អានតួអត្ថបទ

ភូមា​​ដោះលែង​អ្នក​ទោសនយោបាយ​ ​៦៣​នាក់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ

នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ប្រពៃណី​ភូមា ប្រធានាធិបតី​ថ្មី​ លោក ទិន ចវ ប្រកាស​ដោះលែង​អ្នក​​ទោសនយោបាយ​ យ៉ាង​ហោច​ណាស់ ៦៣​នាក់ នៅ​ថ្ងៃ​អាទិត្យនេះ។ នេះ​គឺ​ជា​សេចក្តី​សម្រេចនយោបាយ​​ដ៏​សំខាន់​ដំបូង​ របស់​លោកប្រធានាធិបតី​ តាំង​ពី​បានឡើង​ចូល​កាន់​តំណែង កាលពី​ចុង​ខែ​មីនា​មក។

និស្សិត​និង​គ្រួសារ​អបអរ​ថ្ងៃ​បាន​រួច​ទោស តាម​រយៈ​ក្រិត្យ​លើកលែង​ទោស​របស់​ប្រធានាធិបតី
និស្សិត​និង​គ្រួសារ​អបអរ​ថ្ងៃ​បាន​រួច​ទោស តាម​រយៈ​ក្រិត្យ​លើកលែង​ទោស​របស់​ប្រធានាធិបតី © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ ​ដែល​មាន​បង្ហោះ​ផ្សាយ​ក្នុង​ទំព័រ​សង្គម​ហ្វេសប៊ូក ​ប្រធានាធិបតីបាន​ប្រកាស​ថា​នឹង​ធ្វើ​ការ​លើកលែង​ទោស​​ដល់​ទណ្ឌិត​ចំនួន ៨៣​នាក់ ! វិធានការ​នេះ​មាន​កម្មវត្ថុ​តែ​មួយ​គឺ​ដើម្បី​សន្តិភាព​ និង​ភាព​រីករាយ​ ព្រមទាំង​ដើម្បី​ផ្តល់​សន្ទុះ​ដល់​ការ​ផ្សះផ្សា​ជាតិ។

បើ​តាម​ឯកសារនោះ នៅ​ក្នុង​ចំណោម​​អ្នក​ទោស​ដែល​ត្រូវ​ដោះលែងទាំង​អស់ មាន​៦៣​នាក់ ជា​អ្នក​ទោស​មនសិការ។ នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ។

នៅ​ក្នុង​សុន្ទរកថា​​ទៅ​កាន់​ប្រជាជាតិ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី លោក ​ ទិន ចវ បាន​គូស​បញ្ជាក់ ក្នុង​នាម​ជា​​ប្រធានាធិបតី​ ជា​អ្នក​ធ្វើ​សេចក្តី​សម្រេចចិត្ត ថា​រដ្ឋាភិបាល​របស់​លោក​ នឹង​ធ្វើ​គ្រប់​យ៉ាង​ដាច់​ខាត ដោះលែង​អ្នក​ទោស​នយោបាយ​ឱ្យអស់​ពី​ពន្ធនាគារ រាប់​ទាំង​សកម្មជន និង​និស្សិត​ដែល​កំពុង​រង់ចាំ​ការ​កាត់​ទោស​ផង។

លោក ទិន ចវ គឺ​ជា​មិត្ត និង​ជា​សហការី​ដ៏​​ជំនិត​បំផុតរបស់​លោក​ស្រី អ៊ុងសានស៊ូជី ដែល​បាន​ក្លាយ​ជា​ប្រធានាធិបតី​ភូមា កាលពី​ចុង​ខែ​មីនា ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រូប​តំណាង​​លោកស្រី​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព ដែលដោយ​រនាំង​រដ្ឋធម្មនុញ្ញា​​មិន​អាច​ធ្វើ​​ប្រមុខ​ដឹកនាំ​ប្រទេស​បាន។ ពេល​នេះ​លោកស្រី​មាន​ថានៈ​ត្រឹម​តែ​ជា​រដ្ឋមន្ត្រីការបរទេស​និង​អប់រំ ព្រមទាំង​មាន​តួនាទី​សំខាន់​មួយ​ទៀត​ជា​ទីប្រឹក្សារដ្ឋ​ពិសេស។

តាំងពីបក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ របស់​លោកស្រី អ៊ុងសានស៊ូជី ​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​ប្រទេសមក អាជ្ញាធរ​​នេះ​បាន​​ដោះលែង និង​លុប​ចោល​បណ្តឹង​​ប្រឆាំង​នឹ​ងអ្នក​នយោបាយ​ជាង​ពីររយ​​នាក់ ក្នុងនោះ​និស្សិត​រាប់​សិប​នាក់ ចាប់​ខ្លួន​ព្រោះ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​អប់រំ​របស់​រដ្ឋាភិបាល​ចាស់ ក៏​ត្រូវ​បាន​ទទួល​សេរីភាព​វិញ។

មាន​សកម្មជន​បក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ ជាច្រើន​រូប​​ខ្លាំង​ណាស់ ធ្លាប់​ជាប់​ក្រោយ​រនាំង​ដែក ព្រោះ​បុព្វហេតុ​នយោបាយ។ ​លោក​ស្រី អ៊ុងសានស៊ូជី​ជា​មេបក្ស​ផ្ទាល់​ផង ក៏​ធ្លាប់​ជាប់​ឃុំឃាំង​ក្នុង​គេហដ្ឋាន អស់​ជាង​១៥​ឆ្នាំ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ