អានតួអត្ថបទ

ចិន​ចង់​បាន​គំរូ​ទំនាក់ទំនង​ថ្មី​ជាមួយ​អាមេរិក និង​ចង់​ឱ្យអង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​គោរព​ច្បាប់

ប្រធានាធិបតី​ចិន លោកស៊ីជីនពីង កំពុងផ្តើម​ទស្សនកិច្ច​​នៅ​សហរដ្ឋ​អាមេរិក។ ​ ពី​នៅ​ក្រុង​Seattle និង​នៅ​ចំពោះ​មុខ​​ប្រធាន​ក្រុមហ៊ុន​ធំៗ​អាមេរិក​ជា​ច្រើន​​នាក់ លោក​ស៊ីជីនពីង បាន​អំពាវនាវ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ទាំង​អស់​ គោរព​ច្បាប់​ចិន​។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ លោក​ស៊ីជីនពីង ក៏​បាន​ទាមទារ​ចង់​ឱ្យ​មាន​គំរូ​ទំនាក់ទំនង​ថ្មី​ជាមួយ​សហរដ្​ឋអាមេរិក​ ៖ មិន​សូវ​សង្ស័យ​គ្នា និង​យល់​គ្នា​ជាង​មុន។

លោក​ស៊ីជីនពីង​ នៅ​ក្រុង​Seattle សហរដ្ឋ​អាមេរិក​
លោក​ស៊ីជីនពីង​ នៅ​ក្រុង​Seattle សហរដ្ឋ​អាមេរិក​ REUTERS/Matt Mills McKnight
ផ្សាយពាណិជ្ជកម្ម

ចិន​មិន​ដែល​ស្វែង​រក​ជម្លោះ​ទេ បើ​ទោះ​បី​ជា​ចិន​និង​អាមេរិក​មានភាព​តាន​តឹង​នឹង​គ្នា​លើ​វិស័យ​ខ្លះ​ក៏​ដោយ។ មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​កំពូល​ទាំង​ពីរ គួរ​ឱ្យ​តែ​ស្វែង​យល់​អំពី​យុទ្ធសាស្ត្រ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​កាត់​បន្ថយ​ភាព​មិន​ទុក​គ្នា និង​បង្កើន​ការ​យោគយល់ ! ព្រោះភាព​ប្រឈម​រវាង​អាមេរិក​និង​ចិន​ បាន​ត្រឹម​តែ​បង្ក​មហន្តរាយ​ដល់​ប្រទេស​ទាំងពីរ​និង​ពិភលោក​តែ​ប៉ុណ្ណោះ។

 

នេះ​ជា​សុន្ទរកថា​ដំបូង​បង្អស់​​របស់​លោក​ប្រធានាធិបតី​ចិន​ ដែល​មាន​ន័យ​ស្វែង​រក​ការ​យល់​ចិត្ត​គ្នា​ មុន​នឹង​ឈាន​ដល់​ការ​ពិភាក្សា​ ជាមួយ​លោក​ប្រធានាធិបតី​ អូបាម៉ា នៅ​ទីក្រុង​វ៉ាស៊ីនតោន​ លើ​ប្រធានបទ​ក្តៅ​និង​តាន​តឹង​ នា​ថ្ងៃ​សុក្រខាង​មុខ​នេះ។

ក្រៅ​អំពី​មាន​ប្រសាសន៍​ធានាអះអាង​កុំ​​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ព្រួយ​បារម្ភ​​នឹង​សុខភាព​សេដ្ឋកិច្ច​របស់​ចិន លោក​ស៊ីជីនពីង​ ក៏​បាន​ឆ្លៀតបង្ហើ​​​សារជា​បណ្តើរៗ​​រំលឹក​វ៉ាស៊ីនតោន​ថា​ចិនជា​បង្អែក​ដ៏​រឹង​ម៉ាំនៃ​ក្រុមហ៊ុន​អាមេរិក​ ហើយ​ចិន​គឺ​ជា​ដៃគូ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ មិន​ថា​ដើម្បី​ដោះស្រាយ​វិបត្តិ​សង្គម នុយក្លេអ៊ែរ​ឬ ហិរញ្ញវត្ថុ​ឬ​សេដ្ឋកិច្ចពិភពលោក​ទេ។ ដូច្នេះ​អាមេរិក​គួរ​តែ​សហការ​ជាមួយ​ចិន​ឱ្យ​ច្រើន​ជាង​នេះ​ក្នុង​ការ​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។

ប្រធានបទ​សិទ្ធិមនុស្ស​ ជាពិសេស​គម្រោង​ច្បាប់​​គ្រប់គ្រង​អង្គការ​បរទេស​ ដ៏​ចម្រូង​ចម្រាស ដែល​ជា​ចំណុច​ខ្ទាស់​សំខាន់​មួយ​នៃ​ទស្សនកិច្ច​នេះ ក៏​ត្រូវ​បាន ​លោក ​ស៊ីជីនពីង​ បង្ហើប​ឡើង​នៅ​ក្នុង​សុន្ទរកថា​ល្ងាច​មិញ​ដែរ ថាចិន​ស្វាគមន៍​និង​ការពារ​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ទាំង​អស់ ដើម្បី​ប្រយោជន៍ពលរដ្ឋ​ចិន តែ​គ្រប់​អង្គការ​​ត្រូវ​តែ​គោរពច្បាប់​ចិន​។

សូម​បញ្ជាក់​ថា​ច្បាប់គ្រប់គ្រង​អង្គការ​​ដែល​នឹង​ត្រូវ​អនុម័ត​នៅ​ឆ្នាំ​នេះ​ តម្រូវ​ឱ្យ​គ្រប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ ភ្ជាប់​ខ្លួន​​ទៅ​នឹង​ស្ថាប័ន​រដ្ឋាភិបាល​ណាមួយ។ ហើយ​រាល់​កម្មវិធី​ និង​គម្រោង​សកម្មភាព​អង្គការ​ត្រូវ​ឆ្លង​កាត់​ការសម្រេច​ចិត្ត​ពី​ប៉ូលិស។ អង្គការ​ក្រៅ​រដ្ឋាភិបាលអាមេរិក​ពាក់​ព័ន្ធ​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រឹត​បណ្តឹង​សេរីភាព​នេះ​យ៉ាង​ខ្លាំង ដល់​សេតវិមាន​នៅ​ថ្ងៃ​ម្សិលមិញ​ដែរ។

ចិន​ក្រោម​ការ​ដឹកនាំ​របស់​លោក​ស៊ីជីន​ពីង បាន​ពង្រឹង​ការ​ត្រួត​ពិនិត្យ​សំឡេង​អ្នក​ប្រឆាំង​កាន់​តែ​ខ្លាំង ! ការ​ចាប់​ខ្លួន​សកម្មជន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​មាន​ច្រើន​។ សារព័ត៌មាន​​ផ្លូវការ​ចិន​តែង​ចោទ​ប្រកាន់​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ថា​វត្តមាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​កំពុង​សាកល្បង​បំផុស​ឱ្យ​មាន​ចលនា​បដិវត្ត​មាន​ពណ៌​ ប្រឆាំង​នឹង​បក្ស​កុម្មុយនិស្ត​កំពុង​កាន់​អំណាច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ