អានតួអត្ថបទ
ម៉ាឡេស៊ី-សេរីភាពសារព័ត៌មាន

ម៉ាឡេស៊ី​បិទ​សារព័ត៌មាន​The Edge​​ មិន​​ឲ្យ​ផ្សាយ​៣​ខែ ដោយសារ​តែ​ចុះផ្សាយ​រឿង​អាស្រូវ​របស់​នាយក​រដ្ឋមន្ត្រី

រដ្ឋាភិបាល​ម៉ាឡេស៊ី ​បាន​លេង​ធម៌ក្តៅ ​បន្ទាប់​ពី​សារព័ត៌មាន​រិះគន់​ជា​ភាសា​អង់គ្លេស​មួយ​ឈ្មោះ​ The Edge ​បាន​ចុះផ្សាយ​ផ្ទួនៗ​គ្នា ​ស្តី​ពី​រឿង​អាស្រួវ​របស់​ក្រុមហ៊ុន​រដ្ឋ​មួយ​ឈ្មោះ 1Malaysia​ Development ​Berhad ​ដែល​ជាប់​ទាក់ទង​នឹង​នាយក​រដ្ឋមន្រ្តី​របស់​ប្រទេស​នេះ។ សារព័ត៌មាន​នេះ ​នឹង​ត្រូវ​បង្ខំ​ឲ្យ​បិទ​ មិន​ឲ្យ​ផ្សាយ​រយៈ​ពេល​បីខែ ​ រាប់​ចាប់​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ទៅ ​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី ​បាន​ចោទ​ថា ​សារព័ត៌មាន​នេះ ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ ដែល​អាច​បង្ក​គ្រោះថ្នាក់​​ ដល់​សណ្តាប់​ធ្នាប់​សង្គម។

លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី កំពុងតែភ័យ​ខ្លួន នឹងរឿង​អាស្រូវ លុយ​៧០០លាន​ដុល្លារ​អាមេរិក
លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី កំពុងតែភ័យ​ខ្លួន នឹងរឿង​អាស្រូវ លុយ​៧០០លាន​ដុល្លារ​អាមេរិក Reuters
ផ្សាយពាណិជ្ជកម្ម

ជាទូទៅ​ ពាក្យ​ថា​ បង្ក​គ្រោះថា្នក់​ដល់​សណ្តាប់​ធ្នាប់​សង្គម ​ តែងតែ​ត្រូវ​បាន​រដ្ឋាភិបាល​ផ្តាច់ការ​មួយ​ចំនួន ​យក​មក​ធ្វើ​ជា​លេស ​ដើម្បី​ខ្ទប់​សម្លេង​ប្រឆាំង​រិះគន់។ ជាក់ស្តែង ​សារព័ត៌មាន​ The Edge ​ដែល​ជា​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស​ នៅ​ប្រទេស​ម៉ាឡេស៊ី ​ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី ​ចោទ​ពី​បទ​នេះ ​ ហើយ​បាន​បញ្ជា​ឲ្យ​ព្យួរ​ការ​ផ្សាយ​ រយៈពេល​ ៣ខែ ​គិត​ចាប់​ពី​ថ្ងៃ​ចន្ទ ​សប្តាហ៍​ក្រោយ​ទៅ។

 
សមាគម​ដើម្បី​ភាព​ឯករាជ្យ​នៃ​សារព័ត៌មាន​របស់​ម៉ាឡេស៊ី ​បាន​មាន​ប្រតិកម្ម​ភ្លាមៗ​ថា ​ការ​បញ្ជារ​ឲ្យ​ផ្អាក​ការ​ផ្សាយ​នេះ ​ គឺ​ជា​ការ​សម្រេច​​ដែល​មាន​លក្ខណៈ​ផ្តាច់ការ​ ជ្រុល​ហួសហេតុ ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី។ ទង្វើ​បែប​នេះ ​គឺ​វា​ជា​ការ​រំលោភ​បំពាន​ ដោយ​ឥត​ប្រកែក​បាន ​លើ​សេរីភាព​សារព័ត៌មាន។ ដូច​គ្នា​ដែរ ​លោក​ ហូ កៃតាត អគ្គនាយក​ក្រុមហ៊ុន​សារព័ត៌មាន​នេះ​ បាន​អះអាង​ថា ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ​គឺ​ជា​ការ​គម្រាម​កំហែង ​​នឹង​ចង់​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សារព័ត៌មាន​លោក ​បិទទ្វារ​តែម្តង។

សូម​បញ្ជាក់​ថា ​សារព័ត៌មាន​ The Edgeមាន​ឈ្មោះ​ល្បី​នៅ​ម៉ាឡេស៊ី ​ដោយសារ​តែ​សារព័ត៌មាន​នេះ ​​បាន​ចុះផ្សាយ​ពី​រឿង​អាស្រូវ​ហិរញ្ញវត្ថុ​ជាច្រើន ​របស់​អ្នក​ជំនួញ ​និង​មន្រ្តី​ក្នុង​ជួរ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ដែល​មាន​ទំនាក់ទំនង​ យ៉ាង​ជិតស្និត​ជាមួយ​ឈ្មួញ​ធំៗ។ រឿង​អាស្រូវ​ទាំង​នោះ​មាន​ដូចជា ​ការ​កេង​ប្រវញ្ច​ចំណូល​ពន្ធ ​និង​ថវិកា​រដ្ឋ ​ភាព​ធ្វេស​ប្រហេស​ បិទភ្នែក​បិទ​ត្រចៀក​ របស់​អាជ្ញាធរ​ និង​ការ​បង្វិល​ផ្ទេរ​ប្រាក់​ ដែល​មាន​ប្រភព​មិន​ស្រប់ច្បាប់។

រឿង​អាស្រូវ​ចុង​ក្រោយ​គេ ​ដែល​បាន​បែក​ធ្លាយ​ដោយ​ការ​ចុះផ្សាយ​ របស់​សារព័ត៌មាន​នេះ ​គឺ​ទាក់ទង​នឹង​ក្រុមហ៊ុនរដ្ឋមួយ ឈ្មោះ 1Malaysia​ Development ​Berhad ​ដែល​មាន​ទំនាក់ទំនង​ផ្ទាល់ ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ Najib Razak។ បើ​តាម​ការ​ចុះផ្សាយ​របស់ ​សារព័ត៌មាន ​Wall Street Journal ​បាន​ឲ្យ​ដឹង​ថា ​មាន​ទឹក​ប្រាក់​ចំនួន​ប្រមាណ​ជា ​៧០០លាន​ដុល្លារ​អាមេរិក ​ត្រូវ​បាន​គេ​ផ្ទេរ​ឆ្លងកាត់​ តាម​សាខា​ជាច្រើន​ របស់​ក្រុមហ៊ុន​នេះ ​មុន​នឹង​ធ្លាក់​ចូល​ ទៅ​ក្នុង​គណនី​ធនាគា​ផ្ទាល់ខ្លួន​ របស់​លោក ​នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី។

ជា​ការ​កត់​សំគាល់ គ្រាន់តែ​រឿង​អាស្រូវ​នេះ​បាន​ផ្ទុះ​ឡើង​ភ្លាម ​ហើយ​មុន ​នឹង​មាន​ការ​បញ្ជារ​ ឲ្យ​ផ្អាក​ការផ្សាយ ​របស់​ ​សារព័ត៌មាន​ The Edgeអាជ្ញាធរ​ម៉ាឡេស៊ី ​ក៏​បាន​បញ្ជារ​ឲ្យ​បិទ​គេហទំព័រ​អ៊ីនធឺនែត ​Sarawak Report ​កាល​ពី​ដើម​សប្តាហ៍​នេះ ​ក្នុង​គោល​បំណង​បិទ​ខ្ទប់​ មិន​ឲ្យ​មាន​ការ​សរសេរ​ ចុះផ្សាយ ​ពី​រឿង​អាស្រូវ​នេះ​ ត​ទៅ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ