អានតួអត្ថបទ

រដ្ឋាភិបាល​ភូមាថ្មី​ដោះលែង​អ្នក​ទោស​នយោបាយ តាមពាក្យ​របស់​លោកស្រី​អ៊ុងសានស៊ូជី

និស្សិត​ភូមា​ជិត​៧០​នាក់ ដែល​អាជ្ញាធរ​ចាស់ បាន​ចាប់​ដាក់​ពន្ធនាគារ ព្រោះ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា កាលពី​ខែ​មីនា ឆ្នាំ​២០១៥ ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ថ្ងៃ​សុក្រ​ទី ៨ មេសា​ ២០១៦។ ​ការ​ផ្តល់​សេរីភាព​ដល់​អ្នក​ទោស​នយោបាយ គឺ​ជា​ឆន្ទៈ​របស់​​លោកស្រី អ៊ុង សានស៊ូជី​ ​និង​ជា​អាទិភាព​មួយ​របស់​រដ្ឋាភិបាលស៊ីវិល​ថ្មី ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត។

បាតុករ​និស្សិត​ពេល​បាន​ជួប​គ្រួសារ​ក្រោយ​ដោះលែង​ចេញ​ពី​ពន្ធនាគារ ថ្ងៃទី ៨ មេសា ២០១៦
បាតុករ​និស្សិត​ពេល​បាន​ជួប​គ្រួសារ​ក្រោយ​ដោះលែង​ចេញ​ពី​ពន្ធនាគារ ថ្ងៃទី ៨ មេសា ២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​រង់ចាំ​អស់​ជា​ច្រើនម៉ោង​ នៅ​មុខ​ពន្ធនាគារ នៅទី​បំផុតក្រុមគ្រួសារ​របស់​អ្នក​ទោស​ អាច​ផ្ទុះ​​ក្តី​រីករាយ និង​ធូរ​ស្បើយ​ក្នុង​ចិត្តបាន ពេល​ឮ​សេចក្តី​ប្រកាស​របស់​ចៅក្រម​តុលាការ​ថារ៉ាវ៉ឌី ដោះលែង​និស្សិត​ចំនួន ៦៩​នាក់។ ប៉ុន្តែ​និស្សិត​ខ្លះទៀត ក្នុង​នោះ​មាន​ម្នាក់​ជា​មេដឹកនាំ​ក្រុម​ផង ត្រូវ​បន្ត​ជាប់​ក្នុង​ពន្ធនាគារ​ដដែល​ព្រោះ​ពួកគេ​មាន​ជាប់​រឿង​ក្តីក្តាំ​ផ្សេង​ទៀត​ក្នុង​តុលាការ។

និស្សិត​ដែល​បាន​រួច​ខ្លួន​មួយ​ចំនួន​ធំ បាន​នាំ​គ្នា​ទៅ​ទីលាន​កប់​ខ្មោច​ភ្លាម​ ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​និស្សិត​ផ្សេង​ទៀត​ដែល​បាន​បាត់​បង់​ជីវិត​ ក្រោម​កម្លាំង​បង្ក្រាប​របស់​អាជ្ញាធរ​យោធា។ សូម​បញ្ជាក់​ថា ថ្វី​បើ​ភូមា​បាន​ប្រកាស​តាំង​ខ្លួន​ជា​រដ្ឋាភិបាល​ស៊ីវិល តាំង​ពីឆ្នាំ​២០១១​មក​មែន និង​ធ្វើ​ការ​ដោះលែងអ្នក​ទោស​នយោបាយ​ខ្លះៗ​មែន ប៉ុន្តែ​រដ្ឋាភិបាល​ពាក់កណ្តាល​ស៊ីវិល​នេះ បានចាត់​វិធានការ​​រឹត​បន្តឹង​ បង្ក្រាប​​ក្រុម​អ្នក​ប្រឆាំងខ្លាំង​​ នៅ​ពេល​មុន​ពេល​បោះឆ្នោត​​សភា​ខែ​វិច្ឆិកា២០១៥ ពី​បទ​ធ្វើ​បាតុកម្ម​បះបោរ ដែល​អាច​នឹង​ត្រូវ​ជាប់​ទោស​ដល់​ជាង​១០​ឆ្នាំ។

 
បើ​តាម​អង្គការ​ជំនួយ​អ្នក​ទោស​នយោបាយ​ ដោយ​រាប់​ទាំង​និស្សិត​៦៩​នាក់​នេះ​ផង ភូមា​មាន​ឃុំឃាំង​អ្នក​ទោស​មនសិការ​ដល់​ទៅ ១២១​នាក់ និង​៤០៨​នាក់ កំពុង​ប្រឈម​នឹង​ការ​កាត់ទោស​ពាក់ព័ន្ធ​នឹ​ងសកម្មភាព​នយោបាយ។ គ្រប់​គ្នា​​រំពឹងយ៉ាង​​ខ្លាំងលើរដ្ឋាភិបាល​ថ្មី និង​ពិសេស​លើ​​លោកស្រី ស៊ូជី ដែល​ធ្លាប់​ជាប់​ជា​អ្នក​ទោស​នយោបាយ​អស់​រយៈ​ពេល​១៥​ឆ្នាំ ក្នុង​ការ​ស្វែង​រក​​សេរីភាព​ដល់​អ្នក​ទោស​នយោបាយ និង​ធានា​រ៉ាប់រង​ថា ភូមា​គ្មាន​ឃុំឃាំង​អ្នក​ទោស​មនសិការ​ណា​ក្រោយ​ចំរ៉ឹង​ដែក​ទៀត​ទេ។

​មិន​អាច​ក្លាយ​ជា​ប្រធានាធិបតី​ ព្រោះ​រនាំង​រដ្ឋធម្មនុញ្ញ ​លោកស្រី អ៊ុងសានស៊ូជី មិន​អាច​សម្រេច​ធ្វើការ​ដោះលែង​អ្នកទោស​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​ជាមួយ​នឹង​តួនាទី​ជា​ទីប្រឹក្សា​រដ្ឋពិសេស​ លោកស្រី​អាច​ចង្អុល​បង្ហាញ​ទិស​ដល់​រដ្ឋាភិបាល​បាន។ ការ​ដោះលែង​អ្នក​ទោស​នៅ​ថ្ងៃ​នេះ គឺ​ជាប្រសិទ្ធិភាព​​ជាក់ស្តែង​ នៃ​តួនាទីរបស់​លោកស្រី​ អ៊ុង សានស៊ូជី ដែល​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​​ ​បាន​បង្ហើប​អំពី​លទ្ធភាព​នៃ​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ សកម្មជន​នយោបាយ ជា​ទ្រង់ទ្រាយ​ធំ ក្នុង​ពេល​ឆាប់ៗ ហើយ​មួយ​ថ្ងៃ​ក្រោយមក ស្រាប់​តែ​មាន​ការ​ដោះលែង​មែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ