អានតួអត្ថបទ

ថៃ​បើក​ប្រតិបត្តិការ​សង្គ្រោះ​អន្តោប្រវេសន៍​តាម​ទូក

អាជ្ញាធរ​ថៃ បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី ២៥​ ឧសភានេះ បញ្ចេញ​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ ​​ ដើម្បី​ជួយ​ស្រោច​ស្រង់​ជីវិត​ជន​អន្តោប្រវេសន៍​តាម​ទូក ដែល​កំពុង​រសាត់​​ ក្នុង​ផ្ទៃ​សមុទ្ទ​អង់ដាម៉ង់។ ​បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​អង្គការ​សហប្រជាជាតិ មាន​ជន​អន្តោប្រវេសន៍ជា​ច្រើន​ពាន់​នាក់ កំពុង​ធ្វើ​ដំណើរ​​រត់​ភៀស​ខ្លួន​ តាម​សមុទ្ទ​ចេញ​ពី​ប្រទេស​បង់ក្លាដែស និង​ភូមា។

នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ថៃ HTMS AngThong.
នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ថៃ HTMS AngThong. photo: marine thaïlandaise
ផ្សាយពាណិជ្ជកម្ម

“ថៃ​បាន​ប្រើ​មធ្យោបាយ​ធំ ជា​មូលដ្ឋាន​អណ្តែត​ទឹក មាន​គ្រូពេទ្យ​​ ចាំ​ជួយ​សង្គ្រោះ​ជន​ភៀសខ្លួន​ រ៉ូហ៊ីងយ៉ា រត់​តាម​ទូក​” ! នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោក​ប្រាយុទ្ធ​ចាន់​អូចា នាយក​រដ្ឋមន្ត្រី​​នៃ​របប​សឹក​ថៃ​ទៅ​កាន់​អ្នក​សារព័ត៌មាន ដោយ​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ពេល​នាវិក​ថៃ​ប្រទះ​ភ្នែក​ឃើញ​ទូក​ជន​ភៀស​ខ្លួន​ហើយ ថៃ​នឹង​សង្គ្រោះ​អ្នក​ដំណើរ​ទាំង​អស់​នោះ ​ឱ្យ​ឡើង​លើ​នាវា មុន​នឹង​បញ្ជូន​ទៅ​នាំទៅ​កាន់​ជំរំ​ភៀស​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។​ គ្មាន​ជន​ភៀស​ខ្លួន​ណា​ម្នាក់​ ត្រូវ​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​លើ​ទឹក​ដី​ថៃ​ទេ លើក​លែង​តែ​​អ្នក​ជំងឺ​ និង​អ្នក​របួស ត្រូវ​ទទួល​ការ​ព្យាបាល ក្នុង​មន្ទីរ​ពេទ្យ​​ថៃ។

 
ប្រតិបត្តិការ​​សង្គ្រោះ​ទ្រង់ទ្រាយ​ធំ​នេះ ស្ថិត​នៅ​ក្រោម​បញ្ជាការ​​ថៃ​ទាំង​ស្រុង បើ​ទោះ​បី​ជា​រដ្ឋាភិបាល​សឹកព្រម​​បាន​បើក​ទ្វារ​ទទួល​ស្វាគមន៍​កិច្ចសហប្រតិបត្តិការ​ជា​មួយ​អាមេរិក​យ៉ាង​ណា​ក៏​ដោយ។ វ៉ាស៊ីនតោន ដែល​មាន​ទំនាក់ទំនង​តាន​តឹង​ជាមួយ​ថៃ គិត​ចាប់​តាំង​ពី​រដ្ឋប្រហារ​ខែឧសភា​២០១៤​មក បាន​ចូល​ជួយ​ប្រទេសក្នុង​តំបន់​ ដោយ​បញ្ចេញ​យន្តហោះ​​ទៅ​​ត្រួត​ពិនិត្យ​ដែន​សមុទ្ទ​ អង់ដាម៉ង់ ដៅ​មើល​ទូក​ដឹក​ជន​ភៀស​ខ្លួន។ រដូវ​វស្សា​ម៉ូសុង​កាន់​តែ​ខិត​មក​ដល់ ជន​អន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ានៅ​បង់ក្លាដែល ឬ​ភូមា ប្រមាណ​ជាង​ពីរពាន់​នាក់ កំពុង​បណ្តែត​តាម​ទូក​សំដៅ​ម៉ាឡេស៊ី ឬ​ឥណ្ឌូណេស៊ី។ នេះ​បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​អង្គការ​សហប្រជាជាតិ។

​ នៅ​ថ្ងៃ​សុក្រ​​ខាង​មុខ​នេះ ​ថៃ​នឹងទទួល​រៀប​ចំ​​បើក​ជំនួប​កំពូល​តំបន់ ដើម្បី​ដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍​​តាម​ទូក ​ជា​ជនជាតិ​​រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម ដែល​​ រងគ្រោះ​ជាង​គេ​បំផុត​មួយ​នៅ​លើ​លោក ភាគ​ច្រើន​រស់​នៅក្នុង​ភូមា បាន​រត់​គេច​ពី​ភាព​ក្រីក្រនៅ​បង់ក្លាដែល និង​ពី​អំពើ​ហិង្សា​សហគមន៍​នៅ​ភូមា​​ពី​សំណាក់​សហគមន៍​ពុទ្ធសាសនា។ ការ​ភៀស​ខ្លួនតាម​ទូក​​ដែល​បាន​ក្លាយ​ជា​សោកនាដកម្ម ព្រោះ​ដំបូង​ឡើង​​ម៉ាឡេស៊ី ឬ​ឥណ្ឌូណេស៊ី ព្រមទាំង​ថៃ​ ច្រាន​ចេញ​ដែន​ទឹក​ខ្លួន​រៀងៗខ្លួន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ