អានតួអត្ថបទ
ចិន-អាកាសធាតុ

ចិន​សន្យា​កាត់បន្ថយ​អត្រា​កំណើន​នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូនិច នៅ​រង្វង់​ឆ្នាំ ២០៣០

នៅថ្ងៃ​អង្គារ ទី ៣០​មិថុនា នាយករដ្ឋមន្រ្តី​ចិន លោក​លី ខឺឈាំង ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​ប្រកាស​ជាផ្លូវការ ការចូលរួម​របស់​ចិន នៅក្នុង​ការកាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​កាបូនិច ដែល​ជា​ចំណែក​ធ្វើ​ឲ្យ​ភពផែនដី​ឡើងកំដៅ។ ជា​ការប្រកាស​ប្រកប​ដោយ​អត្ថន័យ​ជ្រាលជ្រៅ ព្រោះ​វា​ធ្វើ​ឡើង​នៅ ទីក្រុង​ប៉ារីស ដែល​នឹង​ធ្វើ​ជា​ម្ចាស់​រៀបចំ​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ ស្តីពី​អាកាសធាតុ នៅ​ចុងឆ្នាំ ២០១៥។ 

នាយករដ្ឋមន្រ្តី​(ឆ្វេង) និង​ប្រធានាធិបតី​បារាំង (ស្តាំ)នៅ​វិមាន​ប្រធានាធិបតី​អេលីសេ ថ្ងៃ​ទី ៣០​មិថុនា ឆ្នាំ ២០១៥
នាយករដ្ឋមន្រ្តី​(ឆ្វេង) និង​ប្រធានាធិបតី​បារាំង (ស្តាំ)នៅ​វិមាន​ប្រធានាធិបតី​អេលីសេ ថ្ងៃ​ទី ៣០​មិថុនា ឆ្នាំ ២០១៥ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ជំនួប រវាង​លោក​នាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង​និង លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ ក្នុង​ទីក្រុង​ប៉ារីស រដ្ឋាភិបាល​ចិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ មួយ ដែល​បាន​បញ្ជាក់​ពីការចូលរួម​របស់​ចិន នៅក្នុង​ការកាត់បន្ថយ​អត្រាកំណើន​នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូនិច​នៅ​រង្វង់ ឆ្នាំ ២០៣០ ឬ​មុននេះ​ទៅទៀត។ ជាមួយ​នឹង​ទិសដៅ​ឆ្នាំ ២០៣០ ទីក្រុង​ប៉េកាំង​ចង់​ព្យាយាម​កាត់បន្ថយ​កុំ​ឲ្យ​ការបញ្ចេញ​ឧស្ម័ន​កើនឡើង ខ្លាំង ទៅតាម​កំណើន​សេដ្ឋកិច្ច។ អាច​និយាយ​បាន​ថា ចាប់តាំង​ពី​ឆ្នាំ ២០៣០ ការបញ្ចេញ​ឧស្ម័ន​កាបូនិច​របស់​ចិន នឹង​នៅ​ថេរ ទោះបី​ចិន​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ក៏ដោយ។

 
តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ចិន គេ​នឹង​បង្កើន​ការប្រើប្រាស់​ថាមពល​មិន​ចេះ​រីងស្ងួត ឲ្យ​បាន​២០ភាគរយ ដើម្បី​ជំនួស​ថាមពល ដែល​បាន​មកពី​ធ្យូងថ្ម និង​ប្រេងកាត ដែល​ជា​ប្រភព​បង្កើត​ឲ្យ​មាន​ឧស្ម័ន​ផ្ទះកញ្ចក់។ លើសពីនោះ ទីក្រុង​ប៉េកាំង​ចង់​បង្កើន​បរិមាណ​ព្រៃ ដើម្បី ស្រូប​ឧស្ម័ន​កាបូនិច ឲ្យ​បាន​៤ពាន់ ៥០០​រយលាន​ម៉ែត្រគូប បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៥។

ទើប​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី ចិន ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើន​ជាងគេ​នៅក្នុង​ពិភពលោក ប្រមាណ ២៥ភាគរយ ដោយ​នាំមុខ​សហរដ្ឋអាមេរិក។ កាលពី​ចុង​ឆ្នាំ ២០១៤ នៅក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោកប្រធានាធិបតី​អាមេរិក ទៅ​ទីក្រុង​ប៉េកាំង អាមេរិក និង​ចិន​ធ្លាប់​បាន​សន្យា​ចូលរួម​កាត់​បន្ថយ​អត្រាកំណើន​នៃការបញ្ចេញ​ឧស្ម័ន​កាបូនិច ដែល​នាំ​ឲ្យ​ផែនដី​ឡើងកំដៅ នៅ​អំឡុង​ឆ្នាំ ២០៣០។

ការចូលរួម​របស់​ចិន ដែល​គេ​ទន្ទឹង​រង់ចាំ​ជាយូរ​មកហើយ នឹង​អាចគេ​យកទៅ​ធ្វើ​ជា​អំណះអំណាង​ដាក់​សម្ពាធ​លើ​ប្រទេស​ឥណ្ឌា ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិច ច្រើន មិន​ចាញ់​ប្រទេស​ចិន។ តាម​វិមាន​អេលីសេ លោក​ប្រធានាធិបតី បារាំង បាន​ថ្លែងអំណគុណ​លោក​នាយក​រដ្ឋមន្រ្តី ចិន ដែល​បាន​ជ្រើសរើស​ទីក្រុង​ប៉ារីស ធ្វើ​ជា​កន្លែង ប្រកាស ការចូលរួម​របស់​ចិន ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការឡើង​កំដៅ​នៃ​ភពផែនដី។ ប៉ារីស​ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​សន្និសីទ​អង្គការ​សហប្រជាជាតិ ស្តីពី​អាកាសធាតុ នៅ​ចុងឆ្នាំ ២០១៥ បាន​សម្រុក​ធ្វើ​សកម្មភាព​ការទូត​ដើម្បី​អូសទាញ​ទាំង​ប្រទេស​ឧស្សាហកម្ម និង​ប្រទេស​ទើប​រីក​លូតលាស់​ថ្មី​ដូចចិន ឲ្យ​ចូលរួម ជាក់ស្តែង ដើម្បី កាត់បន្ថយ​ឧស្ម័ន​ដែល​ធ្វើ​ផែនដី​ឡើងកំដៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ