អានតួអត្ថបទ
ថៃ

ទោស​ដ៏​ស្រាល​មិន​ធ្លាប់​មាន​ សម្រាប់​បទ​ល្មើស ​មើល​ងាយ​ព្រះ​ចេស្តា​មហាក្សត្រ​ថៃ

តុលាការ​ថៃ ​ទើប​បាន​ ​ចេញ​សាលក្រម ​ដោយ​បាន​សម្រេច​ឲ្យ​ព្យួរទោស​ជន​ល្មើស​ម្នាក់ ​ពី​បទ​មើល​ងាយ​ព្រះ​ចេស្តា​របស់​មហាក្សត្រ​ថៃ ​ដែល​នេះ​ គឺ​ជា​ទោស​ដ៏​ស្រាល ​យ៉ាង​ចំលែក ​សម្រាប់​ប្រទេស​នេះ ​ដែល​កន្លង​មក ​តែងតែ​ធ្វើ​ការ​ផ្តន្ទាទោស​យ៉ាង​ចាស់ដៃ ​ទៅ​ដល់​អ្នក​ណា ​ដែល​ហ៊ាន​និយាយ​ ​រឺ​សរសេរ​ពី​ក្រុម​គ្រួសារ​ព្រះ​ញាតិវង្ស​ថៃ។

មហាក្សត្រថៃ​ ព្រះចៅភូមិពល អាឌុលយ៉ាតេជ ព្រះជន​៨៧ ព្រះវស្សារ
មហាក្សត្រថៃ​ ព្រះចៅភូមិពល អាឌុលយ៉ាតេជ ព្រះជន​៨៧ ព្រះវស្សារ Reuters / Royal household
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃទី ៣​ ខែ​កុម្ភៈ ​ជន​ឈ្មោះ​នីរ៉ាន់ យ៉ៅវ៉ាផា​ អាយុ​៥០​ឆ្នាំ ​ជា​អ្នក​ទទួល​បន្ទុក​ ការ​ផ្សាយ​របស់​គេហទំព័រ​ព័ត៌មាន​ តាម​អ៊ីនធើណិត​មួយ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គេហទំព័រ​ មាន​ទំនោរ​គាំទ្រ​​ព្រះ​មហាក្សត្រ ​ហើយ​ដែល​ជា​ការ​បង្កើត​ឡើង​ ដោយ​ក្រុម​អាវ​លឿង​ ​បាន​ធ្វើ​ការ​បង្ហោះ​ផ្សាយ​ឯកសារ​ពេទ្យ​ ស្តី​ពី​ស្ថានភាព​សុខភាព​ របស់​មហាក្សត្រ​ថៃ ​ប៉ុន្តែ​បន្តិច​ក្រោយ​មក​ ក៏​បាន​ដក​ចេញ​ទៅ​វិញ ​ដោយសារ​ឯកសារ​នោះ​ ជា​ឯកសារ​ក្លែងក្លាយ។ ប៉ុន្តែ​យ៉ាងណា ក៏​ដោយ ​អាជ្ញាធរ​ថៃ ​បាន​ធ្វើការ​ចាប់​ខ្លួន​ជន​នោះ​ភ្លាម​ដែរ។

 
យោង​តាម​ការ​រាយការណ៍​របស់​លោក​ សុវ៉ាត់ អាផៃផាខឌី ​មេធាវី​ការពារ​ជន​ជាប់​ចោទ ​បាន​អះអាង​ថា​ កូន​ក្តី​លោក ​ត្រូវ​បាន​តុលាការ​សម្រេច​កាត់​ទោស​៥ឆ្នាំ ​ប៉ុន្តែ​ជា​ប្រភេទ​ទោសព្យួរ។ តុលាការ​បាន​សម្រាល​ទោស​​ដោយ​បន្ថយ​ពី​១០​ឆ្នាំ ​មក​ត្រឹម​៥ឆ្នាំ ​ហើយ​ជា​ទោស​ព្យួរ​ទៀត ​ ​ក៏ដោយសារ​កូន​ក្តី​លោក ​បាន​បង្ហាញ​ពី​ភាព​ស្មោះត្រង់ ​ហើយ​បាន​ដក​ឯកសារ​នោះ​ចេញ​វិញ​ភ្លាមៗ ​ប្រមាណ​ជា​១០នាទី​ក្រោយ​មក ​បន្ទាប់​ពី​ដឹង​ថា​ ជា​ឯកសារ​ក្លែងក្លាយ។

យ៉ាងណា​ក៏ដោយ​ នេះ​ជា​ការ​ផ្តន្ទាទោស​ដ៏​ស្រាល​បំផុត​មិន​ធ្លាប់​មាន ​សម្រាប់​ប្រទេស​ថៃ ​ប្រទេស​ដែល​គេ​ធ្លាប់​ស្គាល់​ថា ​បាន​ប្រើ​ប្រព័ន្ធ​តុលាការ​បំបិត​មាត់​អ្នក​ណា​ ​ដែល​ហ៊ាន​សរសេរ​ រឺ​និយាយ​អ្វី​ប៉ះពាល់​ដល់​ព្រះ​មហាក្សត្រ ​រឺ​ក្រុម​គ្រួសារ​ព្រះ​ញាតិវង្ស ​ជា​ពិសេស​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ បន្ទាប់​ពី​ការ​ឡើង​កាន់​អំណាច ​របស់​ក្រុម​យោធា​ ដែល​ស្រលាញ់​ការពារ​ស្ថាប័ន​ព្រះ​មហាក្សត្រ​យ៉ាង​ងុបងុល។

តាម​ធម្មតា ​របប​សិក​ថៃ ​ចាប់​មនុស្ស​ដាក់​ទោស​ធ្ងន់ៗ​បំផុត ​រហូត​ដល់​ជាង​១០​ឆ្នាំ​ ក៏​មាន​ដែរ។ បើ​តាម​ការ​សន្និដ្ឋាន​របស់​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ឈ្មោះ ​iLaw ​ប្រចាំ​ការ​នៅ​ប្រទេស​ថៃ ​បាន​បញ្ជាក់​ថា ​ នេះ​ក៏​ដោយសារ​តែ​ជន​ល្មើស ​គឺ​ជា​បក្ស​ពួក​របស់​ក្រុម​អាវ​លឿង ​ទើប​បាន​ជា​ទោស​ស្រាល​ដូច្នេះ។​ អង្គការ​នេះ​ក៏​បាន​ចោទ​សួរ​ផង​ដែរ​ថា ​មិន​ដឹង​ជា​ជោគ​វាសនា​របស់​អ្នក​ជាប់​ទោស​ ដែល​ជា​ក្រុម​អាវ​ក្រហម ​និង​មាន​សំណាង​ដូច​ករណី​ជន​នេះ​ដែរ​រឺ​ទេ? ​​នៅ​ថ្ងៃ​១៩​ តុលា​ខាង​មុខ​នេះ ​ នឹង​មាន​សាវនាការ​ជំនំ​ជំរះ​ លើ​ជន​ជាប់​ចោទ ​ខាង​ក្រុម​អាវ​ក្រហម​ម្នាក់​ ពីបទ​ផ្សព្វផ្សាយ​ឯកសារ​ក្លែងក្លាយ​ស្តី​ពី​សុខភាព​របស់​ព្រះ​មហាក្សត្រ ​ ដូច​គ្នា​នឹង​ករណី​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ