អានតួអត្ថបទ

លោក​ចន​ឃែរី​ទៅ​អាស៊ី​ដើម្បី​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក និង​សមុទ្ទ​ចិន​ខាង​ត្បូង

បន្ទាប់​ពី​តំបន់​ដើម​បូព៌ាទី​ដែល​ លោក​ ចន​ ឃែរី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ចុះ​ទៅ​ឃោសនា​ការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ថ្ងៃ​​អង្គារ​នេះ លោក​បានអញ្ជើញ​ទៅ​ដល់​ប្រទេស​សិង្ហបុរី ដើម្បី​ជំរុញ​កិច្ច​ចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិកម្តង។ កម្មវត្ថុ​ដ៏​ចំបង​មួយ​ទៀត នៃ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន​អាស៊ី​លើក​នេះ គឺ​ដោះសា្រយ​បញ្ហា​សមុទ្ទ​ចិន​ខាង​ត្បូង ដែល​នឹង​អាច​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅ​មួយ នា​ឱកាស​ជំនួប​ប្រជុំ​សន្តិសុខ​អាស៊ាន នៅ​ម៉ាឡេស៊ី នា​ថ្ងៃ​ពុធ​ស្អែក ក្រោម​វត្តមាន​ សមាជិក​អាស៊ាន​ទាំង​១០ ព្រមទាំង​លោក ចន ឃែរី និង​សមភាគី​ចិន​។

លោក ចន ឃែរី ជំរុញ​កិច្ចចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក​នៅ​សិង្ហបុរី
លោក ចន ឃែរី ជំរុញ​កិច្ចចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក​នៅ​សិង្ហបុរី Reuters
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក ជិត​សម្រេច​

 
ក្នុង​សុន្ទរកថា​នៅ​ប្រទេស​សិង្ហបូរី លោក​ចន ឃែរី បាន​អះអាង​ថា ការ​ចរចា​បង្កើត​តំបន់​ពាណិជ្ជកម្មសេរី​អន្តរប៉ាស៊ីហ្វិក ជិត​សម្រេច​ជា​រូបរាង​នេះហើយ។ កាលពី​ថ្ងៃ​ទី ៣១កក្កដា នៅ​កោះហាវៃ កិច្ចចរចា​បាន​ស្គាល់​​ការ​ជឿន​លឿន​ខ្លាំង​ ក្នុង​ទិស​ឆ្ពោះ​ទៅ​រក​អ្វី​ដែលថា​​ “កិច្ចព្រមព្រៀង”។ ការចរចា​ពាណិជ្ជកម្ម​ ដ៏​ធំ​ ដ៏​សំខាន់ មិន​ធ្លាប់​មានក្នុង​ប្រវត្តិសាស្ត្រ បាន​ឈាន​ដល់​ដំណាក់កាល​ជិត​បូក​សរុប​បញ្ចប់​ បើ​ទោះ​បី​ជា​ ភាគី​ទាំង ១២​ជា​ប្រទេស​ជាប់​ឆ្នេរ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ដែល​ចូលចរចា មិន​ទាន់​​ព្រមព្រៀង​គ្នា​នៅ​ឡើយទេ។

ប៉ុន្តែ​សម្រាប់​លោក​ប្រមុខ​ការទូត​អាមេរិក ការ​មិន​ព្រមព្រៀង​នេះ មិនមែន​ជា​រឿង​ចម្លែក​ធ្ងន់ធ្ងរ​ទេ។ ការ​ចរចា​ណា​ក៏​ដូច​ការ​ចរចា​ណា​ដែរ តែង​តែ​មាន​សល់​​ ​ចំណុច​លម្អិត​ ត្រូវបន្ត​ពិភាក្សា​ដោះស្រាយគ្នា​ទៀត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​ ប្រឹង​បន្ត​ធ្វើ​ការ​ជាមួយ​ប្រទេស​ជា​ដៃគូ​​ទាំងអស់​ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នៅ​សិង្ហបូរី​ពេល​នេះ និង​ការ​ចូល​រួម​ប្រជុំ​អាស៊ាន​នៅ​ស្អែក របស់​លោក។ អាមេរិកធ្វើ​គ្រប់យ៉ាង​ដើម្បី​ឱ្យ​ជំរុញ​ឱ្យ​មាន​ស្ថិរភាព-​គ្រឹះ​ច្បាប់​ពាណិជ្ជកម្ម​នៅ​អាស៊ី​-ប៉ាស៊ីហ្វិក ពោល​គឺ​បង្កើត​ឱ្យ​មាន​តំបន់​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក​ដែល​តំណាង​ឱ្យ​៤០%​នៃ​សេដ្ឋកិច្ចពិភពលោក​នេះ​ឯង។

ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក​ ជា​គំនិត​ផ្តួច​ផ្តើម​របស់​អាមេរិក​ ដែល​ចង់​ចាប់​ដៃ​ជាមួយ​បណ្តាប្រទេស​អាស៊ី​ជាប់​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក​ (តំបន់​ដែល​ជា​អាទិភាព​របស់​រដ្ឋាបាល​លោក​អូបាម៉ា) រួម​មាន​សហរដ្ឋ​អាមេរិក កាណាដា ជប៉ុន អូស្ត្រាលី និង​មាន​បួន​ប្រទេស​ជា​សមាជិក​អាស៊ាន (សិង្ហបូរី ម៉ាឡេស៊ី ព្រុយណេ និង​វៀតណាម) លើក​លែង​តែ​ចិន។ អាមេរិក​​​ចង់​ឃើញ​កិច្ចព្រមព្រៀង​នេះ​ចេញជា​រូបរាង នៅ​ឆ្នាំ​២០១៦​ ដើម្បី​កុំ​ឱ្យ​បំពុល​នយោបាយ​ក្នុង​ស្រុក​ផង និង​ដើម្បី​រក្សា​លំនឹង​សេដ្ឋកិច្ច​ទប់​នឹង​ចិន​ផង។

បញ្ហា​សមុទ្ទ​ចិន​ខាង​ត្បូង ​ ប្រធានបទក្តៅ​នៃ​​​​ជំនួប​ប្រជុំ​សន្តិសុខ​អាស៊ាន នៅម៉ាឡេស៊ី

ដោយ​មិនអាច​ចៀស​ផុត​ ជម្លោះ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង នឹង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​មួយ​ ក្នុង​ជំនួប​ប្រជុំ​សន្តិសុខ​អាស៊ាន​លើ​នេះ។ ម៉ាឡេស៊ី ដែលជាភាគី​ជម្លោះមួយ​ជាមួយ​ចិន ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង មិន​ទុក​ឱកាស​នេះ​ឱ្យ​រំលង​ឡើយ ម៉ាឡេស៊ី​បាន​ឱ្យដឹង​រួច​ជា​ស្រេច​ថា​មិន​ធ្វើ​ដូច​កម្ពុជា និង​ឡាវ ដែល​ខ្ទប់​វិបត្តិ​នៅ​សមុទ្ទចិន​ខាង​ត្បូង មិន​ឱ្យ​រហើប​នៅ​ក្នុង​ជំនួប​អាស៊ាន​ឡើយ។ គ្រប់​ប្រទេស​ជា​សមាជិក​អាស៊ាន​ មានពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយចិន បាន​អំពាវនាវ​រួច​ជា​ស្រេច​នៅ​ថ្ងៃអង្គារ​នេះ ឱ្យ​ចិន​ឆ្លើយ​តប​ទៅ​​នឹង​សេចក្តី​ព្រួយ​កង្វល់​ ទាក់ទង​នឹង​សកម្ម​ភាព​សាងសង់​បំពាក់​មូលដ្ឋាន​យោធា​នៅ​លើ​កោះសម្បនិម្មិត​ ក្នុង​តំបន់​ប្រជុំ​កោះ​ស្ព្រាតលី។ ហើយ​បើ​តាម​ប្រភព​អាមេរិក​មួយ​ទៀត បញ្ជាក់​ថា​ចិន​កំពុង​សាងសង់​ផ្លូវ​ចុះ​យន្តហោះ​ទីពីរ​បន្ថែម​ទៀត។

សហរដ្ឋ​អាមេរិក​ ដែលគាំទ្រ​ប្រទេស​អាស៊ាន​​ក្នុង​ជម្លោះ​ជាមួយ​ចិន​ យល់​ថា​ អាស៊ាន​ ត្រូវ​តែ​មាន​ និង​ដើរ​តួ​សំខាន់​ ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​សមុទ្ទ​ខាង​ត្បូង​នេះ។

ប៉ុន្តែ​ចិនដែល​នឹង​មាន​រដ្ឋមន្ត្រីការបរទេសចូល​រួម​ក្នុង​ជំនួប​ប្រជុំ​សន្តិសុខ​អាស៊ាន នៅ​ថ្ងៃ​ស្អែក​ដែរ ​បាន​ឱ្យ​ដឹង​រួច​ជា​ស្រេច​វិញ​ថា​មិន​សន្យា​អ្វី​ទាំង​អស់។ ព្រោះ​ដូច​យើង​បាន​ដឹង​គ្រប់​គ្នា​ហើយ ថា​ចិន​មិន​ខ្វល់​នឹង​ការ​ជំទាស់​របស់​ប្រទេស​ជាប់​ជម្លោះ​ទេ ហើយ​ក៏​មិន​ត្រូវ​ការ​ការចរចា​ជា​ក្រុម ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​អ្វី​ទាំង​អស់។ ចិន​មិន​ចង់​ឃើញ​ក្រុម​ប្រទេស​អាស៊ាន​ផ្តុំ​គ្នា​​ទៅ​ឈ្លោះ​ជាមួយ​ចិន​ទេ តែ​ប្រកាស​សុខ​ចិត្តចរចា​ទ្វេភាគី​ប៉ុណ្ណោះ។

ដោះស្រាយ​វិបត្តិ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង ដោយ​បញ្ចៀស​ភាព​ប្រឈម​ដាក់​គ្នា​ត្រង់

មហិច្ឆតា​របស់​ចិន ក្តោប​យក​តំបន់​ប្រជុំ​កោះ​ស្ពា្រតលី​ម្នាក់ឯង​សាងសង់កោះសម្បនិម្មិត្ត ធ្វើ​ទំនើបកម្មយោធា​ ការ​ស្ទុះ​ឡើង​នេះ​ បាន​​ធ្វើ​ប្រព័ន្ធការពារ​​អន្តរជាតិ ប្តូរ​ផ្លាស់ ! ប្រព័ន្ធ​ការពារ​ជាតិ គូស​វាស​គុណ​គិត​ដោយ​សហរដ្ឋ​អាមេរិក កាល​សម័យ​ឈ្នះ​សង្គ្រាម​លោក​ឆ្នាំ​១៩៤៥​ភ្លាម ត្រូវ​ក្រឡាប់​ចាក់ !  ការ​នេះ​​បាន​ធ្វើ​ឱ្យ​ពិភពលោក​ព្រួយ​បារម្ភ​ខ្លាំង ! បារម្ភ​ខ្លាច​ចិន​គ្រប់គ្រង​ដែន​ទឹក​ ដែល​ជា​ផ្លូវ​ចរាចរណ៍​អន្តរជាតិ​ដ៏​សំខាន់​ ខ្លាច​ក្រែង​មាន​ការ​ប៉ះទង្គិច​អាវុធ​ដោយ​ប្រការ​ណាមួយ !

គ្រប់​ប្រទេស​មានពាក់ព័ន្ធ​នឹង​ជម្លោះនៅ​សមុទ្ទ​ចិន​ខាង​ត្បូង​ គ្មាន​ចេតនា​ជ្រើសរើស​ឱ្យ​ដាច់​ណាច់​ណាត់ ថា​នៅ​ខាង​ចិន ឬ​នៅ​ខាង​អាមេរិក​បាន​ឡើយ ដោយ​ថា​ម្ខាង​ជា​ដៃគូ​ពាណិជ្ជកម្ម​ចម្បង ម្ខាងទៀត ជា​អ្នក​ការពារសន្តិសុខ​ក្នុង​តំបន់។ គ្មាន​ប្រទេស​ណា​មួយ​មាន​សមត្ថភាព​ត​ទល់​នឹង​មហិច្ឆតា​យោធា​ វាតទី​ដែន​ទឹក​របស់​ចិនសោះ។

​អាមេរិក​ដែល​ជា​អ្នក​ធានា​ការពារ​សុវត្ថិភាព​និង​សន្តិសុខ​តំបន់​ ព្រួយ​បារម្ភ​នឹង​ស្ទុះ​ឡើង​ខ្លាំង​របស់​ចិន ​បាន​បង្ហាញ​សកម្មភាព​​​ដាច់​ខាតរបស់​ខ្លួន​ តែ​ក៏​មិន​បាន​បញ្ជូន​នាវា​ឱ្យ​ចេញ​ល្បាត​ក្បែរ​កន្លែង​ចិន​ពេក​ដែរ ដើម្បី​កុំ​ឱ្យ​មាន​ការ​ប៉ះទង្គិច​កើត​ឡើង​បាន។ ​ត្រង់​ចំណុច​នេះ​គេ​អាច​និយាយ​បាន​ថា​អាមេរិក​រារែក​ !​ វា​គឺ​ជា​ការ​ធម្មតា​ទេ ផលប្រយោជន៍​ធំ​ណាស់​។ តែ​អាមេរិក​ក៏​បាន​សម្រេច​រួច​ហើយ ថា​អនាគត​ទៅ​នឹង​នាវា​យោធា​៦០%​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ