អានតួអត្ថបទ
ថៃ

ថៃ​ត្រូវ​បាន​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ចោទ​ពី​បទ​មាន​អកប្បកិរិយា​លាក់ពុត

នៅ​ថ្ងៃ​ពុធ ទី២៩ មិថុនា ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​បរិហារ​របបសឹក​ក្នុង​ប្រទេស​ថៃ​ពី​បទ​មាន​អកប្បកិរិយា​លាក់ពុត​ទាក់ទង​នឹង​ច្បាប់​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​ទារុណកម្ម និង​ការ​បាត់ខ្លួន។ គឺ​ជា​ច្បាប់​ដែល​របបសឹក​កំពុង​រៀបចំ និង​ដែល​ទទួល​បាន​ការ​សាទរ​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស តែ​អ្វី​ដែល​ក្រុម​អង្គការ​សិទ្ធិមនុស្ស​កំពុង​បារម្ភ និង​សម្គាល់​ឃើញ​នោះ​គឺ​ថា គោលដៅ​នៃ​គម្រោង​ច្បាប់​មួយ​នេះ​ក៏​បាន​សំដៅ​វាយប្រហារ​លើ​ខ្លួន​ដែរ។

នាយករដ្ឋមន្រ្តី​ថៃ លោក​ចាន់ អូចា
នាយករដ្ឋមន្រ្តី​ថៃ លោក​ចាន់ អូចា REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

ចំណាប់​អារម្មណ៍​លាយឡំ​នឹង​ក្តី​ព្រួយបារម្ភ​របស់​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​របៀប​នេះ​ត្រូវ​បាន​សម្តែង​ឡើង​នៅ​ក្នុង​វេទិកា​មួយ​រៀបចំ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​នា​ថ្ងៃ​ពុធ ទី២៩ មិថុនា។ លោក​សំ ហ្សារីហ្វី អ្នក​តំណាង​ឲ្យ​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ​បាន​បញ្ជាក់​ដោយ​សោកស្តាយ​ថា ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​មាន​ការ​សប្បាយ​ចិត្ត​ជា​ពន់ពេក​នៅ​ពេល​ដែល​ឃើញ​របបសឹក​បាន​រៀបចំ​ឲ្យ​មាន​ច្បាប់​មួយ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​ទារុណកម្ម និង​ការ​បាត់ខ្លួន តែ​គួរ​ឲ្យ​ស្តាយ​ពេល​នេះ របបសឹក​កំពុង​បង្ហាញ​ចេញ​នូវ​ឥរិយាបទ​មួយ​ផ្ទុយ​នឹង​ការ​ពិត​ទៅ​វិញ។

ឥរិយាបទ​ផ្ទុយ​នឹង​ការ​ពិត​ដែល​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​សម្គាល់​ឃើញ​នោះ​គឺ​ថា របបសឹក​ក្រុង​បាងកក​បែរ​ជា​តាម​រករឿង​ប្រឆាំង​នឹង​សកម្មជន​សិទ្ធិមនុស្ស​ណា​ដែល​ហ៊ាន​ចេញ​​មុខ​បក​អាក្រាត​រឿង​ទារុណកម្ម​ប្រព្រឹត្តិ​ដោយ​រដ្ឋអំណាច​ទៅ​វិញ ពិសេស​ទង្វើ​ទារុណកម្ម​របស់​ទាហាន​ថៃ​នៅ​តំបន់​ប៉ែកខាងជើង​ដែល​កំពុង​បន្ត​អុកឡុក​ដោយ​ក្រុម​ឧទ្ទាមអ៊ីស្លាម​ថៃ​អ្នកទាមទារ​ផ្តាច់​ទឹកដី។ នៅ​ក្នុង​ន័យ​នេះ ក្រុម​អ្នក​ចូលរួម​នៅ​ក្នុង​វេទិកា​បាន​ចោទ និង​បរិហារ​ត្រង់ៗ​ពី​ឥរិយាបទ​លាក់ពុត ពុតត្បុត​អាក្រក់​របស់​របបសឹក។

តួលេខ​ផ្តល់​ដោយ​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ឲ្យ​ដឹង​ថា គិត​តាំង​ពី​ឆ្នាំ ១៩៨០ មក​ដល់​សព្វថ្ងៃ មាន​សកម្មជន​សិទ្ធិ​មនុស្ស​សរុប​ចំនួន ៨២នាក់​បាន​បាត់ខ្លួន តែ​រដ្ឋអំណាច​ថៃ​បន្ត​ធ្វើ​មិន​ដឹង មិន​ឮ​ចំពោះ​បញ្ហា​នេះ។ សូម​ជម្រាប​ជូន​ថា របបសឹក​កំពុង​រៀបចំ​គម្រោង​ច្បាប់​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​ទារុណកម្ម និង​ការ​បាត់ខ្លួន តែ​មិន​បាន​ប្រាប់​ពី​ពេល​វេលា​ដែល​ត្រូវ​បញ្ជូន​ច្បាប់​នោះ​ទៅ​ឲ្យ​សភា​សិក្សា ពិនិត្យ​ទេ។ អ្វី​ដែល​គេ​ដឹង ច្បាប់​នោះ​គ្រោង​នឹង​ដាក់​គុក​ចំនួន ២០ឆ្នាំ​ចំពោះ​មន្រ្តី​ណា​ដែល​ប្រព្រឹត្តិ​ទង្វើ​ទារុណកម្ម ដាក់​គុក ៣០ឆ្នាំ បើ​ទង្វើ​ទារុណកម្ម​បណ្តាល​ឲ្យ​មាន​របួស​ស្នាម​ធ្ងន់ធ្ងរ និង​ដាក់គុក​អស់​មួយ​ជីវិត បើ​ទង្វើ​ទារុណកម្ម​នោះ​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ