អានតួអត្ថបទ
ម៉ាឡេស៊ី

កាសែត៖ លុយ​៧០០​លាន​ដុល្លារ ត្រូវ​បាន​ផ្ទេរ​​ចូល​គណនី​ផ្ទាល់​ខ្លួន​របស់​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី

ក្រុមការងារ​ស៊ើបអង្កេត​ពិសេស​របស់​ម៉ាឡេស៊ី បាន​ស៊ើបអង្កេត​លើ​បទចោទ​ប្រកាន់​អំពើពុករលួយ ដែល​មាន​ជាប់​ពាក់ព័ន្ធ នាយក​រដ្ឋមន្រ្តី ម៉ាឡេស៊ី លោក​ណាហ្ស៊ីប រ៉ាហ្សាក់។ ក្រុមការងារ​ស៊ើបអង្កេត​ពិសេស ម៉ាឡេស៊ី បាន​សម្រុក​ស៊ើបអង្កេត លើ​គណនី​ធនាគារ​របស់​លោក​នាយករដ្ឋមន្រ្តី បន្ទាប់​ពីកាសែត អាមេរិក The Wall Street Journal បាន​ចុះផ្សាយ ថា លុយ​ប្រមាណ ៧០០​លាន​ដុល្លារ ត្រូវ​បាន​ផ្ទេរ​ចូល​ទៅ​គណនី​ផ្ទាល់ខ្លួន របស់​លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី។ 

នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​ណាហ្ស៊ីប រ៉ាហ្សាក់​ជាប់ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ពុករលួយ
នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​ណាហ្ស៊ីប រ៉ាហ្សាក់​ជាប់ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ពុករលួយ ©REUTERS/Olivia Harris/Files
ផ្សាយពាណិជ្ជកម្ម

នា​ល្ងាច​ថ្ងៃ​សៅរ៍​ទី ៤ កក្កដា នៅក្នុង​សេចក្តី​ថ្លែងការណ៍ ជាភាសា​ម៉ាឡេ រាជអាជ្ញា ម៉ាឡេស៊ី លោក​អាប់ឌុល ហ្កានី ប៉ាតៃ បាន​អះអាងថា លោក​បាន​ទទួល​ឯកសារ​ដែល​មានជាប់​ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​ដែល​ថា លុយ​ត្រូវ​បាន​ផ្ទេរ​ចូល​ទៅក្នុង​គណនី​ផ្ទាល់​ខ្លួន​របស់​លោកនាយករដ្ឋមន្រ្តី ណាហ្ស៊ីប រ៉ាហ្សាក់។

 
នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល រាជអាជ្ញា​ម៉ាឡេស៊ី បាន​អះអាង​ថា លោក​បាន​បញ្ជារ​ឲ្យ​ក្រុមស៊ើប​អង្កេត​ពិសេស បន្ត​ការងារ​ស៊ើបអង្កេត​បន្ថែម និង​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់។ ក្រុមការងារ​ស៊ើបអង្កេត ជាក្រុម​ឯករាជ្យ​​ដែល​មាន​សមាជិក​មកពី​គណៈកម្មការ​ប្រយុទ្ធប្រឆាំង អំពើពុករលួយ ប៉ូលិស និង​ធនគារ​កណ្តាល​របស់​ម៉ាឡេស៊ី។ ក្រុមនេះ ត្រូវ​បាន​បង្កើតឡើង ចាប់តាំង​ពី​មាន​ផ្ទុះ​រឿង​អាស្រូវ​ពុករលួយ នៅក្នុង​ក្រុមហ៊ុន​រដ្ឋ មួយ (1Malaysia Development Berhad) ដែលមាន​លោក​នាយករដ្ឋមន្រ្តី​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល។

លោក​នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ណាហ្ស៊ីប រ៉ាហ្សាក់ កាលពី​យប់​ថ្ងៃ​សុក្រ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ រុញច្រាន​ចោល ការចោទ​ប្រកាន់ និង​បាន​គំរាម​ដាក់​ពាក្យ​ប្តឹង​កាសែត អាមេរិកាំង The Wall Street Journal ដែល​ជា​ប្រភព​ទម្លាយ​ព័ត៌មាន​ឲ្យ​ដឹង​ពី​ការ​ផ្ទេរលុយ​ប្រមាណ ៧០០​លាន​ដុល្លារ ចូល​ក្នុង​គណនី​ផ្ទាល់​ខ្លួន​របស់​លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី។ តាម​កាសែត​អាមេរិកាំង លុយ ៧០០​លាន​ដុល្លារ ដែល​គេ​មិន​ដឹង​ពី​ប្រភព​អ្នកផ្ញើ ត្រូវ​បាន​បញ្ជូន​ចូល​ក្នុង​គណនេយ្យ​របស់​ក្រុមហ៊ុន​រដ្ឋ 1Malaysia Development Berhad មុន​នឹង​ផ្ទេរ​បន្ត ទៅ​ក្នុង​គណនេយ្យ មួយ​ដែល​គេជឿថា ជា​គណនីរបស់​លោក​ណាហ្ស៊ីប រ៉ាហ្សាក់។
 

ចាប់តាំងពី​មាន​ផ្ទុះ​រឿងអាស្រូវ​ពុករលួយ ដែល​រូប​លោក​ត្រូវ​ជាប់​ពាក់ព័ន្ធ លោក​ណាហ្ស៊ីប រ៉ាហ្សាក់ បាន​ចោទប្រកាន់​អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោកម៉ាហាធៀរ ម៉ូហាមេដ ថា ជាអ្នក​នៅពីក្រោយ និង​ចូលរួម​ជាមួយ​បរទេស ដើម្បី បង្កើត​វិបត្តិ​នយោបាយ ផ្តួល​រំលំ​អំណាច​រដ្ឋាភិបាល​របស់​លោក។ ឧបនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី វិញ ដែល​ជា​មនុស្ស​ខ្លាំងម្នាក់​របស់​គណបក្ស​កាន់អំណាច​បាន​ទាមទារ​ឲ្យ​គេ​ស៊ើបអង្កេត​ជា​បន្ទាន់​ទៅលើ​កាសែត​អាមេរិកាំង ព្រោះថា បទ​ចោទប្រកាន់ មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​អាច​បំផ្លាញ​កិត្តិយស និង​ជំនឿទុកចិត្ត​ទៅលើ​លោក​នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ រដ្ឋាភិបាល​ដទៃទៀត។

 

សូមបញ្ជាក់ថា ក្រុមហ៊ុន​រដ្ឋ​1Malaysia Development Berhad ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៩ ដោយ​ណាហ្ស៊ីប រ៉ាហ្សាក់ ក្នុង​គោលដៅ អភិវឌ្ឍ ទាក់ទាញ​ការវិនិយោគ​បរទេស ចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ក្រុមហ៊ុន​នេះ​បាន​ធ្លាក់​ខ្លួន ជាប់បំណុល ១១ ពាន់​លាន​ដុល្លារ ដោយសារ​តែ​ការគ្រប់គ្រង​មិន​ល្អ និង​ភាពមិនច្បាស់លាស់ ក្នុងការផ្ទេរ​ទុនវិនិយោគ ពី​បរទេស។ លោកម៉ាហាធៀរ ម៉ូហាមេដ អតីត​នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​ធ្លាប់​បាន​រិះគន់ និង​បាន​ទាមទារ​ឲ្យ​មាន​ការស៊ើបអង្កេត​បទឧក្រិដ្ឋកម្ម ប៉ុន្តែ ទាំង​នាយករដ្ឋមន្រ្តី និង​ក្រុមហ៊ុន1Malaysia Development Berhad​បាន​បដិសេធ​ការចោទប្រកាន់ និង​អះអាង ថា ខ្លួន​គ្មាន​ធ្វើអ្វី​ខុស កាលពី​អតីតកាល ហើយ​ក្រុមហ៊ុន​នៅ​តែ​មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ