អានតួអត្ថបទ
ថៃ

ប៉ូលិស​ថៃ​ស្រាវ​​ចាប់​បណ្តាញ​ប្រឆាំង​រាជានិយម​

ប៉ូលិស​ថៃ​បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ទី ១០ កុម្ភៈ​នេះថា បាន​ស្រាវជ្រាវ​​ចាប់​បាន​បណ្តាញ​ប្រឆាំង​នឹង​រាជានិយម​ ដែល​បាន​ផ្សព្វផ្សាយ​​បង្ហោះ​ឯកសារ​សំឡេង​​ បរិហារ​គ្រួសារ​រាជវង្ស​។ មេកើយ​ដែល​បាន​រត់​គេច​ខ្លួន​ពី​ប៉ូលិស​អស់​ជា​ច្រើន​ថ្ងៃ ត្រូវ​ចាប់ខ្លួន​​​បាន នៅ​យប់​ម្សិលមិញ និង​ត្រូវ​ជាប់​ចោទ​ពី​បទ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ។

មេប៉ូលិស​ថៃ ឧត្តមសេនីយ៍​ប្រាយុទ្ធ ថាវ៉នស៊ីរី បង្ហាញ​រូប​ជន​សង្ស័យ​ដាក់​គ្រាប់​បែក​នៅមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជិត​ក្រុង​បាងកក
មេប៉ូលិស​ថៃ ឧត្តមសេនីយ៍​ប្រាយុទ្ធ ថាវ៉នស៊ីរី បង្ហាញ​រូប​ជន​សង្ស័យ​ដាក់​គ្រាប់​បែក​នៅមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជិត​ក្រុង​បាងកក © Reuters
ផ្សាយពាណិជ្ជកម្ម

ហាសាឌីន អ៊ុរ៉ៃប្រៃវ៉ាន់ Hasadin Uraipraiwan ដែល​ទំនង​ជា​មេកើយ​បណ្តាញ​ឈ្មោះ​ថា បានប៉ូដ Banpodj ត្រូវ​បាន​ប៉ូលិស​ថៃ​​​តាម​ចាប់​ខ្លួន​តាំង​ពី​ពីរ​សប្តាហ៍​មក​ហើយ ដោយ​បាន​ប្រកាស​ផ្តល់​​ប្រាក់​រង្វាន់​២០ម៉ឺន​បាត ដល់​អ្នក​ដែល​ឃាត់​ខ្លួន​ជន​នេះ​បាន​ផង។

 
ចាប់​ខ្លួន​បាន​នៅល្ងាច​ម្សិលមិញ នៅ​ក្នុង​សណ្ឋាគារ​មួយ​នា​ទីក្រុង​បាងកក ហាសាឌីន ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​ប្រមាថរាជានិយម និង​ត្រូវ​បានឃុំឃាំង​ខ្លួន​ដោយយោធា។ មនុស្ស​៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ដែរ ក្នុង​សំណុំ​រឿង​តែ​មួយ​​ គឺ​បណ្តាញ​បានប៉ូដ បាន​ផ្សព្វផ្សាយ​ឯកសារ​សំឡេង​ ជា​ថាស​CD ជេរ​ប្រមាថ​រាជវង្ស។

ជា​ប់​ឈ្មោះ​ជាមេខ្លោង​ដឹកនាំ​ក្រុម​ប្រឆាំង​នឹង​រាជានិយម ប៉ុន្តែ​ប៉ូលិស​មិន​បាន​រក​ឃើញ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ផ្សេង​ទៀត​ទេ។ ទំព័រ​សង្គម​ហ្វេសប៊ូក​របស់​ក្រុម​នេះ មាន​អ្នក​ចូល​មើល​ដល់​ទៅ​១០​ម៉ឺន​នាក់។ ចំណែក​ឯ​សារព័ត៌មាន​ក្នុង​ស្រុក​វិញ បាន​ភ្ជាប់​ហាសាឌីន ទៅ​នឹង​ក្រុម​អាវ​ក្រហម​ ចលនា​គាំទ្រ​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន និង​យីងឡាក់ ស៊ីណាវ៉ាត់។

សូម​បញ្ជាក់ថា​កាលពី​សប្តាហ៍​មុន សកម្មជន​អាវ​ក្រហម​ម្នាក់ ក៏​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​ពី​បទ​​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​សុខភាព​របស់​ព្រះ​មហាក្សត្រ​​ភូមិបុល។ ចលនា​អាវក្រហម​នេះ ក៏​ធ្លាប់​ជាប់​សង្ស័យ​ថា ​​បាន​​លួច​ដាក់​គ្រាប់​បែក​​នៅ មុខ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាយ​ទីក្រុង​បាងកក កាលពី​ដើម​ខែ។ ប៉ុន្តែ​សម្រាប់​ប្រមុខ​អាវ​ក្រហម នេះ​ជា​ការ​ចោទ​ប្រកាន់​របស់​​រដ្ឋាភិបាល​សឹក ដែល​ចង់​បំបាក់​ចលនា​រួម​រួប​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ក្រោម​ផ្លាក​ការពារ​រាជា​និយម​តែ​ប៉ុណ្ណោះ។  

ប្រទេស​ថៃ​ល្បី​ខាង​មាន​ច្បាប់​ការពាររាជានិយម ដ៏តឹង​តែង​​បំផុត​នៅ​លើ​​លោក ​សារព័ត៌មាន​ជាតិ​និង​​អន្តរជាតិ ត្រូវ​បង្ខំ​ចិត្ត​ហាម​ឃាត់​ខ្លួន​ឯង​ រាល់​ប្រធានបទ​ទាក់ទងនឹង​រាជានិយម ព្រោះ​សូម្បី​តែ​ ការរាយការណ៍​​ដោយ​លម្អិតពី​​បទល្មើស ​ក៏​អាច​នឹង​ត្រូវ​ជាប់​ចោទ​ថា ​រំលោភ​ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ​ដែរ។ បើ​តាម​មាត្រា​១១២ ការ​ជេរ​ប្រមាថ​ព្រះ មហាក្សត្រ មហាក្សត្រីយានី ក្សត្រ​ស្នង​រាជ ត្រកូល​រាជវង្ស​អាច​នឹង​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ដល់​ទៅ​១៥​ឆ្នាំ។ ច្បាប់​នេះ​កាន់​តែ​តឹង​តែង និង​មាន​លក្ខណៈ​នយោបាយ​កាន់​តែខ្លាំង ព្រម​ទាំង​ការ​ចាប់​ខ្លួន​ច្រើន​ឡើងៗ​ តាំង​ពី​ក្រុម​យោធា​ឡើង​កាន់​អំណាច៕   

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ