អានតួអត្ថបទ

ជប៉ុន​សន្យា​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ឱ្យ​បាន​​២៦% នៅ​ឆ្នាំ​២០៣០

ជប៉ុន​ ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​លំដាប់​លេខ​៦​នៅលើ​ពិភពលោក បាន​បញ្ជូន​ឯកសារ​សន្យា​កាត់​បន្ថយ​ផ្សែង​ពុល​២៦%​ ពី​ពេល​នេះ​ដល់​ឆ្នាំ​២០៣០ ដើម្បី​ចូល​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំងនឹងការ​ឡើង​កំដៅ​នៃ​ភព​ផែន​ដី។ ប៉ុន្តែ​កម្មវត្ថុ​​របស់​ជប៉ុន​នេះ ត្រូវ​បាន​ក្រុម​អ្នក​ឯកទេស​ក្នុង​ប្រទេស​និង​​អ្នក​បរិស្ថាន យល់​ថា​មិន​គ្រប់​គ្រាន់​ឡើយ។

ផ្សែង​ពុល​ឧស្ម័ន​ផ្ទះ​កញ្ចក់​
ផ្សែង​ពុល​ឧស្ម័ន​ផ្ទះ​កញ្ចក់​ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ដើម្បី​សម្រេច​កម្មវត្ថុ​ កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ ឱ្យ​បាន​មួយ​ភាគ​បួន នៅ​ឆ្នាំ​២០៣០ ជប៉ុន​នឹង​ងាក​ទៅ​រក​ប្រើ​ថាមពល​នុយក្លេអ៊ែរ ថាមពល​ដ៏​អប្រជាប្រិយ ​ និង​ដែល​លែង​ប្រើ​តាំង​ពី​មហន្តរាយ​នៅ​ហ្វូគុស្ហ៊ីម៉ា​មក សម្រាប់​ផលិត​អគ្គីសនី​ប្រើប្រាស់ ក្នុង​ទំហំ​ប្រមាណ​ពី ២០​ទៅ​២២%។ ជប៉ុន​ក៏​នឹង​បង្កើន​ការ​ប្រើ​ប្រាស់​ថាមពល​មិន​ចេះ​រីងស្ងួត ឱ្យ​បាន​ឡើង​ទ្វេ​ដង ពោល​គឺ​ឱ្យ​ឡើង​ដល់​២២ ទៅ ២៤% នៅ​ឆ្នាំ​២០៣០ ទល់​នឹង​១១%​នៅ​ឆ្នាំ​២០១៤។ នេះ​ជា​អ្វី​ដែល​គេមាន​សរសេរ​នៅ​ក្នុង​កិច្ច​សន្យា​ដាក់​ជូន​ទៅ​អង្គការ​សហប្រជាជាតិ​ នៅ​ថ្ងៃ​សៅរ៍​ទី ១៨​កក្កដា​២០១៥​នេះ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី។

 

ប៉ុន្តែ​សម្រាប់​អ្នកបរិស្ថាន កិច្ចសន្យា​របស់ជប៉ុន​មាន​លក្ខណៈ​ខ្សោយ​ខ្លាំង​ណាស់ បើ​​ប្រៀប​ធៀប​​ទៅ​​នឹង​សន្ទុះ​សំដី របស់​រដ្ឋាភិបាល​ និង​បើ​ប្រៀប​ទៅ​នឹង​បណ្តា​ប្រទេស​ឧស្សាហកម្ម​ផ្សេង​ទៀត។ ក្រុម​អ្នកឯកទេស​ យល់​ថា​មិន​គ្រប់គ្រាន់ ព្រោះ​ ជប៉ុន​បាន​កំណត់​កម្មវត្ថុ​ដោយ​យក​ឆ្នាំ​២០១៣​ជា​គោល ដូច្នេះ​ប្រសិន​បើ​គណនា​ឡើង​វិញ​ នោះ​តម្លៃ​សន្យា​បញ្ចុះ​ឧស្ម័ន​ផ្ទះ​កញ្ចក់​២៦%​​របស់​រដ្ឋាភិបាល នឹង​ធ្លាក់មក​ត្រឹម​តែ​១៨%​ប៉ុណ្ណោះ​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​១៩៩០។ សូម​បញ្ជាក់ថា ក្រោយ​គ្រោះ​មហន្តរាយ​​នុយក្លេអ៊ែរ​នៅហ្វូគូស្ហ៊ីម៉ាឆ្នាំ​២០១១​មក ជប៉ុន​បាន​បញ្ឈប់​​សកម្មភាព​នុយក្លេអ៊ែរ ហើយ​ងាក​ទៅ​រក​ប្រើ​ប្រាស់​​មជ្ឈមណ្ឌល​ធ្យូង​ថ្ម​វិញ។ ថាមពល​ធ្យូងថ្ម​ដែល​បំពុល​បរិយាកាស និង​បញ្ចេញ​ឧស្ម័ន​​ផ្ទះ​កញ្ចក់​ខ្លាំង​បំផុត។

ដូច្នេះ​២៦%​ដែល​រដ្ឋាភិបាល​កំណត់​ គឺ​មាន​ន័យ​ថា​រដ្ឋាភិបាលមិន​បាន​ធ្វើ​ប្រឹង​ប្រែង​បញ្ចេញ​សកម្មភាព​ឬ​ចាត់​វិធានការ​ថ្មី​អ្វី​ សក្តិសម​ជា​មហាអំណាច​ឧស្សាហកម្ម​សោះ។ ព្រោះ​សូម​កុំភ្លេច​ថា ក្នុង​ក្របខ័ណ្ឌ​នៃការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កំដៅ​នៃ​ភពផែនដី​ គ្រប់​អ្នក​​ឯកទេស​នាំ​គ្នា​សំឡឹង​សំលក់​រង់​ចាំ​សកម្មភាព​ខ្លាំង​ពី​ក្រុមប្រទេស​ដែល​បញ្ចេញ​ផ្សេង​ពុល​ខ្លាំង​ជាងគេ ដូច​យ៉ាង​ចិន សហរដ្ឋ​អាមេរិក ក្នុង​នោះ​ក៏​មាន​ជប៉ុន​មួយ​ដែរ។

៤៧​ប្រទេស​បាន​កំណត់​រួច​កម្មវត្ថុ​នៃ​​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​
 
ពេល​វេលា គឺ​កាន់​តែ​ខោច​ខ្លាំង! កិច្ចប្រជុំ​ក្រៅ​ផ្លូវ​ការ ជា​ក្រុម​តូច​ ក្រុមធំ​ ក្រុម​អ្នក​ជំនាញ​ បាន​រៀប​ចំ​ឡើង​ជា​​បន្ត​បន្ទាប់​ ក្នុង​កម្មវត្ថុ​ដាស់​តឿន​ឱ្យ​ប្រទេស​ជា​សមាជិក​រួសរាន់​​បញ្ចេញ​សកម្មភាព បង្ហាញ​ផែនការ​​របស់​ខ្លួន​រៀង​ខ្លួនៗ។​ ជាក់​ស្តែង នៅ​ថ្ងៃ​ចន្ទ​និង​អង្គារ​ខាន​ស្អែក នេះ ក្រុម​ប្រទេស​ចំនួន​៤៥​ប្រទេស​នឹង​ត្រូវ​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ចាប់​ផ្តើមចរចា​ ពី​ជំហរ​និង​ចំណុច ផ្ទុយ​គ្នា​ពី​ប្រទេស​ទៅ​ប្រទេស​មួយ និង​ជា​ឱកាស​ដាស់​តឿន​ឱ្យ​គ្រប់​ប្រទេស​បង្ហាញ​កិច្ចសន្យា​របស់​ខ្លួន។ ជា​ធម្មតា​ រដ្ឋ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំង​អស់ ត្រូវ​ប្រគល់​កិច្ចសន្យា​របស់​ខ្លួន​​ឱ្យ​បាន​យ៉ាង​យូរ​ត្រឹម​​ថ្ងៃទី ៣១​តុលា ២០១៥។

រហូត​មក​ទល់​នឹង​ដំណាក់កាល​នេះ មាន​ប្រទេស​តែ​ប្រមាណ​៤៧​ប៉ុណ្ណោះ ដែល​បាន​បោះផ្សាយ​កម្មវត្ថុ​​ជាតិ​កាត់​បន្ថយឧស្ម័ន​ផ្ទះកញ្ចក់។ ជប៉ុន​ជា​ប្រទេស​ទី ១៩។​ សហភាព​អឺរ៉ុបទាំង​​២៨​ប្រទេស​ជា​អ្នក​នាំ​មុខ​គេ សន្យា​កាត់​បន្ថយ​៤០%។ ចិន​ទើប​បាន​ប្រកាស​សន្យា​រួច​ហើយ កាលពី​ថ្ងៃទី ៣០ មិថុនា ថា​នឹង​កាត់​បន្ថយ​ឧស្ម័នពុល​ចាប់​ពី​ឆ្នាំ​២០៣០​ទៅ​។ សហរដ្ឋ​អាមរិក​ ពី​២៦% ទៅ ២៨%​ដែរ។ ជា​សរុប បើ​គេ​បូក​បញ្ចូល​កិច្ចសន្យា​​ដែល​បាន​ទទួល​ នៅ​ពេល​នេះ ពិភពលោក​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សេង​ពុល​បាន​៥៨% នៃ​ផ្សែង​ពុល​ពិភពលោក ដែល​បញ្ចេញខ្លាំង​​ដោយ​ចិន (២៣,២%) អាមេរិក (១២,៦%) រុស្ស៊ី (៤,៦%) ជប៉ុន (២,៦%) និង​ឥណ្ឌា (៦,៣%) តែ​មិន​ឃើញ​មាន​ផ្តល់​កិច្ច​សន្យា​អ្វី​សោះ។

ប៉ុន្តែ​នៅមុន​សន្និសីទ​អន្តរជាតិដូច្នេះ គេ​ពិបាក​នឹង​ធ្វើ​ការ​ប្រៀប​ធៀប​ ថា​ប្រទេស​ណា​មាន​កម្មវត្ថុ​ល្អ​ជាង​ប្រទេស​ណា​ណាស់ ព្រោះ​ថា រដ្ឋ​នីមួយៗ​បាន​លើក​សំណើ​បង្ហាញ​កម្មវត្ថុ​របស់​ខ្លួន ដោយ​កំណត់​ឆ្នាំ​គោល​រៀង​ខ្លួន។ សហរដ្ឋ​អាមេរិក​ក៏​ដូច​ជា​កាណាដា បាន​សន្យា​កាត់​បន្ថយ​​ផ្សែង​ពុល​មួយភាគ​បួន​ នៅ​ឆ្នាំ​២០២៥ បើ​ប្រៀប​ទៅ​ឆ្នាំ​២០០៥។ តែ​តាម​ការពិត​ពី​រវាង​ឆ្នាំ​១៩៩០​ទៅ ២០០៥​ទេ ដែល​មាន​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ខ្លាំង។ អឺរ៉ុប រុស្ស៊ី ស្វីស ឬ​ន័រវេស យក​ឆ្នាំ​១៩៩០​ ឆ្នាំ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ក្យូតូ មក​ធ្វើ​ជា​គោល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ