អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេស​នៅ​អឺរ៉ុប​រួមគ្នា​ចាត់​វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវជន​ជីហាត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្រោយ​ប្រតិបត្តិការ​គាស់​រំលើង​បណ្តាញ​ភេរវនិយម នៅ​ក្នុង​ប្រទេស​អឺរ៉ុប ដូចជា​បែលហ្ស៊ិក បារាំង និង​អាល្លឺម៉ង់ អឺរ៉ុប​កំពុង​ស្វែងរក​យុទ្ធសាស្រ្ត និង​វិធានការ​តឹងរ៉ឹង​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ភេរវកជន កុំ​ឲ្យធ្វើ​សកម្មភាព​សម្លាប់​មនុស្ស​នៅ​ក្នុង​ដែនដី​​អឺរ៉ុប។

ប៉ូលិស​បែលហ្ស៊ិក​ចូល​មើល​ក្នុង​ផ្ទះ​ដែល​ពួកភេរវជន​ជីហាត​ប្រើ​ជា​កន្លែង​ស្តុកអាវុធ និង​ធ្វើ​ផែនការ​ដើម្បី​វាយប្រហារ​លើ​ប៉ូលិស ថ្ងៃទី ១៥ មករា
ប៉ូលិស​បែលហ្ស៊ិក​ចូល​មើល​ក្នុង​ផ្ទះ​ដែល​ពួកភេរវជន​ជីហាត​ប្រើ​ជា​កន្លែង​ស្តុកអាវុធ និង​ធ្វើ​ផែនការ​ដើម្បី​វាយប្រហារ​លើ​ប៉ូលិស ថ្ងៃទី ១៥ មករា REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ការគំរាមកំហែង​អំពើ​ភេរវកម្ម​ត្រូវ​បាន​រដ្ឋាភិបាល​បារំាង និង​បែលហ្ស៊ិក​លើក​ដល់​កម្រិត​ខ្ពស់ នៅក្រោយ​បារាំង​រង​អំពើ​ភេរវកម្ម សម្លាប់​មនុស្ស​១៧នាក់ នៅ​ទីក្រុង​ប៉ារីស និង​បែលហ្ស៊ិក​បាន​ទប់ស្កាត់​ទុកមុន អំពើ​ភេរវកម្ម កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​សម្លាប់ ក្រុមភេរវជន​ពីរនាក់ និង​ចាប់ខ្លួន​បាន​ម្នាក់។ គេ​ដឹងថា ភេរវជន​ដែល​សម្លាប់ នៅក្នុង​ពេល​បាញ់​តដៃ​ជាមួយ​ប៉ូលិស តាមពិត​ត្រូវ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​​បែលហ្ស៊ិក​តាមដាន តាំងពី​ត្រលប់​មក​ពី​ប្រទេស​ស៊ីរី​ម្ល៉េះ។ គ្រប់អ្នកជំនាញ​សុទ្ធ​តែ​បាន​អះអាង​ពី​គ្រោះថ្នាក់ខ្លាំង​របស់​ក្រុមយុវជន​ដែល​បាន​ចេញ​ទៅ​ចូលរួម​ជាមួយ​ក្រុមជីហាត នៅស៊ីរី ឬ​នៅ អ៊ីរ៉ាក់។

 
ប្រជាជន​បែលហ្ស៊ិក ប្រមាណ​ជាង​៣០០​នាក់​បាន​ចេញ​ទៅ​ប្រយុទ្ធ​កៀកស្មា​ជាមួយ​ពួកជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​មាន​ជាង​១០០​នាក់​បាន​ត្រលប់​មក​បែលហ្ស៊ិក​វិញ។ រដ្ឋាភិបាល​បែលហ្ស៊ិក​ដឹង​ច្បាស់​ពី​ទំហំ​គ្រោះថ្នាក់ ដែល​ក្រុមជីហាត​ទាំងនោះ អាច​បង្ក នៅពេល​ត្រលប់​ចូល​ទឹកដី​បែលហ្ស៊ិក ប៉ុន្តែ រដ្ឋាភិបាល​មិន​អាច​ចាប់ខ្លួន​ពួកជីហាត​ទាំងនោះទេ។ គេ​បាន​ត្រឹម​តែ​ដាក់​ក្រុមទាំងនោះ ស្ថិតនៅក្រោម​ការតាមដាន​កម្រិតខ្ពស់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍។

ជាក់ស្តែង ប៉ូលិស​បែលហ្ស៊ិក បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ បង្រ្កាប​ក្រុមជីហាត នៅ​ទីក្រុង​Verviers ក៏​ព្រោះ​តែ​គេ​បាន​ស្តាប់​លឺ​ការសន្ទនា​តាម​ទូរស័ព្ទ​របស់​ក្រុមនេះ ដែល​ថា ពួកគេ​មាន​ផែនការ​វាយប្រហារ​ទៅ​លើ​ប៉ូលិស​បែលហ្ស៊ិក ក្នុង​ពេល​ឆាប់​ខាងមុខ។ ប៉ូលិស​បែលហ្ស៊ិក​ចាត់ទុក​ព័ត៌មាន​ទាំងនោះ​ថា ជា​បាន​ការណ៍ បន្ទាប់ពី​បាន​ទទួល​ដំណឹង​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​បារាំង ដែល​ថា ភេរវជន​កំពុង​រៀបចំ​ផែនការ​បង្ក​​អំពើ​ភេរវកម្ម នៅ​កន្លែង​ដទៃ នៅ​ប្រទេសអឺរ៉ុប​ផ្សេងទៀត ក្រោយ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស។

បែលហ្ស៊ិក​សំបុក​បណ្តាញ​រើសបញ្ចូល​មនុស្ស​ឲ្យ​ក្រុមជីហាត នៅ​ស៊ីរី
បែលហ្ស៊ិក​ត្រូវ​គេ​ចាត់ទុក​ជា​ទីតាំង មេខួរក្បាល របស់​ក្រុម​ជីហាត នៅ​អឺរ៉ុប។ នេះ​បើ​មើល​ទៅលើ​និន្នាការ​ជ្រុលនិយម​ដែល​កើត​មាន​ច្រើន និង​ស្តែងៗ នៅ​ក្នុង​ទឹកដី​បែលហ្ស៊ិក។ នៅ​ទីក្រុង​Verviers ជាទី​ដែល​ប៉ូលិស​បាន​បាញ់បង្រ្កាប​ក្រុមភេរវជន មាន​ប្រជាជន​រស់នៅ ៦ម៉ឺននាក់។ ប៉ុន្តែ គេ​រកឃើញថា មាន​មនុស្ស​ជាង​១០​នាក់ មក​ពី​សហគមន៍​សាសនា​អ៊ីស្លាម បាន​ចេញ​ទៅ​ចូលរួម​ជាមួយ​ក្រុមជីហាត​នៅ​ស៊ីរី។ មេសាសនា​អ៊ីស្លាម​ម្នាក់ ដើមកំណើត​ម៉ារ៉ុក​ត្រូវ​បាន​កូនខ្លួនឯង​បកអាក្រាត ថា បាន​និយាយ​បញ្ចុះបញ្ចូល​យុវជន​បែលហ្ស៊ិក​ឲ្យ​ចូលរួម​ជាមួយ​ពួកជីហាត។

តាំងពី​ភេរវកម្ម នៅ បារាំង អាជ្ញាធរ​បែលហ្ស៊ិក​ដឹងខ្លួន​ច្បាស់ថា បែលហ្ស៊ិក​ពិតជា​ស្ថិតនៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ប្រឈម​នឹង​ការគំរាមកំហែង​ដោយ​ភេរវកម្ម​គ្រប់ពេលវេលា។ កាលពីថ្ងៃសុក្រ រដ្ឋាភិបាល​បែលហ្ស៊ិក​បាន​បញ្ជា​ឲ្យ​ពង្រាយ​ទាហាន​បន្ថែម ពី​ចំនួន​ប៉ូលិស ដើម្បី​តាមដាន​ត្រួតពិនិត្យ និង​ធានា​សន្តិសុខ នៅ​តាមទីសាធារណៈ។ ជាវិធានការ​ដែល​បែលហ្ស៊ិក​ខាន​បាន​ធ្វើ តាំងពី​ឆ្នាំ ១៩៨០។ តាមអ្នកជំនាញខ្លះ រដ្ឋាភិបាល​ក៏​កំពុង​ពិនិត្យ​មើល​លើ​ការដកសញ្ជាតិ​របស់​ក្រុមជនបរទេស ដែល​បាន​ទទួល​សញ្ជាតិ​បែលហ្ស៊ិក ប៉ុន្តែ បាន​ចាកចេញ​ទៅ​ប្រយុទ្ធ​ជាមួយ​ក្រុមជីហាត នៅ​ស៊ីរី។ ធ្វើដូច្នេះ គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមជីហាត​អាច​ត្រលប់​មក​បង្ក​ភេរវកម្ម នៅក្នុង​ទឹកដី​បែលហ្ស៊ិកវិញ។

អឺរ៉ូប៉ូល​ត្រូវ​គេ​លើកនិយាយ ក្រោយ​ភេរវកម្ម​នៅ​បារាំង និងក្រោយ​ការបង្រ្កាប​ជីហាត នៅ​បែលហ្ស៊ិក

សហភាព​អឺរ៉ុប មាន​ស្ថាប័ន​ប្រឆាំង​អំពើភេរវកម្ម ដែល​បង្កើតឡើង នៅ​ឆ្នាំ ២០០៤ គឺ​នៅក្រោយ​អេស្ប៉ាញ រង​ភេរវកម្ម និង​នៅក្រោយ​ភេរវកម្ម នៅទីក្រុង​ញូវយ៉ក ឆ្នាំ ២០០១។ ស្ថាប័ន​នេះដែល​ធ្វើការ​តែ​ទៅលើ​ក្រដាស ដូចជា​ធ្វើ​​សំណើ នយោបាយ ឬ​យុទ្ធសាស្រ្ត​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវកម្ម គ្មាន​អំណាច គ្មាន​ប៉ូលិស ដើម្បី​ធ្វើការ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​ទេ។ រហូតមក​ដល់​ពេលនេះ ប្រទេស​សមាជិក​ត្រូវ​ដោះស្រាយ​បញ្ហា​សន្តិសុខ​រៀងៗខ្លួន ឬ​អាច​ដោះដូរ​ព័ត៌មាន​ប្រឆាំង​ភេរវកម្ម រវាង​ប្រទេស​ដែល​ពាក់ព័ន្ធ​តែប៉ុណ្ណោះ។

ប៉ុន្តែ ជាមួយ​នឹង​កម្រិត​គំរាមកំហែង ភេរវកម្ម មាន​កាន់តែខ្លាំង​នៅ​អឺរ៉ុប គេ​រំពឹងថា ស្ថាប័ន​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​របស់​សហភាព​អឺរ៉ុប​នឹង​បញ្ចេញ​សកម្មភាព​ច្រើនជាងមុន។ ស្ថាប័ន​នេះ មាន​ក្រុម​Europol​ដែល​ធ្វើការ​ជាមួយ​ប៉ូលិស​សហព័ន្ធ​អាមេរិក FBI ឬ ប៉ូលិស​Interpole ឬ​ទីភ្នាក់ងារ​ស៊ើបការណ៍​តួកគី។ តាម​ប្រធាន​ស្ថាប័ន​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​របស់​អឺរ៉ុប បើ​សិន​គេ​ប្រើ​Europol​ឲ្យ​ចំទិសដៅ នោះ អឺរ៉ុប​អាច​នឹង​ទប់ស្កាត់​បាន​ច្រើន អំពើភេរវនិយម​របស់​ក្រុមជីហាត។ នៅ​ខែ​កុម្ភៈ ខាងមុខ នៅក្នុង​ជំនួបកំពូល​អឺរ៉ុប ស្ថាប័ន​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​របស់​អឺរ៉ុប​គ្រោង​នឹង​ស្នើផងដែរ ចង់​ឲ្យ​អ្នកនយោបាយ​របស់​ប្រទេស​សមាជិក​អឺរ៉ុប​ពិនិត្យ​ឡើងវិញ លើ​ច្បាប់​ដើរហើរ​នៅ​ក្នុង​តំបន់​Schengen ការលុបចោល​វិបសៃតិ៍ ដែល​ខុសច្បាប់។ ប្រធាន​របស់​ស្ថាប័ន​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​របស់​អឺរ៉ុប​នៅ​បាន​ទាមទារ​ឲ្យ​មាន​ការសហការ​គ្នា កាន់តែ​ច្រើន រវាង​ប្រទេស​សមាជិក នៅក្នុង​ផ្នែក​ដោះដូរ​ព័ត៌មាន​សម្ងាត់ ការបង្កើត​បញ្ជីឈ្មោះ​របស់អ្នកដំណើរ ដើម្បី​អាច​ត្រួតពិនិត្យ​រាល់​ឈ្មោះ​មនុស្ស​ដែល​គេ​សង្ស័យថា ចង់​ចេញ​ទៅ​ចូលរួម​ជាមួយ​ក្រុមអាល់កៃដា ឬ ក្រុមជីហាត នៅស៊ីរី។

អាមេរិក និង​អង់គ្លេស​រួមគ្នា​ប្រយុទ្ធ​នឹង​មនោគមវិជ្ជា​របស់​ក្រុមជីហាត នៅ​លើ​អ៊ីនធ័រនែត

នៅក្នុង​សន្និសីទ​ការសែត កាលពីថ្ងៃ​សុក្រ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្រ្តី​អង់គ្លេស​សន្យា​ថា នឹង​រួមគ្នា ប្រយុទ្ធប្រឆាំង​ មនោគមវិជ្ជា​ ដែល​បំពុល ពង្វក់​ស្មារតី តាម​អ៊ីនធ័រនែត។

តាម​ប្រមុខដឹកនាំ​ទាំងពីរ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ត្រូវ​ចាត់​គ្រប់​វិធានការ​ដើម្បី​តាមដាន​សកម្មភាព​របស់​ក្រុម​មនុស្ស​ដែល​មាន​និន្នាការ​ទៅរក​ក្រុមជីហាត នៅ​លើ​អ៊ីនធ័រនែត ព្រោះថា ក្រុមជីហាត​បាន​ប្រើ​យ៉ាង​ជោគជ័យ​បណ្តាញ​ផ្សព្វផ្សាយ​តាម​អ៊ីនធ័រនែត ដើម្បី​អូសទាញ ផ្សព្វផ្សាយ​ឃោសនា​ចលនា​របស់ខ្លួន។

ប៉ុន្តែ ការត្រួត​ពិនិត្យ ចូល​យក​ព័ត៌មាន​របស់​បុគ្គល​នៅ​តាមអ៊ីនធ័រនែត​ធ្លាប់​បាន​បង្ក​ឲ្យ​មាន​មតិរិះគន់​ទំាង​នៅ​អាមេរិក និង​នៅ អឺរ៉ុប ទាក់ទង​នឹង​ការររំលោភ ប៉ះពាល់​ដល់​ជីវិត​ឯកជន បន្ទាប់ពី​រឿងអាស្រូវ​Snowden។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​បញ្ជាក់ថា គេត្រូវ​តែ​បង្កើត​ប្រព័ន្ធ​តុលាការ​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋ​អាច​ចូល​តាមដាន​សកម្មភាព​របស់​មនុស្ស​តាមអ៊ីនធ័រនែត ដោយ​មិន​ប៉ះពាល់​ដល់​ជីវិត​ឯកជន ប៉ុន្តែ អាច​ឲ្យ​គេ​ចាប់សំគាល់​បាន​ក្រុមសកម្មជន​ជីហាត ដែល​អាច​បង្ក​ភេរវកម្ម នៅក្នុង​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ