អានតួអត្ថបទ
ភូមា-នយោបាយ

ជំហានដំបូង​នៃ​ការ​ផ្ទេរ​អំណាច ​នៅ​ភូមា

ថ្ងៃ​ព្រហស្បតិ៍ទី​ ១៩​ វិច្ឆិកា ​នេះ ​ ជា​ថ្ងៃ​ដែល​លោកស្រី ​អ៊ុងសាន ស៊ូជី ​ប្រធាន​គណបក្ស​ប្រឆាំង​ភូមា ​ដែល​ទើបតែ​បាន​ទទួល​ជ័យ​ជំនះ​ ដ៏​ធំធេង ​នៅ​ក្នុង​ពេល​បោះឆ្នោត​ថ្មីៗ​នេះ ​បាន​ទៅ​ជួប​នឹង​លោក​ ស្វេ ម៉ាន់ ​ប្រធាន​សភា​ជាន់​ទាប​ភូមា ​ដើម្បី​ពិភាក្សា ​ជា​ជំហាន​ដំបូង​ ដើម្បី​ឈាន​ទៅ​ដល់​ការ​ផ្លាស់ប្តូរ​អំណាច ​និង​បង្កើត​រដ្ឋាភិបាល​ថ្មី។ ថ្វីត្បិត​តែ​លោក​ប្រធានាធិបតី​នៃ​របប​យោធា​ភូមា ​លោក​ធាន សេន​ បាន​ទទួល​ស្គាល់​ នូវ​បរាជ័យ​របស់​ក្រុម​យោធា ​ ហើយ​នឹង​សុខចិត្ត​ ធ្វើការ​ប្រគល់​អំណាច​ដោយ​សន្តិវិធី​ក្តី​ ក៏​ការ​ផ្លាស់ប្តូរ​អំណាច​នេះ ​នឹង​ត្រូវការ​ពេល​វេលា​យូរ​ទៅមុខ ​ហើយ​ក៏​មិន​ប្រាកដថា ​ ក្រុម​យោធា​អស់​ឥទ្ធិពល​ទាំង​ស្រុង​​ដែរ។

លោក ស្វេ ម៉ាន់ បង្ហាញផ្លូវ​ជូន​លោក​ស្រី​ អ៊ុងសាន ស៊ូជី នៅក្នុង​សភាភូមា នៅក្រុង ណៃភីដាវ ថ្ងៃទី ១៩ វិច្ឆិកា ២០១៥
លោក ស្វេ ម៉ាន់ បង្ហាញផ្លូវ​ជូន​លោក​ស្រី​ អ៊ុងសាន ស៊ូជី នៅក្នុង​សភាភូមា នៅក្រុង ណៃភីដាវ ថ្ងៃទី ១៩ វិច្ឆិកា ២០១៥ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ជំនួប​លើក​ដំបូង​ រវាង​លោកស្រី ​អ៊ុងសាន ស៊ូជី ​និង​លោក ស្វេ ម៉ាន់៖

នេះ​ជា​ការ​ជួប​ចរចា​គ្នា​លើក​ដំបូង ​ រវាង​លោកស្រី ​អ៊ុងសាន ស៊ូជី ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ខាង​របប​យោធា​​ដែល​ទើប​តែ​ចាញ់​ឆ្នោត ​ កាល​ពី​ថ្ងៃ​ទី ​៨​ វិច្ឆិកា ​កន្លង​ទៅ​នេះ។ ជំនួប​នេះ ​មាន​គោលដៅ ​ ដើម្បី​ពិភាក្សាគ្នា ​ពី​របៀប​វារៈ ​នៃ​ការ​ផ្ទេរ​អំណាច ​ពោល​គឺ​អ្នក​ចាញ់​ត្រូវ​ចេញ ​ទុក​កន្លែង​ឲ្យ​អ្នក​ឈ្នះ​ម្តង។ ជំនួប​ត្រូវ​បាន​ធ្វើឡើង ​ នៅ​ទីក្រុង​ ណៃភីដាវ ​រដ្ឋធានី​ថ្មី​របស់​ភូមា ​ដែល​បាន​កសាង​ឡើង​ថ្មី​ទាំងស្រុង ​ក៏​ប៉ុន្តែ​ស្ងាត់​ជ្រងំ ​គ្មាន​មនុស្ស​រស់​នៅទេ។ អ្នកនាំ​ពាក្យ​គណបក្ស​សម្ព័ន្ធ​ជាតិ​ ដើម្បី​ប្រជាធិបតេយ្យ ​របស់​លោកស្រី ​អ៊ុងសាន ស៊ូជី ​បាន​ថ្លែង​ឲ្យ​ដឹងថា ​នេះ​ជា​ការ​ជួប​និយាយ​គ្នា ​ លើ​សំណុំ​រឿង​ដ៏​សំខាន់ ​ស្តីពី​ការ​ផ្ទេរ​អំណាច។

 
នេះ​ជំហាន​ដំបូង ​ដែល​លោកស្រី ​អ៊ុងសាន ស៊ូជី ​បាន​ជួប​ជាមួយ​នឹង​លោក ​ ស្វេ ម៉ាន់​ ប្រធាន​សភា​ជាន់​ទាប ​នៃ​របប​សិក​ភូមា។ ជំហាន​បន្ទាប់​ពី​នេះ ​ហើយ​ដែល​សំខាន់ ​ជាង​គេ ​គឺ​ជំនួប​រវាង​ លោកស្រី ​អ៊ុងសាន ស៊ូជី ​ជាមួយ​នឹង​ប្រធានាធិបតី​ភូមា ​លោក​ ធាន សេន ​និង​ជា​មួយ​ប្រមុខ​មេទ័ព​ធំ​​ របស់​ភូមា ​គឺ​លោក​ មិញ អ៊ុងលាំង។

គ្រាន់​តែ​បាន​ជោគជ័យ​​ ក្រោយ​ការ​បោះឆ្នោត​ភ្លាម ​លោកស្រី ​អ៊ុងសាន ស៊ូជី ​ក៏​បាន​សរសេរ​លិខិត​ ៣​ ទៅ​កាន់​ មនុស្ស​សំខាន់​ទាំងបី​នាក់​នេះ ​ដើម្បី​ជួប​និយាយ​គ្នា​ ក៏​ប៉ុន្តែ ​រហូត​មក​ដល់​ពេល​នេះ ​ ទាំង​ខាង ​លោក ​ប្រធានាធិតី ​ទាំង​ខាង​លោក​មេទ័ព​ភូមា ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​ថា ​ នឹង​ត្រូវ​ជួប​នៅ​ពេល​ណា​ទេ។ បើ​តាម​សម្តី​របស់ ​អ្នក​នាំពាក្យ​លោក​ប្រធានាធិបតី​​ភូមា ​ គឺថា​លោក ​ធាន សេន ​នឹង​ទទួល ​លោកស្រី ​អ៊ុងសាន ស៊ូជី ​ឲ្យ​ចូល​ជួប ​នៅ​ពេល​ណា​ដែល​នីតិវិធី​បោះឆ្នោត​​ ត្រូវ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ ពោល​គឺ​ក្រោយ​ពេល​បោះផ្សាយ​លទ្ធផល​ជា​ផ្លូវការ។

ក្រុម​យោធា ​រៀប​ជើងព្រួល ​ដើម្បី​បង្ករ​ឧបសគ្គ​ ដល់​ការ​ផ្ទេរ​អំណាច៖
បើ​យើង​គ្រាន់តែ​មើល​លើ​លទ្ធផល​ជ័យ​ជំនះ ​របស់​គណបក្ស​លោក​ស្រី ​អ៊ុងសាន ស៊ូជី គឺ​យើង​នាំ​គ្នា​សប្បាយ​ចិត្ត​ ក៏​ប៉ុន្តែ​បើ​យើង​ទៅ​មើល​ លើ​តថៈភាព​ជាក់​ស្តែង​វិញ ​ គឺថា ​ ការ​ផ្ទេរ​អំណាច ​ នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​លំបាក​ណាស់ ​ ដែល​វា​ត្រូវការ​ចំណាយ​ពេល​យូរ​ទៅ​មុខ​ទៀត។ រដ្ឋធម្មនុញ្ញ ​និង​ច្បាប់​បោះឆ្នោត ​ ដែល​តាក់តែង​ឡើង ​ ដោយ​របប​យោធា​ភូមា ​គឺ​គេ​បាន​រៀបចំ​ជើង​ព្រួល​ រួច​ជា​ស្រេច​ទៅ​ហើយ ​ ដើម្បី​ធ្វើ​យ៉ាង​ណា ​ឲ្យ​ការ​ផ្លាស់​ប្តូរ​អំណាច ​អាច​ធ្វើ​ទៅ​ដោយ​សន្សឹមៗ ​ហើយ​ជា​ពិសេស ​ក្រុម​យោធា​ នៅ​តែ​បន្ត​មាន​ឥទ្ធិពល ​ នៅ​ក្នុង​អំណាច​នយោបាយ​ថ្មី​របស់​ភូមា​ជា​និច្ច។

មិន​បាច់​និយាយ​អ្វី​ច្រើន​ទេ ​ គឺ​គ្រាន់​តែ​បោះឆ្នោត​បាន​លទ្ធផល​រួច​រាល់​មែន ​ តែ​ត្រូវ ​រងចាំ​ ដល់​ខែ​ ២​ ទៅ​ ​ខែ​៣ ​ឆ្នំា​ក្រោយ​ ឯណោះ ​ទើប​សភា​ភូមា​ថ្មី ​និង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ ដូច្នេះ ​ក្នុង​កំឡុង​ពេល​នេះ​​ គឺ​លោក​ប្រធានាធិបតី​ធាន សេន ​នឹង​នៅ​តែ​បន្ត​កាន់​អំណាច​ដដែល។ និយាយ​ដល់​តំណែង​ប្រធានាធិបតី​ យើង​ដឹង​ស្រាប់​ហើយ ​ លោក​ស្រី ​អ៊ុងសាន ស៊ូជី ​ត្រូវ​រដ្ឋ​ធម្មនុញ្ញ​ហាម​មិន​ឲ្យ​កាន់​តំណែង​បាន​ទេ ​ ដោយសារ​តែ​កូន​លោកស្រី​ មាន​សញ្ជាតិ​បរទេស។ ដូច្នេះ ​លោកស្រី ​ត្រូវ​បញ្ជូន​ឈ្មោះ​នរណា​ម្នាក់ ​ដើម្បី​ឲ្យ​អង្គ​សភា ​សម្រេច​បោះឆ្នោត។

ចំណុច​សំខាន់​មួយ​ទៀត ​ដែល​ជា​ឧបសគ្គ​ សម្រាប់​គណបក្ស​លោកស្រី ​អ៊ុងសាន ស៊ូជី ​គឺ​ថា​ ក្នុង​ចំណោម​អាសនៈ​​ទាំង​៤៤០​ របស់​សភា​ភូមា ​គឺ​មាន​២០% ​គឺ​ជា​អាសនៈ​ របស់​ពួក​យោធា​ដោយ​ស្វ័យប្រវត្តិ។ គណបក្ស​លោកស្រី អ៊ុងសាន ស៊ូជី ​បាន​ទទួល​ចំនួន​ ២៥៥​អាសនៈ ​ឯ​ក្រុម​យោធា ​បាន​ទទួល​តែ​២៩​អាសនៈ​ពិតមែន ​ ក៏​ប៉ុន្តែ ​ក្រុម​យោធា​គេ​នៅ​មាន​អាសនៈ​ស្វ័យប្រវត្តិ​ប្រហែល​ជា ​១១០​ផ្សេង​ទៀត។ ក្រៅពី​នៅ​តែ​រក្សា ​តំណាង​រាស្ត្រ​ជា​ក្រុម​យោធា ​ក្នុង​ចំនួន​ មួយ​ច្រើន​គួរសម​ ក្រុម​យោធា​ភូមា ​នៅ​មាន​សិទ្ធិ​តែងតាំង​ រដ្ឋមន្ត្រី​ ក្រសួង​ការពារ​ជាតិ ​និង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ ដែល​ជា​ក្រសួង​ពីរ​ដ៏​សំខាន់​បំផុត។
 

លោក ស្វេ ម៉ាន់ និង លោកស្រី អ៊ុងសាន ស៊ូជី ក្នុងពេល​ប្រជុំនិយាយ​គ្នា តែពីរនាក់ អំពីកិច្ចការ​ផ្ទេរអំណាច
លោក ស្វេ ម៉ាន់ និង លោកស្រី អ៊ុងសាន ស៊ូជី ក្នុងពេល​ប្រជុំនិយាយ​គ្នា តែពីរនាក់ អំពីកិច្ចការ​ផ្ទេរអំណាច REUTERS/Soe Zeya Tun

ប្រធានាធិបតី​ថ្មី ​ត្រូវតែ​ជា​មនុស្ស​ ដែល​ខាង​ពួក​យោធាពេញចិត្ត៖
បើ​តាម​ការ​វិភាគ ​ក៏​ដូច​ជា​ពាក្យ​ចរចាម​អារ៉ាម​មួយ​ចំនួន ​គឺ​ថា​ ប្រហែល​ជា​លោក​ ស្វេ ម៉ាន់ ​ប្រធាន​សភា​ជាន់ទាប ​ ដែល​លោកស្រី ​អ៊ុងសាន ស៊ូជី ​ជួប​នៅ​ថ្ងៃ​នេះ​ឯង​ ដែល​អាច​នឹង​ត្រូវ​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​ភូមា។ យោង​តាម​រដ្ឋធម្មនុញ្ញ ​គឺ​ថា​សភា​ត្រូវ​សម្រេច​បោះឆ្នោត​ រើស​បេក្ខជន​ម្នាក់ ​ក្នុង​ចំណោម​បី​នាក់ ​ ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី។ ក្នុង​នោះ​បេក្ខជន​ម្នាក់ ​គឺ​ស្នើរ​ដោយ​ក្រុម​យោធា។ ដូច្នេះ​វា​មាន​ន័យ​ថា ​ខាង​យោធា ​ក៏​បាន​យ៉ាង​ហោច​ណាស ​តំណែង​អនុប្រធានាធិបតី​ដែរ។

លោកស្រី អ៊ុងសាន ស៊ូជី ​ត្រូវ​បញ្ជូន​បេក្ខជន​ទៅ ​តែ​ត្រូវ​ធ្វើ​យ៉ាងណា ​រក​មនុស្ស ​ដែល​ខាង​យោធា​គេ​ពេញចិត្ត​ដែរ​ ព្រោះ​មិន​អញ្ចឹង​ទេ​​ គឺ​មិន​បាន​សម្លេង​គាំទ្រ​គ្រប់​ទេ។ ដូច្នេះ​ហើយ ​បាន​ជា​គេ​សម្លឹង​ឃើញ​លោក ​ស្វេ ម៉ាន់​ នេះ​ឯង ព្រោះ​ថា​កន្លង​មក ​លោក​ម្នាក់​នេះ​ហើយ ​ដែល​ជា​ចលករ​មួយ​ដ៏​សំខាន់ ​ ក្នុង​ការ​ទាញ​ក្រុម​យោធា ​ឲ្យ​បន្ទន់​អំណាច​ ងៀក​មករក​ការ​បោះឆ្នោត​ ដោយ​ប្រជាធិបតេយ្យ។ ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​យោធា​ភូមា ​ គឺ​មាន​តែ​លោក​ ស្វេ ម៉ាន់ ​ម្នាក់​នេះ​ទេ ​ដែល​មាន​ស្មារតី​បើក​ទូលាយ ​ព្រម​ទទួល​យក​កំណែ​ទម្រង់ ​និង​ការ​បើក​ទ្វារ​ប្រទេស​ភូមា​សាជាថ្មី។ មាន​ន័យ​ថា​ ប្រធានាធិបតី​ថ្មី​ភូមា ​នឹង​អាច​ជា​មនុស្ស ​របស់​របប​យោធា​ដដែល ​ក៏​ប៉ុន្តែ​ជា​មនុស្ស ​ដែល​ស្តាប់ ​និង​​និយាយ​គ្នា​បាន​ ជាមួយ​នឹង​លោកស្រី​ អ៊ុងសាន ស៊ូជី។

ការ​លំបាក​របស់​រដ្ឋាភិបាល​ថ្មី​លោកស្រី​អ៊ុងសាន ស៊ូជី ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ប្រទេស៖
ជា​ការពិត​ណាស់ ​ឧបសគ្គ​នៅ​មាន​ច្រើន ​សម្រាប់​រដ្ឋាភិបាល​ថ្មី​របស់​លោកស្រី ​អ៊ុងសាន ស៊ូជី។ ថ្វីត្បិត​តែ​លោកស្រី​អះអាង​ថា ​នឹង​នាំ​លទ្ធិ​ប្រជាធិបតេយ្យ ​ជូន​ប្រជាជន​ភូមា ​ ក៏​ប៉ុន្តែ​សម្រាប់​ពេល​នេះ​​ គឺ​នៅ​មិន​ទាន់​អាច​ធ្វើបាន​ទាំង​ស្រុង​ទេ។ ពោល​គឺ​ត្រូវការ​ពេល​វេលា​វែង​ឆ្ងាយ។ ក្រុម​យោធា​ ​បាន​រាយ​ក្រឡា ​ដើម្បី​ធ្វើ​យ៉ាងណា ​ឲ្យ​គេ​ អាច​បាន​​ដក​ដង្ហើម​បាន​យូរ​ជាទី​បំផុត។ ហើយ​ថា​មិនត្រូវ ​ គេ​អាច​ប្រើ​កំលាំង ​ដណ្តើម​អំណាច​ទាំងស្រុង​វិញ​ក៏​ថា​បាន​ដែរ។

ការ​លំបាក​ សម្រាប់​គណបក្ស​លោកស្រី ​អ៊ុងសាន ស៊ូជី ​មាន​ច្រើន​ណាស់។ ចង់​ធ្វើ​កំណែ​ទម្រង់​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ ​ក៍​លំបាក​ ព្រោះ​ត្រូវ​ការ​សម្លេង​៧៥%។ ហើយ​ក្រុម​យោធា ​អាច​បោះឆ្នោត​វេតូ​ បដិសេធ ​បាន​ទាំង​អស់។ ក្រសួង​សំខាន់ៗ​ទាំងពីរ​ ជា​របស់​ក្រុម​យោធា​ ដូច្នេះ ​កំណែទម្រង់​ធំៗ ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ដែនដី​ ការ​បញ្ចប់​ជម្លោះ​ជាមួយ​នឹង​ជនជាតិ​ភាគតិច ​គឺ​ថា​មិន​អាច​ធ្វើ​បាន​ទេ​បើ ​ខាង​យោធា​គេ​មិន​ព្រម។

ភូមាជា​ប្រទេស​ មាន​ផ្ទៃដី​ធំ ​ហើយ​ជា​រដ្ឋ​សហព័ន្ធ​ ដូច្នេះ​ការ​គ្រប់គ្រង​រដ្ឋបាល ​មាន​លក្ខណៈ​ស្មុគស្មាញ​ណាស់។ អំណាច​កណ្តាល​របស់​រដ្ឋាភិបាល ​លោកស្រី​ អ៊ុងសាន ស៊ូជី ​ពិត​ជា​ជួប​ការ​លំបាក​ ក្នុង​ការ​អនុវត្ត​ការងារ ​បើ​សិន​ជា​គ្មាន​ការ​សហការ​ ពី​អំណាច​មូលដ្ឋាន ​តាម​រដ្ឋ​សមាជិក ​ ដែល​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​ការពារ​ជាតិ ​ ពោល​គឺ​ក្រុម​យោធា​តែ​ម្តង។ ថ្ងៃ​នេះ ​ ពួក​មេទ័ព​ធំៗ ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​មែន​ តែ​ទៅ​ថ្ងៃ​មុខ ​ក្រុម​មេទ័ព ​ដែល​នៅតែ​មាន​ឥទ្ធិពល ​មាន​អំណាច ​ មាន​កូន​ទាហាន​រាប់​សែន​នាក់​នេះ ​ អាច​នឹង​ត្រឡប់​មក​​ប្លន់​អំណាច​វិញ ​គ្រប់​ពេល​វេលា ​បើ​សិន​ជា​គេ​ទ័លច្រក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ