អានតួអត្ថបទ

​ ​ម៉ាឡេស៊ីធ្វើ​បាតុកម្ម​​ប្រឆាំង​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​សេរី​អន្តរប៉ាស៊ីហ្វិក

បាតុករ​រាប់​ពាន់​នាក់ បាន​ប្រមូល​ផ្តុំ​​គ្នា នៅ​ថ្ងៃសៅរ៍​ទី ២៣​មករា នៅ​ទីក្រុង​កូឡាឡាំពួរ ដើម្បី​សម្តែង​ការ​ពេញ​ចិត្ត​ ​នឹង​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក Trans Pacific Partnership (TPP)​។ ហ្វូង​បាតុករ​ ចង់​ស្នើ​សុំ​​ឱ្យ​រដ្ឋាភិបាល​​ច្រាន​ចោល​គម្រោង​នេះ ដែល​សភា​ត្រូវ​ផ្តើម​ជជែក​ពិចារណា ចាប់ពី​ដើម​សប្តាហ៍​ក្រោយ​ទៅ។

បាតុករ​ម៉ាឡេស៊ី ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​អន្តរប៉ាស៊ីហ្វិក  (TPP)
បាតុករ​ម៉ាឡេស៊ី ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​អន្តរប៉ាស៊ីហ្វិក (TPP) © Reuters
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​អន្តរប៉ាស៊ីហ្វិក​ជាអ្វី ? ដៃគូ​ជា​ប្រទេស​នៅ​ជាប់​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ចង់​បង្កើត​តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​ ដ៏​ធំ​ជាង​បង្អស់​មួយ ដែល​មាន​​​សមាជិក​ចូល​​រួម​ដល់​ទៅ ១២​ប្រទេស កាណាដា ព្រុយណេ ឈីលី ម៉ាឡេស៊ី ម៉ិចស៊ិក នូវែលហ្សេឡង់ ប៉េរ៉ូ សិង្ហបុរី វៀតនាម សហរដ្ឋ​អាមេរិក ជប៉ុន និង​អូស្ត្រាលី។​ សមាជិក​ទាំង​១២​ប្រទេស​ ដែល​តំណាង​ឱ្យ​៤០%​នៃ​សេដ្ឋកិច្ច​ពិភពលោក បាន​ព្រមព្រៀង​គ្នា​កាលពីតុលា​លើ​កិច្ចព្រមព្រៀង​អន្តរប៉ាស៊ីហ្វិក​នេះ Trans Pacific Partnership (TPP) ក្រោម​មោទនភាព​ដ៏​ខ្លាំង​ក្លា​របស់​សហរដ្ឋអាមេរិក។

 
ផ្តួ​ចផ្តើម​ឡើង​ដោយ​វ៉ាស៊ីនតោន គ្មាន​ចិន​និង​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ចិន កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​ចុះ​ហត្ថលេខាជា​ផ្លូវការ​នៅ​ថ្ងៃទី ៤​កុម្ភៈ ខាង​មុខ​នៅ​នូវែលហ្សេឡង់ បន្ទាប់​មក​ប្រទេស​ជា​សមាជិក​ទាំង​អស់ មាន​ពេល​ពីរ​ឆ្នាំ​សម្រាប់​ផ្តល់​សច្ចាប័ន មុន​នឹង​កិច្ចព្រមព្រៀង​អាច​មាន​សុពលភាពបាន។

សភា​ម៉ាឡេស៊ី ត្រូវ​ផ្តល់​សេចក្តី​សម្រេច​ឱ្យ​​រដ្ឋាភិបាល ក្នុង​ការ​ចុះ​ហត្ថលេខា លើកិច្ចព្រមព្រៀង​នេះ​ នៅ​សប្តាហ៍​ក្រោយ  ប៉ុន្តែបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​ថា កិច្ចព្រមព្រៀង​នេះ​គំរាម​កំហែង​ដល់​សិទ្ធិ​ពលករ​ និង​បរិស្ថាន។

ក្រោម​ការ​អំពាវនាវ​របស់​បក្ស​នយោបាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល បាតុករ​ជា​ច្រើន​ពាន់​នាក់​ ក្នុង​ឯកសណ្ឋាន​អាវ​យឺត​ “ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​អន្តរប៉ាស៊ីហ្វិក” បាន​ប្រមូល​ផ្តុំ​គ្នា ខ្លះ​នៅ​មុខ​ទីលាន​​ឯករាជ្យ​កណ្តាល​ក្រុង​កូឡាឡាំពួរ ក្រុម​ខ្លះ​ទៀត​ មាន​គ្នា​ដល់​ទៅ​ជាង​បី​ពាន់ នាក់​ភាគ​ច្រើន​ជា​សកម្មជន​បក្ស​ប្រឆាំង អ៊ីស្លាមប៉ង់ម៉ាឡេស៊ី ផ្តុំ​គ្នា​ស្តាប់​សុន្ទរកថា​រិះគន់​កិច្ចព្រមព្រៀង។ តំណាង​បក្ស​ប្រឆាំង​ដ៏​ល្បី​ល្បាញ​ម្នាក់​បាន​ស្រែក ចាត់​ទុក​កិច្ចព្រមព្រៀង ថា​រំលោភ​អធិបតេយ្យភាព​ម៉ាឡេស៊ី នាំ​ចំណេញ​តែ​ដល់​អ្នក​មាន​ ដណ្តើមទីផ្សារ​ការងារ ... សម្រាប់​ក្រុម​អ្នក​ប្រឆាំង នៅ​ពេល​ចរចា​មានលាក់​​រឿងសម្ងាត់ច្រើន និង​មាន​ការ​យល់​ព្រ​ម​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​បរទេស​ច្រើន៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ