ​ការផលិត​ថ្នាំញៀន​មេតំហ្វេតាមីន នៅក្នុងប្រទេស​ភូមា។

តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ប្រទេស​ដែល​គេ​ចាប់​ថ្នាំញៀន​ច្រើន​ជាងគេ គឺចិន ដែល​មាន​ជាង ១០២​លាន​គ្រាប់ បន្ទាប់មក​គឺ​ថៃ ដែល​ថ្នាំញៀន​ជាង​៩៥​លាន​គ្រាប់​ត្រូវ​គេ​ចាប់បាន​ពី​ការជួញដូរ​ថ្នាំញៀន។ ពោល​គឺ ថ្នាំញៀន​ដែលគេ​ចាប់បាន នៅ​ចិន ថៃ ភូមា និង​ឡាវ តំណាង​ឲ្យ​ដល់​ទៅ ៩៩​ភាគរយ នៃ​ថ្នាំញៀន​សរុប ដែល​គេ​ចាប់​បាន នៅ​អាស៊ី។

ថ្នាំញៀន​សំយោគ​ដែល​មាន​តម្លៃ​ប្រែប្រួល​ទៅតាម​ប្រទេស គឺ​តម្លៃ​៣ដុល្លារ នៅឡាវ និង​ថ្លៃ​រហូត​ដល់​២០​ដុល្លារ​ក្នុង​មួយ​គ្រាប់ នៅ​សិង្ហបុរី ត្រូវ​គេ​ចូលចិត្ត​ប្រើច្រើន ​នៅ​តាម​ផ្លូវ និង​រង្គសាល​នៅបណ្តា​ប្រទេសអាស៊ី​ខាងកើត និង​អាស៊ី​អាគ្នេយ៍។ មិនថា នៅ​ចិន ឬ​នៅ​ថៃ ថ្នាំញៀន​ដែល​គេ​ចាប់បាន សុទ្ធ​តែ​មាន​ប្រភព​នាំចូល​ពី​ប្រទេស​ភូមា។ ភូមា​ដែល​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចាត់ទុក​ជា​ប្រទេស​ផលិត​អាភៀន​ធំ​ទីពីរ​នៅ​លើ​ពិភពលោក បន្ទាប់​ពី​អាហ្វហ្កានីស្ថាន។

អ្នកជំនាញ​ខាងថ្នាំញៀន​នៅអាស៊ី​បាន​វាយតម្លៃថា នៅមុន​ការរំលាយ​របបសឹក​ភូមា ឆ្នាំ ២០១១ ការផលិតថ្នាំញៀន​បាន​កើនឡើង​ខ្លាំង នៅភូមា ដោយសារ​ក្រុមឧទ្ទាម​បាន​សម្រុក​លួច​ផលិត​វា ដើម្បី​លក់​យកលុយ​ទៅ​ទិញអាវុធ។ រហូតមក​ដល់​បច្ចុប្បន្ននេះ បើទោះបី​ជា​មាន​ការចរចា​សន្តិភាព​រវាង​ក្រុមឧទ្ទាម និង​រដ្ឋាភិបាល​ស៊ីវិល​ភូមា​ថ្មី ការផលិត​ថ្នាំញៀន សំយោគ នៅតែ​មាន ជាពិសេស នៅ​កន្លែង​ដាច់ស្រយាល ក្នុង​រដ្ឋ​ស្ហាន ក្នុង​ប្រទេស​ភូមា ដែល​កន្លែង​ផលិត​ថ្នាំញៀន​ត្រូវ​បាន​គេរកឃើញថា បាន​ដំណើរការ​ផលិត​ក្នុង​ទម្រង់​ជា​រោងចក្រ​ឧស្សាហកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ