អានតួអត្ថបទ
ជប៉ុន-បារាំង

បារាំងបញ្ចុះ​បញ្ចូល​ជប៉ុន​ឱ្យ​ជួយ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម

រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​ហិរញ្ញវត្ថុ និង​ឧស្សាហកម្ម​ ​បារាំង លោក មីស្ហែល សាប៉ាំង (Michel Sapin) បាន​ទទូច​នៅ​ថ្ងៃ​ចន្ទ​ទី ១៩​មករា នេះ​ សុំ​ឱ្យ​តូក្យូ​គិត​គូរ​ពី​ភាព​ចាំ​បាច់​ នៃ​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្តល់​ហិរញ្ញវត្ថុភេរវកម្ម​​អន្តរជាតិ​។ ​ថ្វីបើ​មាន​ឆន្ទៈ​គ្រប់​គ្រាន់មែន ប៉ុន្តែ​ជប៉ុន​ត្រូវ​ការ​ប្រឹង​ប្រែង​ខ្លាំង​ ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​នេះ។

លោក​រដ្ឋមន្ត្រី​ Michel Sapin ទៅ​បញ្ចុះ​បញ្ចូល​ជប៉ុន​ឱ្យ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម
លោក​រដ្ឋមន្ត្រី​ Michel Sapin ទៅ​បញ្ចុះ​បញ្ចូល​ជប៉ុន​ឱ្យ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

គ្រោះ​រង​ភេរវកម្ម​លើ​ទឹក​ដី​ជប៉ុន​មាន​តិច​តួច​ណាស់ ប៉ុន្តែ​អ្វីដែល​គ្មាន​ព្រំដែន ដែល​មាន​ចរាចរណ៍​ពេញ​ពិភពលោក គឺ​ចរន្ត​ប្រាក់។ ភេរវកម្ម​តាម​ផ្លូវ​ហិរញ្ញវត្ថុ​អាច​មាន​គ្រប់​ពេល​វេលា។ គឺ​ក្នុង​អត្ថន័យ​នេះ​ហើយ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង បាន​ពន្យល់​ប្រាប់​សមភាគី​ជប៉ុន នៅ​ទីក្រុង​តូក្យូ​ថា​ ត្រូវ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ ជាពិសេស​ប្រឆាំងនឹង​ហិរញ្ញវត្ថុ​​ដែល​យក​ទៅ​បម្រើ​ប្រយោជន៍​ភេរវជន។

 
នេះ​មិន​មែន​ជា​លើក​ទី​មួយដែល​បារាំង បាន​លើក​យ៉ាង​ទទូច​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​តាម​ផ្លូវ​ហិរញ្ញវត្ថុ ព្រោះ​បើ​ប្រទេស​​មាន​ហិរញ្ញវត្ថុ​កាន់​តែ​សំខាន់ កាន់​តែ​មាន​ចលនា​ នោះ​ដំណើរ​ផ្ទេរ​ប្រាក់​របស់​ភេរវជន​ឆ្លង​កាត់​ក៏​កាន់​តែ​អាច​មាន​ច្រើន។ ប្រាក់​អាច​ធ្វើ​ចរាចរណ៍​បាន​លឿន និង​ងាយ​ស្រួល​ជាង​​មនុស្ស​​ឆ្ងាយ​ណាស់។ ​មិន​បង្ក​គ្រោះ​ភ័យ​ដល់​បុគ្គល​ណា​មែន ប៉ុន្តែ​គ្រោះ​ថ្នាក់​អាច​មាន​ធំ​ទៅ​ថ្ងៃ​ក្រោយ ព្រោះ​គេ​មិន​អាច​មើល​ដឹង​ថា​មាន​អ្វី​លាក់​នៅ​ពីក្រោយ​ប្រព័ន្ធ​អេក្រង់​បានទេ។​

ហេតុដូច្នេះហើយ​បាន​ជា​ជប៉ុន ត្រៀម​ជា​ស្រេច​នឹងធ្វើ​កិច្ច​សហប្រតិបត្តិការ​​ជាមួយ​បារាំង ប៉ុន្តែ​​ជប៉ុន​ត្រូវការ​ពេល​វេលា និង​ផ្លូវ​ដើរ​វែង​ឆ្ងាយ​ទៀត ព្រោះជប៉ុន​មាន​ទីផ្សារ​ហិរញ្ញវត្ថុ​ពិសេស​​ជា​លក្ខណៈ​របស់ជប៉ុន។ ចំណោទ​ហិរញ្ញវត្ថុ​ភេរវនិយម​ មិន​មែន​ជា​ប្រធានបទ​សម្រាប់​ទ្វេ​ភាគី​ឡើយ បញ្ហា​នេះ​នឹង​ត្រូវ​​លើក​ទៅ​ជជែក​ថ្នាក់​អន្តរជាតិ​ នា​ឱកាស​ជំនួប​កំពូល​ហ្សេ​២០ នៅទីក្រុង​អ៊ីស្តង់ប៊ូល​លើក​ក្រោយ​ផង។

ក្នុងរ​យៈ​ពេល​ទស្សនកិច្ច​បី​ថ្ងៃ ថ្វី​បើ​ប្រធានបទ​ភេរវនិយម​គ្រប​ដណ្តប់​ខ្លាំង​មែន ប៉ុន្តែ​បារាំង​និង​ ជប៉ុន​ ក៏​បាន​ឆ្លៀត​ពិភាក្សា​អំពី​នយោបាយ​សេដ្ឋកិច្ច ដែល​ប្រទេស​ទាំង​ពីរ​មាន​ឆន្ទៈ​ដូច​គ្នា​គឺ​​ប្រយុទ្ធ​ប្រឆាំង​នឹង​កំណើន​សេដ្ឋកិច្ច​តិច​តួច អូស​បន្លាយ​និង​អតិផរណា​ទាប​ជ្រុល៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ