អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក​ឆ្លៀត​យក​ជម្លោះ​ចិន ជប៉ុន​មក​បញ្ជាក់​យុទ្ធសាស្រ្ត​យោធា​របស់ខ្លួន​នៅ​អាស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹត្តិការណ៍​ផ្ទុះឡើង នៅ​សមុទ្រ​ចិន​ខាងកើត រវាង​ជប៉ុន និង​ចិន កំពុង​ផ្តល់​ឱកាស​ឲ្យ​​ ​អាមេរិក​ពន្យល់​​ពី​​ហេតុផល និង​សារៈសំខាន់​នៃ​វត្តមាន​​​ទ័ព​របស់ខ្លួន នៅ​អាស៊ីប៉ាស៊ីហ្វិក។ ភាពតានតឹង​កើតមាន​កាន់តែខ្លាំងរវាង​ចិន និង​ជប៉ុន បន្ទាប់ពី​ចិន​បង្កើត​តំបន់​ការពារ​ដែន​អាកាស​ជាឯកតោភាគី កាលពី​សប្តាហ៍មុន។ នៅប៉ុន្មាន​ម៉ោង​ក្រោយ​ការប្រកាស​ជាផ្លូវការ​របស់ទីក្រុង​ប៉េកាំង រដ្ឋមន្រ្តីការពារជាតិ​អាមេរិក លោក​Chuck Hagel បញ្ជាក់ប្រាប់​ទៅ​ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត​ថា អាមេរិក​បាន​ត្រៀម​ខ្លួនជានិច្ច ជួយ​ជប៉ុន នៅពេល​ណា​ដែល​ជប៉ុន​ទទួល​រង​ការវាយប្រហារ។

យន្តហោះ​ទម្លាក់គ្រាប់បែក​បេ ៥២
យន្តហោះ​ទម្លាក់គ្រាប់បែក​បេ ៥២
ផ្សាយពាណិជ្ជកម្ម

ចិន​បាន​បង្កើត​តំបន់​ការពារ​ដែនអាកាស​ដែលត្រួតស៊ីគ្នា​ពីលើ​តំបន់​ដែនអាកាស​របស់ជប៉ុន និង​ជាពិសេស​គ្របដណ្តប់​ពីលើ​ប្រជុំកោះ​សេនកាគូ ឬ​ទៀវយូ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​​របស់​ជប៉ុន ប៉ុន្តែ ដែល​ចិន​ទាមទារ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិដែរ។ បន្ទាប់ពី​ជប៉ុន​ចេញមុខ​ប្រឆាំង​ដាច់ខាត​នឹង​ការសម្រេច​របស់​ចិន អាមេរិក​ដែល​ជាសម្ព័ន្ធ​មិត្ត​របស់​ជប៉ុន បាន​ចេញមុខ​ភ្លាម​រិះគន់​នយោបាយ​​របស់​ទីក្រុង​ប៉េកាំង។ ដើម្បី​បង្ហាញ​ពី​ជំហរ​មិន​យល់ស្រប​របស់ខ្លួន អាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់គ្រាប់បែក បេ ៥២ ពីរគ្រឿង​ទៅក្នុង​ដែន​អាកាស​ដែល​ចិន​ទើប​បង្កើតថ្មី ដោយ​មិន​បាន​បញ្ជូន​សញ្ញា​ទៅ​តាម​ការទាមទារ​របស់​អាជ្ញាធរ​​ចិន ។ អាមេរិក​នៅពេលនេះ អាច​ទាញ​យក​​ព្រឹត្តិការណ៍​ដែល​កំពុង​កើតមាន មក​​បង្ហាញថា ការវិនិយោគ​ផ្នែកការទូត និង​យោធា​ (អាមេរិក) ត្រូវ​តែ​មាន​ជាចាំបាច់ នៅ​អាស៊ីប៉ាស៊ីហ្វិក។

 
រឿងរ៉ាវ​ឈ្លោះដណ្តើម​ប្រជុំកោះ​ចិន​-ជប៉ុន​កើតមាន នៅចំ​ពេល​ដែលអនុប្រធានាធិបតី​អាមេរិក លោក​Joe Biden ត្រូវ​ធ្វើដំណើរ​ទស្សនកិច្ច នៅ​អាស៊ី ដើម្បី​ចូល​រួម​ក្នុង​ការចរចា​ស្តីពីការបង្កើត​តំបន់ដោះដូរ​សេដ្ឋកិច្ច​អន្តរ ប៉ាស៊ីហ្វិក។ ប៉ុន្តែ នៅក្នុង​បរិបទ​ដែល​ចិន កំពុង​មាន​ជម្លោះ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដូចជា​ជប៉ុន និង​កូរ៉េខាងត្បូង លោក​បារ៉ាក់ ​អូបាម៉ា ដែល​ជាអ្នក​ផ្តួចផ្តើម​គំនិត ​បែរ​ឆ្ពោះ​យុទ្ធសាស្រ្ត​យោធាអាមេរិក​ ទៅ​ចាក់​ស្នូលកែវ​នៅ​អាស៊ី បាន​បង្វែរ​​បេសកកម្ម​របស់​​​អនុប្រធានរបស់លោកនៅ​អាស៊ី ព្រោះថា បើ​ប្រៀបធៀប​​​នឹង​រឿង​ចរចា​បង្កើត​តំបន់​សេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក ​ការបញ្ជាក់​ជំហរ​យោធា​របស់​អាមេរិក​នៅ​អាស៊ី ជាជំហាន​សំខាន់ និង​អាទិភាពសម្រាប់​លោក​អូបាម៉ា ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​អំណាច​របស់​ចិន។ វា​មិន​ខុសអ្វី​ពី អាមេរិក​កំពុង​រៀបចំ​ជើងព្រួល ដើម្បី​ទប់ទល់​នឹង​ចិន​ដែល បើ​តាម​ក្រសែភ្នែក​របស់​អាមេរិក ​កំពុង​ព្យាយាមរក​​កម្ចាត់​សម្ព័ន្ធភាព​អាមេរិក និង​ជប៉ុន ដើម្បី​អាច​ក្លាយខ្លួន​ជាមហាអំណាច​នៅ​អាស៊ី។

តាម​ក្រុមអ្នកជំនាញ​ដែល​អ្នកផ្តល់​យោបល់​ប្រឹក្សា​ដល់​សភា​អាមេរិក នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ប្រទេស​ចិន​កំពុង​កសាង​ប្រព័ន្ធ​យោធា​របស់ខ្លួន​យ៉ាង​សស្រាក់សស្រាំ ទាំងនៅ​លើ​ទឹក ក្នុងទឹក និង​នៅលើ​អាកាស។ ក្រុមនេះ​បាន​​វាយតម្លៃថា នៅអនាគត​ខាងមុខ ប្រមាណជា​ឆ្នាំ ២០២០ ប្រទេស​ចិន​នឹង​មាន​​​នាវា​មុជទឹក​ និង​នាវាចម្បាំង​ទំនើបៗ ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច។ ដូច្នេះ តាម​ក្រុមផ្តល់​ប្រឹក្សា ដើម្បី​ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​អំណាច​របស់​ចិន សភា​អាមេរិកត្រូវ​បង្កើន​ថវិកា ដើម្បី​អាច​ឲ្យ​កងទ័ព​អាមេរិក​ទៅ​បោះបង់​ទីតាំង​នៅ​អាស៊ី ឲ្យ​បាន​៦០​ភាគរយ ចាប់ពី​ពេលនេះ ដល់​ឆ្នាំ ២០២០។
​​
​កន្លងមក គេលឺ​ពាក្យ​ថា ចាក់ឫស​ស្នូលកែវ​នៅ​អាស៊ី ឬ រក្សា​តុល្យភាព​កម្លាំង នៅ​អាស៊ី តែ​នៅ​ក្នុង​វោហាស័ព្ទ​របស់​អ្នកនយោបាយអាមេរិក​តែ​ប៉ុណ្ណោះ។ គឺ​គ្រាន់តែ​ជាសំដី ប៉ុន្តែ គ្មាន​ការអនុវត្ត​ន៍​ជាក់ស្តែង។ ប៉ុន្តែ ចាប់តាំង​ពី​ចុងសប្តាហ៍មុន គឺ​នៅពេល​ដែល​ចិន​ប្រកាស​បង្កើត​តំបន់​ការពារ​ដែន​អាកាស ដោយ​អត្តនោម័តមក អាមេរិក​បាន​ឆ្លៀត​សំដែង​សកម្មភាព​យោធា ដែល​បញ្ជាក់​ពី​ជំហរ​របស់​អាមេរិក ​នៅ​អាស៊ី។ ជាក់ស្តែង វត្តមាន​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក អាមេរិក បើ​ទោះបី​ជាមិនមាន​ការប្រកាស​ទុកមុន បាន​បង្ហាញ​យ៉ាងច្បាស់​ថា អាមេរិក​ប្រឆាំង​ជានិច្ច​នឹងរាល់​ជំហាន​របស់​ចិន ដែល​ចង់​ក្តោបក្តាប់​ ពង្រីក​ឥទ្ធិពល​នៅ​អាស៊ី។​

ប្រទេស​ចិន​វិញ​បាន​ស្តារមុខមាត់​របស់ខ្លួន ដោយ​បាន​អះអាងថា អាជ្ញាធរ​ចិន​បាន​កំណត់​សញ្ញា​ និង​តាមដាន​រាល់​ផ្លូវហោះហើរ​របស់​យន្តហោះ​ទម្លាក់គ្រាប់បែក​របស់​អាមេរិក។ តាម​អាជ្ញាធរ​ចិន យន្តហោះ​របស់​អាមេរិក បាន​ហោះ​នៅក្បែរ​ប្រជុំ​កោះ​ទៀវយូ ឬ​សេនកាគូមែន ប៉ុន្តែ មិន​បាន​​ហោះ​តម្រង់​ទិស​ចូល​ទៅក្នុង​តំបន់​ការពារ​ដែន​អាកាស​ដែល​ចិន​ទើប​បាន​បង្កើត​ថ្មីនោះទេ។ ការបញ្ជាក់​ព័ត៌មាន​ទាំងអស់នេះ​បង្ហាញថាចិន​មាន​ប្រព័ន្ធ​​ការពារ ទំនើប​ ដែល​អាច​ចាប់​បាន​រាល់​សញ្ញា​របស់​យន្តហោះ​បរទេស រួម​ទាំង​យន្តហោះ​របស់​អាមេរិក។

​ចាប់​តាំងពី​ថ្ងៃ​ចន្ទនេះ លោក​អនុប្រធានាធិបតី​អាមេរិក ត្រូវលើក​យក​រឿង​ទាំង​អស់នេះ​ទៅ​ជជែក នៅក្នុង​ពេល​លោក​​ធ្វើដំណើរ​ទៅក្នុង​ប្រទេស​ភាគី​ជម្លោះ​ទាំងបី គឺ​ជប៉ុន ចិន និង​កូរ៉េខាងត្បូង។​ នៅក្នុង​ជប៉ុន ប្រាកដ​ណាស់ លោកអនុប្រធានាធិបតី​អាមេរិក​នឹង​និយាយ​ធានា​សន្តិសុខ​ដល់​ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន ដ៏សំខាន់​នៅ​អាស៊ី និង​ដែល​ពេលនេះ កំពុង​ប្រឈមមុខ​ជាមួយ​ចិន។

ប៉ុន្តែ នៅក្នុង​ប្រទេស​ចិន លោក​Joe Biden​នឹង​ព្យាយាម​និយាយ​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។ តាម​សេតវិមាន លោក​អនុប្រធានាធិបតី​អាមេរិក​នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង។ នៅក្នុង​ជំនួប​នោះ លោក​Joe Biden​នឹង​លើកឡើង​ពី​ក្តី​ព្រួយ​បារម្ភ​​របស់​ប្រទេស​ជិតខាង​របស់ចិន នៅពេល​ឃើញ​ចិន​​បង្កើត​តំបន់​ការពារ​ដែន​អាកាស​ដោយ​ឯកតោ​ភាគី ហើយ​ដែល​រំលោភ​ទៅលើ​ដែន​អាកាស​របស់​ជប៉ុន។ លោកអនុ​​ប្រធានាធិបតី​អាមេរិក​នឹង​ចោទ​សួរ​ផងដែរ​ពី​ជំហរ​របស់​ចិន​ក្នុងឆាក​អន្តរជាតិ និងចេតនា​​ក្នុង​​ការដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង។ ​អាមេរិក​​កំពុង​ចេញមុខ​ឈ្លោះ​ជាមួយ​ចិន មិនមែន​ដើម្បី​ប្រយោជន៍​របស់​សម្ព័ន្ធមិត្ត​របស់ខ្លួន ដូចជា​ជប៉ុន និង​កូរ៉េខាងត្បូង​តែប៉ុណ្ណោះទេ ប៉ុន្តែ អាមេរិក​កំពុង​ចង់​​​ សាកកម្លាំង និង​ផ្ចាញ់ផ្ចាល​​ជាមួយ​​ចិន ដែល​អាមេរិក​ចាត់ទុកថា ជា​ប្រទេស​ដែល​អាច​គំរាមកំហែង ប្រជែងយក​​ប្រយោជន៍​ពីអាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ