អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិនស្ថាបនា​ផ្លូវសូត្រថ្មី​ភ្ជាប់​មកដល់មាត់ទ្វារអឺរ៉ុប​តាមរយៈ​ប៉ូឡូញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​ចិន លោក ​ស៊ី ជីនពីង បាន​បិទ​បញ្ចប់​​​ទស្សនកិច្ច​មួយ​ជុំ​ បី​ថ្ងៃ​​នៅ​ប្រទេស​ប៉ូឡូញហើយ បន្ទាប់​​ពី​​បាន​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​កំពូលៗ​និង​សំខាន់​ៗ​របស់​ប៉ូឡូញ។​ ជា​ដំណើរ​ទស្សនកិច្ច​ដែល​ផ្តោត​ខ្លាំង​ទៅ​លើ​​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម តែ​ប្រកប​ដោយ​និម្មិត្តរូប​បំផុតសម្រាប់​វិស័យ​កិច្ចសហប្រតិបត្តិទ្វេ​ភាគី នា​ពេល​អនាគត។ សម្រាប់​ចិន​ ប៉ូឡូញ ជា​ដៃ​គូ​សេដ្ឋកិច្ច​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ក្នុង​ការ​សម្រេច​បំណង​ស្ថាបនា​ផ្លូវ​សូត្រ​ថ្មី ភ្ជាប់​ពី​អាស៊ីមកដល់​បេះដូង​​អឺរ៉ុប។

ប្រធានាធិបតី​ចិន Xi Jinping និង​សមភាគី​ប៉ូឡូញ​លោក Andrzej Duda ចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តការ ថ្ងៃទី ២០ មិថុនា ២០១៦
ប្រធានាធិបតី​ចិន Xi Jinping និង​សមភាគី​ប៉ូឡូញ​លោក Andrzej Duda ចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តការ ថ្ងៃទី ២០ មិថុនា ២០១៦ Agencja Gazeta/Slawomir Kaminski/via REUTERS
ផ្សាយពាណិជ្ជកម្ម

ផ្លូវ​ពាណិជ្ជកម្ម​ពី​ចិន​មកខាង​ទិស​​អឺរ៉ុប ​ ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​យូរលង់​ណាស់​មក​ហើយ ដោយ​ភ្ជាប់​ចេញ​ពី​ភាគ​ខាង​លិច​ប្រទេស​ចិន ដល់​ប្រទេស​តួកគី​បច្ចុប្បន្ន ក្នុង​ជំនួញ​សូត្រ ទើប​ត្រូវ​បាន​ជាប់​ឈ្មោះ​ថា ផ្លូវសូត្រ រហូត​មក​។ ប៉ុន្តែ​ពេល​នេះ​ចិន​ចង់​ផ្តល់​សន្ទុះ​និង​ពង្រីក​ផ្លូវពាណិជ្ជកម្ម​ ​ឱ្យ​បានកាន់​តែ​វែង​ កាន់​ឆ្ងាយ ភ្ជាប់​មក​ដល់អឺរ៉ុប និង​ដល់​ទ្វីប​អាហ្វ្រិក ក្នុង​ក្របខ័ណ្ឌ​នៃ​ផែន​ការ​ភូមិសាស្ត្រ​​យុទ្ធសាស្ត្រ​​ ដែល​ចិន​ប្រសិទ្ធិនាម​ថា “ខ្សែក្រវ៉ាត់ និង​ផ្លូវ”។

 

ហើ​យ​គឺ​ប៉ូឡូញ ដែល​នឹង​ត្រូវ​មក​ដើរ​តួ​ប្រកប​ដោយ​យុទ្ធសាស្ត្រ​នេះ។ សម្រាប់​លោក ស៊ីជីនពីង ប៉ូឡូញ មាន​ទី​តាំង​ភូមិសាស្ត្រ​ល្អ​ នៅ​ចំចំណុចប្រសព្វ​​នៃ ​ផ្លូវ​សូត្រ មាន​ចាស់​ និង​ខ្សែ​ផ្លូវ​នាំ​ទៅ​កាន់​សមុទ្ទ​បាល់កង់​ និង​សមុទ្ទ​មេឌីទែរ៉ាណេ។ ពោល​គឺ​ប៉ូឡូញ ជា​ទ្រព្យ​សកម្ម​​សំខាន់​បំផុត​សម្រាង់​ស្ថាបនា​ឬ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​​រវាង​អាស៊ី​និង​អឺរ៉ុប។ ប៉ូឡូញ​ខ្លួន​ឯង​ក៏​មើល​ឃើញ​អំពី​សារៈ​សំខាន់​ និង​ចង់​ប្រែក្លាយ​ប្រទេស ឱ្យ​ទៅ​ច្រក​ទ្វារ​ដែល​ចិន​ត្រូវ​ឆ្លង​កាត់​ដើម្បី​ចេញ​ចូល​អឺរ៉ុបដែរ។

ដោយ​យល់​អំពី​តម្លៃ​នេះ​ហើយ ទើប​​ចិន​​ចង់​បានប៉ូឡូញ​​យក​មក​ធ្វើ​​ជា​ប្រទេស​ដៃ​គូ​​សេដ្ឋកិច្ច​ ដោយ​នៅ​ទី​បំផុត​ ប្រមុខ​រដ្ឋ​ទាំង​ពីរ​ប្រទេស​បាន​ចុះ​ហត្ថលេខា​​លើ​សេចក្តី​ថ្លែងការណ៍​រួម​ ​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នឹង​គ្នាលើ​គ្រប់​វិស័យ​ទាំង​អស់។ លោកស៊ីជីនពីង បាន​អំពាវនាវ​ឱ្យ​ ប៉ូឡូញ ទាញ​ចំណេញ​​មួយ​ទំហឹង​ពី​ធនាគារ​វិនិយោគ​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ AIIB ក្នុង​នាម​ជា​ប្រទេស​សមាជិក។ ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្តួច​ផ្តើម​បង្កើត​ឡើង​ដោយ​ចិន -ចូល​រួម​ដោយ​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​ធំ លើក​លែង​តែ​ជប៉ុន​និង​អាមេរិក- ដែល​នឹង​ត្រូវ​ចាប់​ដំណើរការ​​នៅ​ដើម​ឆ្នាំ ជា​ស្ថាប័ន​ប្រកួត​ប្រជែង​នឹង​ធនាគារ​ពិភពលោក ឬ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ។ ធនាគារ​នេះ​នឹង​មាន​មូលនិធិ​សម្បើម​ជាង​គេ​នៅ​លើ​ពិភពលោក ដែល​ប៉ូឡូញ​អាច​ពិភាក្សា​រក​ទុន​វិនិយោគ​ទាំង​ផ្ទាំង​ទាំង​ផែន​តែ​ម្តង ជា​មួយ​ប៉េកាំង ក្នុង​ទំហំ​រាប់​សិប​ពាន់​លាន​ ទៅ​ថ្ងៃ​មុខ ក្នុង​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ។

ថ្វីបើ​តាំង​ពី​ឆ្នាំ​២០១៣​មក មាន​រថភ្លើង​ដឹក​ទំនិញ​រត់​ទៅមក​ពី​ចិន​មក-ទៅ​ប៉ូឡូញ​មែន តែ​កាលពី​ថ្ងៃ​ចន្ទ ទី ២០ មិថុនា ថ្ងៃ​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​របស់​លោកស៊ី ជីនពីង នៅ​ក្រុង​វ៉ាសូវី រថភ្លើង​​ថ្មី​ស្រឡាង ប្រថាប់​ត្រា China Railway Express​ បាន​ចូល​ចត​ជា​លើក​ទី​មួយ​ក្នុង​ចំណត​អយស្ម័យយាន​​ក្រុង​វ៉ាសូវី ដោយ​មាន​ប្រធានាធិបតី​ទាំង​ពីរ​រង់​ចាំ​ទទួល​ស្វាគមន៍។ ផ្លូវ​រថភ្លើង​ នឹង​ក្លាយ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ត​ភ្ជាប់​ប្រទេសទាំង​ពីរ​ក្នុង​​​អស់​រយៈ​ពេល​តែ១១​ថ្ងៃ ទល់​នឹងជាង​៤០​ថ្ងៃ តាម​ផ្លូវ​ទឹក​​ពី​មុន​។ នេះមិន​ចាត់​ទុក​ថា​ជា​​និម្មត្ត​រូប​ដ៏សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​ចិន-ប៉ូឡូញ​ទេ​ឬ?!

ការ​អភិវឌ្ឍ​​ទំនាក់ទំនង​ជាមួយ​ចិន ក៏​ឆ្លើយ​តប​បាន​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​ប៉ូឡូញ​វិញ​ដែរ។ ប៉ូឡូញ ចង់មាន​សេរីភាព​និង​ដើរ​បាន​ឆ្ងាយ​ឆ្លង​ព្រំដែន​អឺរ៉ុប​ ដើម្បី​ស្វែង​រក​ទុន​ផង និង​ដើម្បី​ស្វែង​រក​ទីផ្សារ​ថ្មី​ បញ្ចេញ​លក់​ផលិតផល​ផង។

ក្នុងពេលបំពេញ​ទស្សនកិច្ច​បី ដែល​អម​ដំណើរ​ដោយ​ប្រធាន​ក្រុមហ៊ុន​និង​សហគ្រាស​គ្រាក់ៗ កិច្ចសន្យា​ជា​ច្រើន​ត្រូវ​ចុះ​ហត្ថលេខា។ កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​បទដ្ឋាន​សុវត្ថិភាព​ចំណី​អាហារ ការ​ដាក់​ទណ្ឌកម្ម​លើ​ទំនិញ​ផ្លែឈើ ក៏​នឹង​ត្រូវ​លើក​ចេញ។ ប៉ូឡូញ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ធ្វើខ្លួន​ជា​កន្ត្រក​ចាំ​ទទួល​ទុន​វិនិយោគ​ចិន ដោយ​ចង់​បង្កើត​តំបន់​ផ្តោះប្តូរ​សេដ្ឋកិច្ច​ពិសេស​ជាមួយ​ចិន។

មាន​សេដ្ឋកិច្ច​រឹង​មាំ​ខ្លាំង​ជាង​គេ ប្រចាំ​តំបន់ ប៉ូឡូញ មាន​ងារ​ជា​ចិន​របស់​អឺរ៉ុប​ខាង​កើត។ តាំង​ពី​២៥​មក​ហើយ​ ដែល​ប៉ូឡូញ បាន​ស្គាល់កំណើន​សេដ្ឋកិច្ច​កើន​ឡើង​​ ស្ទើរ​គ្មាន​ដាច់​សោះ។ កំណើត​សេដ្ឋកិច្ច​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​អាច​មាន​ដល់​ទៅ ៣,៧%។ ហេតុ​ដូច្នេះ​ហើយ​បាន​ប៉ូឡូញ​សង្ឃឹម​ថា​ប៉េកាំង​នឹង​ធ្វើ​​វិនិយោគ​​ខ្លាំង​និង​ច្រើន​ជាង​មុន ក្នុងរយៈ​ពេល​យូរ នៅ​ពេល​ខាង​មុខ មិន​ដូច​អ្វី​ធ្លាប់​មាន​កន្លង​មក​ ដែល​មាន​ត្រឹម​ការ​សន្យា​ ឬ​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​តូចៗ​ឡើយ។ ប៉ូឡូញ​ ចង់​ធ្វើ​ជា​​​ច្រក​ទ្វារសម្រាប់​​ចិន​​ចេញ​ចូល​អឺរ៉ុប ក្នុង​អត្ថន័យ​ជា​និម្មត្តរូប​ទេ តែ​ក្នុង​តម្លៃ​ពេញ​លេញ​ដោយ​ផ្អែក​លើ​​កម្លាំង​សេដ្ឋកិច្ច​របស់​ប្រទេស​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ