អានតួអត្ថបទ

នៅប៉ាគីស្ថាន ស្ត្រីដែល​​បង្ខូច​កិត្តិ​យសគ្រួសារអាច​នឹង​រង​ទោស​ដល់ស្លាប់

ការ​បង្ខូច​កិត្តិយស​គ្រួសារ​ នៅ​តែ​ជា​ទោស​ដ៏​ធំ និង​មាន​ច្រើន​ករណី​នៅ​ឡើយ​ សម្រាប់​សង្គម​​ប៉ាគីស្ថាន។ ក្នុង​មួយ​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ស្ត្រី​ជាង​១០០០​នាក់ បាន​បាត់​បង់​ជីវិត​ ដោយ​ហេតុ​តែ​បាន​ធ្វើ​ឱ្យ​គ្រួសារ​ខូច​កិត្តិយស ហ៊ានស្រលាញ់​ប្រុស​ចិត្ត​ឯង ឬ​ល្មើស​នឹង​ប្រុស​ក្នុង​ផ្ទះ។ ​ថ្វីបើ​បញ្ហា​កិត្តិយស​នៅ​បន្ត​អនុវត្ត​ក្នុង​សង្គម​ប៉ាគីស្ថាន​​រហូត​មក​ទល់​នឹង​ពេល​នេះ​មែន តែហេតុការណ៍បែប​នេះ លែង​ប្រព្រឹត្ត​ទៅ​ស្ងប់​ស្ងាត់​ដូច​មុន​ទៀត​ហើយ សារព័ត៌មាន​ផ្តើម​បំផុស​និង​ផ្សព្វផ្សាយ​ដំណឹង​តាម​ប្រព័ន្ធ​ឃោសនា។

ប៉ាគីស្ថាន​ផ្តើម​​បញ្ចេញ​សំឡេង​ប្រឆាំង​នឹង​ការ​ដាក់ទោស​ស្ត្រី​​ក្រោម​ហេតុផល​បង្ខូច​កិត្តិយស​គ្រួសារ​
ប៉ាគីស្ថាន​ផ្តើម​​បញ្ចេញ​សំឡេង​ប្រឆាំង​នឹង​ការ​ដាក់ទោស​ស្ត្រី​​ក្រោម​ហេតុផល​បង្ខូច​កិត្តិយស​គ្រួសារ​ REUTERS/Akhtar Soomro
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​សិទ្ធិមនុស្ស​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​របស់​ប៉ាគីស្ថាន បាន​ចេញ​ផ្សាយ​តួលេខ​ក៏​គួរ​ឱ្យ​រន្ធត់ ! ក្នុង​មួយ​ឆ្នាំ​២០១៥​​កន្លង​ទៅ​នេះ មាន​ស្ត្រី​ជិត​១១០០​នាក់ បាន​​ក្រុម​គ្រួសារ​សម្លាប់​ ព្រោះស្ត្រី​ទាំង​នោះ​ហ៊ាន​ល្មើល​​បង្គាប់​ឪពុក ឬ​បង​ប្រុស​ ទៅ​ស្រលាញ់​ប្រុស​ដោយ​ចិត្ត​ឯង ឬ​ទៅ​រាប់​អាន​សង្គម​ខាង​ក្រៅ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ទទួល​ខុស​ត្រូវ​​ភេទ​ប្រុស​ក្នុង​ផ្ទះ។ ទង្វើបែប​នេះ​គឺ​ជា​ការ​បង្ខូច​កិត្តិយស​គ្រួសារ។

 
ក្រៅ​នេះ នៅ​មាន​ស្ត្រី​ជា​ច្រើន​ផ្សេង​ទៀតត្រូវ​រង​អំពើ​ហិង្សា​ និង​ការ​វាយប្រហារ​ទឹក​អាស៊ីត​ ក្នុងហេតុ​ផល​តែ​មួយ​គឺ​បង្អាប់​កិត្តិយស​គ្រួសារ។ តួលេខ​នេះ​កាន់​តែ​គួរ​ព្រួយ​បារម្ភ​ទៀត ព្រោះ​មាន​គ្រួសារ​ជា​ច្រើន​ទៀត​មិន​បាន​ទៅ​រាយការណ៍ និង​លាក់​​មិន​ចេញ​ឈ្មោះ​ទេ។

កាល​ពី​ខែ​កុម្ភៈ​២០១៦ ប៉ាគីសា្ថន​បាន​បោះឆ្នោត​​ច្បាប់​ថ្កោល​ទោស​ យ៉ាង​ច្បាស់​លាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ នៅ​ខេត្ត Penjab ក្រោម​ផ្លាក​​បង្ខូច​កិត្តិយស​គ្រួសារ ដែល​ជា​ប្រពៃណី​ចាស់​គំរិត​របស់​ប៉ាគីស្ថាន។ ប៉ុន្តែ​សម្ព័ន្ធ​បក្សសាសនា​​បាន​ធ្វើ​គ្រប់​យ៉ាង ដើម្បី​លុប​ច្បាប់​នេះ​ចោល​វិញ ដោយ​សំអាង​ដើម្បី​​ការ​ពារ​អ៊ីស្លាម​ ​និង​សិទ្ធិ​របស់​បុរស​ក្នុង​សហគមន៍​នេះ។

ភាព​យន្ត​ឯកសារ​ខ្លី​​មួយ​​ចង​ក្រង​ឡើង​ដោយ​ស្ត្រី​ប៉ាគីស្ថាន​ ស្តី​ពី​​ឧក្រិដ្ឋកម្ម​កិត្តិយស​គ្រួសារ​ ដែល​បាន​ទទួល​រង្វាន់​អូស្កា ទំនង​ជា​ប្រភព​ផ្តល់​សេចក្តី​ក្លាហាន​ដល់​ស្ត្រី​​ឱ្យ​ហ៊ាន​​ចេញមុខ​បរិហារ​ទង្វើ​​ហិង្សា​លើ​បង្ក្រាប​ស្ត្រី​ឱ្យ​រណប​បុរស​នេះ​។ កាល​ពី​ថ្ងៃអង្គារ​មុន​ ជា​លើក​ទី​មួយមាន​ការ​ដាក់​ទោស​ បុរស​ម្នាក់ដែលដោយ​អាង​សិទ្ធិ​ជា​បងមិន​ពេញ​នឹង​អាពាហ៍ពិពាហ៍ ​បាន​សម្លាប់​ប្អូន​ស្រី​ ​ ត្រូវ​ទទួល​ទោស​​ប្រហារ​ជីវិត។ មិន​តែ​ប៉ុណ្ណោះ​​សារព័ត៌មាន ក៏​ផ្តើម​ចុះ​ផ្សាយ​​ខ្លះៗ​អំពី​បណ្តឹង​របស់​ស្ត្រី​ប្រឆាំង​នឹង​ប្តី។ មាន​​សមាគម​ជា​ច្រើនត្រូវ​បាន​បង្កើត​ឡើង​និង​​ បាន​ចេញ​មុខ​ជួយការពារ​​និង​លាក់​ស្ត្រី​ ដែល​ស្ម័គ្រ​ចិត្ត​​ចេញធ្វើ​សក្ខីកម្មប្រឆាំង​នឹង​គ្រួសារ​​ឯង​នៅ​ចំពោះ​មុខ​តុលាការ។

ប៉ុន្តែទម្ងន់ទម្លាប់​​ប្រពៃណី​នេះ​មាន​សម្ពាធ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់នៅ​ប៉ាគីស្ថាន ព្រោះ​ការ​បះបោររបស់​​ស្ត្រី​ប្រឆាំង​នឹង​បុរស​ច្រើន​តែ​ដោះស្រាយ​នៅ​ក្នុង​ផ្ទះ​ច្រើន​ជាង​នៅ​តុលាការ។ ច្បាប់អ៊ីស្លាម​ ​Charia អាច​នឹង​ត្រូវ​អនុវត្ត​ភ្លាម​ដោយ​គ្មាន​បង្អង់ នៅ​ក្នុង​រង្វង់​​គ្រួសារ​ និង​ថ្នាក់​ភូមិឋាន​ផ្ទាល់​តែ​ម្តង សម្លាប់​​ស្ត្រី​ដែល​ហ៊ាន​ល្មើស​នឹង​បុរស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ